បង្ហោះផ្សាយ

ខ្មែរ

Somaly

· 2020-11-12

ប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កាសួនស្មៅពណ៌បៃតង

#ដើមឈើ# #ប្រាសាទអង្គរវត្ត# #សង្គម# #សួនស្មៅ# #ព័ត៌មានសង្គម#

1287

ខេត្តសៀមរាប ៖ បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម ។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ ។

លោកស្រី ហូ សិលា ជាបុគ្គលិកបម្រើការងារផ្នែករៀបចំសួនបានឱ្យដឹងថា ៖ មិនដល់១ឆ្នាំផង មុខប្រាសាទអង្គរបានប្រែជាស្រស់បំព្រងដោយព្រៃឈើ ផ្កា និងស្មៅខៀវស្រងាត់ ឃើញហើយស្រស់ថ្លាចិត្ត បាត់អស់ភាពនឿយហត់ក្នុងការបំពេញការងារ។ដូចគ្នានេះដែរ លោកស្រី ជួន ស្រីមុំ បានរៀបរាប់ថា ភ្ញៀវទេសចរដែលមកទស្សនាអង្គររយៈពេលចុងក្រោយ នឹងលាន់មាត់សរសើរពីសោភណ្ឌភាពដ៏ស្រស់ស្អាតនិងមានសណ្តាប់ធ្នាប់ល្អនៅអង្គរមិនខាន ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលយកចិត្តទុកដាក់និងខិតខំកែលម្អបរិវេណមុខប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរឡើង។ក្នុងនាមជាអ្នកបំពេញការងាររៀបចំសួនមុខបរិវេណមុខប្រាសាទអង្គរវត្ត លោកស្រី ហូ សិលា និងលោកស្រី ជួន ស្រីមុំ បានអំពាវនាវឱ្យភ្ញៀវទេសចរដែលមកទស្សនានៅអង្គរថែរក្សាបរិស្ថាន មានអនាម័យ ចោលសំរាមក្នុងធុងសំរាមជានិច្ច ព្រោះបើគ្មានការចូលរួមពីសាធារណជនទេ ក៏មិនអាចរក្សាបរិស្ថានឱ្យនៅតែស្រស់ស្អាតបានដែរ។

លោក ពៅ ស៊ីណិត បុគ្គលិបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំរៀបចំសួននៅមុខបរិវេណប្រាសាទអង្គរវត្តបានឱ្យដឹងថា នៅផ្លូវចូលមុខបរិវេណប្រាសាទអង្គរវត្តនេះមានដាំប្រភេទដើមផ្កាឆ្អឹងមាន់ខ្មៅ ផ្កាស្លឹកក្រហម និងស្មៅជើងទា ស្មៅជើងក្រាស់ ដែលធន់ សក្តិសមដាំនៅទីនេះដែលមានមនុស្សដើរទៅមក។ លោកបន្តថា ក្រៅពីនេះ ក្រុមការងារក៏កាត់ក្រីមែកឈើ ដកហូតដើមឈើដែលមានហានិភ័យចេញដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងដាំដើមឈើបន្តវេមានដូចជា ដើមធ្នង់ ដើមក្ងោក ដើមនាងនួន ដើមបេង ដើមគគីជាដើម៕ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

មិត្ត318872134

· 2021-07-02

សួរស្តី

Nuon ID19377790

· 2020-11-13

ស្អាតណាស់

មិត្ត855628185

· 2020-11-12

🤔🤔🤔

  • 1
ទៅកាន់