
Seyha
· 2019-01-18
ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដបុកប៉ើងជិត៥០ម៉ែត្រស្លាប់ម្នាក់របួសម្នាក់
0
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈដែលស្ត្រីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាបត់ឆ្លងផ្លូវត្រូវបានរថយន្តសាំយ៉ុងបើកបុកពេញទំហឹង ខ្ទាតប៉ើងចម្ងាយជិត៥០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតមានឡើងនៅវេលាម៉ោងជាង៩យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុនលក់រថយន្ត Mecerdez ភូមិទួលរកា១ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះឈ្មោះ ស៊ឹម សុម៉ារ៉ា អាយុជិត៥០ឆ្នាំ រស់នៅក្នុងភូមិព្រែកតាគង់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ស្រ្តីដែលរួមដំណើរជាមួយថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមួយគ្រឿង ស្លាកលេខ ភ្នំពេញ 1AR-4903 ឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុនលក់រថយន្ត Mecerdez ជាកន្លែងកេីតហេតុនោះ គាត់ស៊ីញ៉ូបត់ឆ្វេងឆ្លងទៅផ្លូវ៣០ម៉ែត្រ ស្រាប់តែមានរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បើកបរក្នុងទិសដៅពីត្បូងមកជើងវិញ ក្នុងល្បឿនយ៉ាងលឿន មកបុកចំពេញទំហឹង បណ្ដាលឲ្យពួកគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូ ប្រហែល៥០ម៉ែត្រ ចំណែកឯស្ត្រីដែលជិះពីក្រោយបានខ្ទាតផ្លោងបោកនឹងថ្នល់ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ ភ្លាមនោះរថយន្តបង្កបានបន្តដំណើរបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខុម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់