
Khmer legend story
· 2021-08-15
រឿង ចចកនិងកំពឹស
#រឿងនិទាន និងប្រលោមលោក# #រឿងនិទានខ្លី# #កម្សាន្ត#
2339
កាលពីព្រេងនាយមានចចកធំមួយក្បាល។នារដូវរំហើយចចកនោះបានដើររកចំណីពីត្រពាំងមួយទៅត្រពាំងមួយ។ថ្ងៃមួយចចកបានដើរទៅដល់ត្រពាំងមួយដែលរីងទឹកអស់នៅសល់តែភក់តិចៗដែលមានកំពឹសត្រីក្ដាមខ្យងជាច្រើន។

ចចក និយាយថាថ្ងៃនេះលាភមាត់អាញ់ហើយ កំពឹសមានប្រាជ្ញាលឺចចកនិយាយដូច្នេះ ក៏ខំនិយាយលួងចចកថា បងចចកអើយបើបងពិសារពួកខ្ញុំទាំងភក់ដូចនេះមិនឆ្ងាញ់ពិសារទេ។ ចចក និយាយតបវិញថា ចុះគិតអោយខ្ញុំធ្វើដូចម្តេចទើបពិសារពួកឯងបានឆ្ងាញ់ ។ កំពឹសតបវិញថា បើបងចង់ពិសារខ្ញុំឆ្ងាញ់សូមបងយកពួកខ្ញុំទៅលាងសម្អាតជាមុននោះទើបឆ្ងាញ់ពិសារ។ចចក ឆ្លើយចុះគិតអោយយើងយកពួកឯងទៅលាងយ៉ាងដូចម្ដេចបើពួកឯងច្រើនម្លឹងនោះ។ កំពឹស ឆ្លើយសូមបងកុំព្រួយអោយតែបងយល់ព្រមធ្វើតាមខ្ញុំធានាអោយបងពិសារពួកខ្ញុំដោយឆ្ងាញ់មាត់។ចចក ក៏ឆ្លើយបានយើងយល់ព្រមធ្វើតាមពួកឯង ។ តើពួកឯងគិតអោយយើងធ្វើដូចម្តេច? កំពឹស ក៏បង្គាប់សូមបងចចកចុះមកននាលក្នុងភក់នេះដើម្បីអោយពួកខ្ញុំតោងរោមបងទៅលាងសម្អាតនៅត្រពាំងដែរមានទឹកថ្លា។ ចចក ក៏ធ្វើតាមលុះទៅដល់ត្រពាំងមួយដែលមានទឹកថ្លាចចកក៏ដើរចុះទៅ ។ កំពឹស បានប្រាប់ចចកថា សូមបងទៅជញ្ជូនមកពីត្រពាំងខាងនោះអោយអស់មក ហើយសឹមពិសារអោយឆ្អែតតែម្ដង។ចចក ក៏ទៅជញ្ជូនមកទាល់តែអស់ពីត្រពាំង។ លុះដឹងដឹងថាចចកជញ្ជូនមកអស់ហើយពួក កំពឹស ត្រី ក្ដាម ខ្យង ជាច្រើនក៏នាំគ្នាមុជទឹកជ្រៅបាត់អស់។ ចចក ដឹងថាខ្លួនចាញ់បោកកំពឹសក៏ខឹងជាខ្លាំងក៏បានទៅបបួល ដំរី ខ្លា ពស់ថ្លាន់ អក ភេ ក្រសា ដើម្បីមកបាចទឹកត្រពាំងនេះអោយរីង។

ពពួក សត្វលឺដូចេ្នះក៏ភិតភ័យជាខ្លាំងក៏បានគ្នាមកប្រជុំហើយក៏បានអោយត្រីក្រាញ់ឡើងអង្វរសុំអោយសុភាទន្សាយមកជួយ ។ ត្រីក្រាញ់បានទៅជួបសុភាទន្សាយហើយរៀបរាប់ដំណើររឿងប្រាប់ដល់សុភាទន្សាយ។ សុភាទន្សាយបានប្រាប់ត្រីក្រាញ់វិញថា សូមត្រឡប់ទៅប្រាប់គ្នីគ្នាបងកុំអោយភិតភ័យខ្ញុំនឹងទៅតាមក្រោយ។ រសៀលបន្តិចទន្សាយបានទៅដល់ឃើញសត្វទាំងឡាយកំពុងនាំគ្នាបាចត្រពាំងដោយអោយពស់ថ្លាន់ធ្វើជាទំនប់ទឹក។

សុភាទន្សាយក៏កាច់ ស្លឹកឈើដែលមានស្នាមដង្កូវសីុដូចជាគេគូសអក្សរនៅពីលើ ហើយក៏ស្រែកឡើងថា នែ៎!! អ្នកទាំងអស់គ្នាសូមស្ដាប់ខ្ញុំព្រះឥន្ទ្រាធិរាជបានគាប់បញ្ជាថា អោយកាច់ជើងត្រុម តម្រឹមជើងអក កាត់ក្បាលចចក ដកភ្លុកដំរីសារ កាត់ក្បាលខ្លាអោយជ្រៅជាងគេ វះពោះភេ កាត់កអាថ្លាន់ ។ សត្វទាំងអស់លឺហើយភិតភ័យរត់ជាន់កគ្នាជាន់ពស់ថ្លាន់ជាទំនប់ទឹកដាច់ជាពីរកំណាត់ខ្លះស្លាប់ខ្លះរស់រត់ចែកជើងគ្នាចូលព្រៃបាត់អស់។ចាប់តាំងពីពេលនោះសត្វទាំងពួងកោតខ្លាចនៅប្រាជ្ញាទន្សាយថាជាអ្នកដែលមានប្រាជ្ញាលើសសត្វដទៃ។ (ចប់)
(ចំណេះវិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់