
Taufik
· 2019-02-22
រថយន្តរាប់សិបគ្រឿង ដឹកគ្រឿងអេឡិចត្រូនិចឆ្លងទៅវៀតណាមតាមច្រករបៀបសំយោង ស្ទើររាល់យប់ មានការសង្ស័យថា ជាទំនិញខុសច្បាប់
0
ខេត្តស្វាយរៀង៖ នៅវេលាម៉ោងប្រហែល៩នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ គេឃើញមានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៥ទៅ៦គ្រឿងផ្ទុកទំនិញពេញគ្របជិតសង្ស័យថា មានដឹកអ្វីពិសេសហើយទើបបើកឆ្លងដែនប៉ុស្តិ៍របៀងព្រំដែនសំយោង ស្ថិតនៅឃុំសំយ៉ោងក្នុងភូមិសាស្ត្រស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដើម្បីផ្ទេរទំនិញដាក់រថយន្តពាក់ស្លាកលេខវៀតណាមផ្សេងចេញទៅវៀតណាមទាំងអធ្រាត្រ ដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារ និងបើកបារ៉ាស់ជូនដំណើរឲ្យទៀត។
ពាក់ព័ន្ធទៅនឹងហ្វូងរថយន្តដឹកទំនិញដែលនិយមឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះ យើងពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយោងបានទេនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ននេះ។
យ៉ាងណាក៏ដោយបើតាមប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា រថយន្តទាំងអស់នេះមានទំនិញ ដូចជា គ្រឿងអេឡិចត្រូនិកជជុះ ដូចជា ម៉ាសុីនត្រជាក់ ទូទឹកកក កង្ហារ ម៉ាសុីនបោកខោអាវ កង់ ពុំមានអ្វីសំខាន់នោះទេហើយក៏គ្មានខុសច្បាប់ដែរគេបង់គយនៅកំពង់សោមរួចហើយ។
ដោយឡែកពលរដ្ឋ ក៏ដូចជាភ្នែកមហាជនដែលរស់នៅតំបន់នោះចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា ឲ្យតែពេលប្រលប់ៗគឺតែងតែមានរថយន្តធំៗផ្ទុកទំនិញពេញគ្របតង់កៅស៊ូជិតឆ្លងតាមច្រករបៀងព្រំដែនសំយោងនេះរហូតមិនដឹងថា ដឹកអីនោះទេ រហូតដល់ម៉ោង១១ទៅ១២អធ្រាត្រ ទើបឃើញមានក្បួនរថយន្តទាំងអស់នោះបើកចេញមកវិញដោយរថយន្តទទេស្អាតល្អណាស់។
ប្រភពមួយបានឲ្យដឹងថា រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំងយប់នេះ គឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយតាំងពីលើមកទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេសតាមច្រករបៀងបានគ្មានអ្នកមករំខានដូច្នេះ។
សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់ធ្វើការឃាត់ និងធ្វើការឆែកឆេរ ដោយមានការសម្រមសម្រួលដោយលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលរួមដោយមន្ត្រីគយ និងរដ្ឋាករខេត្ត នគបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមានស្រា Hennessy XO ដបធំ ដបវែង រាប់សិបកេះ និងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀត៕ សុខជាតិ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់