
Khmer Legend
· 2021-10-02
រឿងនិទានខ្លីបែបរន្ធត់៖ ខ្មោចអាចារ្យហៅ ( ភាគ2)
#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#
10020
ចំណែកពូប្រាក់ និងពូប្រុញរត់តាមអាចារ្យផង វាយឃ្មោះផង។ មើលទៅខ្មោចហោះ ខ្មោចរត់ ខ្មោចដើរតាមពីក្រោយខ្នងយ៉ាងសន្ធឹកសន្ធាប់អឹងហាប់។ និយាយពីអាចារ្យរត់ៗបែរជាត្រឡប់មកក្រោយវិញទាំងលេចនោម រាគអាចម៍ របូតក្បិនអស់ ហើយស្រាប់តែឃើញកូនកំលោះក្រមុំញាតិមិត្ដនៅខ្មៅស្ទូងៗម្ខាងដុប ទើបអាចារ្យស្មានតែខ្មោចខំចំតិតគូទ រួចទះផាច់ៗៗ។ អ្នកទាំងអស់នោះឃើញហើយ ម្នាក់ៗចង់ក្អួចផងចង់ចង្អោរផង ណាមួយថែមទាំងស្អុយអាចម៍អាចារ្យក៏រត់ចែកជើងគ្នាព្រាត។ អាចារ្យខំអរ ហើយពោលតិចៗថា៖ បើដឹងថាវិធីនេះមានប្រសិទ្ធភាពម៉្លេះ ធ្វើពីយូរណាស់មកហើយ កុំឱ្យពិបាកហត់បែបនេះ! អាចារ្យបែរទៅវិញឃើញធ្មេញស្ញាញ ភ្នែកលៀនថ្លែ លាយឈាមរលះរលួយ របស់ខ្មោច ទើបអាចារ្យទាញតែក្បិនរត់ទៅតាមពីក្រោយអ្នកទាំងនោះដែរទៅ។

ប្រភពរូបភាពៈ ឆាណែលនិទានរឿងខ្មែរ (គ្រប់គ្នារត់ខ្លាចខ្មោច)
ពូប្រាក់ និងពូប្រុញរត់គេចពីខ្មោចរហូតដល់ព្រះវិហារ ទើបព្រះចៅអធិការនិមន្ដមកមើលព្រោះឮសំឡេងឃ្មោះពេក។ ព្រះសង្ឃមានដឺកា៖ ញោមទាំងពីរ តើមានបញ្ហាអ្វីបានជាញោមទាំងពីររត់យ៉ាងត្រហេបត្រហបបែបនេះ? ពូប្រាក់ និងពូប្រុញនិយាយអ្វីមិនចេញ គិតតែពីវាយឃ្មោះម្ដងម្នាក់ៗ។ ពូប្រាក់វាយឃ្មោះមួយ ម៉ាំង រួចពូប្រុញវាយមួយ ម៉ាំង។ ឯព្រះចៅអធិការបែរទៅពូប្រាក់ពេលពូប្រាក់វាយឃ្មោះ រួចបែរទៅពូប្រុញពេលពូប្រុញវាយឃ្មោះ។ ដល់ពូប្រាក់ និងពូប្រុញវាយកាន់តែខ្លាំងព្រះសង្ឃបែរទៅវិញទៅមកៗ រហូតទាល់តែមេបាកូនក្រមុំកូនកំលោះញាតិមិត្ដ អាចារ្យមកដល់ជុំគ្នា។ មើលតែព្រះសង្ឃបែកអំពិលអំពែវល់ តែខំទប់ស្មារតីហើយមានដឺកា៖ បានហើយញោមទាំងពីរ បើនិយាយមិនចេញទេ ចាំអាត្មាសួរទៅញោមផ្សេងទៀតចុះ កុំបាច់អាត្មាវិលមុខបែបនេះ! ព្រះសង្ឃនិមន្ដមកមុខបន្ដិចរួចសួរ៖ តើញោមទាំងអស់គ្នាមានបញ្ហាអ្វីមែនទេ បានជារត់ដូចគេចពីខ្មោចអញ្ចឹង? អ្នកទាំងនោះស្រែកព្រមគ្នាថា៖ ខ្មោចមែនហើយ ព្រះគុណម្ចាស់!

ប្រភពរូបភាពៈ ឆាណែលនិទានរឿងខ្មែរ (គ្រប់គ្នាមកជួបជុំក្នុងវត្ដ)
ព្រះតេជគុណឮថាខ្មោចក៏ឈានជើងថយក្រោយវិញ ហើយអ្នកទាំងនោះឃើញលោកល្បងថយក្រោយក៏សួរ៖ ចុះហេតុអ្វីព្រះតេជគុណនិមន្ដថយក្រោយអញ្ចឹង? ព្រះតេជគុណមានដឺកាតប៖ មកពីព្រះសង្ឃមិនអាចនៅជិតញោមស្រីហ្នឹងណា? ហើយមកទីនេះមានការអ្វីមែនទេ? អាចារ្យក៏ប្រាប់តាមដំណើររឿងទៅព្រះតេជគុណ ហើយព្រះតេជគុណក៏ឱ្យញោមទាំងអស់តាំងស្មារតីកុំខ្លាចខ្មោចទាំងនោះព្រោះពួកគេមិនអាចធ្វើអ្វីខ្លួនបានទេ។ ព្រះសង្ឃមានដឺកាឱ្យអ្នកទាំងអស់គ្នាបិទភ្នែកតាំងសមាធិ រួចព្រះតេជគុណសូត្រធម៌ពីរបីបទ ដើម្បីបញ្ចូនខ្មោចទៅវិញ។

ប្រភពរូបភាពៈ ឆាណែលនិទានរឿងខ្មែរ (ខ្មោចនៅជុំវិញព្រះវិហារ)
ពេលព្រលឹងខ្មោចទាំងអស់នោះមកនៅជុំវិញព្រះវិហារ ទើបព្រះតេជគុណសូត្រធម៌ចុងក្រោយឱ្យព្រលឹងទាំងអស់នោះត្រឡប់ទៅកន្លែងដើមវិញ។ លុះស្ងាត់សំឡេងសូត្រធម៌ទើបមនុស្សទាំងនោះបើកភ្នែកមក ឃើញថាលែងមានខ្មោចទៀតក៏សំពះព្រះតេជគុណ ហើយអាចារ្យសុំព្រះសង្ឃរៀនធម៌បញ្ចូនខ្មោចនៅទីនេះដើម្បីកុំឱ្យហេតុអាក្រក់កើតឡើងម្ដងទៀត។ អ្នកទាំងនោះសាទរចំពោះព្រះសង្ឃ និងអាចារ្យ ទើបពូប្រាក់ និងពូប្រុញវាយឃ្មោះបីដងជាកិច្ចបញ្ចប់។ ចាប់ពីពែលនោះមកអាចារ្យក៏ចេះធម៌ច្បាស់លាស់ ហើយមិនដែលមានរឿងអាក្រក់ដូចពីមុនឡើយ៕
និពន្ធដោយ៖ ប្រុស សុខ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
Aii Ka Aii Ka
· 2021-10-06
😄😄😄😄
Aii Ka Aii Ka
· 2021-10-06
😄😄😄😄
- 1
ទៅកាន់