
Khmer Legend
· 2021-10-06
រឿងនិទានខ្លីបែបរន្ធត់៖ ខ្មោចចាប់ជើង ( ភាគ1)
#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#
10440
ព្រលប់ខ្យល់ធ្លាក់រសៀកៗត្រជាក់ចុងដៃចុងជើង សំឡេងជើងដើរប៉ះស្លឹកឈើខ្សោកម្ដងៗ។ បុរសម្នាក់ស្លៀកខោខ្មៅអាវដៃខ្លីមានឥរិយាបថមិនស្រួលសោះ គាត់ដើរមើលឆ្វេងមើលស្ដាំមុខក្រោយដូចជាកំពុងស្វែងរកអ្វីមួយអញ្ចឹង។ មុខភ័យស្លន់ស្លោប្រហែល អារម្មណ៍មិននៅក្នុងខ្លួនដូចទើបតែបានប្រព្រឹត្ដអ្វីខុសឆ្គង។ ដៃទាំងពីរឱបនឹងទ្រូងដើរយ៉ាងប្រញាប់ប្រញាល់ ដើរមកដល់ខាងមុខផ្លូវស្រាប់តែជើងម្ខាងរបស់គាត់ដកដើរទៅមុខមិនរួច។ គាត់ខំដកយ៉ាងណាក៏មិនព្រមបានដដែល។ គាត់មើលទៅជើងរបស់គាត់ក៏ឃើញដៃមនុស្សចាប់ជាប់ បុរសនោះមិនបានគិតច្រើនស្រែកយ៉ាងខ្លាំងថា«ខ្មោច»។

ប្រភពរូបភាពៈ ឆាណែលរឿងព្រេងខ្មែរ (ខ្មោចចាប់ជើង)
ក្រោយពីស្រែកមួយចិត្តភ័យរួចមកស្រាប់តែគេមើលម្ដងទៀតឃើញជើងរបស់ខ្លួនជាប់នឹងស្មៅសោះ។គេបែរមើលឆ្វេងស្ដាំក្រែងមានមនុស្សឃើញសភាពរបស់ខ្លួន ពេលដឹងថាគ្មានអ្នកណាគាត់ប្រញាប់ដកជើងចេញពីស្មៅហើយបន្ដដំណើរទៅមុខទៀត។ គាត់ដើរសំដៅទៅកាន់ផ្ទះមួយដែលមានមនុស្សបីនាក់អង្គុយជុំគ្នា។ ពេលគាត់ដើរទៅដល់បុរសបីនាក់ដែលអង្គុយលើគ្រែនោះរៀបកន្លែងសម្រាប់អង្គុយមួយដល់គាត់។ គាត់ដាក់គូថអង្គុយទាំងមុខប្រែជាស្លេកអស់។ បុរសម្នាក់ក្នុងចំណោមបីនាក់ក្រោយពេលឃើញសភាពបុរសចំណូលថ្មីនោះក៏និយាយ៖ ម៉េចអាធីមុខហែងស្លេកប្រហែលទើបនឹងឃើញខ្មោច ហ្អា។ នាយធីមិនបានជាតបតភ្លាមនោះទេតែត្រូវបុរសម្នាក់ទៀតនិយាយកាត់៖ កុំនិយាយច្រើនអាឯកលើកផឹកឱ្យដាច់សិន ចាំពិន័យអាធីដែលមកក្រោយគេម្ដង។ បីនាក់លើកកំប៉ុងស្របៀរជល់គ្នារួចលើកអកអស់តែម្ដង។ នាយធីមើលទៅពួកគេទាំងបីហើយបែរមើលទៅចីញ្ចើមផ្លូវវិញ ពេលបែរមកវិញចំពេលដែលបុរសទាំងបីបោះកំប៉ុងចោលល្មម។

ប្រភពរូបភាពៈ ឆាណែលរឿងព្រេងខ្មែរ (ការជួបជុំសប្បាយ)
អាសាងហុចមួយកំប៉ុងត រួចនាយធីទទួលស្រាហើយនិយាយ៖ អរគុណបងថៃ! កុំគួរសមអី សុទ្ធតែគ្នាឯងសោះ នាយថៃនិយាយទាំងសើចរួចបន្ដ៖ ហើយភ្នែកអាឯងចេះតែយ៉ាងម៉េចបានជាដូចមិននៅនឹងចីញ្ចើមសោះ។ មិនទាន់មានប្រពន្ធកូនផងខ្លាចប៉ុណ្ណោះទៅហើយ ចុះទម្រាំមានទៀតមិនដឹងជាយ៉ាងណា? មើលមកអញនេះមិនតែខ្លាចស្អីផងត្រឹមតែសម្បត្តិប្រពន្ធដណ្ដឹងអស់លុយមួយគំនរ ម៉ែឪអញប្រដៅមិនស្ដាប់ផងចុះនាងណាហ៊ានក្អកជាមួយ។ មើល!អាឯកអាសាងខ្លាចប្រពន្ធក៏អត់។ នាយថៃដៃនិយាយផងកាយវិការផងទំនងស្រវឹងទៅហើយ។ ឯនាយសាងនាយឯកមិនជាតបអ្វីព្រោះរវល់លើកដាច់។ យឺស!ពួកអាពីរនាក់នេះហ៊ានលើកផឹកមុខអញផង អាធីពិន័យពួកវា។ ពួកគេទាំងបួននាក់លើកដាច់ៗរហូតដល់ពាក់កណ្ដាលយប់។ ក្នុងចំណោមបួននាក់នាយធីនៅមិនទាន់ស្រវឹងខ្លាំងនៅឡើយ។ ពួកគេបំបែកគ្នាទៅផ្ទះរៀងខ្លួន នាយធីស្ម័គ្រជូននាយសាងនិងនាយឯកទៅផ្ទះតែពួកគេបដិសេធ។ ពួកគេដើរទៅផ្ទះទាំងស្រវឹងជោក។ យប់កាន់តែជ្រៅសន្សើមកាន់តែធ្លាក់សំឡេងឆ្កែព្រុសឮខុសពីធម្មតា នាយធីដើរផងសូត្រធម៌ផង។ ខ្យល់បក់មកប៉ះកាយត្រជាក់អស់ដៃជើងម្ដងទៀត នាយធីឆ្លងកាត់ផ្លូវបម្រុងទៅផ្ទះ ពេលនោះឡានធំមួយភ្លើងភ្លឺចែងចាចពីខាងស្ដាំដៃ។ រថយន្ដនោះបើកយ៉ាងលឿនហើយនាយធីក៏ប្រឹងដើរយ៉ាងលឿនដែរ។ ដើរដល់ពាក់កណ្ដាលផ្លូវនាយធីដកជើងមិនរួចព្រោះមានដៃសស្លេកមានក្រចកវែងៗចាប់ជាប់។

ប្រភពរូបភាពៈ ឆាណែលរឿងព្រេងខ្មែរ (ខ្មោចចាប់ជើងកណ្ដាលផ្លូវឡាន)
នាយធីប្រុងដកជើងខ្លាំងណាស់តែដកមិនបាន ឯរថយន្ដស៊ីផ្លេយ៉ាងឮតែគេមិនអាចគេចហើយរថយន្ដក៏មិនអាចចាប់ហ្វ្រាំងបានឈប់ក៏ជ្រុលទៅកិននាយធីបែកក្បាលបែកសាច់ស្លាប់បាត់ទៅ។ រថយន្ដនោះមិនបាននៅឈប់ដោះស្រាយអ្វីឡើយ ដោយសារទីនោះមានសភាពស្ងាត់ផង ម្ចាស់រថយន្ដក៏បើកឡានបន្ដទៀត។
(កុំភ្លេចរង់ចាំអានភាគ២)
និពន្ធដោយ៖ ប្រុស សុខ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (3)
ហេងឡុង
· 2021-11-16
🥰🥰
Cambodia sc009
· 2021-10-12
💓💓
- 1
ទៅកាន់