បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2021-11-15

រឿង ស្រីកំណាន់លាងបំណុល ភាគទី ១~១ _ ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #Novel Readers# #កម្សាន្ត# # រឿងប្រលោមលោក#

5018

ណាប៊ី ស្រីស្រស់បរិសុទ្ធ បែរជាត្រូវមកជួបនឹងចំណុចបញ្ចប់របស់គ្រួសារ ហើយក៏ផ្លាស់ប្តូរឋានៈពីបញ្ញវ័ន្តថ្មោងថ្មី ក្លាយជាស្រីកំណាន់លាងបំណុល គឺបំណុលល្បែងរបស់ឪពុក ។

ដេវ៉ុន កំលោះអ្នកជំនួញដែលវិវដ្តសាច់ប្រាក់ទៅជាខ្លួនមនុស្ស គេដាក់សំណើជម្រះបំណុលដោយការដោះដូរនឹងនាងក្រមុំមុខស្រស់ ដែលធ្វើឲ្យគេត្រូវស្រឡាំងកាំងហាក់ដូចត្រូវមន្តសណ្ដំត្រឹមឃើញរូបថត ។ តម្រូវការវាធំជាងហេតុផល ចំណង់វាធំជាងស្នេហា របស់ណាដែលចង់បាន គឺគ្មានពាក្យថាមិនបាននោះទេ ។

"ចង់ឡើងមកដេកហើយនៅ?"នាងក្រមុំងើយមុខមើលគេបន្តិច កំពុងពិចារណាថាគួរឡើងលើគ្រែល្អឬអត់ ។ "លោកត្រឡប់ទៅដេកនៅបន្ទប់មិនល្អជាងឬ គ្រែខ្ញុំវាតូច"

"ទោះគ្រែតូចជាងនេះក៏ខ្ញុំដេកបានដែរ មិនឃើញពិបាកផង នៅគ្រប់កន្លែងនាងក៏ដេកតែលើខ្លួនខ្ញុំមិនអីចឹង ប្រើកន្លែងធំធ្វើស្អី ឡើងឲ្យឆាប់មក កុំឲ្យចាប់អូសទាន់”

"តែ" ពេលនាងឡើងទៅលើគ្រែដេក គេក៏ចាប់ទាញមកឱបភ្លាម ។

"កុំរើ ខ្ញុំគ្រាន់តែចង់ដេកឱបនាង តែបើរើ ជួនកាលខ្ញុំអាចចង់ធ្វើអីផ្សេងក្រៅពីដេក"

ដុកដាក់ ដុកដាក់...សំឡេងបេះដូងលោតញាប់ ថែមទាំងមានអារម្មណ៍ក្តៅ ស្រៀវស្រាញសព្វសាច់ ជាពិសេសមុខដែលពេលនេះក្ដៅហាក់ដូចចង់គ្រុន ។

នេះវាមានអ្វីកើតឡើង អារម្មណ៍បែបនេះវាជាអ្វីឲ្យប្រាកដទៅ? កុំប្រាប់ណាថានាងកំពុងមានអារម្មណ៍ស្រើបស្រាលនិងការប៉ះពាល់របស់ប្រុស អាក្រក់ម្នាក់នេះ គ្មានផ្លូវទេនាងទៅមានអារម្មណ៍បែបនោះចំពោះមនុស្សដែលធ្វើបាបនាងមិនបានទេ!


ភាគទី ១~១

“បង មានរឿងអីកើតឡើង?”

ដារីន សួរស្វាមីដោយសំឡេងអណ្ដឺតអណ្ដក ពេលឃើញប្រុសឈុតខ្មៅបួនប្រាំនាក់កំពុងតែរើរបស់របរមានតម្លៃនៅក្នុងផ្ទះចេញ​មកម្ដងមួយៗ។ ជាងនោះទៅទៀត នៅបណ្ដេញនាងនិងក្រុមគ្រួសារឲ្យចេញពីផ្ទះនេះក្នុងពេលបីថ្ងៃ ផ្ទះដែលនាងនិងស្វាមីជួយគ្នាសន្សំប្រាក់តាំងពីរៀបការហើយថ្មីៗ រហូតដល់អាចពង្រីកឲ្យធំដូចបច្ចុប្បន្ន វាមិនមែនជារឿងងាយនោះទេ​ សម្រាប់អ្នកដែលគ្មានទ្រព្យសម្បត្តិមាសប្រាក់ដែលជាកេរ្តិ៍អាករ ។

សេប៊ីន បានតែឈរសម្លឹងមើលរបស់របរត្រូវរើចេញម្ដងមួយៗដោយទឹកមុខសោកសៅ ។ ដោយសារមហិច្ឆតានិងខ្មោចល្បែងចូលសណ្ឋិត ធ្វើឲ្យថ្ងៃនេះបុរសចាស់ម្ចាស់សណ្ឋាគារផ្កាយបួនជំពាក់បំណុលវ័ណ្ឌក មាសប្រាក់ដែលខំសន្សំក៏អស់រលីង មិននៅសេសសល់ជាប់បញ្ជីសូម្បីតែមួយកាក់ សណ្ឋាគារដែលធ្លាប់តែជាទីមោទនភាព ក៏ត្រូវរឹបអូសក្លាយជាទ្រព្យសម្បត្តិរបស់អ្នកដទៃ ។

កាលពីប្រាំខែមុន សេប៊ីន គិតខុសដែលចង់ផ្សងព្រេងនៅក្នុងបនល្បែងរបស់ប្រទេសជិតខាង ដែលមានជនជាតិកូរ៉េជាម្ចាស់ ហើយដោយសារគិតថាចេះគ្រប់គ្រងខ្លួនឯង មិនងប់ដល់ថ្នាក់ធ្វើឲ្យខ្លួនឯងក្លាយជាខ្មោចល្បែងដូចអ្នកដទៃ ទើបប្រមាថនិងភ្លេចខ្លួន។ ដំបូងត្រូវព្រមទទួលស្គាល់ថាវាធ្វើឲ្យគេចង់លេង ព្រោះប្រាក់ដែលលេងឈ្នះម្ដងៗវាច្រើនកប់ក្ដោង ធ្វើឲ្យមិនអាចបញ្ឈប់បាន ។

ប៉ុន្តែពេលវេលាកន្លងផុតទៅពីអាទិត្យទៅជាខែ ធ្វើឲ្យគេងប់ ងល់នឹងល្បែង​ ​ស្រវឹងនឹងកិលេសចង់មានចង់បាន ។ ឡានដែលធ្លាប់ប្រើក្នុងសភាពជំនំ ក៏ប្ដូរម៉ាកយីហោទំនើប ។ ភាពរវើរវាយធ្វើឲ្យគេលិចលង់ មិនអាចស្រោចស្រង់បាន ផ្ទះសម្បែងក៏មិនចូល​ ការងារក៏លែងធ្វើ ព្រោះបន្ទាប់ពីធ្លាប់បានកាក់កបជាដុំកំភួន​ ក៏ត្រូវចាញ់ម្ដងដប់លាន ម្ភៃលាន​​ និងចូលដល់ខ្ទង់រយលាន នោះហើយដែលធ្វើឲ្យបុរសចាស់ភ្ញាក់ខ្លួន ។

ប៉ុន្តែវាយឺតពេលទៅហើយ ពេលអ្វីគ្រប់យ៉ាងដែលគេខំសាងដោយដៃទទេក្លាយជារបស់អ្នកផ្សេង ហើយអ្នកផ្សេងនៅទីនេះក៏មិនមែនជាអ្នកឯណា គឺជាម្ចាស់បនដែលព្រមឲ្យគេខ្ចីប្រាក់ម្ដងហើយម្ដងទៀតដើម្បីស្រង់ដើម ប៉ុន្តែវាក្លាយជាបំណុលវ័ណ្ឌកដែលមិនអាចដោះបាន ។

ផ្ទះជាទីស្រឡាញ់នឹងត្រូវរឹបអូសនៅបីថ្ងៃក្រោយ ចំណែកសណ្ឋាគារ ទោះវាតូច មិនបានទំនើបអីណាស់ណា ប៉ុន្តែវាក៏ជាមោទនភាព និងជាមុខរបររកស៊ីចិញ្ចឹមក្រុមគ្រួសារ តែពេលនេះវាបានប្ដូរឈ្មោះ ប្ដូរម្ចាស់រួចរាល់ទៅហើយ ។

“បង ប្រាប់អូនភ្លាមថាមានអីកើតឡើង?”

ភរិយាដែលជាដៃគូទាំងពេលសុខនិងពេលទុក្ខ សួរម្ដងទៀត ពេលស្វាមីគិតតែឈរធ្មឹង សម្លឹងមើលប្រុសឈុតខ្មៅរើអីវ៉ាន់ចេញពីផ្ទះដោយទឹកមុខអាឡោះអាល័យ ។

“បងសូមទោសម៉ាក់វា បងខុសហើយ”​

សេប៊ីន សម្រូតខ្លួនអង្គុយលើដី ព្រមទាំងរៀបរាប់ប្រាប់ភរិយាដោយអារម្មណ៍ដឹងខុស ទឹកភ្នែករលីងរលោង ដែលបន្ទាប់មកក៏ហូរដោយមិនខ្មាសអ្នកណា ។

ដារីន ភ្ញាក់ផ្អើលមិនតិចនោះទេចំពោះទង្វើរបស់ស្វាមី ទើបរហ័សទម្លាក់ខ្លួនអង្គុយក្បែរ សម្លឹងមើលមុខរបស់គេដោយត្រូវការចម្លើយដែលវាច្បាស់លាស់ជាងពាក្យសូមទោស ។

“ប្រាប់អូនថាវាមានអីកើតឡើង?”​

ភរិយាឈ្លេចយកចម្លើយដោយសំឡេងនិងទឹកមុខដែលប្រាកដប្រ​ជា ។

“យើងអស់ពីខ្លួនហើយ”

គេតបតែប៉ុណ្ណឹង ដោយមិនពង្រីកន័យឲ្យភរិយាយល់ ។

គេមិនដឹងថាចាប់ផ្ដើមនិយាយពីត្រង់ណាប្រាប់ ដារីន ថាគេជំពាក់បំណុលល្បែងវ័ណ្ឌក ដោយសារកាលពីអតីត គេបានសន្យាថានឹងមិននាំខ្លួនឯងទៅពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះមានសមាជិកគ្រួសារជាគំរូឲ្យឃើញ ដែលម្នាក់នោះគឺឪពុករបស់គេ ដែលញៀនល្បែងដល់ថ្នាក់ម្ដាយទ្រាំលែងបាន ត្រូវរត់ចោល ទុកឲ្យគេនៅជាមួយឪពុកយ៉ាងវេទនា ទម្រាំតែរឹងដៃរឹងជើងគឺថ្ងៃដែលឪពុកចាកចេញទៅ ព្រោះទ្រាំនឹងបំណុលដែលខ្លួនឯងជាអ្នកបង្កមិនបាន ទើបសម្រេចចិត្តគិតខ្លីលាចាកលោកនេះ ទុកឲ្យគេធំធាត់និងតស៊ូនឹងឆាកជីវិតតែម្នាក់ឯង ។

“អូនមិនយល់!”

“បងញៀនល្បែងអូនសម្លាញ់​ បងសូមទោសដែលធ្វើខុសសន្យា”

សេប៊ីន ស្រវាចា​ប់ដៃភរិយាទាំងសងខាង សូមទោសសុំពៃរ៍ម្ដងហើយម្ដងទៀត បំណងឲ្យភរិយាលើកលែងទោសឲ្យចំពោះកំហុសដែលគេបានបង្ក ។

“ម៉េចក៏បងធ្វើបែបនេះ បងក៏ដឹងថាល្បែងវាគ្មានកំណើត គំរូមានឲ្យមើល វាមិនបានបង្រៀនឲ្យបងចងចាំនិងរាងចាលទេឬយ៉ាងម៉េច”

ដារីន ស្រែកគំហកទាំងកំហឹង ទាំងដែលនាងធ្លាប់អង្វរករស្វាមីថាអ្វីដែលនាងស្អប់ និងមិនត្រូវការឲ្យស្វាមីធ្វើ មានតែពីរប៉ុណ្ណោះ គឺលេងល្បែងស៊ីសងនិងស្រីញី ។

“បងសូមទោស”

សេប៊ីន ឈ្ងោកមុខឈ្ងោកមាត់ព្រមទទួលកំហុស មិនប្រកែក ឬនិយាយអីច្រើន ព្រោះយ៉ាងណាក៏គេខុសដែលចង់សាក ហើយលទ្ធផលចុងក្រោយវាធ្វើឲ្យក្រុមគ្រួសាររលំរលាយ ។

“សូមទោសឬ អូនគួរអភ័យឲ្យបងមែនទេ អភ័យទោសដែលបងធ្វើឲ្យក្រុមគ្រួសាររលំរលាយ អភ័យដែលបងធ្វើឲ្យអូននិងកូនត្រូវគ្មានកន្លែងជ្រកក្បាល នេះឬដែលអូនគួរអភ័យឲ្យបង”

ដារីន ស្ដីបន្ទោសឲ្យទាំងទឹកភ្នែក ពេលគិតឃើញថាផ្ទះមួយនេះក្លាយជាសម្បត្តិដោះបំណុល មិនអីចឹងមុខជាគ្មានមនុស្សប្រុសប្លែកមុខចូលមកក្នុងផ្ទះ និងរើអីវ៉ាន់ចេញងាយៗបែបនេះទេ ។

“បងខុសហើយ ឲ្យឱកាសបងបានកែខ្លួនផង បងសន្យាថាវាគ្មានលើកទីពីរទេ”

សេប៊ីន អង្វរករសុំក្ដីអាណិត និងឱកាសឲ្យខ្លួនឯងបានកែខ្លួន ពីភរិយា ។

ដារីន បានតែព្យាយាមទប់សំឡេងអណ្ដឺតអណ្ដករបស់ខ្លួន ពេលដឹងថាទោះនាងខឹងស្វាមីដល់ថ្នាក់ស្លាប់ ក៏គ្រប់យ៉ាងដែលបាត់បង់ទៅនោះមិនអាចត្រឡប់មកវិញបាន ។

“សរុបទៅ ផ្ទះមួយនេះមិនមែនជារបស់យើងទៀតទេមែនទេ?”

នាងសួរដើម្បីបញ្ជាក់ពីគំនិតខ្លួនឯង ។

“បាទ”

សេប៊ីន តប ព្រមទាំងងក់ក្បាលដាក់ភរិយា ។

“ពេលណាដែលយើងត្រូវចេញពីទីនេះ?”

ដារីន មើលទៅជុំវិញផ្ទះ ដែលពេលនេះគ្មានគ្រឿងសាឡុង សល់តែផ្ទះល្ហល្ហេវប៉ុណ្ណោះ ។

ប្រភព៖ OBSOK BOOK

Facebook: OBSOK Publisher 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

នី គន្ធី

· 2022-03-30

😍😍

រដ្ឋា សុីងហ្គល New

· 2021-12-07

😍😍😍

រដ្ឋា សុីងហ្គល New

· 2021-12-07

😎😎😎

  • 1
ទៅកាន់