
TNAOT News
· 2021-11-17
នរណាខ្លះមិនទាន់ដឹងប្រវត្តិពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
#ពិធីបណ្តែតប្រទីប# #ប្រវត្តិបុណ្យអុំទូក# #សង្គម# #អកអំបុក សំពះព្រះខែ# #ព័ត៌មានសង្គម#
11304
ព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃ ១៤ ,១៥កើត និងថ្ងៃ ១ រោច ខែកត្តិក ហើយសម្រាប់ឆ្នាំនេះត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៨-១៩-២០ ខែ វិច្ឆិកា ឆ្នាំ ២០២១។
ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានដកស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។ ពិធីបុណ្យអុំទូកត្រូវបានគេជឿថា ធ្វើតាំងពីសម័យបុរាណមក ដែលអាចនៅក្នុងឆ្នាំ ១១៨១ នៃគសករាជស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។
ពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក ថ្វីត្បិតតែត្រូវបានប្រារព្ធឡើងនៅក្នុងពេលតែមួយក៏ពិតមែន ប៉ុន្តែអត្ថន័យ មូលហេតុ និងដើមកំណើតគឺមានប្រវត្តិកើតឡើងខុសៗគ្នារវាងពិធីបុណ្យអុំទូក, ការបណ្តែតប្រទីត ហើយនិងអកអំបុក សំពះព្រះខែ។
យោងតាមឯកសារប្រវត្តិជ័យវរ្ម័នទី ៧ នៅក្នុងវិទ្យាស្ថានសាសនាបណ្ឌិត្យ បានឲ្យដឹងថា ពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធឡើងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី៧ មកម្ល៉េះ គឺដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវចាម នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ក៏ប៉ុន្តែបើយោងតាមឯកសារពិធីបុណ្យអុំទូកកម្ពុជា ក្នុងឆ្នាំ ១៩៤៥ នាប្រទេសបារាំងវិញ បានលើកឡើងថា ពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ហើយមានការពេញនិយមខ្លាំងនៅក្នុងរជ្ជកាលព្រះបាទ នរោត្តម សីហនុ។
ពិធីបុណ្យអុំទូក គឺជាការអុំទូកប្រណាំងគ្នានៅលើផ្ទៃនៃទន្លេសាគរ រវាងទូកជាច្រើនដែលបានមកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា។ ចំណែកឯក្បាច់នៃក្បាលទូកត្រូវបានរចនាប្លែកៗ និងផ្សេងពីគ្នា ដែលទូកខ្លះត្រូវបានគេរចនាជាទូកសត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆាជាដើម។ ប្រភេទទូកទាំងនេះត្រូវបានគេជឿថា ស្ថាប័ត្យករខ្មែរបានប្រើប្រាស់ការរចនាម៉ូតទៅតាមចម្លាក់ក្នុងប្រាសាទបន្ទាយឆ្មា និងប្រាសាទបាយ័ន។ រីឯប្រវត្តិការបណ្តែតប្រទីតវិញ ត្រូវបានគេមានជំនឿតៗគ្នាថា នៅពេលដែលព្រះអាទិត្យអស់សុន្តគត ប្រហែលជាម៉ោង ៦ ល្ងាច ប្រទីតចាប់ផ្តើមពន្លយចេញនៅតាមដងទន្លេចតុមុខ។ ការធ្វើដូចនេះ គឺដើម្បីបួងសួងសុំសេចក្ដីសុខពីព្រះម៉ែគង្គា។
ព្រះម៉ែគង្គាក្លាយឈ្មោះពីទន្លេមួយនៅប្រទេសឥណ្ឌា ដែលមានឈ្មោះថា កាំងកា (Goddess Ganga) ជាទន្លេពិសិដ្ឋគ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេសពួកហិណ្ឌូ។ ទោះបី ពុំមានទន្លេគង្គានៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដែលមិនមែនជាសមុទ្រ ដូចជា ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹមបីបាច់ដល់មនុស្សសត្វទាំងពួង ការហូរនាំដីល្បាប់ និង ភោគផលត្រីជាដើម។ ព្រះម៉ែគង្គាត្រូវបានគេជឿថា មានព្រះហស្ថកាន់ផ្កាឈូក និងក្អមទឹក មានយាន្តជំនិះជាសត្វទឹក មករ ត្រីរាជ ក្រពើ អណ្តើកជាដើម។ ក្រៅពីការបណ្តែតប្រទីតធំៗ ប្រជាជនខ្មែរនិយមធ្វើកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងសុំសេចក្តីសុខសប្បាយភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃផង។
ចំណែកប្រពៃណីបណ្តែតប្រទីតវិញ ត្រូវគេជឿថា ចាប់ផ្តើមធ្វើប្រហែលជានៅក្នុង រជ្ជកាលព្រះបាទ ចន្ទរាជ អំឡុងឆ្នាំ ១៥២៩ គ.ស។ នៅក្នុងឯកសារល្បែងប្រណាំងទូកនិង ពិធីបណ្ដែតប្រទីប របស់លោក ថាច់ ប៉ែន ថា នៅក្នុងឆ្នាំ ១៥២៨ នៃ គ.ស ព្រះបាទ ចន្ទរាជា នៃអាណាចក្រលង្វែកបានបញ្ជាឲ្យស្ដេចត្រាញ់នាម ពញ្ញាតាត ឲ្យត្រៀមទ័ពខ្មែរជើងទឹកច្បាំងជាមួយទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្ននៅវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់ យួន នាមម៉ាក ដាងដុងអាណាចក្រដាយវៀត ។ ពញ្ញាតាត បានចាត់រៀបចំការពារស្រុកឲ្យមានទាហានជើងទឹកចែកជា ៣ ក្រុម៖
ក្រុមទី១៖ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ដែលហៅថាទូក ង
ក្រុមទី២៖ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។
ក្រុមទី៣៖ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ ហើយទូករាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំងប្រើប្រាស់តែពេលយប់ជាមួយភ្លើងចង្កៀង ដែលជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ហៅថាប្រទីប ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកខ្មែរបានទទួលបានជ័យជម្នះ ។
ក្រោយពេលទទួលបានជោគជ័យ ស្របពេលដែលព្រះបាទពញ្ញាចន្ទ ឡើងសោយរាជ ក្នុងឆ្នាំ ១៥២៩ នៃ គ.ស ទើបទ្រង់បង្កើតឲ្យមានពិធីបណ្ដែតប្រទីបនេះឡើង ដើម្បីជាការអបអរជ័យជម្នះខាងជើងទឹកផង និងដើម្បីដឹងគុណដល់ព្រះម៉ែគង្គាផង ទ្រង់បានបង្កើតឲ្យមានការបណ្ដែតប្រទីបជារៀងរាល់ឆ្នាំជាមួយភ្លើងទាននៅពេលរាត្រី។ ចាប់តាំងពីពេលនោះមកប្រជារាស្ត្រខ្មែរ បានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយការបួងសួងរហូតមកដល់សព្វថ្ងៃនេះ។
ទាក់ទងរឿងរ៉ាវទៅនឹងប្រវត្តិអកអំបុក សំពះព្រះខែវិញត្រូវបានឯកសារប្រវត្តិសាស្រ្តអ្នកស្រីសាស្រ្តាចារ្យ ឡាយ ហ៊ុនគី ក្រោមចំណងជើងថា ប្រវត្តិនិទានពិធី អកអំបុក និងសំពះព្រះខែបានធ្វើសេចក្តីអធិប្បាយថា ប្រវត្តិពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានគេបង្កើតឡើងនៅក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ ១៥៦៨ នៃ គ.ស។ រឿងនេះកើតចេញពីព្រះសុបិន្ត របស់ព្រះអង្គ ដែលព្រះអង្គសុបិន្តឃើញខ្លួនឯងជាបុរសព្រាហ្មណ៍ព្រៃ មានន័យថាអ្នកបរបាញ់ ក្នុងសុបិន្តនោះទ្រង់មិនបរបាញ់សត្វព្រៃនោះទេ ព្រោះទ្រង់គោរពពុទ្ធសាសនា ទ្រង់បានបង្កាត់ភ្លើងកម្ដៅខ្លួន និងសុខចិត្តអត់អាហារដោយការទ្រាំ គ្រានោះមានទន្សាយមួយបានសម្ដៅមកទ្រង់ ហើយពោលថាបើឃ្លានអ្នកអាចបរិភោគសាច់ខ្ញុំបាន ពោលចប់ទន្សាយក៏ហក់ចូលភ្លើងដែលបង្កាត់នោះភ្លាម ពេលនោះទ្រង់បានយកដៃទៅទ្រទន្សាយនោះ ហើយពោលថា យើងមិនចង់ស៊ីឯងនោះទេ ហើយក៏ព្រលែងទន្សាយនោះទៅវិញ ដោយក្ដីរំជួលចិត្តរបស់ព្រះឥន្ទ្រដែលមកសាកល្បងចិត្តបុណ្យជាមួយព្រះបាទ បរមរាជ រំពេចនោះ ទន្សាយនោះក៏ហក់ចូលភ្លើងម្ដងទៀត ដើម្បីបានជាអាហារដល់ព្រាហ្មណ៍នោះ ដោយក្ដីអាណិតទៅលើសត្វទន្សាយទ្រង់បួងសួងដល់ព្រះម៉ែគង្ហីង ព្រះធរណី សុំឲ្យរូបទន្សាយមានឌិតជាប់នៅលើដួងព្រះចន្ទ ក្នុងសុបិន្តនោះ ព្រះម៉ែគង្ហីងព្រះធរណី បានយកថ្មសចង្កូមកែវ ដែលយើងហៅថាម្នាងសិលា គូររូបទន្សាយលើដួងព្រះចន្ទ ហើយប្រាប់ថាទន្សាយនោះគឺ ព្រះឥន្ទ្រចង់មកសាកល្បងចិត្តបុណ្យរបស់ព្រះអង្គបន្ទូលប្រាប់ចប់ ព្រះបរមរាជាក៏ភ្ញាក់ដឹងព្រះកាយ។ ក្រោយភ្ញាក់ពីសុបិន ទ្រង់បាននាំមហេសីទ្រង់ទៅមើលព្រះចន្ទពេញវង្សដែលមានរាងជារូបទន្សាយក្នុងនោះពិតមែន ទើបទ្រង់បង្កើតឲ្យមានពិធីសែនព្រេនដល់ព្រះឥន្ទ្រដែលនិមិត្តកាយជាសត្វទន្សាយក្នុងដួងព្រះចន្ទនោះ ដែលរណ្ដាប់ទាំងអស់ជា ដង្វាយសត្វទន្សាយចូលចិត្ត ហើយទ្រង់បានបញ្ជាឲ្យនាម៉ឺនសេនាសាងសង់វត្តមួយ ដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា (វត្តព្រះឥន្ទ្រ) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ រីឯរបៀបការប្រារព្ធពិធីទាំង ២ នេះវិញគឺ ដំបូងគេត្រូវអុជធូបសែនព្រេនជាមុនសិន ដែលនៅក្នុងនោះមានដូចជា អំបុក ទឹកដូង និងចេកអំបូងជាដើម។ ពេលដែលគៀកម៉ោងអកអំបុក គេយកដៃក្ដាប់អំបុកអកងើយមើលព្រះខែ ហើយបើកាលណាអ្នកអកអំបុកម្នាក់ឯងទៅឈ្លក់អ្នកនឹង មានវិបត្តផ្លូវចិត្តនាដើមឆ្នាំបន្ទាប់ នេះគឺជាជំនឿមួយពីបុរាណកាល ដែលអ្នកមួយចំនួនសឹងតែមិនបានដឹង។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុក ហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ។
ពិធីបុណ្យនេះត្រូវបានរដ្ឋសម្រេចឲ្យមានការប្រារព្ធ និងឈប់សម្រាកពីការងាររយៈពេល ៣ ថ្ងៃ ដោយមានការប្រណាំងទូក ៣ ថ្ងៃជាប់គ្នា ចាប់ពីវេលាម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ហើយការបណ្តែតប្រទីបនៅពេលល្ងាចម៉ោង ៦ និងអកអំបុក សំពះព្រះខែវិញ ប្រជាជនខ្មែរនិយមធ្វើតាមផ្ទះស្រុកភូមិរៀងៗខ្លួននៅអធ្រាតថ្ងៃទីបីនៃពិធីបុណ្យនេះ។ តែរយៈពេល ២ ឆ្នាំនេះ ដោយសារតែវិបត្តិជំងឺរាតត្បាត Covid-19 កម្ពុជាសម្រេចផ្អាករៀបចំកម្មវិធីនេះសិន ព្រោះខ្លាចផ្ទុះឆ្លងរីករាលដាលធំ៕ អត្ថបទ៖ ទ្រី រ៉ាវី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (28)
RATHA KH 2022
· 2021-12-04
😍😍😍
Dara Ren
· 2021-11-20
😍😍
Sreyrong Sok
· 2021-11-18
😍😍
huykeang
· 2021-11-18
🇰🇭🇰🇭🇰🇭🇰🇭
ប៉ុល សុភណ្ឌ័
· 2021-11-18
😍
ប៉ុល សុភណ្ឌ័
· 2021-11-18
😍
ខ្ញុំចូលចិត្តស្តាប់
· 2021-11-18
😍😍😍
kongsobuntha
· 2021-11-18
🤔🤔🤔
SuSie
· 2021-11-18
Morning ☀️
សក្កដា148
· 2021-11-18
ដឹងខ្លះៗហើយ
oun nak sl
· 2021-11-18
😍😍😘😘😘
រីមុីហ័ង
· 2021-11-18
😍😍😍
Nith Berry
· 2021-11-18
❤️
មិត្ត598156650
· 2021-11-18
សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃអំទូកទីមួយហើយតើពួកយើងទាំងអស់គ្នាគិតទៅឯណាដែបងប្ូន?
60154842
· 2021-11-18
🤗🤗
- 1
- 2
ទៅកាន់