បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2021-12-04

រឿង ភរិយាចៃដន្យ ភាគទី ១~១ _ ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

5555

សណ្ឋាគារហ្កេមបៀ

នារីរាងតូចច្រឡឹង ភ្នែកមូលក្លុំ ដើរចេញពីសណ្ឋាគារដោយទឹកមុខរំភើបរីករាយ ។ នាងព្រមចំណាយប្រាក់ដែលទុកផ្ញើទៅឲ្យឪពុកម្តាយ មកបង់ថ្លៃតាក់ស៊ីជិះទៅអាផាតមិនត៍ ។ ពេលទៅដល់ នាងក៏បើកលែបថបស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រទេស ហារ៍ប៊ែន ។

“នេះឬប្រទេសហារ៍ប៊ែន អ៊ឺហ៊ឺ…ម៉េចក៏ស្រុកទេសគេមានបានម្ល៉េះ”

ជេមី សម្លឹងមើលអេក្រង់ និងនិយាយរង៉ូវៗដោយការភ្ញាក់ផ្អើល ។ អ្វីដែលឃើញនៅក្នុងនោះគឺអគារខ្ពស់ៗទាន់សម័យ ច្រើនម៉ូដច្រើនម៉ាក សាងសង់នៅក្រោមអាកាសធាតុក្តៅគគុករបស់ សមុទ្រខ្សាច់ ។

មួយសន្ទុះទើបនាងមើលសេចក្តីលម្អិតពាក់ព័ន្ធនឹងប្រទេសនោះទាំងអស់ ដើម្បីសិក្សាមុនពេលទៅធ្វើការនៅទីនោះ ។

“អឺម នៅទ្វីបអាហ្រ្វិកខាងជើងនេះឯង ប្រទេសហារ៍ប៊ែនជាប្រទេសតូច មានផ្ទៃក្រឡាតែ៥សែនម៉ែត្រការេ តូចជាងណៃជឺរៀចង់ពាក់កណ្តាល ព្រំប្រទល់ខាងជើងជាប់នឹងសមុទ្រមេឌីទែរ៉ាណេ មានឆ្នេរខ្សាច់ស្អាត ព្រំដែនខាងត្បូងជាប់នឹងប្រទេសលីប៊ី និងប្រទេសអេហ្ស៊ីប ដោយខាងកើតជាប់អេហ្ស៊ីប ខាងលិចជាប់លីប៊ី”

នាងមើលហើយក៏ងក់ក្បាលផ្ងក់ៗដាក់ខ្លួនឯង ។

“អីចឹងខាងសមុទ្រមេឌីទែរ៉ាណេ ម្តុំនេះមានលីប៊ី ហារ៍ប៊ែន និងអេហ្ស៊ីប អេ៎…វាជាឆ្នេរបែបណា មើលបន្តសិន”

ជេមី យកចិត្តទុកដាក់មើលទីតាំងភូមិសាស្រ្តរបស់ប្រទេសហារ៍ប៊ែន ហើយឧទានពេលមើលដល់ស្ថានភាពអាកាសធាតុ។

“សីតុណ្ហភាពមានទាំងបែបសមុទ្រខ្សាច់និងមេឌីទែរ៉ាណេ អឺម...អីចឹងខ្ញុំត្រូវទិញអាវរងាបន្ថែម”

នាងមើលទាល់តែដឹងហើយថាត្រូវត្រៀមខ្លួនយ៉ាងណាចំពោះការចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសហារ៍ប៊ែន ហើយពេលគិតថាត្រូវទៅធ្វើការនៅបរទេស នាងក៏នឹកឃើញរឿងមួយ ។

“ស្លាប់ហើយ! ចំមែន ជេមី...រវល់តែសប្បាយចិត្តដែលបានជ្រើសរើសទៅប្រចាំនៅសណ្ឋាគារធំ ភ្លេចមើលកិច្ចសន្យាជួលប៉ុន្មានឆ្នាំ ណ្ហើយ...យ៉ាងណាក៏បានតែប៉ុណ្ណឹង ដល់ពេលក៏ត្រឡប់មកវិញ” នាងនិយាយរអ៊ូៗតែម្នាក់ឯង ។

៣ខែក្រោយមក...

ព្រលានយន្តហោះអន្តរជាតិប្រទេសហារ៍ប៊ែន

បន្ទាប់ពីឆែកអោតរួចរាល់ ជេមី ស្រីកូរ៉េខាងត្បូងវ័យ២៤ឆ្នាំក៏ដើរចេញពីអគារអ្នកដំណើរ ជាមួយមិត្តរួមការងារនៅសណ្ឋាគារហ្កេមបៀ ប្រទេសកូរ៉េខាងត្បូងចំនួន១៥នាក់ ។ នាងមានភាពលេចធ្លោជាងមិត្តភក្តិស្រីៗ ព្រោះមុខមាត់ស្រស់ស្អាតគួរឲ្យមើល និងសមត្ថភាពដែលមានជាងមិត្តរួមការងារ ធ្វើឲ្យនាងមានឱកាសច្រើនជាងគេរឿងចំណេះដឹង ។

នារីកូរ៉េខាងត្បូង៩នាក់ និងបុរសកូរ៉េខាងត្បូង៦នាក់នាំគ្នាសម្លឹងរកមើលអ្នកដែលកាន់ស្លាកឈ្មោះសណ្ឋាគារហ្កេមបៀ ព្រោះខាងសណ្ឋាគារបានណាត់ថានឹងឲ្យឡានមកយក ។

“នោះអី ប្រុសម្នាក់នោះកាន់ស្លាកសណ្ឋាគារហ្កេមបៀ”

ចប់សំឡេងរបស់មនុស្សស្រីវ័យស្រករ ជេមី គ្រប់គ្នាក៏ដើរទៅរកបុរសម្នាក់នោះ ។ គេរាក់ទាក់គ្រប់គ្នាជាភាសាអង់គ្លេស ហើយនាំដើរទៅចំណតឡានរបស់ព្រលានយន្តហោះ នាំឡើងឡានក្រុង២៤កៅអី ដែលមានឈ្មោះសណ្ឋាគារបិទជាប់នឹងចំហៀងឡាន ។

“អូ៎ហូ៎! ជេមី...មើលចុះ ផ្លូវថ្នល់ធំនិងស្អាតណាស់” មិត្តភក្តិនាំនិយាយ ហើយ ជេមី ក៏ងក់ក្បាល ។

“អឺម...តែខាងក្រៅប្រហែលក្តៅ មានតែសមុទ្រខ្សាច់”

“ឮអ្នកចាត់ការប្រាប់ថាសណ្ឋាគារនៅជិតមាត់សមុទ្រ ប្រហែលមិនក្តៅដូចម្តុំនេះទេដឹង យើងត្រូវជិះឡានច្រើនម៉ោង”

“អីចឹងដេកមួយស្រឡេតទៅ កុំឲ្យល្វើយ” នាងក្រមុំញញឹមណែនាំមិត្តភក្តិ ហើយពួកគេក៏នាំគ្នាសម្រាក ។

ទាំងដែលមានមិត្តភក្តិមកជាមួយច្រើនគ្នា តែ ជេមី អត់មិនបាននឹងនឹកដល់ក្រុមគ្រួសាររបស់ខ្លួន ។ ទោះមិនសូវមានប្រាក់ ឪពុកម្តាយនិងប្អូនប្រុសក៏នៅតែសង្វាតធ្វើដំណើរមកពីស្រុកស្រែជូនដំណើរនាងឡើងយន្តហោះ ។

នាងញញឹមពេលនឹកដល់ឪពុកដែលជាមនុស្សមិនសូវមាត់ក ទើបជូនពរនាងឲ្យមានសំណាងល្អតែមួយម៉ាត់ប៉ុណ្ណោះ ហើយនាងក៏បានចរិតមិនសូវមាត់ក និងមានគំនិតសុទិដ្ឋិនិយមពីគាត់ ខុសពីម្តាយនិងប្អូនប្រុសរបស់នាង ដែលចូលចិត្តដណើ្តមគ្នានិយាយ ប្រាប់ឲ្យនាងមើលថែខ្លួនឯង មិនឲ្យទុកចិត្តអ្នកណាផ្តេសផ្តាស ខ្លាច​ត្រូវបោកយកទៅលក់ មានគ្រប់សព្វរឿងរ៉ាវដែលម្តាយនិងប្អូនប្រុសយកមកដាស់តឿន ។

នាងដឹងច្បាស់ថាគ្រប់គ្នាមានតែក្តីស្រឡាញ់និងការព្រួយបារម្ភ ទើបញញឹមសប្បាយចិត្ត ។

“ខ្ញុំនឹងសន្សំប្រាក់ផ្ញើទៅឲ្យអ្នកទាំងអស់គ្នា”

នាងសន្យាចំពោះខ្លួនឯង ហើយញញឹមពព្រាយ ងាកទៅមើលអគារផ្ទះសម្បែងដែលជាឆាកក្រោយរបស់សមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយ ។

ទោះនាងជាមនុស្សស្លូតបូត ទន់ជ្រោយដល់ថ្នាក់កំសាក តែនាងក៏មិនមែនជាមនុស្សចូលចិត្តសម្រក់ទឹកភ្នែកនោះទេ ។

នាងក្រមុំគិតរឿងរ៉ាវគ្រប់សព្វ រហូតដល់លង់លក់ដោយមិនដឹងខ្លួន ។


ប្រភព៖ OBSOK BOOK

សំរាប់រឿងពេញសូមទាក់ទងតាមរយៈ Facebook: OBSOK Publisher 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

Jendy1000090382

· 2021-12-08

🙂😷

មិត្ត1000133897

· 2021-12-07

🥰🥰

Sophors Thorng

· 2021-12-06

😘😘

ខ្ញុំចូលចិត្តបង់ហោះវីដេអូចម្រៀង

· 2021-12-04

🙂🙂🙂🙂🙂

សក្កដា148

· 2021-12-04

😀😀

Chanra Tuon

· 2021-12-04

☺️☺️☺️

MERL24h

· 2021-12-04

😍😍😍

  • 1
ទៅកាន់

ការណែនាំពិសេស