 
 Moon Mo
· 2022-03-28
ប្រលោមលោករឿង: គំនុំចងស្នេហ៍ភរិយាកំពូលល្បិច ភាគទី6 (3/4)
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
2923
ស៊ិលលៀស តាមមើលនារីដែលដាក់មេផាយចេញទៅម្នាក់ នោះដោយមិនជឿនឹងខ្សែភ្នែក មិនចង់ជឿថាខ្លួនឯងនឹងត្រូវបដិសេធម្តងទៀត ហើយត្រូវឡានមួយគ្រឿងនោះធ្វើឲ្យមុខមាត់គេស្វិតជាប់ៗគ្នាដល់ទៅពីរដង ថែមទាំងឫកពារដែលនាងមានចំពោះគេក៏ខុសពីកាលមុនឲ្យឃើញបានច្បាស់ មិនញញឹមដាក់គេតាំងពីព្រឹក។
គេតឹងណែនក្នុងចិត្ត មិនដឹងថាហេតុអីខ្លួនឯងត្រូវរវល់រឿងតូចតាចអស់នេះ ហើយហេតុអីត្រូវឃែរ៍ថាឫកពារនាងផ្លាស់ប្ដូរដែរ ដែលគេត្រូវការគឺមិនមែនឲ្យនាងអស់ក្ដីស្រឡាញ់នៅក្នុងខ្លួនគេ ឈប់មានសង្ឃឹមខ្យល់ថាបានទទួលក្ដីស្រឡាញ់តិចតួចពីគេ ហើយប្រើជីវិតដ៏ទុក្ខទារុណនៅក្នុងការរៀបការដែលគ្មានក្តីស្រឡាញ់ចំពោះគ្នានេះរហូត ទៅទៅឬ?
ពេលនេះចាត់ទុកថាសមចិត្តគេហើយតើ តែហេតុអីបានជាគេខូចចិត្ត គ្មានអារម្មណ៍ថាមានសេចក្តីសុខសូម្បីតែបន្តិច បែរជាមាន អារម្មណ៍ដល់ការបរាជ័យដែលនិយាយមិនត្រូវម្យ៉ាង។
គេគិតអីឱ្យប្រាកដទៅ?
មិនទាន់ដឹងខ្លួនផង ពួកគេដូចជាដូរកន្លែងគ្នាឈរទៅហើយ។

(រូបតំណាង)
ហាងស្បែកជើងបើកដំណើរការបានកន្លះខែហើយ យ៉ែលលី រត់ឡើងរត់ចុះមមាញឹកនៅក្នុងហាងរាល់ថ្ងៃ បើមិនគូរម៉ូតនៅខាងលើក៏ចុះមករាក់ទាក់ភ្ញៀវនៅខាងក្រោម តែនាងចូលចិត្តជីវិតដែលសម្បូរបែបបែបនេះខ្លាំងណាស់ បានប្រើសមត្ថភាពរកប្រាក់ នៅអាចប្រើការងារដែលហៀរហូរដែលធ្វើឲ្យភ្លេចការឈឺចាប់នៅក្នុងចិត្តបានទៀត។
នាងអត់នឹកដៅមិនបានថា ដោយសារបុរសដែលតែងតែធ្វើការមមាញឹករហូតដល់យប់ជ្រៅម្នាក់នោះពន់រែកទុក្ខទារុណច្រើនពេកឬអត់ រហូតដល់មិនចង់នៅផ្ទះជួបមុខដើមហេតុនៃការឈឺចាប់ដូចនាង។
បើសិនដឹងតាំងពីដំបូងនាងគួរតែភ្នែកភ្លឺលឿនជាងនេះ ចេញមកធ្វើការនឹងមិនចាំបាច់អង្គុយខាំមាត់សង្កត់ចិត្តដោយគ្មានន័យក្នុងរយៈពេលមួយឆ្នាំនេះ។
តែបើមិនឈឺដល់ថ្នាក់ទ្រាំលែងបាន ក្រែងថានាងបែបជានៅតែមិនព្រមភ្ញាក់ពីក្តីសង្ឃឹម ដែលបោកទាំងអ្នកផ្សេង បោកទាំងខ្លួនឯង និងសម្រេចចិត្តចប់គ្រប់យ៉ាងដោយការស្ម័គ្រចិត្ត។
"សូមស្វាគមន៍" នាងបានឮសម្លេងពិរោះរបស់ម៉ូបាយ ទើបងើបមុខទទួលភ្ញៀវ បែរជា ស៊ិលលៀស ដើរចូលមកក្នុងហាង "ហេតុអី បង..."
ដែលធ្វើឲ្យនាងចម្លែកចិត្តខ្លាំងជាងនេះគឺនៅក្រោយខ្នងគេមាន លេខាស្រីត្រកូល ឡាន់ ដែលចូលចិត្តរៀបឫកឆ្មើងឆ្មៃម្នាក់នោះតាមមកដែរ។

(រូបតំណាង)
ស៊ិលលៀស ពិនិត្យមើលហាងតូចៗដែលបានឮថានាងមានមុខងារចេញម៉ូតតែម្នាក់ឯងដោយមិនចាប់អារម្មណ៍អ្នកណា គេគ្មានផ្លូវព្រមទទួលទេថាខ្លួនឯងចាំរឿងនេះមិនបាន គ្រប់ពេលដែលលួចបានឮនាងនិយាយទូរស័ព្ទជាមួយមិត្តភក្តិនៅផ្ទះ គេត្រចៀកឃ្មុំជាពិសេសតែម្ដង។
សរុបទៅគឺគេគិតតែសរសើរហាងដែលទោះជាតូចតែតុបតែងបានស្អាតដល់ថ្នាក់នេះ រហូតដល់មិនទាន់បានសង្កេតថាពេលនេះនារីពីរនាក់ឈរក្បែរប្រសព្វភ្នែកគ្នា កែវភ្នែកទាំងសងខាងមានពន្លឺភ្លឹបភ្លែតចេញមក។
"លេខាបងបាក់ស្បែកជើង អូនជួយរើសស្បែកជើងដែលស័ក្តិសមនឹងនាងឲ្យមួយគូម៉ោ" គេគិតរកវិធីមកជាងកន្លះខែហើយ ទីបំផុតក៏ជួបឱកាសស័ក្តិសមឲ្យទាល់តែបាន អម្បាញ់មិញនេះពេលនៅក្នុងពិធីជប់លៀង ពេលឃើញលេខា ឡាន់ ដើរជំពប់ទាល់តែស្បែកជើងបាក់គេវិះតែសប្បាយចិត្តដល់ថ្នាក់ញញឹមចេញមកទៅហើយ។

(រូបតំណាង)
គេមិនព្រមឲ្យលេខាត្រឡប់ទៅក្រុមហ៊ុនដើម្បីដូរស្បែកជើង តែរហ័សនាំនាងមកទីនេះភ្លាម ចង់មកមើលផ្ទាល់ភ្នែកយូរហើយថា ហាងនេះមានស្នេហ៍អីណាស់ណាទើបធ្វើឲ្យ យ៉ែលលី មកសម្ងំនៅពេញមួយថ្ងៃទៅកើត ពេលខ្លះនៅខ្ចប់អាហារពេលព្រឹកមកញ៉ាំនៅហាងទៀតផង...ទាំងដែលហាងមិនទាន់បើកទ្វារ។
"រំខានអ្នកនាង យ៉ែលលី បានយ៉ាងម៉េចទៅ ខ្ញុំរើសខ្លួនឯងល្អជាង" ស្នាមញញឹមរបស់លេខា ឡាន់ ត្រូវប្រើពាក្យថារីករាយមកបរិយាយបានតែម្យ៉ាង។
បស ជំនះនឹងការខាតពេលជិតកន្លះម៉ោង បើកឡាននាំនាងមកទិញស្បែកជើងនៅទីនេះ ថែមទាំងបញ្ជាឲ្យភរិយាដែលគេមិនសូវបេតីម្នាក់នោះរើសស្បែកជើងឲ្យនាងដោយផ្ទាល់ទៀត គ្រាន់តែមើលក៏ដឹងថាស្រីម្នាក់ណាមានឋានៈខ្ពស់ជាងគេនៅក្នុងចិត្តគេ...ធ្វើបែបនេះមានចេតនាបំបាក់មុខភរិយាគេច្បាស់ណាស់។
"មិនអីទេ ចូលមកក្នុងហាងគឺចាត់ទុកថាជាភ្ញៀវ អញ្ជើញខាងនេះ!" យ៉ែលលី បម្រើនាងដោយគ្មានអារម្មណ៍អី អ្នកណាប្រើឲ្យបុគ្គលិកម្នាក់ទៀតចេញទៅទិញបាយថ្ងៃត្រង់ល្មមធ្វើអី ម្យ៉ាងទៀតនាងក៏ជាមនុស្សដែល ស៊ិលលៀស នាំមកដែរ។
ចម្លែកណ៎! គេនាំមនុស្សមកទិញនៅហាងរបស់នាងបាន? គោលបំណងមើលប្រយោលៗដូចធម្មតា ការណែនាំអតិថិជនឲ្យនាងនៅពេលនេះ មើលចេញថាមានទឹកចិត្តបន្តិច។

(រូបតំណាង)
"ស្បែកជើងអស់នេះអូនចេញម៉ូតដោយខ្លួនឯងអ្ហ៎?" គេឃើញ យ៉ែលលី ដឹងរឿងពណ៌ និងការចាប់គូស្បែកជើងគ្រប់គូបានល្អ សម្តីស្ទាត់ជំនាញមិនត្រឹមតែពេញដោយពាក្យអធិប្បាយចំចំណុចល្អ របស់ទំនិញនៅសម្តែងឲ្យឃើញដល់បុគ្គលិកលក្ខណៈដែលជឿជាក់ និងការលះបង់ម្យ៉ាងទៀតរបស់នាង រហូតដល់មើលទៅចាំងពន្លឺស្រស់ថ្លាពេញខ្លួន។
ការដែលធ្លាប់ឃើញគំរូម៉ូតព្រាងនៅផ្ទះមុននេះ គេនៅនឹកថា នាងគ្រាន់តែគូរលេងៗប៉ុណ្ណោះ។
"ភាគច្រើនយើងនាំម៉ូតស្បែកជើងដែលជាទីពេញនិយមមកពីបរទេសម្ដងកាលដូចគ្នា" នាងតបដោយទឹកដមសំឡេងធម្មជាតិដូចអ្នកជំនាញ។
គេងក់ក្បាលពិនិត្យមើលហាងតូចៗនេះម្ដងទៀតមើលតាមរយៈការតុបតែងគឺឃើញដល់ការតាំងចិត្តរបស់ម្ចាស់ទៅហើយ។
"មួយគូនេះមិនស៊ីនឹងស្បែកខ្ញុំទេ យកមួយគូនោះល្អជាង" លេខា ឡាន់ លស្បែកជើងដល់ថ្នាក់រាយពេញឥដ្ឋ យ៉ែលលី ហត់គឃូសនឹងការម្នីម្នារកស្បែកជើងដូរមិនចេះឈប់ពេញហាង។
"មួយគូនេះសមនឹងអ្នកនាងខ្លាំងណាស់ សមនឹងរូបដែលកំពុងពាក់ល្មម" នាងហុចរបស់ឲ្យម្ដងទៀត ឃើញអ្នកឧបត្ថម្ភមិននិយាយអីក៏កាន់តចង្អុលបញ្ជាយ៉ែលលី លគូនេះលគូនោះ គូខ្លះក៏លម្តងហើយម្ដងទៀត វាយឫកជារាជិនីដាក់ភរិយាចៅហ្វាយដែលចាំបម្រើនាង។
"មួយគូនោះ...."
"ចា៎ បាន" យ៉េលលី ធ្វើមុខញញឹមញញែម ឃើញភ្ញៀវជាស្ដេច ដោយមិនរអ៊ូអីមួយម៉ាត់ តែតាមពិតក៏លួចរអ៊ូនៅក្នុងចិត្តដូចគ្នា តាំងពីបើកហាងមក បានជួបភ្ញៀវរញ៉ាំរញ៉ូវក៏មិនតិចដែរ តែលេខា ឡាន់ ហៅបានថាយ៉ាប់យកចិត្តលំដាប់ទីមួយ។
បន្ទាប់ពីលជិតអស់មួយហាងហើយ លេខា ឡាន់ ក៏បង្ខំចិត្តរើសបាន5គូ...មើលតាមរយៈលំដាប់នៃការមិនពេញចិត្តអម្បាញ់មិញរបស់នាង អាចរើសស្បែកជើងនៅហាងតូចៗបាន5គូដូចជាបាដិហារិយ៍មែនទែន។
នាងងាកទៅសួរ បស ដោយសំឡេងស្រទន់ថា៖
"លោកប្រធាន ស្បែកជើងអស់នេះស្អាតគ្រប់គូ ខ្ញុំសម្រេចចិត្តមិនត្រូវទេ លោកគិតយ៉ាងម៉េច?"
យ៉ែលលី មានអារម្មណ៍ថាខ្យល់ចាប់ ចង់យកស្បែកជើងគោះលលាដ៏ក្បាលនាងលេខាម្នាក់នេះដល់ក។
ស្រីម្នាក់នេះកំពុងស្ទូចប្ដីនាងនៅចំពោះមុខនាង!?
ហើយសុខៗនាងក៏ភាំង ដៀងទៅមើលបុរសម្នាក់នោះ គិតនៅក្នុងចិត្តថានេះជាគោលបំណងរបស់គេ ទើបបានជាមានចេតនានាំមនុស្សស្រីមកបង្ករឿងនៅក្នុងហាងរបស់នាង ហើយនៅចែចង់គ្នាដល់ទីនេះទៀត ទោះជាគេធ្វើមុខមាំមិននិយាយមិនស្តីនៅក្បែររហូតក៏ដោយ តែត្រឹមឈរស្ងៀមមើលនាងត្រូវស្រីម្នាក់នេះចឹកក្បាល បើឲ្យធ្វើនេះធ្វើនោះក៏គ្រប់គ្រាន់នឹងធ្វើឲ្យនាងឆេះដូចភ្លើងទៅហើយ។

(រូបតំណាង)
មិនត្រូវទេ នាងសម្រេចចិត្តដោះលែងអារម្មណ៍ដែលមាន ចំពោះប្រុសម្នាក់នេះទៅហើយ ហើយហេតុអីនៅត្រូវឃែរ៍ដែរ ថាគេចង់យ៉ាងម៉េចៗនឹងអ្នកផ្សេងទៀត។
ពេលនឹកគិតបានរង្វង់មុខ យ៉ែលលី ក៏កម្ចាយស្នាមញញឹមស្រស់ស្រាយម្តងទៀត មើល ស៊ិលលៀស ដោយមិនព្រមគេច....
"ទិញគ្រប់គូទៅ ខ្ញុំជឿថាលោកប្រធាន ជាន មិនមែនជាចៅ ហ្វាយគំរិះទិញស្បែកជើងមិនប៉ុន្មានគូឲ្យជារង្វាន់បុគ្គលិក រោមមុខរឹងមិនជ្រុះទេ" នាងក្រមុំបង្គាប់ខ្លួនឯងឲ្យឃើញគេជាភ្ញៀវធម្មតា នាងចង់បានលុយពីគេតែម្យ៉ាង មិនខ្វល់ពីអារម្មណ៍របស់គេ។
មិនខ្វល់ មិនខ្វល់ មិនខ្វល់
"អូនចង់ឲ្យបងម៉ៅស្បែកជើងអស់នេះឲ្យនាងពិតមែនអ្ហ៎?" ស៊ិលលៀស សម្លឹងមុខស្អាតដែលញញឹមរហូតដល់ភ្នែកលឹបរបស់នាងថ្មែរ បបូរមាត់បង្កប់ពន្លឺខឹងតិចៗ។
ស្រីម្នាក់នេះគាំទ្រឲ្យស្វាមីខ្លួនឯងទិញរបស់ឲ្យស្រីផ្សេងដោយទឹកមុខស្រស់ស្រាយបាន?
នាងចិត្តទូលាយពេកទេដឹង!

(រូបតំណាង)
"ប្រាកដហើយ អូនចង់ខ្លាំងណាស់" នាងប្រាប់មាត់មិនត្រង់ចិត្ត ចិត្តប្រុសម្នាក់នេះចូលចិត្តថានាងធ្វើពុត នាងសម្តែងល្ខោនឲ្យគេមើលទៅកាន់តែញញឹមស្រស់បស់ថែមទៀត។

(រូបតំណាង)
"អ៊ីចឹងដាក់ថង់ឲ្យអស់" អ្នកកម្លោះលូកយកកាតក្រេឌីតចេញមកដោយឬកពារខឹង។
"ទទួលកាតក្រេឌីតបង អូនថាបែបមិនបាច់បង់រំលស់ទេដឹង"
"អូន.…"
"ជួយស៊ីញ៉េឈ្មោះផង" នាងឆូតកាតដោយភាពស្ទាត់ជំនាញ មុននឹងយកSlip ដាក់ពីមុខគេយ៉ាងរហ័ស។
ខ្សែភ្នែកទាំងពីររបស់គេសម្លក់នាងថ្មែរ ខណៈដែលចុះហត្ថលេខាដោយដៃធ្ងន់ៗ។

(រូបតំណាង)
លើកក្រោយៗមានតិចដងណាស់ដែលពួកគេប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមមិនចង់តមាត់តសម្តីប្រភេទមាត់ទល់មាត់ ធ្មេញទល់ធ្មេញឲ្យវែងឆ្ងាយ។
យ៉ែលលី មិនមែនគ្មានអារម្មណ៍ ហើយក៏មិនបានមិនចេះឈ្លោះដូចគ្នា គ្រាន់តែកន្លងមកចង់ស៊ូដៃស៊ូជើងជាមួយគេប៉ុណ្ណោះ តែពេលនេះវិធីដែលល្អកុំសង្ឃឹមថានាងនៅធ្វើមោឃៗឲ្យគេនិយាយអឺអើតែម្នាក់ឯងទៀតនោះ។
"អរគុណលោកប្រធានណាស់" លេខា ឡាន់ ជិបមាត់ជិបក
អរគុណ។

(រូបតំណាង)
"មិនបាច់ក្រែងចិត្តទេ តាមធម្មតាអ្នកនាងជួយការងារខ្ញុំច្រើន បូណឺសតបស្នងការងារធ្ងន់ៗរបស់អ្នកនាងគឺជារឿងសមគួរស្រាប់ទៅហើយ" គេមានចេតនានិយាយប្រយោគនេះចេញទៅដោយអារម្មណ៍ចង់ឲ្យមនុស្សស្រីដែលឈ្ងោកមុខម្នាក់នោះបានឮពេញត្រចៀកទាំងពីរ។

(រូបតំណាង)
ប្រភព:អផ្សុក
សូមរង់ចាំតាមដានភាគបន្តទៀត......
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (1)
សៅនី ដាវីឌ
· 2022-04-27
😍😍😊😊😀😃😄
- 1
ទៅកាន់