បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2022-05-02

រឿង ផ្លោះរបងឆ្លងបេះដូង ភាគទី៤ វគ្គទី៥ _ ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

3694

ពេលកំលោះក្រមុំទាំងពីរដើរចេញពីសួនសាធារណៈត្រូវចាស់ៗទាំងឡាយដែលដើរទៅប្រមូលផ្តុំគ្នានៅការិយាល័យរបស់មេភូមិដើម្បីជិះឡានទេសចរណ៍ទៅមើលព្រះអាទិត្យរះនៅលើភ្នំឃើញ អារីម មានអារម្មណ៍ថាអាម៉ាស់មុខបំផុត តែចុះនៅពេលនេះក៏កាន់តែបាក់មុខ ទើបនាងជ្រប់មុខនឹងប្រឡោះករបស់អ្នកកំលោះដោយបេះដូងលោតឌុកដាក់ៗ ។

"នេះជាកូនប្រុសគ្រួសារ គីម ដែលមួយរយៈមុនទើបតែមកពីអាមេរិកមែនទេ” អ្នកណាម្នាក់ចាំបាន ។

"ខ្លួនខ្ពស់ដល់ថ្នាក់នេះ មែនហើយ កូនប្រុសរបស់គ្រួសារគីម មិនខុសនោះទេ"

"យប់ថ្មើរនេះហើយ អៀវអ្នកណាដើរនៅតាមផ្លូវធ្វើអី គេអៀវអ្នកណា"

"នៅសួរទៀត គឺច្បាស់ជាកូនស្រីគ្រួសារ អាន ហើយ”

អ្នកណាគេដែលប្រាប់ថាយប់ថ្មើរនេះគ្រប់គ្នាចូលដេកអស់ហើយ ថែមទាំងប្រាប់ទៀតថា ទោះត្រូវឃើញក៏មិនដឹងថានាងជាអ្នកណាដែរ ពេលនេះគ្រប់គ្នាដឹងអស់ហើយថានាងជាអ្នកណា អារីម ខ្មាសខ្លាំងណាស់ តែបែរជាបានឮគេសើចតិច គេនៅហ៊ានសើចទៀតឬនេ៎ះ ធ្វើឲ្យនាងលើកកណ្តាប់ដៃគក់ខ្នងគេប៊ឹបៗជាច្រើនដង ។

"មិនចាំបាច់និយាយអីទាំងអស់ ឆាប់ចូលផ្ទះលោកភ្លាម!"

នាងមិនបានងាកទៅរក កាន់តែមិនហ៊ានមើលមុខគេទៀតផង គ្រាន់តែចង្អុលដៃទៅទ្វារផ្ទះរបស់គេ ហើយបញ្ជាឲ្យគេចូលទៅក្នុងផ្ទះ ។

"បាន"

នាងនៅតែឈរកន្លែងដើម រហូតដល់បានឮសំឡេងបិទទ្វារនៅផ្ទះក្បែរនោះ ទើបងាកទៅមើល គេចូលទៅក្នុងផ្ទះហើយដោយមិននិយាយអ្វីមួយម៉ាត់ពិតមែនឬ ស្តាប់សម្តីនាងងាយៗតាំងពីអង្កាល់ ។

រឿងនេះធ្វើឲ្យនាងនឹកដល់សម័យរៀនបឋម មានម្តងនោះនាងឈ្លោះជាមួយមិត្តរួមថ្នាក់ ពេលមកដល់ផ្ទះក៏ផ្ដួលខ្លួនដេកនៅលើគ្រែដោយកំហឹង ដូស៊ូ ស្រែកហៅនាងពីបន្ទប់របស់គេក៏នាងមិនចាប់អារម្មណ៍ ពេលក្រោយមក គេក៏យកគុកគីសូកូឡាដែលនាងចូលចិត្តមួយប្រអប់មកឲ្យនាងដល់បន្ទប់ នាងខឹងរហូតដល់អស់កម្លាំង មិនចង់ទាំងកម្រើកខ្លួនផង ទើបបញ្ជាឱ្យគេបញ្ចុក ហើយគេក៏បញ្ចុកនាងឲ្យញ៉ាំម្តងមួយៗដោយការស្តាប់បង្គាប់ពិតមែន ព្រមទាំងស្ដាប់នាងនិយាយរឿងរ៉ាវដែលឈ្លោះជាមួយមិត្តរួមថ្នាក់ដែរ ពេលញ៉ាំគុកគីអស់មួយប្រអប់នាងក៏បាត់ខឹង ព្រោះគុកគីសូកូឡាឆ្ងាញ់ខ្លាំងណាស់ ។

គេនៅពេលនោះគឺដូចជាទាសក មិនថានាងបញ្ជាឲ្យគេធ្វើអ្វី ក៏គេធ្វើតាមទាំងអស់ នាងក៏បញ្ជាឲ្យគេធ្វើនេះធ្វើនោះបានតាមចិត្ត និងអម្បាញ់មិញគេក៏ធ្វើដូចសត្វកំណាចដែលស្ដាប់បញ្ជាម្ចាស់ ចូលក្នុងផ្ទះយ៉ាងងាយ មកគិតមើលហើយ គេមានគុណសម្បត្តិជាទាសកររបស់នាងពិតមែនឬនេ៎ះ?

ម៉េចក៏តាមចិត្តគ្នាដល់ថ្នាក់នេះដែរ ទាំងដែលនៅក្រុមហ៊ុនកាចដូចខ្លា ។

ម៉ោង១១កន្លះ អារីម ត្រៀមនឹងចូលដេកពេលនឹកបានថាខ្លួនឯងត្រូវ ដូស៊ូ អៀវមកដល់ផ្ទះដោយភាពស្និទ្ធស្នាលក៏អត់នឹងមុខក្រហមម្ដងទៀតមិនបាន ។

បន្ទាប់ពីនោះនាងក៏បានឮសំឡេងកញ្ចក់បង្អួចត្រូវគោះតិចៗ មិនចាំបាច់បើកវាំងននក៏ដឹងថាជាអ្នកណា ដំបូងនាងធ្វើពុតជាដេកលក់មិនចាប់អារម្មណ៍ តែសំឡេងគោះនោះក៏លាន់ឮជាបន្តបន្ទាប់ ទើបនាងងើបដើរមកឆ្លុះកញ្ចក់ យ៉ាប់ខ្លាំងណាស់មុខនៅក្រហមតិចៗ តែឈរបែរខ្នងដាក់ប្រហែលជាអូខេ អារីម ព្រួសខ្យល់ដង្ហើមចេញ មុននឹងទាញវាំងននបើកយឺតៗ ។

នាងរុញបង្អួចឲ្យបើក ក៏ឃើញថារាងខ្ពស់កំពុងតែឈរផ្អែកនឹងបង្អួច ញញឹមសង្ហាបបួលឲ្យយល់សប្តិឃើញ បេះដូងរបស់នាងក៏លោតញាប់ស្អេកតែម្ដង ។

"យ៉ាងម៉េច" ព្រោះញាប់ញ័រពេក ទើបសំឡេងរបស់នាងរាងញ័រតិចៗ ។

"ចង់ប្រាប់ថារាត្រីសួស្តី" ដូស៊ូ ចង់ដឹងថាសភាពចិត្តរបស់នាងនៅពេលនេះយ៉ាងម៉េចហើយ ។

អម្បាញ់មិញនាងបញ្ជាឲ្យគេចូលផ្ទះដោយមិនមើលមុខគេ គេដឹងថានាងមិនសប្បាយចិត្ត តែក៏មិនចង់ធ្វើឱ្យនាងខឹងទៀត ដូច្នេះហើយទើបចូលផ្ទះមុន គេបារម្ភថានាងមិនសប្បាយចិត្តព្រោះសម្តីរបស់ពួកអ៊ំៗមីងៗអស់នោះ ទោះជាខ្លួនឯងរំភើបក៏ដោយ។

តែពេលនេះបានឃើញមុខនាងក្រហមលាយឡំនឹងអាការខ្មាសអៀនតិចៗ គេក៏ធូរទ្រូង ។

"គ្រាន់តែប្រាប់រាត្រីសួស្ដីទេ” ខ្ញុំស្មានថាគេធ្វើស្អីទេតើ។

"មែន"

"ដឹងហើយ រាត្រីសួស្តី" នាងឃើញគេកំពុងចាប់កន្ទុំរុយមកដាក់លើគែមបង្អួច ។

"លោកមិនចាំបាច់ដាក់កន្ទុំរុយក៏បាន ខ្ញុំមិនផ្លោះទៅបន្ទប់លោកទេ"

"ម៉េចក៏មិនផ្លោះមក"

គេចង់ឱ្យខ្ញុំផ្លោះទៅឬ? ពេលគំនិតនេះលូនចូលមកក្នុងខួរក្បាល នាងក៏លួចជេរខ្លួនឯងមិនឲ្យគិតឆ្កួតៗភ្លាម ។

"ព្រោះយើងធំៗអស់ហើយ”


អត្ថបទ៖ OBSOK BOOK


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

បងរិត គ្មានតម្លៃ

· 2022-05-05

Hi

  • 1
ទៅកាន់