បង្ហោះផ្សាយ

ខ្មែរ

Tzu Chi Cambodia

· 2022-05-14

អត្ថន័យនៃពិធីស្រង់ព្រះ

#ចំណេះដឹង# #ពិធីស្រង់ព្រះ# #ចំណេះដឹងទូទៅ#

728

អត្ថន័យនៃពិធីស្រង់ព្រះរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី

ការស្រង់ព្រះ គឺចង់បង្ហាញដល់មនុស្សគ្រប់រូបអោយបានយល់ពី "ការវិលត្រឡប់ទៅរកសារធាតុដើមនៃចិត្តជ្រះថ្លា និងធម្មជាតិនៃភាពបរិសុទ្ធស្អាតស្អំរបស់មនុស្សយើងគ្រប់រូប"។ ការប្រារព្ធពិធីស្រង់ព្រះ គឺដើម្បីរំលឹកគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះពុទ្ធអង្គ ដែលបានបង្ហាញផ្លូវអោយមនុស្សគ្រប់រូបភ្ញាក់រលឹក និងជ្រួតជ្រាប ហើយដៅឆ្ពោះទៅកាន់ដួងវិញ្ញាណនៃចិត្តដឹងគុណ ព្រមជាមួយគ្នានោះ ដោយចិត្តជ្រះថ្លា ស្អាតស្អំ ដឹងគុណដល់គុណព្រះរតនត្រ័យ គុណអ្នកមានគុណ និងគុណសព្វសត្វលោក។

ការប្រារព្ធពិធីស្រង់ព្រះនេះផងដែរ ក៏ដើម្បីអោយមនុស្សយើងគ្រប់គ្នា យល់ជ្រាបពីខ្លឹមសារនៃព្រះធម៌ លាងជម្រះចិត្ត កាត់ផ្តាច់កិលេស ភាពល្ងង់ខ្លៅរបស់ខ្លួន យកឈ្នះនូវភាពអំនួត ភាពស្មុគស្មាញ ត្រឡប់ទៅរកជីវីតដែលសាមញ្ញ ស្អាតស្អំ និងបរិសុទ្ធវិញ។

ការគោរពព្រះរតនត្រ័យ

ការគោរពព្រះរតនត្រ័យ ដោយការថ្វាយដង្វាយព្រះភ្លើង ព្រះគង្គា និងដង្វាយផ្កាក្រអូប។

- ការថ្វាយដង្វាយព្រះភ្លើង គឺដើម្បីបួងសួងអោយគ្រប់ទិសទីនៃពិភពលោកនេះ មានពន្លឺភ្លឺចែងចាំង

- ការថ្វាយដង្វាយព្រះគង្គារ គឺដើម្បីបួងសួងអោយទឹកដមនៃព្រះធម៌លាងជម្រះរាល់ពិភពដ៏កខ្វក់

- ការថ្វាយដង្វាយផ្កាក្រអូប គឺដើម្បីបួងសួងអោយក្លិនក្រអូបនៃដួងចិត្ត និងបុណ្យកុសល សាយភាយគ្រប់ទិសទី។

នៅពេលដែលយើងគ្រប់រូបធ្វើការគោរព និងស្រង់ព្រះ ក៏សង្ឃឹមថាគ្រប់គ្នា ធ្វើការបួងសួងប្រាថ្នាសេចក្តីល្អជូនចំពោះខ្លួនឯង ក្រុមគ្រួសារ និងភពផែនដីមួយនេះផងដែរ។ ការស្រង់ព្រះដោយចិត្តបរិសុទ្ធជ្រះថ្លា ក្តីមេត្តាករុណា ថែរក្សាសព្វសត្វលោក នោះក្តីបំណងដ៏បរិសុទ្ធនឹងអាចប្រែសង្គមអោយក្លាយជាមានសន្តិភាព មនុស្សមានគុណធម៌ ហើយភាពល្អនឹងស្ថិតនៅជានិរន្តន៍។

 ដូច្នេះ ការស្រង់ព្រះ ត្រូវស្រង់គ្រប់ពេលវេលា ដើម្បីលាងជម្រះចិត្តអោយជ្រះថ្លាគ្រប់វិនាទី នេះទើបជាអត្ថន័យពិតនៃការស្រង់ព្រះ។

អត្ថបទដោយ៖ Tzu Chi Cambodia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស