
Moon Mo
· 2022-05-15
ប្រលោមលោករឿង: គំនុំចងស្នេហ៍ភរិយាកំពូលល្បិច ភាគទី 9 (3/4)
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
3841
ស៊ិលលៀស ក្រឡេកមកឃើញស្រមោលរបស់ភរិយាក៏រហ័ស គ្រីវីដៃ ញញឹមពព្រាយដាក់ មុននឹងនិយាយជាមួយភ្ញៀវស្រីពីរបីម៉ាត់ ហើយទើបបៀតមនុស្សម្នាចេញមក...
"ម៉េចក៏បងមិនទាន់ទៅទៀត?" នាងសួរភ្លាម។
"អូនមិនទៅ បងក៏មិនទៅ" នាងមិនឲ្យគេនៅខាងលើជាមួយ គេក៏ចុះមកចាំនៅខាងក្រោម ឆ្លៀតឱកាសជួយរកប្រាក់ចំណូលឲ្យនាង។
"កម្លោះសង្ហា..." នៅខាងក្រោយមានភ្ញៀវស្រី ឫកពារបន្ទីរបន្ទា ហៅដោយសំឡេងឡើងស្រួយ។
"ចាំមួយភ្លែត ចាំខ្ញុំទៅរក" គេតបដោយរក្សាមារយាទ កាយវិការសុភាពរាបសាធ្វើឲ្យភ្ញៀវស្រីៗអស់នោះជ្រួលតាមគ្នា។
"បងកំពុងធ្វើអី?" សំឡេងត្រជាក់ស្រេងដូចសីតុណ្ហភាពធ្លាក់ចុះពីរអង្សារ តែភ្លើងទោសៈនៅក្នុងទ្រូងបែរជាឡើងខ្ពស់ស្រឺតៗ។
"បងជួយលក់ស្បែកជើងឲ្យអូនហ្នឹងអី ដាច់ណាស់!" គេនិយាយយកមុខដោយមិនដឹងពីគ្រោះដែលកំពុងមកសួរសុខទុក្ខ។
យ៉ែលលី មើលគេដែលញញឹមពព្រាយ ពេលនឹកដល់អម្បាញ់ម៉ិញគេប្រើមុខសៗនេះនិយាយពីរោះជាមួយស្រីៗអស់នោះ ថែមទាំងនៅខាងក្រោយមានស្រីៗពពាក់ពពូនតម្រង់ជួររង់ចាំគេទៀត... អារម្មណ៍នាងក៏ឡើងខ្ពស់បំផុត។
"អូនប្រាប់ឲ្យបងធ្វើរឿងអស់នេះដែរយ៉ាងម៉េច ហេតុអីក៏ចេះដឹងម៉្លេះ ឆាប់ទៅផ្ទះទៅ!" នាងគំរាមដោយសំឡេងតោ មិនទទួលយកទឹកចិត្តរបស់គេអីបន្តិច បន្ទាប់ពីនោះក៏បែរខ្នងដើរតម្រង់ជណ្តើរ មិនចង់ឃើញមុខមនុស្សប្រុសម្នាក់នោះដែលពន្យុះកំហឹងទៀត និងដើម្បីការពារមិនឲ្យខ្លួនឯងឡូឡាចេញមកនៅចំពោះមុខភ្ញៀវ។

(រូបតំណាង)
"នាងកើតអី?" ស៊ិលលៀស មានអាការៈភាន់ភាំង មិនយល់ថាខ្លួនឯងធ្វើខុសអី ទាំងដែលជួយភរិយាដោយបំណងល្អច្បាស់ណាស់ ចុះម៉េចក៏នាងចាំបាច់ខឹងដែរ។
"លោកល្មើសនឹងច្បាប់ដ៏ធ្ងន់ធ្ងរនៃអាពាហ៍ពិពាហ៍ហើយ គ្មានប្រពន្ធមួយណាចូលចិត្តឲ្យប្ដីរបស់ខ្លួនទៅចែបប្រែជាមួយស្រីផ្សេងទេ"

(រូបតំណាង)
"អ្នកនាងកំពុងប្រាប់ថា...នាងប្រចណ្ឌ?"
"ច្បាស់សឹងស្លាប់ មិនឃើញស្នែងដុះនៅលើក្បាលនាងទេ ឬយ៉ាងម៉េច"
ស៊ិលលៀស ទៅជា អ្ហ៎ ភ្លាម នឹកគិតថានេះមិនមែនជាអារម្មណ៍តែមួយកាលគេឃើញភរិយា និងពេទ្យម្នាក់នោះដើរសបភីងជាមួយគ្នាទេឬ ពេលនោះគេទាំងខឹងទាំងគុំ...
តែពេលនេះអ្នកកម្លោះបែរជាមានអារម្មណ៍ល្អរីកមុខដូចគ្រាប់ជីភ្លាម ពេលនឹកដល់ថាភរិយាស្រឡាញ់គេដល់ថ្នាក់កើតអាការៈប្រចណ្ឌចេញមុខចេញមាត់ ទោះមានស្នែងដុះនៅលើក្បាល តែជាបិសាចតូចដែលគួរឲ្យស្រឡាញ់បំផុតនៅលើលោក។
គេកំពុងត្រេកត្រអាល លើកនេះព្រមចាកចេញដោយការស្ដាប់បង្គាប់ មិននៅពន្យុះកំហឹងភរិយាទៀត។

(រូបតំណាង)
ពេលយប់ យ៉ែលលី ធ្វើការរួចរាល់ទើបសុំទៅមុនពេលបិទហាង ដើរមកដល់មាត់ទ្វារ ក៏ឃើញស្វាមីនាងឈរនៅមាត់ផ្លូវ។
"បង...បែបមិនបាននៅត្រង់នេះរហូតទេមែនទេ?" កន្លងផុតទៅជាច្រើនម៉ោង គេឈរធ្វើជាចំណីមូសនៅត្រង់នេះរហូតឬ?
"បើមែន អូននឹងរំភើបចិត្តទេ?" គេបកសំណួរដោយមិនតប មុខសង្ហាលាយឡំដោយស្នាមញញឹម24ម៉ោង។
"អត់! ហេតុអីអូនត្រូវរំភើបចិត្តដែរ" នាងបដិសេធ មាត់រឹងនៅតែខឹងរឿងពីរសៀល ពេលនឹកបានក៏មានអារម្មណ៍ថាគេមើលងាយខ្លួនពេកហើយ ហេតុអីត្រូវចំណាយសាច់ចំណាយឈាមឲ្យស្រីៗអស់នោះប៉ះពាល់ដែរ មិនមែនថាការពិតខ្លួនគេរីករាយដែរទេណា៎។

(រូបតំណាង)
គួរឲ្យខឹងណាស់...គំនិតរបស់គេធ្វើឲ្យនាងមួម៉ៅ ពេលនឹកបានថាខ្លួនឯងឃែរ៍គេក៏ធ្វើឲ្យនាងកាន់តែខឹង នាងឃែរ៍ប្រុសម្នាក់នេះឲ្យតិចតួចមិនបាន ឬយ៉ាងម៉េច!
គេធ្វើឲ្យនាងខូចចិត្តយូរយារបែបនោះ ទើបនឹងជានាគ្នាមិនបានប៉ុន្មានថ្ងៃ នាងក៏មានអារម្មណ៍ថាខ្លួនឯងកំពុងលិចលង់ទៀតហើយ។
នាងងើយមុខដើរគេច គេរហ័សដើរតាម...
"បងចតឡាននៅ..."
"អូនជិះរថភ្លើងក្រោមដីទៅវិញ"
"បងទៅដែរ ដើរលេងក៏រ៉ូមែនទិកដូចគ្នា គួរឲ្យស្ដាយផ្ដុំនេះគ្មានផ្កាយ" គេងើយមើលមេឃដែលពេញដោយពន្លឺភ្លើងពណ៌ ទាញដៃនាងដឹកដោយឫកពារសែនធម្មជាតិ ដើរទៅមុខយឺតៗ ស្រមើស្រមៃចង់ឲ្យផ្លូវដើរមួយនេះវែងបន្តិចទៀត។

(រូបតំណាង)
នាងក្រមុំមានអារម្មណ៍ភ្ញាក់ផ្អើលនឹងអារម្មណ៍សទ្ធារបស់គេថែមទាំងទើសចិត្តនឹងវិធីដែលគេស្រាក់ម្រាមដៃជាមួយនាងទៀត។
តែថាភាពទន់ភ្លន់នៅក្នុងខ្លួនរបស់គេ សាយភាយចេញពីបាតដៃ មកដល់បេះដូងនាង នោះជាការជាប់ចិត្តដ៏កក់ក្ដៅដែលនាងធ្លាប់មាន ជាអារម្មណ៍ដែលស្រស់ស្អាតមិនអាចបំភ្លេចបាន។
"បងឈរម៉ោរហូតមែនអ្ហ៎?" ចេញពីកនែ្លងនេះទៅដល់ផ្ទះ យ៉ាងហោចណាស់ក៏ត្រូវប្រើពេលកន្លះម៉ោងដែរ។
"ចាំអូន យូរជាងនេះក៏សមតម្លៃ" គេប្រាប់ចេញពីចិត្តស្មោះដៃធំដឹកដៃតូចដោយមានសេចក្តីសុខ។
"បងថាចតឡាននៅឯណា?"
"ហ៊ឹម?"
"អូនចុកជើងហើយ" នាងឈប់ដើរយ៉ាងទាន់ហន់។
អ្នកកម្លោះងាកទៅរក...យ៉ែលលី ឈរសំកុកនៅកន្លែងដើម
សម្លឹងគេដោយទឹកមុខរឹងរូស។
គេដឹងថានាងមិនបានចុកជើងមែនទែន តែព្រោះអាណិតជើងរបស់គេ ចំជាមនុស្សស្រីល្អដែលចេះយល់ចិត្តអ្នកដទៃមែន។
មួយខណៈនោះក្រៅពីរំភើបចិត្តហើយ គឺប្រាប់មិនបានដាច់ខាត ថាមិត្តនាងផ្ញើសារមកប្រាប់ទើបគេរហ័សចេញពីហាងកាហ្វដែលនៅជិតមកចាំនាងនៅមាត់ផ្លូវបានទាន់ពេល បើនាងដឹងការពិតមុខជាដូរចិត្តទៅជិះតាក់ស៊ីមិនខាន។(តួប្រុសយើងលេងល្បិចខូចគេ ហ៊ិៗៗ)
"ចាំបងម៉ាភ្លែត បងទៅយកឡាន" គេរត់ចេញទៅយ៉ាងលឿន។
ពេលដៃត្រូវព្រលែងភ្លាមៗ នាងក៏មានអារម្មណ៍ថាបាត់បង់ និងអស់សង្ឃឹមរកប្រាប់មិនត្រូវ ពេលគ្មានចំហាយក្ដៅឧណ្ហៗពីដៃរបស់គេ នាងក៏ត្រជាក់ស្រេង បេះដូងទទេស្អាតយ៉ាងម៉េចមិនដឹង...
ធ្វើម៉េចទៅ គេឈ្លានពានចូលមកម្តងមួយជំហាន ដាក់សំពាធឲ្យគម្លាតសុវត្ថិភាពដែលនាងដាក់កាន់តែរួញទៅ.....
នាងក្ដោបដៃ មានប្រផ្នូលថាជិតព្យាបាលបេះដូងលែងបាន ហើយ។
សប្ដាហ៍ទីបី រឿងបបួលឲ្យព្រឺក៏កើតឡើង...
យ៉ែលលី បើកភ្នែកភ្ញាក់ឡើងពេលព្រឹក ពេលប្រែខ្លួន...ក៏ឃើញរង្វង់មុខដែលពេញដោយស្នាមញញឹមរបស់ស្វាមីនៅចំពោះមុខ។
នាងព្រិចភ្នែកញាប់ស្អែក នឹកថាខ្លួនឯងយល់សប្តិ តែគេក៏មិនបាត់ខ្លួនទៅណា....
"អរុណសួស្តី" គេរាក់ទាក់ដោយទឹកមុខស្រស់ស្រាយ ខ្យល់ដង្ហើមក្តៅៗដែលលាយក្លិន ប៉េបព័រមីន រសាត់មកប៉ះច្រមុះ ។
នេះមិនមែនយល់សប្តិទេ!!!
នាងក្រមុំស្ទុះងើបចុះពីគ្រែ រហ័សបែរខ្នងដាក់គេ ជូតកន្ទុយភ្នែក ស្ទាបសក់ ផ្លុំខ្យល់ដង្ហើមដាក់បាតដៃ...
ឈប់សិន! ពេលនេះមើលទៅដូចជាមិនមែនជាពេលបារម្ភពីរឿងអស់នេះទេ។
នាងងាកទៅជ្រឹមភ្នែកសម្លឹងបុរសដែលដេកនៅលើគ្រែនាង ។
"បងម៉ោនៅទីនេះបានយ៉ាងម៉េច?"
"បងម៉ោដាស់អូនទៅញាំអាហារពេលព្រឹកតែឃើញអូនគេង លក់ស្រួលទើបដាស់មិនកើត" គេងើបអង្គុយយឺតៗ ចូលចិត្ដមុខមាត់មមិងមមាំងពេលទើបភ្ញាក់ពីដេករបស់នាងមែនទែន។
ថ្ងៃនេះមិនទៅធ្វើការទើបមិនចាំបាច់ភ្ញាក់លឿនដូចរាល់ដង តែគេចង់ញ៉ាំអាហារពេលព្រឹកជាមួយនាងសិនសឹមចេញពីផ្ទះ ទើបចូលមកតាមនាងនៅក្នុងបន្ទប់ តែពេលឃើញនាងដេកលក់ស្រួលទើបគិតថាយកពេលញាំអាហារពេលព្រឹកមកមើលខាងល្អជាង។
"បើអ៊ីចឹងក៏មិនឃើញចាំបាច់អីដែលបងម៉ោគេងដែរទេ!" នាងវិះនឹងខ្យល់គរ មានអារម្មណ៍ថាទង្វើរបស់ប្រុសម្នាក់នេះដូចជាជ្រុលពេកហើយ មានពីអង្កាល់មកលួចឡើងគ្រែអ្នកផ្សេង។
"បងមិនបានគេងអីបន្តិចទេ គ្រាន់តែមើលអូនប៉ុណ្ណោះ" គេ ហ៊ានស្បថថាខ្លួនឯងបើកភ្នែករហូតមិនបានបិទ ព្រោះនោះវាធ្វើឲ្យខាតពេល។
បុរសម្នាក់នេះ...ប្រើទឹកមុខ ឫកពារស្មោះត្រង់គ្មានពិសពុលបែបនោះ និយាយស្តីស្អីដែលស្ដាប់មិនចូលពិតមែន។ "ចេញទៅ ថ្ងៃក្រោយបើគ្មានការអនុញ្ញាតហាមចេញចូលបន្ទប់អូនតាមចិត្តទៀត" នាងបញ្ជាឲ្យគេចាប់ចុះពីគ្រែ។ រូបភាពហេតុការណ៍នេះដូចជាធ្លាប់កើតឡើង តែថ្ងៃនេះមិនដូចថ្ងៃមុន ពេលនេះអ្នកដែលត្រូវដេញគឺជាគេ។
"អូនខឹងអ្ហ៎?"
"វាច្បាស់ណាស់ទៅហើយ" នៅសួរទៀត អារម្មណ៍ល្អគឺចម្លែកហើយ មិនដឹងថាអម្បាញ់ម៉ិញនាងដេកស្រមុក ហៀរទឹកមាត់ឬអត់ បើសិនគេឃើញ មុខជាគួរឲ្យស្អប់ហើយ។
អឺ នាងមកអង្គុយបារម្ភពីរឿងនេះបានយ៉ាងម៉េច នាងបើកភ្នែកធំៗ ដកដង្ហើមចូល ប្រមូលសមាធិត្រៀមចាត់ការគេម្តងទៀត។
"សុំទោស បងធ្វើខុសហើយ" គេរហ័សសុំទោស កែវភ្នែកជះពន្លឺប្រាកដប្រជាទៀតផង។
ឃើញគេព្រមទទួលកំហុស អារម្មណ៍ខឹងរបស់នាងក៏ធ្លាក់វឹប។
"លើកក្រោយកុំធ្វើទៀតទៅគឺបានហើយ"
"អរគុណ ឆាប់ទៅញ៉ាំបាយទៅ អូនសំឡាញ់!" គេមិនគ្រាន់តែហៅពីរោះទេ នៅឆ្មក់ឱកាសថើបមាត់នាងមួយខ្សឹតទៀត មុននឹងស្ទុះចុះពីគ្រែយ៉ាងលឿន។
យ៉ែលលី លើកដៃបិទមាត់ ពេលទាញសតិបាន គេក៏ចេញទៅបាត់ហើយ។
នេះ...នេះ...ស្អីហ្នឹង គេឆ្មក់ថើបនាងដោយទឹកមុខធម្មតាៗដល់ថ្នាក់នេះបានយ៉ាងម៉េច? ទោះជាមួយវិនាទីខ្លីៗ នាងក៏គ្មានអារម្មណ៍ខឹងគ្រាន់តែក្តៅថ្ពាល់ភាយៗ ណានៅបបូរមាត់...
"អូ៎យ..." នាងទាញភួយមកបិទមុខ មានអារម្មណ៍ថាខ្លួនឯងជិតឆ្កួតហើយ ប្រុសម្នាក់នេះមកក្រឡុកឲ្យបេះដូងនាងលោតញាប់ទាំងព្រលឹម។
នេះចាត់ទុកថាខុសកតិការ!

(រូបតំណាង)
ប្រភព:អផ្សុក
សូមរង់ចាំតាមដានភាគបន្តទៀត......
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (9)
Hak Single
· 2022-05-20
😎
keo sonyta
· 2022-05-18
😍😍
សៅនី ដាវីឌ
· 2022-05-18
😍😍😊😊
មិត្ត595303102
· 2022-05-18
😚😚😚😚
Seng Sopha
· 2022-05-17
😍😍😍
Seng Sopha
· 2022-05-17
😍😍😍
នី គន្ធី
· 2022-05-16
🤔🤔🤔
Mai Meiling
· 2022-05-16
😊😊
NIRDEY PRIET
· 2022-05-15
❤
- 1
ទៅកាន់