
រាត្រីសុបិន
· 2022-06-27
ប្រលោមលោកខ្មែរ"រឿងពេញបូណ៍មីខែតូច១រោចខែធំ"ភាគទី៤(បន្តត)
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
6206
ប៉ុន្មានថ្ងៃនេះជំនោរមិនទាន់ផ្ដាច់មុខរបរនាងភ្លាមទេ ព្រោះមុខរបរនេះ វាបានជួយជីវភាពគ្រួសារនាងមួយមួយកំរិតដែរ។ថ្ងៃនេះពេលដែលជំនោរកំពុងដាំស្លរនៅក្រោយ ស្រាប់តែឮសូររថយន្តមួយឈប់មុខផ្ទះនាង ពូព្រឹក្សជាឪពុកស្រែកហៅកូនស្រី៖"ជំនោរ!កូនចេញមក ទៅមើលអ្នកណាឈប់មុខផ្ទះ តិចលោកអធិកានោះមករកកូនទៅ?
"ចា៎ស!បា៉ !
ជំនោរឆ្លើយទាំងចេញមកក្រៅ ដូចជាមិនមែនឡានរបស់លោកសីហានោះទេ ចុះឡានអ្នកណាមករកអីដែរហ្នឹង?រថយន្តម៊ែរសឺដែសពណ៌សរថ្មីរលោង នាងរកនឹក នាងដូចជាធ្លាប់ស្គាល់រថយន្តនោះនៅកន្លែងណាមួយ ម្ចាស់រថយន្តបើកទ្វារចុះមក ជានោរភាំងទុចជំហានបន្តិច៖"អ្ហា៎ក!គឺលោកទេ មកផ្ទះខ្ញុំមានការអី ហើយម៉េចបានស្គាល់ផ្ទះខ្ញុំ"
ម្ចាស់ឡាននោះគ្មានអ្នកណាក្រៅពីដួងច័ន្ទទេ គេបោះជំហ៊ានមករកជំនោរដោយញញឹម ជំនោរសម្លឹងគេទាំងជ្រួយចិញ្ចើម ដួងច័ន្ទពោលមុន៖"វត្តមានរបស់ខ្ញុំ ធ្វើឲ្យនាងភ្ញាក់ផ្អើលណាស់មែនទេ?
"ចា៎ស!គួរដែរ..តើលោកអញ្ជើញទៅណា បានមកដល់ទីនេះ?
"ខ្ញុំមកផ្ទះជំនោរ បានសេចក្តីថាមករកជំនោរឯងហ្នឹង!
"លោកមករកខ្ញុំមានការអីដែរ?
"ម៉េចក៏សួរខ្ញុំអញ្ចឹង?ឃើញខ្ញុំមក ជំនោរគួរតែសួរសុខទុក្ខពីបងស្រីនាងវិញ!
"អ្ហា៎!បានសេចក្តីថា..!លោក..គឺ...!
"បានសេចក្តីថា ខ្ញុំដឹងរឿងនាងអស់ហើយ ប៉ានាងនៅទេ?
"គាត់នៅខាងក្នុង!
"រួចជំនោរមិនហៅខ្ញុំចូលផ្ទះផងទេឬ?
"សូមទោសចុះ!ផ្ទះខ្ញុំគ្មានអ្វីទទួលលោកទេ!
ដួងច័ន្ទមើលមុខស្រីញញឹមបន្តិច ស្រាប់តែគេដើរចូលក្នុងផ្ទះដោយមិនចាំបាច់ម្ចាស់អញ្ជើញ៖"លោកពូ ខ្ញុំជំរាបសួរ!
ឪពុកជំនោរសំរាន្តលើគ្រែក៏លើដៃសំពះតប៖"បាទ!លើកដៃថ្វាយព្រះក្មួយ..!
ពោលរួចពូព្រឹក្សងាកទៅហៅកូនស្រី៖"ជំនោរ!យកកៅអីដាក់ជូនលោកក្មួយផងកូន!
"លោកពូមានជំងឺយូរហើយឬ!
"ដូចជាគេរកសំគាល់ថាជំងឺអ្វីមិនបានសោះលោកក្មួយ ព្រោះម្ដងឈឺម្ដងជាមិនចេះដាច់សោះ!ហុឹ..ខ្ញុំពិបាកស្មានណាស់!
"ជំនោរម៉េចមិនយកលោកពូទៅសំរាន្តពេទ្យ?
"ខ្ញុំចង់នាំគាត់ទៅដែលតែគាត់មិនព្រម ខ្ញុំទិញថ្នាំឲ្យគាត់ពិសារបានអន់ខ្លះដែរណាមួយ...អឺ..!
"លោកក្មួយជាអធិការ ដែលថានឹងជួយរកការងារឲ្យកូនស្រីពូធ្វើនោះឬ?
"បាទ!អឺ..មិនមែនទេលោកពូ!ខ្ញុំជាវេជ្ជបណ្ឌិតធ្វើការនៅបាត់ដំបងទេ!
"អ្ហា៎ក!ដូច្នេះក្មួយឈ្មោះដួងច័ន្ទ ដែលបូរមីកូនពូនៅជាមួយនោះឬ?
"បាទ!អឺ..ខ្ញុំហ្នឹងហើយ!
ពូបង្ហាញទឹកមុខរីករាយជាមួយវាចា៖"ពូត្រេកអរណាស់ដែលបានស្គាល់លោកក្មួយ!ជំនោរបានប្រាប់ពូថាគ្រួសាររបស់ក្មួយចិត្តល្អណាស់! ដួងច័ន្ទញញឹមស្ងួត
ជំនោរលូកមាត់សួរម្ដងថា៖"លោកអញ្ជើញមកភ្នំពេញមានការអីដែរ!
"បាទ!ខ្ញុំមកលេងភិរុណ ហើយបង្ហូសមកលេងលោកពូនិងជំនោរតាមបណ្ដាំបូរមី!
"កូនស្រីខ្ញុំរវល់ខ្លាំងឬលោកក្មួយ?បានជាគេមិនអាចមកលេងនឹងខ្ញុំបាន?
"អូហ៍!មិនជារវល់ណាស់ណាទេលោកពូ តែមិនទាន់មានពេល ចាំថ្ងៃណាទំនេរ ខ្ញុំនឹងជួននាងមកលេងលោកពូម្ដង!
"បងស្រីខ្ញុំគាត់សុខសប្បាយទេលោក?
"បូរមីបានសុខទេ!លោកពូនិងជំនោរកុំគិតពីនាងអី អូហ៍..នេះលុយបូរមីផ្ញើមកជូនលោកពូ!
គេនិយាយព្រមទាំងដកលុយក្រដាស៥០០ពីរខ្ចាស់ចេញពីហោរបៅ៉ខោហុចឲ្យពូបូព្រឹក្ស
"យី!កូនខ្ញុំបានប្រាក់ពីណាមក អីក៏ច្រើនម្ល៉េះ?នាងខ្ចីលោកទៀតហើយទេដឹង?ខ្ញុំមិនហ៊ានយកទេ លោកក្មួយយកទៅឲ្យនាងវិញទៅ ព្រមទាំងផ្ដាំ...ទៅផងថា..!
លោកពូកុំភ័យ!ប្រាក់នេះបូរមីអត់ខ្ចីអ្នកណាទេ ប្រាក់ដែលគ្រួសារខ្ញុំឲ្យនាងសំរាប់ចាយ តែនាងសន្សំទុក លោកពូយកទៅ ប្រសិនបើបូរមីដឹងថាលោកពូមិនព្រមទទួល មិនដឹងជានាងពិបាកចិត្តយ៉ាងណាទេ! គេនិយាយទាំងហុចប្រាក់ឲ្យសារជាថ្មី។
"ខ្ញុំអរគុណលោកក្មួយ ដែលអាណិតស្រលាញ់កូនខ្ញុំ ពេលនេះទោះជាខ្ញុំស្លាប់ក៏បិទភ្នែកជិតដែរហើយ!បូរមីកូនច្បងរបស់ខ្ញុំ តែមួយក្នុងជីវិតរបស់វាៗមិនដែលបានសប្បាយរីករាយនឹងគេទេ ព្រោះតាំងពីវាធំដឹងក្តីពេលណា ម្ដាយវាមានជំងឺរហូតដល់ស្លាប់ទៅទុកឲ្យវានៅគ្រប់គ្រងមើលប្អូនៗ ជំនួសខ្ញុំដែលទៅធ្វើការបាត់ៗ វាលំបាកប៉ុណ្ណឹងនៅតែរៀនពូកែទៀត ដោយសារតែខ្ញុំនិងប្អូនៗ កូនស្រីកំសត់ខ្ញុំត្រូវលះបង់ចំណេះវិជ្ជា!
លោកពូអួលណែនក្នុងចិត្តវាចាតទៀតលែងទៅ រួចទឹកភ្នែកគាត់ហូរកាត់ថ្ពាល់ដ៏ជ្រីវជ្រួញ ទិដ្ឋភាពនេះ ញុំាងចិត្តដួងច័ន្ទឲ្យសោកស្រពោន គេកាន់តែមានវិប្បដិសារីខ្លាំងឡើង នូវរាល់អំពើដែលគេប្រព្រឹត្តទៅលើនាង គេបន្ធូរដង្ហើមធំ វាចាយ៉ាងស្រទន់លួងលោមពូកំសត់៖"ណ្ហើយ!លោកពូកុំគិតច្រើពេក ពេលនេះលោកពូគួរគិតដល់សុខភាពរបស់លោកពូវិញ ព្រោញបូរមីឥឡូវឈប់ពិបាកហើយ ខ្ញុំបានទុកនាងជាសមាជិកម្នាក់ក្នុងគ្រួសារខ្ញុំ ហើយទៅអនាគតជីវិតបូរមី ប្រាកដជាមានសុភមង្គលរុងរឿងជាមិនខាន ចំណែកការខ្វះខាតក្នុងផ្ទះ ខ្ញុំធានាថាជួយផ្ដល់មកឲ្យជារៀងរាល់ខែ!ចំណែកលោកពូត្រូវតែអញ្ជើញសំរាន្តនៅពេទ្យ ខ្ញុំមានមិត្តភក្តិជាច្រើននៅមន្ទីរពេទ្យ ខ្ញុំនឹងផ្ដាំផ្ញើគេឲ្យជួយមើល!
ឪពុកនិងកូនសែនរំភើបនឹងសំដីនេះណាស់ ជាពិសេសជំនោរ ព្រោះនាងមិននឹកស្មានថា ដួងច័ន្ទប្រែប្រួលចិត្តរហ័សដូច្នេះសោះ។កាលនៅបាត់ដំបង នាងឃើញគេមើលងាយបងស្រីនាងណាស់ តែថ្ងៃនេះគេក្លាយទៅជាមនុស្សផ្សេង ដែលមានចិត្តទូលំទូលាយចំពោះគ្រួសារនាង។ ពេលដំណាគ្នានេះ ក្មេងប្រុសជំទង់ម្នាក់អាយុប្រហែល១៥ឆ្នាំ មានទំរង់មុខប្រហាក់ប្រហែលនិងជំនោរដែរ ចូលមកក្នុងផ្ទះជាមួយក្មេងប្រុសស្រីតូចៗ២នាក់ទៀត ក្មេងតូចជាងគេវារត់មកជិតពូព្រឹក្ស គាត់អង្អែលក្បាលកូនរួចបង្គាប់៖កូនៗនាំគ្នាជំរាប់សួរលោកពូទៅ!
ក្មេងៗទាំងបី ងាកស្រទៅរកដួងច័ន្ទ ហើយបន្ទន់ខ្លួនសំពះសួរគេ បន្ទាប់មកកូនពៅសំដីចច្រែតសួរទៅឪពុក៖"បា៉!លោកពូជាអ្នកណាដែរ?
ដួងច័ន្ទឆ្លើយកាត់ទាំងលូកដៃទៅទាញវាមកឱប៖"បងគឺជាបងប្រុសរបស់ប្អូនៗ កុំហៅបងថាពូឥចឹង ហៅថាបងវិញទៅណា៎!ឥឡូវអូនចង់បានអីបងរកឲ្យ!
វាងើបមើលមុខដួងច័ន្ទហើយនិយាយតិចៗ៖"ខ្ញុំចង់បានកាតាបថ្មីមួយ..
គេងក់ក្បាលរួចសើចញឹមៗហើយចាប់ទាយដៃក្មេងស្រីម្នាក់ដែលឈរអឹមអៀនជិតនោះមកសួរ៖"ចុះអូនតូចនេះចង់បានអីដែរ?
នាងតូចនិយាយព្រមទាំងលើកដៃសំពះផង៖"ខ្ញុំចង់បានសៀវភៅមេរៀន និងខ្មៅដៃពណ៌មួយប្រអប់!
"ចុះប្អូនប្រុសខាងនោះ?
"បាទ!ខ្ញុំអត់ចង់បានអីទេ!
ជំនោរលូកមាត់៖"លោកកុំរវល់នឹងពួកវាអី ជាតិអូននាំរុក្ខានិងគង្គា ទៅផ្លាស់ខោអាវងូតទឹកចេញទៅ!
"កុំអាលអី! លោកពូ!ខ្ញុំគិតសុំអនុញ្ញត្តិពីលោកពូយកប្អូនៗទាំងបីទៅដើរលេងជាមួយខ្ញុំមួយល្ងាច!
"ក្រែងរំខានលោកក្មួយទេដឹង!
"មិនអីទេលោកពូ!ខ្ញុំគ្មានប្អូននឹងគេ ខ្ញុំចូលចិត្តក្មេងៗណាស់ ឥចឹងខ្ញុំជំរាបលាសិនហើយ!ជំនោរខ្ញុំលាហើយណា៎!ព្រលប់បន្តិច ខ្ញុំនឹងនាំក្មេងៗទាំងបីមកវិញ!
និយាយចប់គេដឹកដៃក្មេងតូចៗសំដៅទៅរថយន្ត ដោយមិនភ្លេចស្នាមញញឹមមកជំនោរទេ ជំនោរតាមមើលទាល់តែបាំងបាត់។

រសៀលត្រជាក់បន្តិចដួងច័ន្ទនិងភិរុណ នាំក្មេងទាំងបីអង្គុយលេងនៅសួនច្បារខាងកើតវិមានឯករាជ្យ ក្រោយពីនាំវាចូលហាងញុំនំចំណី និងទិញរបស់របរដែលវាចង់បានរួច។ពួកវាសប្បាយរីករាយណាស់ ព្រោះមិនដែលបានដើរលេងរបៀបនេះ វានាំគ្នារត់ប្រញាយពេញសួនច្បារ ដួងច័ន្ទអង្គុយមើលវាទាំងញញឹម គេបែរមកនិយាយជាមួយភិរុណ៖"ជំនោរប្រហែលជាមានសីហាហើយ ភិរុណឯងប្រហែលត្រូវរកនារីណាផ្សេងទៅ ឯងមានជាប់ចិត្តនឹងនារីណាផ្សេងទៀតហើយឬនៅ!
"មានម្នាក់ទៀតដែរ !តែប្រហែលត្រូវឲ្យច័ន្ទឯងជួយសួរនាំឲ្យគ្នាហើយ!
"តែគ្នាដូចជាមិនដែរស្គាល់នារីៗណាសោះ !អ្នកណាភិរុណគ្នាស្គាល់ដែរទេ!
"ច័ន្ទឯងមិនមែនមិនស្គាល់នារីនោះទេ ឯងស្គាល់យ៉ាងច្បាស់ជាងគេទៀតផង! គឺអ្នកបំរើឯងនឹងហើយ!
ដួងច័ន្ទរាងធ្លាក់ទឹកមុខ តែប្រញាប់សំរួលវិញ៖"ឯងចង់បានបូរមី ឯងមិនគិតពីឋានៈនាងទេឬ?
"ឲ្យតែមានគំនិតមារយាទល្អប្រពៃ គ្នាមិនរើសទេមានក្រឋានៈអីទេ!
ដួងច័ន្ទមើលមុខភិរុណរួចក្រវីក្បាលតិចៗជាមួយវាចា៖"យល់ល្អឯងកុំគិតពីនាងអី!គ្នាធ្លាប់ល្បងចិត្តនាងម្ដងមើលហើយ ដោយយកឈ្មោះឯងទៅប្រើកុហសនាង ថាឯងចង់បាននាង ហើយចូលស្ដីដណ្ដឹងនាងរៀបការតាមផ្លូវច្បាប់ តែត្រូវនាងប្រកែក នាងថានាងមានសង្សាររួចហើយ កាលណាកាត់សង់ប្រាក់ម៉ាក់គ្នារួច នាងនឹងទៅជួបសង្សានាងវិញហើយ នាងមិនអាចបំភ្លេចគេបានឡើយ!
(ប្រភពដើមបណ្ណាគារបន្ទាយស្រី)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (11)
Sopha Peou
· 2022-10-12
😍
ឈួន៚ នីការ៚
· 2022-10-11
😍😍😍
មៀន093269799
· 2022-10-07
😍😍😍
Eiipovcute
· 2022-10-07
😘
ថន សូភី
· 2022-10-03
🤗🤗🤗
មិត្ត1000042124
· 2022-09-25
🙄😀😁😂
sor ravin
· 2022-09-17
😯😯😯😯😯😯😯😯
khmer sovinlove
· 2022-09-07
😍😍😎
Athen
· 2022-08-16
ប្រលោមលោកខ្មែរ"រឿងពេញបូណ៍មីខែតូច១រោចខែធំ"ភាគទី៤(បន្តត)
TUYsela
· 2022-07-03
🤔🤔
ពន្លឺរស្មី
· 2022-06-29
🤔🤔🤔
- 1
ទៅកាន់