បង្ហោះផ្សាយ

ខ្មែរ

រាត្រីសុបិន

· 2022-06-29

ប្រលោមលោកខ្មែរ"រឿងពេញបូណ៍មីខែតូច១រោចខែធំ" ភាគទី៥(បន្ត)

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

3064

ដួងច័ន្ទជនះចិត្តមិនទៅបន្ទប់បូរមី បន្លប់ទៅឯបន្ទប់សូរិយាជំនួសវិញឃើញស្រីអង្គុយផ្អែកទៅនឹងក្បាំងគ្រែ ដោយមានថាសបាយនៅលើតុតូចក្បែរនោះ ឃើញប្ដីចូលមកស្រីខំញញឹម៖"បងមកវិញហើយឬ?មកដល់ពីថ្មើរណាបង?

ដួងច័ន្ទដាក់ខ្លួនអង្គុយក្បែរភរិយាឆ្លើយ៖"បងមករសៀលបន្តិចហើយ!បងចូលមកអើតអូនឃើញអូនគេងលក់ បងខ្ជិលរំខានអូនទុកឲ្យអូនគេងសិនទៅ...អម្បាញ់មិញ អូនញុំាបាយបានគ្រាន់បើទេ?បងស្ដាយណាស់ដែល អូនមិនស្រួល ហើយបងមិនបាននៅមើលអូនៗធ្វើទុក្ខខ្លួនដូចមុនឥចឹងឬ?

សូរិយាញញឹមចាប់ដៃប្ដីនិយាយ៖"មិនខុសមុនទេបង!ជំងឺអូនតែបុ៉ណ្ណឹងហើយ ពេលវាធ្វើទុក្ខម្ដងៗ អូនសឹងបន់ឲ្យវាដាច់ខ្យល់តែម្ដងទៅ រស់នៅខុសគេរបៀបអូននេះ អូនមិនស្ដាយទេជីវិត !

ដួងច័ន្ទក្ដោបមាត់ភរិយាឈប់ឲ្យនិយាយ គេច្របាច់ដៃនាងតិចលួងលោម៖"អូនឈប់និយាយពាក្យឥចឹង!ធម្មតាជំងឺអត់មានអ្នកណាមួយចង់បានចង់ជួបទេ តែមនុស្សរាល់រូបគ្មានអ្នកណាគេចផុតដែរគ្រាន់តែស្រាលហ្នឹងធ្ងន់ប៉ុណ្ណោះ អូនកុំតូចចិត្តអី នេះជាវាសនារបស់មនុស្សម្នាក់ៗទេ អូននៅមានសំណាងច្រើនជាងគេណាស់ ព្រោះមានម៉ាក់មានបង ជាពិសេសទ្រព្យសម្បត្តិយើងមានអូនគិតទៅដល់អ្នកខ្លះ ដែលមានជំងឺដូចអូនដែរ តែគ្នាក្រីក្រលំបាកគ្មានប្រាក់សំរាប់ទិញថ្នាំមកទប់ទល់ តើគ្នាពិបាកយ៉ាងណាទៅវិញ?ឈប់គិតទៀតទៅអូន!ប្រហែលមកពីអូនគិតច្រើនពេកទេដឹង បានជានាំឲ្យធ្វើទុក្ខទៀត?ប៉ានិងម៉ាក់សួរបងថា ម៉េចមិននាំអូនទៅលេងនាំ?បងជំរាបគាត់ថា អូនមិនស្រួលធ្វើដំណើរឆ្ងាយញយពេកមិនល្អទេ ព្រោះអូនទើនឹងទៅលេងពីរបីមុននេះដែរ !

សូរិយាច្របាច់ដៃប្ដីសួរ៖"គាត់សុខសប្បាយទាំងអស់គ្នាទេឬបង?

"សុខទាំងអស់គ្នាទេអូន!

មីងសំចូលមកលើកថាសបាយចេញទៅវិញ មីងចេញផុតសូរិយាប្រាប់ប្ដី៖"បុ៉ន្មានថ្ងៃអូនឈឺនេះ បូរមីនៅកំដរអូនរហូត នាងល្អនឹងអូនណាស់ នាងបំរើបំរាស់អូនដូចជាបងស្រីម្នាក់ ឥឡូវនេះឮមីងសំថាបូរមីមិនសូវស្រួលដែរ បងមកដល់ហើយគួរទៅមើលនាងផង បងឯងជិតក្លាយជាឪពុកគេហើយណា៎!

ដួងច័ន្ទឈ្ងោកមុខទៅក្បែរថ្ពាល់ភរិយាហើយសួរវិញ៖"ចុះអូនមិនជិតបានកូនមួយដែរទេឬអី? ចាំកាលណាបូរមីឆ្លងទន្លេរួច បងប្រគល់កូនឲ្យអូនថែរក្សាវាហើយ !

ឮពាក្យប្ដីសូរិយាធ្លាក់ទឹកមុខមួយរំពេច ប្ដីនាងនិយាយឥចឹងតិចគេដឹងរឿងទេដឹង?នាងធ្វើជានិយាយលេង៖"ហ្នឹងបែបចង់ឲ្យម៉ែវាទំនេរ អាលរកកេះកៀវគេទៀតហើយទេដឹង?

"ស្រេចតែអូនយល់ឃើញ!ចំពោះបងគឺចង់កុំឲ្យអូនស្ងាត់ពេក បើមានកូនមួយគ្រាន់បន្លែងញិកញ៉ក់ អូនមុខជារីករាយ ហើយជំងឺក៏វាលែងហ៊ានមកបៀតបៀនអូនទៀតដែរ !

សូរិយារាងធូរទ្រូងបន្តិចវិញ៖ "បើពិតជាអញ្ចឹងមែន!អូនសុខចិត្តធ្វើមេដោះឲ្យកូនបងចុះ !

"មិនមែនកូនបងតែម្នាក់ទេ គឺកូនយើងទាំងអស់គ្នាហ្នឹង !

ដួងច័ន្ទនិយាយ ទាំងឱនថើបថ្ពាល់ស្រីបន្តិច សូរិយារុញគេចេញ៖ "កុំមកថើបអូននោះ ទៅថើបម៉ែវាឯណោះវិញទៅ គ្រាន់ឆាប់បានកូនមកឲ្យអូន !

"អូនឯងភ័យម្ល៉េះ!មិនបាច់ថើបថែមទៀតក៏បងមានកូនឲ្យអូនដែរ ! និយាយចប់បុរសក្រោកឈរ ក្ដោបក្បាលភរិយាឱនជម្ពិតថ្ងាសបន្តិច ទើបឈរចេញទាំងមិនភ្លេចរុញទ្វារបន្ទប់បិទឲ្យភរិយាគេឡើយ..។

ដួងច័ន្ទទៅដល់បន្ទប់គេប្រាសខ្លួនគេងយកដៃគងថ្ងាស បង្ហើរគំនិតគេឲ្យអណ្តែតត្រសែតទៅសែនឆ្ងាយ។សូរទ្វារបើកយ៉ាងស្រាលផ្ដាច់ការវើរវាយរបស់គេៗក្រឡេកទៅបូរមីកាន់កែវកាហ្វេចូលមក នាងស្គមហើយស្លាំង ស្រីដាក់កែវលើតុឲ្យគេ នាងមិនហា៊នមើលមុខគេទេ នាងបង្វល់ខ្លួនទៅវិញ ទៅដល់ដល់កៅអីដែរនាងធ្លាប់គេង នាងដាក់អង្គុយចុះដោយលួចមើលមកគេបន្តិច រួចក៏ប្រាសគេងទាញយកក្រណាត់ពណ៌សមួយ មកដណ្ដប់នៅសល់តែក្បាល ដួងច័ន្ទនឹកក្នុងចិត្ត "នាងមិនដែរគេងពីព្រលប់ទេរាល់ដងនាងតែងអង្គុយធ្វើនេះធ្វើនោះ បើពុំនោះទេ ក៏អង្គុយសំកុកមើលមេឃមើលផ្កាយសិនដែរ តែថ្ងៃនេះចូលភ្លាមប្រាសគេងភ្លាម ប្រហែលជាអស់កំលាំងខ្លាំងណាស់ហើយ ព្រោះឮថាអត់បាយបុ៉ន្មានពេលមកហើយដែរ "តែគេដូចជាភាំងដែរបានត្រឹមតែសម្លឹងមើលនាង ពុំដឹងជាត្រូវរកពាក្យអីផ្ដើមទៅរកនាងមុន បូរមីលួចមើលមកគេម្ដងទៀត ឃើញគេនៅតែសម្លឹងនាងៗក៏ទាញក្រណាត់ដណ្ដប់គ្រប់ដល់ក្បាល ដែលមើលឃើញដូចសាកសពគ្របក្រណាតស ដួងច័ន្ទគ្រវីក្បាលហួសចិត្ត "នឹកឃើញយ៉ាងម៉េចបានទៅយកក្រណាត់សមកដណ្ដប់ទទូរយ៉ាងនេះ?"

តាមរយៈប្រហោងតូចៗរបស់សសៃអំបោះ បូរមីអាចមើលឃើញគ្រប់កាយវិការរបស់ដួងច័ន្ទ គេសម្លឹងនាងអីក៏ខ្លាំងម្ល៉េះ?គេបំរុងធ្វើបាបខ្ញុំទៀតទេដឹង? នាងមើលដួងច័ន្ទម្ដងទៀត គេក្រោកអង្គុយរួចទាញកែវកាហ្វេមកក្រេប ងាកមកមើលនាង ដែលកំពុងតែគ្រុនស្រាប់ផង រកកល់ចង់ញាក់មួយរំពេច បូរមីខំបិទភ្នែកកុំឲ្យឃើញស្រមោលយក្សកំណាចនេះតទៅទៀត..សំរិបជើងមួយៗយ៉ាងស្រាលតំរង់មកកន្លែងស្រី បូរមីចាប់ផ្ដើមញាក់ទទ្រើក"លោកបា៉អើយ!ជួយកូនផង មច្ចុរាជមកត្របាក់ជីវិតកូនហើយ"

ដួងច័ន្ទដាក់ខ្លួងយ៉ាងស្រាល លើកៅអីប្របនឹងប្រាណស្រី គេឃើញក្រណាត់ឡើងរញ្ជួយ"នាងគ្រុនញាក់ទេតើ" គេទាញក្រណាត់ដណ្ដប់ចេញពីស្រី បូរមីទ្រហ៊ោយំហ៊ូ លើកដៃសំពះ៖"លោក..លោកខ្ញុំសុំអង្វរ..កុំធ្វើបាបខ្ញុំ...ខ្ញុំអស់កំលាំងណាស់ !

ដួងច័ន្ទវិស្លុតវិញ្ញាណ នាងភ័យញ័រទទ្រើកខ្លាចគេទេតើ? មែន នាងត្រូវតែខ្លាចអ្នក ព្រោះអ្នកធ្លាប់ប្រព្រឹត្តអំពើយ៉ាងកាចសាហាវដាក់នាង គេប្រញាប់ខ្ទប់មាត់នាងបន្ថយសម្លេងយំរបស់ស្រីខ្លាចឮទៅដល់ក្រៅ រួចក្ដោបដៃស្រីទាំងពីរដែលលើកសំពះគេ ផ្ទប់មកទ្រូងទាំងពោលតិចៗ៖បូរមី!បូរមី បងអត់ធ្វើបាបអូនទេ..អូនភ័យអីខ្លាំងម្ល៉េះ?

តូចតន់យំគគ្រូកដដែល គេហៅជាថ្មី៖"បូរមី!បូរមី..ឈប់យំស្ដាប់បងសិនមើល៍!

គេស្ទាបក្បាលនាង រួចលូកស្ទាបខ្លួន៖"យី!អូនគ្រុនក្ដៅខ្លាំងណាស់តើ!

គេចាប់លើកត្រកងបីនាង បូរមីបំរះចេញសំពះគេជាថ្មី៖លោក!មេត្តាខ្ញុំផង..កុំធ្វើបាបខ្ញុំ !

ដួងច័ន្ទទៅជាហួសចិត្ត នាងខ្លាចអ្នកពេកហើយ ពេលនេះប្រហែលស្រីកំពុងយល់ថា អ្នកត្រូវការសប្បាយពីនាងហើយមើលទៅ។


(ប្រភពដើមបណ្ណាគារបន្ទាយស្រី)



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Athen

· 2022-07-02

ប្រលោមលោកខ្មែរ"រឿងពេញបូណ៍មីខែតូច១រោចខែធំ" ភាគទី៥(បន្ត)

ពន្លឺរស្មី

· 2022-06-29

🤔🤔🤔

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់