បង្ហោះផ្សាយ

ខ្មែរ

រាត្រីសុបិន

· 2022-07-19

ប្រលោមលោកខ្មែរ"រឿងយប់នេះថ្ងៃស្អែក" ភាគទី២(បន្ត)

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

2471

ពីរបីខែកន្លងផុតទៅយ៉ាងឆាប់រហ័ស រជ្ជនីមានសាច់មានឈាម រីកថ្លាជាងមុនច្រើន នឹងចាប់ផ្ដើមដើរលេងច្រើនជាងមុន។ថ្ងៃមួយនៅកន្លែងធ្វើការ រជ្ជនីបានទទួលអ្នកធ្វើការថ្មីម្នាក់ លោកប្រធានការិយាល័យប្រគល់បុគ្គលិកថ្មីនោះឲ្យមកនាងបង្ហាត់បង្ហញ ពន្យល់ពីរបៀបធ្វើការខ្លះៗ។ដំបូងរជ្ជនីដូចជារឹងខ្លួនណាស់ ពេលពន្យល់បុរសបុគ្គលិកថ្មីនេះម្ដងៗ ព្រោះពេលណាគេមិនយល់ពីអ្វីមួយ គេសំលឹងមុខរជ្ជនីត្មែរ សំលឹងមិនចង់ដកភ្នែកតែម្ដង បុរសនោះឈ្មោះបូរិន។មិត្តភក្តិទាំងអស់ចេះតែនាំគ្នាចំអន់បូរិនជាមួយរជ្ជនី ព្រោះគេឃើញអ្នកទាំងពីរអង្គុយធ្វើការ ទល់មុខគ្នា ហើយជួនកាលគេសំលឹងគ្នាភាំង។រជ្ជនីគ្មានចិត្តលើបុរសនេះសូម្បីបុ៉នសរសៃសក់ នៅពេលដែលឃើញគេសំលឹងមុខនាងញយៗនាងក៏ផ្ដួចមានគំនិតមួយភ្លាមគឺបំណងដែលប៉ងជាយូរមកហើយ"តែបុ៉ណ្ណោះ គាត់ឯងមុខជាចូលស៊ងអញមិនខាន អញកោរឲ្យសល់តែកាតអានាង !"រជ្ជនីក៏តាំងធ្វើឫក ខ្និកខ្នក់ដាក់បុរសចំណូលថ្មី ហើយបុរសនោះ ក៏តាំងលួចមើលមុខនាងកាន់តែញឹកញាប់ ហើយលបញញឹមម្នាក់ឯង។អ្នកទាំងពីរសុទ្ធតែលួចញញឹមក្នុងចិត្តរៀងៗខ្លួន តែក្នុងន័យផ្ទុយគ្នា រជ្ជនីញញឹមព្រោះនាងសង្ឃឹមថា នឹងទាក់បានបុរសម្នាក់ចូលស៊ក បោកបញ្ឆោតរបស់នាង ដើម្បីសងគំនុំស្នេហ៍ ឯបូរិនវិញ កំលោះញញឹមសង្ឃឹមថាគេមុខជាបាននារីយ៉ាងស្រស់ប្រិមប្រិយ៍ម្នាក់ មកធ្វើជាម្ចាស់បេះដូង។

ថ្ងៃមួយបូរិនស្នើអញ្ជើញរជ្ជនីទៅញុំាបាយហាងដល់នាងដែលបានបង្រៀនរបៀបរបបធ្វើការងារនេះដល់គេផង រជ្ជនីចង់ទៅបន្តិចមិនចង់បន្តិច តែដោយបូរិនអង្វរខ្លាំងពេក នាងក៏ព្រមទៅតាមការអញ្ជើញរបស់គេ។ហើយថ្ងៃក្រោយមកទៀតក៏ចេះតែបបួលនាងទៀត ដល់យូរទៅវាទៅជារាល់ថ្ងៃ ហើយរាល់អាទិត្យ ដែលរជ្ជនីទៅដើរលេងជាមួយបូរិន។បុរសនេះជូននាងទៅទិញប្រដាប់ប្រដាតែងខ្លួនល្អៗ ជូនទៅកាត់អាវកាត់សំពត់ខោថ្មីៗ ពេលខ្លះគេលបដាក់តាំងពីលុយក្នុងកាបូបឲ្យនាងទៀត ឲ្យតែរជ្ជនីថ្ងូរថាចង់បានអី ចង់ញុំអីបូរិនជូននាងទៅញុំទៅទិញរបស់នោះភ្លាម។អស់រយៈពេលជាងបីខែហើយ ដែលរជ្ជនីនិងបូរិនតែងតែដើរលេងជាមួយគ្នា ហើយរយៈពេលនេះបូរិនក៏ចេះធ្វើយ៉ាងស្ទាត់ជំនាញនូរការងារគ្រប់ប្រភេទ។ថ្ងៃមួយបូរិនត្រូវផ្លាស់ឲ្យទៅកាន់ការនៅឯសាខារបស់ក្រុមហ៊ុនខេត្តកំពង់ចាម គ្រាន់តែទទួលដំណឹងនេះភ្លាម អ្នកកំលោះធ្លាក់ទឹកមុខស្រពោនមួយរំពេច។នៅពេលល្ងាចចេញពីធ្វើការ ទាំងពីរនាក់ក៏ដើរលេងដូចសព្វដង កំលោះបញ្ជាម៉ូតូគេទៅផ្លូវនេះផ្លូវនោះ បត់ចុះបត់ឡើងពេញតែទីក្រុង ឃើញគេជិះវិលចុះវិលឡើងគ្មានទីកំណត់ គ្មាននិយាយស្ដីមួយម៉ាត់យ៉ាងនេះ រជ្ជនីក៏និយាយឡើង៖"គិត

ទៅណាហ្នឹង?ជិះវល់យ៉ាងនេះ ខ្ញុំវិលមុខចង់ស្លាប់ទៅហើយ!ទៅអង្គុយលេងមាត់ទន្លេវិញហ្អី?គ្រាន់បើជាងជិះខ្វាត់ខ្វែងយ៉ាងនេះ!

បូរិននៅតែអត់និយាយស្ដីអីដដែល គេបត់ម៉ូតូសំដៅទៅមាត់ទន្លេ តាមការបបួលរបស់នារីដែលអង្គុយនៅខាងក្រោយគេ ទៅដល់ទីនោះគេរើសរកកៅអីដែលឆ្ងាយដាច់ពីគេឯង ឃើញបរិយាកាសស្ងាត់ស្ងៀមពេក រជ្ជនីក៏ផ្ដើមនិយាយមុនថា៖"បូរិន!បានទៅខេត្តម៉េចធ្វើមុខឥចឹង?ន៎ែ!បើបានសប្បាយមើលនឹកៗខ្ញុំផងណា៎ !

កំលោះសំឡក់ម្ចាស់វាចាបន្តិច ក៏មើលទៅផ្ទៃទឹកទន្លេវិញហើយនិយាយទាំងមិនមើលមុខ៖"រជ្ជនីឯងអត់យល់ចិត្តខ្ញុំសោះទៅឬបានជានិយាយឥចឹង?

រជ្ជនីធ្វើជាសួរ៖"យល់យ៉ាងម៉េច?រួចនិយាយយ៉ាងម៉េចទៅវិញ?

"ពុទ្ធោអើយ!ខ្ញុំមិននឹកស្មានថា រជ្ជនីឯងល្ងង់ដល់ទៅមិនយល់រឿងយ៉ាងហ្នឹងសោះ ដើរលេងជាមួយគ្នាជិតមួយសតវត្សទៅហើយ ថាមិនយល់ចិត្តខ្ញុំទៅកើត?ណ្ហើយ!បើមិនយល់ទេក៏ហីចុះ...តោ៎ះ ទៅផ្ទះវិញ !

ក្រោយពីពេលដែលបូរិនទៅកំពង់ចាមបានមួយអាទិត្យ រជ្ជនីបានទទួលសំបុត្រមួយ ដែលរៀបរាប់ពីការនឹករលឹករបស់គេចំពោះរូបនាង។ថ្ងៃមួយនៅវេលរសៀលម៉ោងប្រមាណ៣ពេលដែលរជ្ជនីកំពុងធ្វើការមានគេមកប្រាប់ថា មានទូរស័ព្ទមកនាងៗក៏ទៅទទួល៖"អាឡូ !អាឡូ !ចា៎ស អញ្ជើញពីខាងណា?

"អាឡូ !រជ្ជនី !

"ចា៎ស !ខ្ញុំរជ្ជនី !លោកអញ្ជើញពីខាងណាដែរ?

"បង !បងបូរិនណា៎ !បងទើបនឹងមកដល់!ម៉ោង៤ជួបគ្នា !

"ចា៎ស !ចា៎ស សូមលា...

រជ្ជនីដាក់ទូរស័ព្ទចុះភ្លាម នាងមិនហ៊ាននិយាយយូរឡើយខ្លាចគេសង្ស័យ ម៉ោង៤កន្លះនារីលេខាធិការនេះ សុំគេចេញមុនម៉ោង ដោយភរថាមើលក្មួយឈឺនៅមន្ទីពេទ្យ។ចេញផុតពីកន្លែងបន្តិចក៏គិតថា"យី!គេឲ្យទៅជួបឯណា បើអត់បានណាត់កន្លែងគ្នាសោះយ៉ាងនេះ?"កំពុងតែដើរឈ្ងោកៗ ស្រាប់តែម៉ូតូបូរិន ឈប់ង៉ក់ពីមុខរជ្ជនី ហើយសើចស្ញាញដាក់នាង កញ្ញាប្រញាប់ឡើងជិះពីក្រោយគេភ្លាមព្រមទាំងវាចា៖"កុំជិះកាត់មុខ ប៊ុយរ៉ូ...ខ្ញុំភរគេថាទៅសួរក្មួយឈឺនៅឯមន្ទីពេទ្យ !

"អូហ៍!រជ្ជនីចេះភររផង អូនរៀនភរពីអង្កាល់?

នារីមិនឆ្លើយនាងបែរជាលូកដៃទៅក្ដិចខ្នងគេទៅវិញ។

"អត់ឈឺសោះ អូនឯងប្រហែលជានឹកបងខ្លាំងណាស់ដែរហើយ បានខ្នាញ់ក្តិចបងខ្លាំងយ៉ាងនេះ!មើលប្រាប់បងមកមើល៍ អូនឯងមាននឹកបងខ្លះឬទេ?

រជ្ជនីហាក់គ្មានរំភើបឬភ្ញាក់ផ្អើលអីបន្តិចសោះ នឹងពាក្យបូរិនដែលប្រែមកនិយាយជាមួយនាងសុទ្ទតែអូននិងបងយ៉ាងនេះ។នាងឆ្លើយតបទៅគេវិញបែបហី៖"នឹកដល់បាត់មុខមិនចង់រក !

កំលោះងាកខ្វាច់"ឥចឹងមកជួបធ្វើអីហ្នឹង?

"មកជួបលេងទៅ បើគេផ្ដាំឲ្យមកជួបទៅហើយ !

កំលោះគិតថាសង្សារគេខ្មាសនឹងគេហើយ ទើបមិនហ៊ានថានឹកនោះ ហើយគេក៏សួរបន្ត៖"គេណា?

"គេបូរិនឯងហ្នឹងណា៎ !

"ហៅបងឈ្មោះរបៀបនេះ ដូចជាពិបាកស្ដាប់ណាស់ ហ្អី!ហៅឲ្យពិរោះជាងនេះបន្តិចទៅមើល៍បានទេ?

"ឲ្យហៅយ៉ាងម៉េចទៅវិញលោក?

"ចុះដល់ការរួច អូនឯងហៅចំឈ្មោះយ៉ាងហ្នឹងរហូតទៅឬ?

"ចាំពេលហ្នឹងចាំគិតទៀត !

"ព្រះអើយ!គិតឲ្យហើយទៅ ដឹងទេថាយើងប្រហែលជារៀបការឆាប់ៗនេះហើយអូនអត់ដឹងទេហ្នឹង?បងនិយាយរឿងយើងជំរាបប៉ាម៉ាក់បងរួចអស់ហើយ គាត់មិនទំនាស់ទេ!ម៉េចអូនសប្បាយចិត្តដែរទេ ?

រជ្ជនីនៅស្ងៀមអត់ឆ្លើយថាម៉េចទាំងអស់។បូរិននាំនាងទៅញុំចំណីនៅភោជនីយដ្ឋានសួគ៌ រជ្ជនីដើរតាមពីក្រោយគេទាំងមុខមិនស្រស់។ ទាំងពីរនាក់អង្គុយនៅតុមួយឆ្ងាយពីគេ ឃើញមុខសង្សារមិនស្រស់ បុរសក៏ផ្ដើមសំណួរឡើង៖"រជ្ជនី!ម៉េចក៏អូនមិនសប្បាយចិត្តឥចឹង?អូនមិនពេញចិត្តនឹងដំណឹងដែលបងប្រាប់អម្បាញមិញហ្នឹងឬ?

"ហ្នឹងហើយ!ខ្ញុំអត់ទាន់ចង់រៀបការទេ !

"ម៉េចឥចឹងទៅវិញ ?

"មានម៉េច?ខ្ញុំនៅចង់ដើរលេងបន្តិចទៀតសិន!

"យី !ចុះការរួចដើរលេងមិនបានឬ?នៅដើរលួចលាក់ដូចសព្វថ្ងៃហ្នឹងស្រួលណាស់ទៅឬ?

"គ្មានរឿងអីត្រូវលួចទេ?បូរិនឯងស្មានថាខ្ញុំមកដើរលេងជាមួយ បូរិនឯងហ្នឹងលួចឬ?ម៉ែខ្ញំុក៏ដឹង អ្នកជិតខាងក៏ឃើញ!

"ដឹងហើយថាដឹង ថាឃើញអូនឯង ដឹងទេថាគេលបនិយាយពីយើងយ៉ាងម៉េចដែលគេឃើញយើងបណ្ដើរគ្នាយ៉ាងនេះ?

"ថាអីថាទៅ !គ្មានទៅឈឺក្បាលអីខ្ញុំទេ !

"បងសុំចាញ់អូនហើយរជ្ជនី !

បុរសគ្រវីក្បាលនឹងសំដីសង្សារ គេលែងនិយាយអីតទៅទៀត គឺបរិយាកាសដោយស្ងាត់ស្ងៀម រួចបុរសក៏ជូននាងត្រឡប់ទៅផ្ទះវិញ។


(និពន្ធដោយ៖អ្នកគ្រូនន)




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

សាំងឡេង

· 2022-12-10

😍😍😍😍😍😍

Bro Nice

· 2022-11-30

😍😍😍😍

PIsal sport

· 2022-09-05

❤️️❤️️

ponleuRasmey

· 2022-08-30

🤔

Sopha Peou

· 2022-07-27

😍

  • 1
ទៅកាន់