
ហ្វ៊ែរី fairy
· 2022-08-03
ប្រលោមលោក: កូនក្រមុំកំពូលស្នេហ៍ (ភាគទី ០៤ )
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
1904
« កាដូថ្ងៃកំណើត »
"ឯងនឹងរៀបការជាមួយ គ្រីស ហ្វាប្រ៊ែរ " សម្លេងមានអំណាចរបស់ឪពុកនិយាយប្រាប់កូនស្រីក្នុងន័យបញ្ជា ដែលមិនអាចធ្វើឲ្យនាងប្រកែកបាន។
"ចុះ អាស៊ីយ៉ា មិនមែនរៀបការជាមួយនឹងប្រុសម្នាក់នោះទេឬ?" អេរិកា បើកភ្នែកធំដោយតក់ស្លុត និងមិនចង់ជឿពីអ្វីដែលឪពុករបស់ខ្លួននិយាយ មុននឹងនឹកឃើញពីកិច្ចព្រមព្រៀងដែលឪពុករបស់នាងនិយាយជាមួយម្តាយចុងនៅតុអាហារកាលពីប៉ុន្មានថ្ងៃមុន ។
" ក៏ពិតមែនហើយ ប៉ុន្តែខ្ញុំមិនចង់រៀបការជាមួយនឹងមនុស្សប្រុសព្រាននារីនោះទេ ហើយថែមទាំងកំណត់ថាត្រឹមតែឆ្នាំតែប៉ុណ្ណោះ " អាស៊ីយ៉ា ដែលអង្គុយគង់ទាក់ខ្លានៅលើសាឡុង ក៏ឆ្លើយតបថែមមិនខ្វល់ខ្វាយ ព្រោះមិនចង់មានឈ្មោះជាស្រីម៉េម៉ាយទាំងវ័យក្មេង ហើយម្យ៉ាងទៀតមង្គលការលើកនេះ គ្រាន់តែជាការធ្វើជំនួញតែប៉ុណ្ណោះ ដើម្បីយកផលប្រយោជន៍រៀងខ្លួន មិនបានកើតចេញពីការស្រលាញ់ផង រឿងអីនាងត្រូវអូខេទៅ។
" គ្រួសាររបស់យើងបង្កើតសម្ព័ន្ធភាពជាមួយគ្នាដើម្បីឲ្យអាជីវកម្មរបស់យើងមានការរីកចំរើនកាន់តែធំ ដូច្នោះហើយនេះជាមូលហេតុដែលត្រូវតែមានអាពាហ៍ពិពាហ៍រវាងគ្រួសារទាំងពីរ " ម្តាយចុងរបស់ អេរីកា បាននិយាយឡើងភ្លាម ដោយមានឪពុករបស់នាងជាអ្នកនិយាយបន្ត…
"...ហើយហេតុអ្វីឯង មិនគិតទេអីថា ហេតុក៏យើងឯងចិញ្ចើមមកដល់ថ្ងៃនេះ ព្រោះតែយើងគិតថាថ្ងៃណាមួយយើងអាចប្រើប្រាស់ឯងសំរាប់កិច្ចព្រមព្រៀងជំនួញបែបនេះឯង"
"…" អេរិកា បើកភ្នែកធំស្ទើរតែមិនជឿពីអ្វីដែលខ្លួនបានឮពីមាត់ក្រុមគ្រួសាររបស់នាងដោយផ្ទាល់បែបនេះ។ សរុបមកដែលឪពុករបស់នាង ឲ្យនាងរស់នៅក្នុងផ្ទះចង់យកមកធ្វើជាការដោះដូរក្នុងជំនួញទាល់តែសោះ។
"លោកប៉ា កុំធ្វើបែបនេះដាក់ខ្ញុំអី ខ្ញុំមិនដែលចង់រៀបការជាមួយគ្រួសារអ្នកមានទេ…ថ្ងៃស្អែកខ្ញុំអាយុ 18 ឆ្នាំ ហើយ ខ្ញុំសន្យាថាខ្ញុំនឹងចាកចេញពីផ្ទះមួយនេះ ខ្ញុំនឹងមិនធ្វើខ្លួនជាបន្ទុករបស់លោកប៉ាទៀតទេ" អេរីកា លេបទឹកមាត់ចូលបំពងកបន្តិច មុននឹងងើបមុខនិយាយអ្វីដែលខ្លួនបានគិតទៅប្រាប់ឪពុក។ នាងបានអង្វរនៅចំពោះមុខគាត់ ប៉ុន្តែទឹកមុខដ៏របស់គាត់នៅតែស្មើដទៃ មិនបានរំភើបជាមួយនឹងការអង្វររបស់នាងឡើយ។
"យើងបានកំណត់ថាឲ្យឯងរៀបការជាមួយ គ្រីស ហ្វាប្រ៊ែរ រួចហើយឯងមិនមានជម្រើសផ្សេងទេ ទោះបីជាឯងមិនពេញចិត្តឬយ៉ាងណាក៏ឯងគ្មានសិទ្ធប្រកែកជាដាច់ខាត ហើយម៉្យាងប្រសិនជាឯងចង់បានសិរីភាពនោះឯងត្រូវរង់ចាំរយៈពេល៣ឆ្នាំទៀត បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ គឺយើងលែងរវីរវល់ជាមួយនឹងឯងហើយ ទោះបីឯងចង់លែងលះវាជាសិទ្ធរបស់ឯង " ឪពុករបស់អេរិកា និយាយដោយគ្មានអារម្មណ៍ ប្រៀបដូចនាងមិនមែនជាកូនរបស់គាត់ ។
"…" អេរីកា នៅស្ងៀមប្រកែកអ្វីមិនបាន ពេលដែលឮឪពុករបស់ខ្លួននិយាយបែបនឹង។ នាងតូចចិត្តនឹងវាសនា ហេតុក៏ធ្វើបាបនាងបែបនេះ តាំងពីកើតមកមិនធ្លាប់ទទួលបានក្តីស្រលាញ់ពី ឪពុកហើយ មកដល់ពេលនេះគ្មានជាឧបករណ៍សម្រាប់គាត់យកធ្វើជំនួញទៀត ។
អេរីកា គិតក្នុងចិត្តយ៉ាងតូចចិត្ត « អាស៊ីយ៉ា ចាស់ជានាងដល់ទៅ៣ឆ្នាំ ហើយក៏ជាកូនស្រីរបស់ឪពុកនាង ដែលកើតមកមុនពេលដែលឪពុករបស់នាងរៀបការជាមួយម្តាយរបស់នាងទៀត ហេតុក៏ត្រូវមកបង្ខំឲ្យនាងរៀបការជំនួសបែបនេះ…ឪពុកនាងបានស្រលាញ់ ខារ៉ា ប៉ុន្តែគាត់ត្រូវឪពុកម្ដាយបង្ខំឲ្យរៀបការជាមួយម្ដាយនាង…ពេលដែលម្តាយរបស់នាងស្លាប់បានតែមួយសប្តាហ៍ ហើយគាត់បានរៀបការជាមួយម្តាយចុងរបស់នាងភ្លាម ហើយថែមទាំងនាំនិងកូនពីនាក់នេះចូលមកនៅក្នុងផ្ទះតែម្តង»
" ឯងអាចចេញទៅវិញបានហើយ ថ្ងៃស្អែកនេះពិធីមង្គលការនឹងចាប់ផ្តើម…ឯងគួរតែរីករាយដែលបានរៀបការចូលទៅក្នុងគ្រួសារអ្នកមានមុខមាត់ធំបែបនេះវាជាក្តីស្រមៃដែលឯងចង់បានមិនចឹង"ខារ៉ា និយាយដោយទឹកមុខមានស្មាមញញឹមពិសពុល ប៉ុន្តែគាត់ដឹងតិចទេថា អេរីកា មិនដែលចង់រៀបការជាមួយអ្នកមានឡើយព្រោះមិនចង់រងទុក្ខវេទនាដូចជាម្តាយរបស់ខ្លួន។
អេរីកា ឡប់ទៅផ្ទះបាយវិញឃើញចានរបស់ខ្លួនដោយអារម្មណ៍ទទេស្អាត នាងមិនមានអារម្មណ៍ថាឃ្លានសូម្បីតែបន្តិច បន្ទាប់មកក៏ក្រឡែកទៅមើលនាឡិកាដែលព្យួរនៅជញ្ជាំង ឃើញថាវាគឺពាក់កណ្តាលអធ្រាត្រទៅហើយ។
'រីករាយថ្ងៃកំណើត អេរិកា ' នាងនិយាយប្រាប់ខ្លួនឯង ព្រោះតែដឹងថាគ្មាននរណាម្នាក់និយាយពាក្យនេះមកនាងឡើយ។ ពេលនេះមានអាយុដប់ប្រាំបីឆ្នាំហើយ ប៉ុន្តែនាងបែរជាគ្មានអារម្មានថាសប្បាយចិត្តណាស់កាលពីប៉ុន្មានថ្ងៃមុនឡើយ ព្រោះចាប់ពីពេលនេះទៅ ជីវិតរបស់នាងច្បាស់ជារស់នៅដូចជាធ្លាក់នរកមិនខានទេ។
អេរិកា ដើរចូលទៅក្នុងបន្ទប់របស់ខ្លួន រួចរើសស៊ុមរូបថតម្តាយមកឱបជាប់ទ្រូង នាងយំពេញមួយយប់ដោយសារវាសនាអាក្រក់របស់ខ្លួន។

នៅក្នុងក្លឹបរាត្រីដ៏ល្បីមួយកន្លែងនៅកណ្តាលទីក្រុង… គ្រីស បានទៅជួបមិត្តសម្លាញ់ នៅក្នុងក្លឹបរាត្រីដ៏ល្បីមួយកន្លែងនៅកណ្តាលទីក្រុង បន្ទាប់ពីមានការខកចិត្តនិងតូចចិត្តជាខ្លាំងពេលដែលមិនអាចប្រឆាំងតវ៉ា ជាមួយនឹងឪពុករបស់ខ្លួនបាន។
« ហេ! គ្រីស ខាងនេះ » ម៉ាតេអូ លើកដៃហៅមិត្តសម្លាញ់ពេលឃើញគេដើរចូលមកក្នុងក្លឹបប៉ុន្តែមិនបានឆ្លើយតបពីមិត្ដសម្លាញ់វិញទេ។
«…»
« អេ! មានរឿងអីទៅបានជាធ្វើមុខស្អុយបែបនេះ…ឱ្យខ្ញុំទាយមើល តើមូលហេតុមកពីឪពុករបស់ឯងមែនទេ? » ម៉ាតេអូ សួរបន្តពេលឃើញទឹកមុខនឹងកាយវិការរបស់សម្លាញ់។
«…» គ្រីស ញញឹមចុងមាត់បន្តិច ព្រោះតែសម្លាញ់របស់គេម្នាក់នេះ គឺដឹងពីចិត្តរបស់គេខ្លាំងណាស់។
« តើលើនេះគាត់ប្រើឲ្យឯងធ្វើអ្វីទៀតហើយ ? » ម៉ាតេអូ សួរបន្ត។
« គឺគាត់បាមប្រាប់ថាកូនក្រមុំដែលត្រូវរៀបការជាមួយខ្ញុំគឺបានផ្លាស់ប្តូរទៅជាមនុស្សឈ្មោះ អេរីកា ដែលជាកូនស្រីទី២របស់ត្រកូល ម៉ូប៊ែរ » គ្រីស និយាយតបទៅវិញទាំងខាំធ្មេញណែនព្យាយាមទប់កំហឹង ។
« ស្អីគេ? នេះចង់ប្តូរក៏ប្តូរភ្លាមឬ? ក្រែងពីដំបូងឯងត្រូវរៀបការជាមួយនឹង អាស៊ីយ៉ា ម៉ូប៊ែរ មិនមែនទេឬ ហេតុក៏ពួកគេឃើញផ្លាស់ប្តូរពេលនេះអ៊ីចឹង វាជិតដល់ថ្ងៃចូលរោងការហើយណា » ម៉ាតេអូ ភ្ញាក់ផ្អើលមិនស្ទើរពេលឮមិត្តភក្តិប្រាប់បែបនេះ។
« ខ្ញុំក៏មិនដឹងដែរ ឪពុករបស់ខ្ញុំបានគំរាមខ្ញុំឱ្យរៀបការជាមួយ អេរីកា ម៉ូប៊ែរ ជាដាច់ខាត » គ្រីស តបព្រមទាំងខ្លួនអង្គុយក្បែរមិត្តសម្លាញ់។
« អ្ហឺម ទារយាទទោលដូចជាឯងគឺគ្មានជម្រើសទេ ត្រូវតែធ្វើអ្វីតាមឪពុករបស់ប្រាប់…ប៉ុន្តែកុំបារម្ភអីគ្រប់យ៉ាងវានឹងបញ្ចប់ដោយសប្បាយសប្បាយ យើងមានការភ្ញាក់ផ្អើលមួយសម្រាប់ឯង…មកតានយើងមក » ម៉ាតេអូ វៃចិញ្ចើមម្ខាងដាក់មិត្តភក្តិព្រមទាំងទាញដៃគេឲ្យក្រោយឈរដើរចេញពីក្លឹប។
ប៉ុន្មាននាទីក្រោយមក ពួកគេទាំងពីរនាក់ក៏ដល់នៅមុខផ្ទះមួយកន្លែង ម៉ាតេអូ បានលើកគោះទ្វារ បន្ទាប់មកក៏ក្មេងស្រីម្នាក់បានបើកទ្វារឲ្យ។ ស្រីស្អាតម្នាក់នោះស្លៀករ៉ូបខ្លីពណ៌ខ្មៅស៊ិចស៊ីលេចលើលេចក្រោយដែលស្ទើរតែធ្វើឲ្យអ្នកមើលទប់ចិត្តមិនបាន ។ ប៉ុន្តែសម្រាប់អារម្មណ៍របស់ គ្រីស វិញឃើញហើយគឺធម្មតាគ្មានអ្វីពេលសេសឡើយ ព្រោះរូបភាពបែបនេះគឺគេឃើញសាំទៅហើយ។
« ធ្វើតាមសប្បាយទៅ យើងបានកក់នាងឱ្យឯង សម្រាប់យប់នេះនាងជារបស់ឯង » ម៉ាតេអូ ងាកមកមើលមិត្តសម្លាញ់ដោយកែវភ្នែកមានល្បិច មុននឹងអោនមករកស្មារបស់គេនិងខ្សឹបប្រាប់តិចៗ។
គ្រីស ក្រឡេកមើលទៅក្មេងស្រីនោះ ហើយនាងញញឹមមើលដោយកាយវិការទាក់ទាញ ខាំបបូរមាត់របស់ខ្លួន ហើយបបួលឲ្យគេចូលទៅខាងក្នុង។ គ្រីស ដកដង្ហើមធំ មិនដឹងថាគួរចូលទៅឬក៏អត់ ប៉ុន្តែពេលគេងាកមើលរកមើល ម៉ាតេអូ ឃើញថាគេគេចខ្លួនបាត់ទៅហើយ ទើបគ្មានជម្រើស គ្រីស ក៏សម្រេចចិត្តថានឹងសប្បាយជានឹងស្រីម្នាក់នេះ ជាលើកចុងក្រោយ ព្រោះបន្ទាប់ពីនេះជីវិតរបស់គេច្បាស់ជាត្រូវធ្លាក់ក្នុងនរកមិនខានទេ។

សូមរង់ចាំអានបន្ត…។
និពន្ធដោយ ហ្វ៊ែរី - Fairy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់