បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2022-10-07

រឿង ខ្យល់កម្មផ្តាំស្នេហ៍ ភាគទី ៨ (២) ប្រលោមលោកខ្មែរ

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

821

លោកស្នងការដកដង្ហើមធំខ្សឹបៗ៖

"ឬមួយក៏កូនស្តាយ ដែលអេឡែនក្លាយទៅជាប្អូនរបស់កូនទៅវិញ"

ទេវង្សក្ដោបដៃឪពុក៖

"ប៉ា ! ថ្ងៃនេះកូននឹងជំរាបលោកប៉ា កូនធ្លាប់ស្រលាញ់នារីម្នាក់ រហូតដល់មានកូនទៀតផង តែនាងអន់ចិត្តរត់ចោលកូនបាត់ ដល់ការប្អូនស្រីរួចសុំដើរលេងគ្រប់ខេត្តតាមរកនាងហើយ បើរកមិនឃើញកូនក៏មិនយកប្រពន្ធដែរ !"

" អូ៎! ប៉ាមានចៅទៅហើយ ល្អណាស់ម៉េចក៏កូនបណ្តោយនាង"

"មកពីពេលនោះ អេឡែនវិលទៅរកកូនវិញបន្ទាប់ពីដឹងថាកូនគ្មានកំហុស កូនក៏សំរេចចិត្តវិលទៅរកសង្សារចាស់ ឯរ៉ាមីក៏ចាកចេញពីកូនទៅ !"

"ហ៊ឺ ! បញ្ហាជីវិតវាប្រែប្រួលឥតព្រៀងទុក កូនខំស៊ើបរកនាងទៅ ប៉ាចង់បានចៅណាស់ ! កូនជាអ្នកស្នងត្រកូលបើបានចៅប្រុសប៉ារិតតែអរ !"

ទេវង្សអង្គុយជ្រប់មុខមិនចេញស្ដី... ពិធីមង្គលការចប់សព្វគ្រប់ ទេវង្សជាអ្នកចាត់ចែងពិធីរៀបរយផ្សេងៗ នរៈស្រវឹងទន់ខ្លួនអស់ទៅហើយ ។

ក្នុងបន្ទប់ផ្សំដំណេក អេឡែនកំពុងដោះអាវឱ្យស្វាមីរបស់នាង ឧត្ដមញញឹមស្រាលភ្ងើយចង្កាឆោមល្អ៖

"ប្តីក៏ត្រូវបំរើប្រពន្ធវិញដែរ បែរខ្នងមក បងដោះអាវឱ្យអូន"

ធីតាក្រហមថ្ពាល់គក់ទ្រូង ឧត្តមចាប់ដៃរុញច្រមុះជំនួសថែថើបភរិយាអស់ចិត្តយ៉ាងរំភើប៖

"អេឡែនរាត្រីដំបូងរបស់យើងកន្លងផុតទៅ នៅតែមានន័យក្នុងអារម្មណ៍របស់បងជានិច្ច បងនឹកដល់ស្នេហ៍ចៃដន្យ តែទ្រាំរង់ចាំដល់ពេលនេះ ដោយពិបាកបំផុត !"

ស្រីស្រស់ឱបកគេជាប់ដោយក្ដីអៀនខ្មាស កាយញាប់ញ័រ៖

"បង !"

មាណពសើចស្រស់ទាញវាំងននបិទជិតគ្រែ រួចបីភរិយាផ្តេកសន្សឹមៗ លើពូក ថ្មមយ៉ាងសុខភិរម្យ សំលេងស្នេហ៍លាន់រណ្តំដូចដំណក់ភ្លៀងច្រៀងផ្តាំដួងចិត្ត ។

ឡានបើកដំបូលយ៉ាងសង្ហារបស់ទេវង្សកំពុងលឿនលយក្នុងល្បឿនមធ្យមមួយតំរង់ទៅខេត្តបាត់ដំបង ទុកឱ្យលីបានិងដាយ៉ានៅមើលការខុសត្រូវឯព្រៃគប់ជំនួសអ្នក ។ ឧត្តមទើបនឹកឃើញប្រាប់អ្នកថា រ៉ាមីធ្លាប់ប្រាប់គេថា នាងមានមិត្តនារីម្នាក់នៅខេត្តបាត់ដំបងទើបទេវង្សឆ្ពោះទៅកាន់ទីនោះ ។

អ្នកកំលោះបានមកសំណាក់នៅសណ្ឋាគារសង្កែ ដើមត្រែងកំពុងបក់បោក តាមខ្យល់រុញច្រានក្រោមស្ពានថ្មី បង្កើតជាទស្សនីយភាពដ៏ត្រកាល ។

ទេវង្សស្រស់សង្ហាស្លៀកពាក់សកល ឈរច្រត់ដៃលើស្ពាន សំលឹងខ្សែទឹកហូរដោយភ័ក្ត្រក្រៀមក្រំ បាត់ដំបងសំបូរទេសភាពគួរលំហែចិត្តបានធូរស្រាល តែមិនដូច្នេះឡើយ.... បួនថ្ងៃហើយដែលទេវង្សបើកឡានដើររកគ្រប់ច្រកល្ហក តែរកមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ពុំបានដូចចិត្តទេ ខណៈនោះនារីម្នាក់ស្រស់បំព្រង ស្លៀកសារុងចោមពុងពណ៌ក្រហម កណ្ដៀតចានដែកមកបោកខោអាវក្រោមស្ពាន សក់ស្រីវែងអន្លាយធ្លាក់ដល់ត្រគាក ចង្កេះមូលក្លំ សាច់ទ្រូងរលោងស្រិល មើលពីក្រោយដូចរ៉ាមីណាស់ ទេវង្សភ្ញាក់ព្រើតឈ្ងោកពីលើស្ពានខ្ពស់មើលមិនច្បាស់សោះ គេស្រែកដោយភ្ញាក់ គឺរ៉ាមីមែន... ផ្ទះនាងនៅក្បែរនោះតែស្រីមកងូតទឹកស្ទឹងរាល់ថ្ងៃ ទេវង្សស្ទើរជ្រុះបេះដូង រត់ចុះពីលើស្ពានយ៉ាងលឿន៖

"រ៉ាមី !"

ធីតាល្អឯកក្រលេកស្គាល់ថាទេវង្ស នាងសែនញាប់ញ័រ ភ័យរត់ត្របាញ់ជើងលែងហ៊ានងាកក្រោយ ស្រីមិនចង់ជួបមុខគេទេព្រោះធ្លាប់ទទួលឆ្អែតហើយ ទេវង្សស្រែកភ្លាត់មាត់៖

"រ៉ាមីស្តាប់បងសិន !"


និពន្ធដោយ៖ អ្នកស្រី ម៉ៅសំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សៅនី ដាវីឌ

· 2022-10-07

😍😍😊😊

  • 1
ទៅកាន់

ការណែនាំពិសេស