
Novel Readers
· 2022-10-10
រឿង ខ្យល់កម្មផ្តាំស្នេហ៍ ភាគទី ៨ (៥) ប្រលោមលោកខ្មែរ
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
2971
ប៊ុនសងឈ្មួសឈ្នួលលើទ្រូងដោយអន្ទះសា៖
"បងចាំមិនបានទេ អូនខ្លាចបងកុហកឬ ? បងចង់បានអូនជាប្រពន្ធទីពីរពេញសិទ្ធ ពុំមែនសំរាប់ជាការកំសាន្តសប្បាយទេ បងហ៊ានប្រើគំរោងការណ៍អាក្រក់ ក៏ព្រោះតែស្រលាញ់អូនដែរ !"
ខណៈនោះ ទេវង្សហក់ចូលមកទាត់សន្ធាប់ប៊ុនសេងផ្ទួនៗខ្ទាតទៅម្ខាង ដៃគេបីកំសត់ រ៉ាមីស្ទុះងើបទាំងញាប់ញ័រ រត់មករកអ្នកកំលោះ៖
"កូនម៉ាក់ !"
កំសត់យំយ៉ាងខ្លាំង ទេវង្សហុចកូនទៅអោយនាង យកមកបំពេរ៖
"លួងកូនទៅ បងប្រដៅវាម្តង !"
រ៉ាមីបីកូនប្រញាប់គេចឆ្ងាយ ទេវង្សហូតខ្លុយភ្លាម ប៊ុនសេងដែលស្ទុះងើបបំរុងវាយឆ្មក់ ត្រូវដួលគ្រិបទៅវិញប្រកាច់ពេញផ្ទះ ។
"អូយ ៗ...!"
អ្នកប្រុសសើចស្ងួត៖
"ឯងមិនដែលស្គាល់យើងទេ ទើបព្រហើនបែបនេះ ថ្ងៃក្រោយហ៊ានប្រមាថប្រពន្ធកូនទេវង្សទៀតទេ"
"ខ្ញុំ..! ខ្ញុំខ្លាចហើយ! អូយចុកណាស់ !"
ពួកអាអ្នកលេងរបស់ឯងបួននាក់នោះ កំពុងហក់ ឆៃយ៉ាំដាក់គ្នា នេះជាការព្រមានតូចតាចតែប៉ុណ្ណោះទេ !
រ៉ាមីរត់មកក្បែរមាណព៖
"អ្នកប្រុស ! លែងគាត់ទៅប៉ុណ្ណឹងគាត់រាងហើយ !"
នរៈហុចកញ្ចប់ថ្នាំឱ្យ៖
"ណេះ! យកទៅលេបទៅបាត់ចុកហើយ! ហើយយក ៤គ្រាប់ទៀត ទៅឱ្យកូនចៅឯងផង រួចប្រញាប់ទៅវះយកម្ជុលចេញប្រយ័ត្នងាប់ខានចាស់ !"
ប៊ុនសេងលេបថ្នាំរួចរត់ចុះយ៉ាងលឿនលែងងាកក្រោយ ។
រ៉ាមីឱបកូនយំ ។
"ហេតុអីក៏អូនកុហកបងគ្មានឈប់ដូច្នេះ ចន្ថាត្រូវពួកវាវ៉ៃសន្លប់ បងដឹកយកទៅពេទ្យហើយ បងមកលបមើលមុខកូន បងស្រាប់តែទាន់គេចាប់កំសត់ឡើងឡានទៅ ទើបបងដេញតាមយកកូនយើងមកវិញ ឬមួយក៏អូននៅតែមិនព្រមឱ្យវាស្គាល់បងជាឪពុកវាឬ ?"
មាណវីងើបមុខឡើង៖
"លោកអាចមានកូនច្រើនទៀត មិនបាច់រវល់នឹងកំសត់ទេខ្ញុំអរគុណលោកណាស់ ដែលបានជួយកូនខ្ញុំ តែមិនយកការដឹងគុណប្តូរជាការចុះសំរុងគ្នាទេ!"
អ្នកប្រុសដកដង្ហើមធំ ទាញយកកូនមកឱបថើប កំសត់បាត់យំ វាតោងកមាណពជាប់ដូចស្គាល់ ថ្លោសណាស់ គួរឱ្យស្រលាញ់ ។
រ៉ាមីរញ្ជួយចិត្តណាស់ ឈាមមិនបដិសេធឈាមទេ វាតាមប៉ាវាឱ្យស្អិត ទេវង្សរំភើបណាស់ឱបថើបវាញីញក់៖
"កូនសំលាញ់ ! បើជីតាឯងឃើញស្រលាញ់ស្លាប់ហើយបានចៅប្រុសដូចចិត្តគាត់អញ្ចឹង ! កំសត់....ម្តាយកូនដាក់ឈ្មោះនេះអយុត្តិធម៌ណាស់ !"
ទេវង្សងាកមកច្បូតសក់ស្រី តែនាងកៀសដៃចេញ៖
"អូនស្លូតមែន តែចិត្តមានមិនអន់ទេ ម៉េចមិនស្ដាប់បងនិយាយសោះ បងស្វែងរកអូនមួយឆ្នាំគត់តែរកមិនឃើញ ប៉ាបងរង់ចាំតែរៀបការយើងទាំងពីរទេ ! ចំណែកអេឡែន។នាងជាប្អូនស្រីបង្កើតរបស់បងទេ នាងរៀបការជាមួយឧត្តមរួចហើយ ឯឧត្តមក៏ទើបដឹងរឿងបងនិងអូនដែរ រហូតដល់មានកំសត់ទៀត បងពន្យល់គេរួចអស់ហើយ ឬមួយក៏អូនមិនអាណិតកូនយើងទេ ?"
ធីតាភ័ន្តភាំង ឧត្ដមរៀបការហើយ ស្រីសើច៖
"អូហ៍ ! ទាល់តែអេឡែនក្លាយជាប្អូនស្រី ពុំអាចការបានទើបលោកនឹកឃើញដល់ខ្ញុំនិងកំសត់ សន្តានចិត្តលោកបែបនេះខ្ញុំមិនហ៊ានទទួលលោក ឯរឿងបងឧត្តមខ្ញុំជួយត្រេកអរ ខ្ញុំគ្មានបំណងតោងស្រវារកប្រុសថ្លៃថ្នូរដូចគាត់ឡើយ ថ្ងៃនេះលោកជួយកំសត់ ខ្ញុំឱ្យកំសត់ទទួលស្គាល់លោកថាជាឪពុកវាចុះ ចំណែកយើងទាំងពីរ គឺជារឿងផ្សេង !"
"រ៉ាមី !"
"ឥលូវខ្ញុំចង់ទៅមើលចន្ថាឯមន្ទីរពេទ្យ ផ្ទះនេះ អាចទទួលលោកបានជាភ្ញៀវចុះ !"
អ្នកប្រុសលួចសើចមើលមុខស្រីល្អ 'អូនស្អាតម្លឹងៗឫកកាន់តែឡូយ ទេវង្សកាន់តែប្រាថ្នា ចាំមើលអូនបដិសេធរូបបងបានរហូតទេ ?' មាណពប្រលែងកូនសើចកក្អឹក រួចហុចកូនទៅឱ្យរ៉ាមី៖
"បងជូនអូនទៅណា៎ !"
និពន្ធដោយ៖ អ្នកស្រី ម៉ៅសំណាង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
Ah Rathna
· 2023-04-18
hi
S kungkea
· 2023-04-16
😍😍
KH MOVIES
· 2022-10-10
hello 👋
- 1
ទៅកាន់