បង្ហោះផ្សាយ

ខ្មែរ

Bun

· 2019-03-14

​អារម្មណ៍​​​​ ​៥ យ៉ាង​​​របស់​​​មនុស្ស​ស្រី​​​​​ ដែល​​​​​ប្រុសៗ​​​​គួរ​​​យល់​ឲ្យ​​​​​បាន​​​ច្បាស់​​​

0

តើបុរសគ្រប់រូបដឹងទេថា មនុស្សស្រីចង់បានអ្វី? នៅពេលដែលប្រុសៗអាចយល់ពីអារម្មណ៍ស្រីៗបានច្បាស់ នោះក្នុងទំនាក់ស្នេហា ក៏ពុំសូវកើតរឿងរកាំរកូសនឹងគ្នាច្រើនដែរ។ យោងតាមសៀវភៅ For Men Only រៀបចំដោយអ្នកនិពន្ធ Shaunti Feldhahn បានបង្ហាញពីចំណុចធំ ៥ យ៉ាង ដែលមនុស្សប្រុសត្រូវតែដឹង។

១. មនុស្សស្រីចង់បានក្តីស្រលាញ់

ភាគច្រើនមនុស្សស្រី ចេះតែបារម្ភភ័យខ្លាចនូវក្តីស្រលាញ់ដែលបុរសមានចំពោះនាង។ សម្រាប់បញ្ហានេះដែរមានរឿងពីរយ៉ាងដែលប្រុសៗអាចធ្វើបាន។ ទី១គឺការបញ្ជាក់ ។ ក្នុងគ្រាដែលអ្នកទាំងពីរឈ្លោះគ្នា កុំភ្លេចនិយាយប្រាប់នាងថា ទោះបីមានរឿងអ្វីក៏ដោយ គ្រប់យ៉ាងនឹងប្រសើរឡើងវិញ ហើយអ្នកនៅតែស្រលាញ់នាងជានិច្ច។ នៅពេលដែលនាងខឹងអន់ចិត្ត សូមកុំទុកនាងចោល ព្រោះនាងត្រូវការការឱបនិងភាពកក់ក្តៅពីអ្នក។ ទី២គឺការបន្តក្តីស្រលាញ់មិនប្រែប្រួល។ មនុស្សស្រីមិនមែនចង់ឲ្យអ្នកស្រលាញ់យកចិត្តនាងតែពេលដំបូងនោះទេ ប៉ុន្តែនាងចង់ឲ្យស្នេហានៅតែផ្អែមល្ហែម មានន័យ ទាំងមុននិងក្រោយរៀបការ រហូតដល់មានកូនចៅចាស់កោងខ្នង ក៏មិនផ្លាស់ប្តូរ។

២. មនុស្សស្រីចង់បានការយល់ចិត្ត

មនុស្សស្រីចង់ឲ្យប្រុសៗយល់ទាំងអារម្មណ៍និងគំនិតរបស់នាង ទោះបីមិនបង្ហាញចេញមកក្រៅឲ្យដឹងក៏ដោយ។ ខុសពីប្រុសៗ ដោយសារអារម្មណ៍របស់មនុស្សស្រីប្រែប្រួលឆាប់រហ័សនិងមានមនោសញ្ចេតនាច្រើនក្នុងពេលតែមួយ។ ស្តាប់ទៅដូចជាស្មុគស្មាញបន្តិចមែន ប៉ុន្តែដរាបណាអ្នកព្យាយាមសង្កេតនិងស្តាប់ យូរៗទៅអ្នកនឹងក្លាយជាបុរសម្នាក់ ដែលអាចយល់ពីនាងច្បាស់នរណាទាំងអស់។

៣. មនុស្សស្រីចង់បានកម្លាំងចិត្ត

បញ្ហាហិរញ្ញវត្ថុ ដូចជាថ្លៃទឹក ភ្លើង និងការចំណាយផ្សេងៗ គឺជារឿងដែលនាងគិតគូរខ្លាំងបំផុត ប៉ុន្តែអ្វីដែលសំខាន់លើសពីនេះទៀត នាងត្រូវការកម្លាំងចិត្តនិងការការពារពីមនុស្សប្រុសដែលខ្លួនស្រលាញ់ ក្នុងគ្រប់កាលៈទេសៈទាំងអស់។

៤. មនុស្សស្រីត្រូវការការស្តាប់ដោយយកចិត្តទុកដាក់

ពេលខ្លះនាងមិនត្រូវការសុំជំនួយឬយោបល់ពីអ្នកឡើយ ត្រឹមអង្គុយស្តាប់រឿងនៅក្នុងចិត្តក៏គ្រប់គ្រាន់ណាស់ទៅហើយ។ អាចចែករំលែកបញ្ហានៅក្នុងចិត្តទៅកាន់មនុស្សដែលនាងស្រលាញ់ ទទួលបាននូវពាក្យលួងលោម នាងពិតជាបានធូរស្បើយជាងការលេបថ្នាំទៅទៀត។

៥. មនុស្សស្រីចង់ឲ្យអ្នកគិតថានាងស្រស់ស្អាត

នាងមិនស្អាតសម្រាប់អ្នកដទៃក៏ហីចុះ ឲ្យតែក្នុងក្រសែរបស់អ្នកមើលឃើញ និងគិតថានាងស្អាតជាងគេ នោះនាងនឹងរំភើបរកអ្វីផ្ទឹមគ្មាន ហើយក៏មិនចាំបាច់ត្រូវផ្លាស់ប្តូរសម្រស់ដើម្បីតែអ្នកដែរ។ កញ្ចក់នៅក្នុងផ្ទះមានច្រើនប៉ុនណា នៅតែមិនអាចឆ្លុះច្បាស់ដឹងថាខ្លួនឯងស្អាតឬអត់ ដូចកញ្ចក់ដែលចេញពីការសរសើររបស់អ្នកនោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់