
ថ្មីៗ-ThmeyThmey
· 2022-11-30
អ្នកតំណាងគុនល្បុកតោ រំពឹងអ្នកជំនាន់ក្រោយប្រឹងផ្សព្វផ្សាយបន្ថែម ក្រោយគុនខ្មែរនេះ ចុះបញ្ជីយូណេស្កូ
#គុនល្បុកតោ# #បញ្ជីយូណេស្កូ# #កីឡា# #កីឡាជាតិ# #អ៊ូ ដារ៉ា#
1173

កីឡាការិនី ពេជ្រ ចរណៃ សម្តែងគុនល្បុក្កតោ។
ដោយ: ហៀក ឆក
តំណាងគុនល្បុក្កតោ លោក អ៊ូ ដារ៉ា កីឡាការិនី សំ ថារ័ត្ន និងកីឡាការិនី ពេជ្រ ចរណៃ រំភើបចិត្តក្រោយទទួលបានដំណឹងថា «គុនល្បុក្កតោ» ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ។ យ៉ាងណាពួកគេ សង្ឃឹមថាក្មេងជំនាន់ក្រោយបន្តប្រឹងផ្សព្វផ្សាយពីគុនល្បុក្កតោទៅកាន់ពិភពលោកបន្ថែមទៀត។
«គុនល្បុក្កតោ» (Kun Lbokator) ដ៏ចំណាស់របស់ខ្មែរ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ការសម្តែងកីឡាគុនល្បុក្កតោ លើវិញ្ញាសាគុនដំបង។ រូបពី គុនល្បុក្កតោខ្មែរ
លោក អ៊ូ ដារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្តែងអារម្មណ៍រីករាយជាខ្លាំងគ្រាដែលទទួលបានដំណឹងថា អង្គការយូណេស្កូយល់ព្រមដាក់គុនល្បុក្កតោ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកដារ៉ា យល់ថានេះជាកំណត់ត្រាមួយសម្រាប់កូនខ្មែរជំនាន់ក្រោយទទួលស្គាល់ថា អ្នកជំនាន់មុនបានធ្វើអ្វីខ្លះ។
អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជារូបនេះអះអាងថា៖«សម្រាប់គុនល្បុក្កតោដែលបានចុះក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៃអង្គការយូណេស្កូ គឺជាលទ្ធផលមោទកភាពមួយសម្រាប់កូនខ្មែរគ្រប់រូបដែលបានធ្វើនៅក្នុងសម័យនេះជាកំណត់ត្រាប្រវត្តិសាស្រ្តដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ថាយើងសម័យនេះបានធ្វើអ្វីខ្លះ»។
លោក ដារ៉ា បន្តថា ដើម្បីឱ្យគុនល្បុក្កតោកម្ពុជាល្បីសុះសាយថែមទៀត អ្នកជំនាន់ក្រោយត្រូវតែរួមគ្នាធ្វើបន្តដែលបុព្វបុរសជំនាន់មុនដែលលោកបានបន្សល់ទុក ជាអត្តសញ្ញាណមួយមិនអាចកាត់ថ្លៃបាន។ លោកសង្ឃឹមថា ក្រោយពីបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌហើយ ប្រជាជនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកត្រូវបន្តការគាំទ្រ អភិវឌ្ឍន៍ អភិរក្សគុនល្បុក្កតោ ដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសនៅលើពិភពលោក និងសង្ឃឹមកូនខ្មែរជំនាន់ក្រោយបន្តការផ្សព្វផ្សាយកាន់តែខ្លាំងក្លា។
ចំណែកកីឡាការិនី ពេជ្រ ចរណៃ ដែលជាស្រ្តីមួយរូបតែងតែលើកកម្ពស់វិស័យកីឡាគុនល្បុក្កតោរខ្មែរហូតមក ក៏បង្ហាញក្តីរំភើបចំពោះដំណឹងដ៏អស្ចារ្យនេះផងដែរ។ កីឡាការិនីរូបស្រស់រូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា នាងហាក់ដូចជាសះស្បើយពីជំងឺក្រោយឭព័ត៌មាននេះ ខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្តី។
កីឡាការិនីគុនល្បុក្កតោ និងជាគ្រូបង្ហាត់ផងដែរនោះរៀបរាប់ថា៖«បំណងប្រាថ្នាធំបំផុតសម្រាប់ការខិតខំប្រឹងប្រែងរយៈពេល៧ ទៅ៨ឆ្នាំ ទទួលបានជោគជ័យហើយ។ គ្រាន់តែឮដំណឹងច្បាស់ការថា ល្បុក្កតោបានចូលក្នុងបញ្ជីអរូបីរបស់អង្គការយូនីស្កូភ្លាម ខ្ញុំបានធូរពីជំងឺទាំងដៃនៅព្យួរសេរ៉ូម។ ទឹកភ្នែកខ្ញុំហូរស្របពេលដែលខ្ញុំកំពុងរំភើបត្រេកអរ។
ពេជ្រ ចរណៃ បន្តថា រឿងអាម្មណ៌ពិតជាពិបាកបរិយាយណាស់ដឹងត្រឹមថាមានក្ដីសុខ សមិទ្ធផលនេះគឺបានមកពីថ្នាក់ដឹកនាំដែលជួយខ្នះខ្នែង និងពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួយលើកទឹកចិត្ត និងគាំទ្រ។ អ្វីដែលជាពិសេសគឺលោកគ្រូតា សាន គឹមស៊ាន និងបងប្អូនអ្នកហាត់គុនល្បុក្កតោទាំងអស់ដែលខិតខំហ្វឹកហាត់និងផ្សព្វផ្សាយ ហើយក៏មានការរួមចំណែកពីសំណាក់បងប្អូនខាងសារព័ត៌មានដែរ និយាយរួមគឺបានមកពីប្រជាជនខ្មែរទាំងអស់គ្នា។
រីឯកីឡាការិនីល្បុក្កតោឆ្នើមរបស់កម្ពុជា សំ ថារ័ត្ន សប្បាយរីករាយស្ទើរតែរកអ្វីប្រៀបផ្ទឹមមិនបាន ដ្បិតនាងក៏មានចំណែកក្នុងរឿងនេះដែរ។ ថារ័ត្ន ដែលបានខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយគុនល្បុកក្កតោ បានប្រាប់សារព័ត៌មានថ្មីៗទាំងសំឡេងអួលដើមករ ដោយបង្ហាញក្តីរំភើប ដ្បិតនេះជាការរង់ចាំយូរមកហើយ ជុំវិញការប្រកាសការដាក់កីឡាគុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
កីឡាការិនី សំ ថារ័ត្ន និយាយថា៖«ពិបាកនិយាយណាស់ ដឹងតែរំភើបតែម្តង មួយយប់ហើយអូសតែទូរសព្ទមើល ទប់ទឹកភ្នែកអត់បានទេ យើងដឹងថាយើងឆ្លងកាត់ការលំបាកជាច្រើនមកយូរហើយ ជាពិសេសជាការរំឭកគុណលោកគ្រូតាក្រមាមាស សាន គឹមស៊ាន រស់ សិរី, អិត ប៉ែន និងលោកគ្រូផ្សេងៗទៀតដែលបានធ្វើឱ្យល្បុក្កតោរស់ឡើងវិញ និងក្តីប្រាថ្នាបានឃើញការដាក់បញ្ចូលទៅក្នុងបញ្ចីបេតិកភណ្ឌពិភពលោក»។
ថារ័ត្ន បន្តថា ខ្លួនធ្លាប់អស់សង្ឃឹមម្តងរួចមកហើយបន្ទាប់ពីការដាក់ស្នើរឮថាខ្វះខាតឯកសារមួយចំនួន តែដល់ពេលជោគជ័យគឺគ្មានពាក្យអ្វីថ្លែងតែម្តង។
គួរបញ្ជាក់ថា កីឡាគុនល្បុក្កតោ បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក៕
ប្រភព៖ អ្នកតំណាងគុនល្បុកតោ រំពឹងអ្នកជំនាន់ក្រោយប្រឹងផ្សព្វផ្សាយបន្ថែម ក្រោយគុនខ្មែរនេះ ចុះបញ្ជីយូណេស្កូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមលើជំហានដំបូងក្នុងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា

មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

គួរឲ្យអាណិត! យុវជនម្នាក់ សម្រេចចិត្តធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ ដោយសារមានជំងឺបាក់ទឹកចិត្ត

ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

យោបល់ទាំងអស់ (2)
បងរិត គ្មានតម្លៃ
· 2022-12-02
Hi
Jackyman168
· 2022-11-30
😍
- 1
ទៅកាន់