បង្ហោះផ្សាយ

ខ្មែរ

Blackmoon

· 2023-01-12

រឿង ស្វាមីបណ្តោះអាសន្ន (ភាគទី៥)

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

279

រាងខ្ពស់ស្រឡះទម្លាក់ខ្លួនអង្គុយលើពូកក្នុងផ្ទះរបស់សង្សារដោយគ្មាន កម្លាំងចិត្ត។ ដូរីម សង្កេតឃើញសង្សារមានទឹកមុខហត់នឿយលាយឡំមួម៉ៅ តាំងពីទៅទទួលនាងនៅគ្លីនិក ពេលមកដល់ផ្ទះក៏មិនបានប្រញាប់ប្រញាល់ ត្រឡប់ទៅវិញដូចរាល់ដង គេសុំចូលមកក្នុងផ្ទះ ដែលវាធ្វើឲ្យនាងសប្បាយចិត្ត ព្រោះចង់មានឱកាសនេះយូរហើយ តែពេលឃើញសភាពគេបែបនេះក៏បារម្ភ។

កែវទឹកត្រជាក់ត្រូវហុចមកឲ្យ ជីហ៊ុន ផឹកប៉ុន្មានក្លឹកក៏ដាក់លើតុ បន្ទាប់ មកក៏ផ្ដួលខ្លួនដេកកើយភ្លៅនាងក្រមុំ ធ្វើឲ្យបេះដូងរបស់ ដូរីម រីកមាឌ ព្រោះ សេចក្តីសុខ។ នាងអង្អែលក្បាលអ្នកកំលោះជាការលួងលោម ហើយ ជីហ៊ុន ក៏ ទាញទៅថើបថ្នមៗ ហើយក្ដោបជាប់ដោយគេបិទភ្នែកសម្ងំតែមុខរបស់ស្រីរោគ ចិត្ត ផុសឲ្យឃើញ ដែលវាធ្វើឲ្យគេក្តៅក្រហាយកាន់តែខ្លាំង។

«មួម៉ៅរឿងអី ប្រាប់អូនបានទេ?» សំឡេងរបស់ ដូរីម ធ្វើឲ្យអ្នកកំលោះភ្ញាក់ស្មារតី អារម្មណ៍ស្កប់ស្កល់ចិត្តដែលសង្សារយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួន តែគេមិនព្រមយករឿង មិនសមជារឿងមកធ្វើឲ្យនាងមួម៉ៅតាមដាច់ខាត។

«គ្មានអីទេ គ្រាន់តែហត់ប៉ុណ្ណោះ សុំដេកកើយភ្លៅទន់ៗរបស់អូនមួយ ស្រឡេត» ជីហ៊ុន ថើបដៃទន់ល្មើយថ្នមៗដោយភាពម្ញុិកម៉្ញក់ ថ្ងៃនេះគេមួម៉ៅខួរក្បាលគិតតែរឿងរបស់របស់ ហេឃ្យូ ទើបការបាននៅក្បែរគូស្នេហ៍ ធ្វើឲ្យចិត្ត របស់គេស្ងប់បានខ្លះ។

ពួកគេសេពគប់កន្លះឆ្នាំហើយ តែមិនធ្លាប់គិតអីផ្ដេសផ្ដាសទៅលើ ដូរីម ជីហ៊ុន ក៏អត់ប្លែកចិត្តមិនបាន តាមធម្មតារឿងបែបនោះគេមិនដែលភ្លាត់។ គេ ធ្លាប់រកចម្លើយជាច្រើនដងថាហេតុអ្វីក្រែងចិត្តនាងម៉្លេះ តែចុងក្រោយក៏រក ចម្លើយមិនឃើញដដែលថាព្រោះតែអ្វីទើបធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមិន រីកចម្រើន។

ដូរីម ញញឹមអៀនពេលសង្សារគិតតែថើបដៃរបស់នាង ប៊ែក ជីហ៊ុន ក៏ ចេះធ្វើអីផ្អែមល្ហែមបែបនេះដែរឬ?...នាងលួចអ៊ុតក្នុងចិត្តថាគេនឹងធ្វើអីលើស នេះដែរអត់ តាំងពីសេពគប់គ្នា គេមិនធ្លាប់ធ្វើអីផ្តេសផ្តាស វាខុសពីចរិតមនុស្ស ប្រុសដែលចូលចិត្តរកឱកាសបែបនោះ។

ជីហ៊ុន ងើបអង្គុយ សម្លឹងភ្នែកសង្សារដែលពោរពេញដោយភ្លើងប្រាថ្នា បាតដៃក្រាស់អង្អែលថ្ពាល់សដែលគ្មានពណ៌របស់គ្រឿងសម្អាង តែចិត្តបែរនឹក ដល់មុខមាយារបស់ ហេឃ្យូ ធ្វើឲ្យអ្នកកំលោះភ្ញាក់ផ្អើលដែលធ្លោយគិតដល់ ស្រីរោគចិត្តម្នាក់នោះ រហូតដល់ត្រូវទាញស្មារតីខ្លួនឯងត្រឡប់មកនៅជាមួយ នឹងគូស្នេហ៍វិញ។

ដូរីម មានអារម្មណ៍ស្រៀវៗពេលត្រូវមេដៃធំអង្អែលថ្ពាល់ថ្នមៗ។ ថ្ងៃនេះ គេចង់វិវឌ្ឍមួយជំហានដើម្បីឲ្យទំនាក់ទំនងរីកចម្រើនជាងនេះ ហើយអាចធ្វើឲ្យ ភ្លេចស្រីម្នាក់ទៀតបាន។ ភ្នែកមូលក្លំរបស់នាងបិទព្រឹមៗពេលគេលោទៅរក ជីហ៊ុន ញញឹមពេញចិត្តពេលនាងពេញចិត្តទទួល។

ដូរីម មិនបដិសេធពេលបបូរមាត់ក្ដៅៗរបស់សង្សារបឺតបបូរមាត់ខ្លួន តិចៗ។ ភាពទន់ៗរបស់បបូរមាត់ធ្វើឲ្យគេបន្ថែមទម្ងន់ នាងរំភើប ព្រោះរង់ចាំ ពេលេវលានេះគ្រប់ពេលដែលគេជូនមកផ្ទះ ទើបមិនរង់ចាំទៀត បើកឱកាសឲ្យ គេចូលមកយ៉ាងងាយ។

ប៉ុន្តែសំឡេងទូរសព្ទដៃរបស់នាងក៏រោទ៍កាត់ចង្វាក់ ជីហ៊ុន ត្រូវបើកភ្នែក និងដកបបូរមាត់ចេញ ចំណែក ដូរីម ក៏ម្នីម្នាយកទូរសព្ទនៅលើតុដែលរោទ៍មិន ឈប់ដោយការមួម៉ៅ តែព្យាយាមសម្រួលអារម្មណ៍ឲ្យធម្មតា។

អេក្រង់បង្ហាញឈ្មោះវេជ្ជបណ្ឌិត កាំង តេវ៉ា ទើបនាងចុចទទួលភ្លាម ហើយងាកទៅមើល ជីហ៊ុន ដែលកំពុងដើរចេញពីផ្ទះ។ នាងដកដង្ហើមធំដោយ ស្តាយចំពោះហេតុការណ៍អម្បាញ់មិញ ពេលវេលាដែលបាននៅជាមួយសង្សារ ចំជាខ្លីមែន រហូតដល់លួចតូចចិត្តដែលគ្មានពេលនៅជាមួយគ្នាបែបនេះ នាង ឃើញមុខ កាំង តេរ៉ា ច្រើនជាង ជីហ៊ុន ទៅទៀត។

«សួស្ដី លោកគ្រូពេទ្យមានអីឬ?»

(កើតអី - សំឡេងដូចមិនចង់ទទួលទូរសព្ទ នៅជាមួយ ជីហ៊ុន ឬ?) តេវ៉ា ដៅបានមិនលំបាក ពេលចាប់អារម្មណ៍ឆ្នើសចិត្តរបស់នាងបាន។

«ជីហ៊ុន ទៅវិញហើយ លោកមានការអីឬ?» តេវ៉ា នៅស្ងៀមមួយដង្ហើម រកមូលហេតុដែលគេទៅរកនាង។

(គឺរឿងដែលអ្នកគ្រូពេទ្យធ្វើ ទៅដល់ណាហើយ...ទាក់ទងស្រីម្នាក់នោះបានហើយនៅ?)

«អី...ខ្ញុំព្យាយាមហើយ តែនាងបិទទូរសព្ទ សំខាន់នាងមិនបានឲ្យលេខ ទូរសព្ទនៅផ្ទះ ចំណែកអាសយដ្ឋានគឺខុនដូដែលនាងខានចូលពីរឆ្នាំហើយ» នាងតបដោយសំឡេងធុញទ្រាន់។

តេវ៉ា អង្គុយមើលពត៌មាន Online ព្រោះការងារច្រើន ទើបគ្មានពេល តាមដានពត៌មានផ្សាយផ្ទាល់ មុខស្រីស្អាត ដែលសំខាន់ជាពួកសង្គមជាន់ខ្ពស់ មានពត៌មានគគ្រឹកគគ្រេងពាក់ព័ន្ធនឹងស្នេហាត្រីកោណ ដលថ្នាក់គិតខ្លីលោត ទឹកសម្លាប់ខ្លួន។

(បើវាមិនធ្វើឲ្យខាតពេលសាសងជាមួយ ជីហ៊ុនជួយចូល Internet មើលពត៌មានកាលពីថ្ងៃទី១៥. វាអាចមានប្រយោជន៍ក្នុងការតាមរកអ្នកជំងឺរបស់អ្នកនាង)

សំឡេងលាយឡំការឌឺដងរបស់ចៅហ្វាយ ធ្វើឲ្យ ដូរីម រឹង.កភ្លាម បបូរ មាត់ខ្សឹបជាប់គ្នាដោយការមិនពេញចិត្ត នាងដឹងថា តេវ៉ា បញ្ឈឺដែលនាងតាម រកអ្នកជំងឺម្នាក់នោះមិនឃើញ ទោះវាជាកំហុសរបស់នាងក៏ដោយ តែគេក៏គួរតែ ដឹងថាគ្មានចេតនាឲ្យហេតុការណ៍នោះកើតឡើយ។

«ចាំ លោកគ្រូពេទ្យ មួយសន្ទុះទៀតខ្ញុំនឹងមើល» នាងតបដោយសំឡេង រឹងៗ ប្រាប់ឲ្យដឹងពីការមិនពេញចិត្ត។

(ម៉េចចាំបាច់មួយសន្ទុះទៀត ឬចង់ទៅសាសងជាមួយនឹង ជីហ៊ុន បន្ត ខ្ញុំថាអ្នកគ្រូពេទ្យគួរយកចិត្តទុកដាក់ចំពោះរឿងនេះឲ្យខ្លាំងនិងព្យាយាមឲ្យពេញ ទំហឹង មិនមែនយកពេលទៅប្រើក្នុងរឿងផ្ទាល់ខ្លួន)

«លោកគ្រូពេទ្យ មិនមែនអ៊ីចឹងទេ ជីហ៊ុន ទៅផ្ទះបាត់ហើយ ខ្ញុំគ្រាន់តែ ហត់នឿយ ចង់ងូតទឹកឲ្យស្រឡះខ្លួនប៉ុណ្ណោះ» ប្រកែកហើយក៏អត់មុខក្រហម មិនបាន ពេលអ្នកម្ខាងទៀតនិយាយដូចមើលឃើញ។

(អ្ហ បើ ជីហ៊ុន មិនទាន់ទៅ អ្នកនាងមុខជាធ្វើដូចដែលថាមែនទេ?)

ដូរីម ទៅនិយាយមិនចេញពេលលោកគ្រូពេទ្យថាបែបនេះ កំហឹង ដែលអ្នកកំលោះមករញ៉េរញ៉ែជ្រុលពេក ធ្វើឲ្យនាងតវ៉ាគេដោយអចេតនា។

«បើខ្ញុំធ្វើដូចដែលលោកថា ក៏វាមិនខុសដែរព្រោះយើងជាសង្សារនឹងគ្នា សំខាន់ពេលនេះក៏មិនមែនម៉ោងធ្វើការ សូមលោកជួយយល់ផង ប៉ុណ្ណឹងចុះ លាហើយ»

បន្ទាប់ពីដាក់ទូរសព្ទចុះ ដូរឹម ក៏ទម្លាក់ខ្លួនអង្គុយលើពូក ទាំងសម ចិត្តទាំងសោកស្ដាយខ្លាចតវ៉ាខឹងតែក៏ជួយមិនបានក្នុងពេលដែលគេមករំខាន ធ្វើឲ្យនាងខឹងមុន។ និយាយទៅ ក៏អត់សង្ស័យមិនបានថាហេតុអ្វី កាំង តៃវ៉ា ចូលចិត្តឌឺដង ឬមិនអ៊ីចឹងធ្វើមិនពេញចិត្តដាក់ជាប្រចាំពេលនាងនៅជាមួយ ជីហ៊ុនទាំងដែលជាសង្សារនាងសោះ ដែលវាក៏មិនមែនជារឿងប្លែកដែលដែលវាក៏មិនមែនជារឿងប្លែកដែលគូស្នេហ៍សាសងគ្នា ប៉ុន្តែគេបែរជាធ្វើដូចនាងនិង ជីហ៊ុន ធ្វើរឿងខុសឆ្គងយ៉ាង អ៊ីចឹង។

ដូរីម ទុកគំនិតទាំងអស់ចោល ហើយដើរទៅចាក់សោទ្វារ។ ថ្ងៃនេះនាង ហត់នឿយពេញមួយថ្ងៃ សុំងូតទឹក សម្រាកយកកម្លាំងសិន ស្អែកជាថ្ងៃឈប់ សម្រាក ចាំតាមរកអ្នកជំងឺក៏មិនយឺតពេល។

(រូបតំណាង)

រាងខ្ពស់ស្រឡះរបស់ ជីហ៊ុន ឈរមើលភូមិគ្រឹះដ៏ស្កឹមស្កៃពណ៌គ្រីម ដោយចិត្តរារែក។ គេគិតត្រូវហើយឬដែលព្រមមកធ្វើជាអង្គរក្សឲ្យស្រីរោគចិត្ត តែបើសុំដកខ្លួនពេលនេះក៏យឺតពេលទៅហើយ ព្រោះបើបដិសេធ មានសង្ឃឹម ថានឹងត្រូវផ្អាកការងារនិងអាចត្រូវផ្ទេរទៅតាមខេត្តនៅជាយដែនមិនខាន យ៉ាង ណាសាកមើលមួយទឹកទៅចុះ បើទៅមិនរួចមែន ចាំនិយាយគ្នាពេលក្រោយ។

«លោកប៉ូលិស...អ្នកនាងឲ្យអញ្ជើញលោកទៅចាំនៅបន្ទប់ទទួលភ្ញៀវ»

ជីហ៊ុន ងាកទៅមើលស្រីបម្រើរាងទាបធាត់ ដែលដើរនាំមុខចូលបន្ទប់ ទទួលភ្ញៀវ។ អ្នកកំលោះដើរទៅអង្គុយលើសាឡុងស្អាតនៅកណ្តាលបន្ទប់ ក្នុង បន្ទប់នេះមានរបស់តុបតែងច្រើន ថូបុរាណជាច្រើនដែលអ្នកមានចូលចិត្តសន្សំ ផ្ទះរបស់គេក៏មាន ដែលគេមិននិយមរបស់ទាំងនោះ ទើបងាកមកចាប់អារម្មណ៍ ទស្សនាវដ្ដីដែលនៅចំពោះមុខ។

ពេលវេលាកន្លងផុតទៅយូរសមគួរ មិនឃើញថា ហេយ្យ មកដល់ ធ្វើឲ្យគេធុញថប់នឹងការអង្គុយចាំហើយ។

អ្នកកំលោះងើបឈរ គិតថាចេញទៅសម្រួលសរសៃសសូងនិងដើម្បីពន្លត់កំហឹងដែលកំពុងឆេះក្នុងអារម្មណ៍ តែរាងខ្ពស់ស្ដើងក្នុងឈុតអាវអត់ដៃ ស្ដើងនិងខោខ្លីពណ៌ស បង្អួតជើងវែងស្រឡូនស្អាតក៏ដើរមកដល់ កាយវិការ សប្បាយចិត្ត ប្រាសចាកអារម្មណ៍ដឹងខុសដែលឲ្យគេរង់ចាំយូរ។ ជីហ៊ុន មើល ការតែងខ្លួនរបស់នាងក្រមុំ ហើយក៏អត់សរសើរភាពសក្ដិសមនៃរាងរៅមិនបាន ថាសិចស៊ី បបួលឲ្យមើល។

«ខ្ញុំរួចរាល់ហើយ តោះទៅ»

មិនត្រឹមតែនិយាយទេ នាងនៅបោះកូនសោឡានឲ្យអ្នកកំលោះទៀត។ ជីហ៊ុន មើលកូនសោដែលចាប់បានទាំងម៉ងមាំង តែក៏ដើរតាមរាងស្ដើងដែល ដើរគ្រវីគូថទៅរកឡានស្ព័រ។តាមរយៈរូបភាពដែលឃើញមិនឃើញថានាងក្រមុំ ចាំបាច់អីត្រូវមានអង្គរក្សដើរតាមត្រុកៗ។ នាងគិតតែដើរផ្សារ មើលកុន ញុំាបាយ ហាក់ដូចចេញមកដើរលេងតាមប្រភេទគូស្នេហ៍ ព្រោះនាងឲ្យគេចាប់ដៃដើរគ្រប់ ពេលវេលា វាជារឿងល្អ បើគេនិងនាងស្រលាញ់គ្នា ជាសង្សារនឹងគ្នា តែនេះ មិនមែន បើអ្នកស្គាល់គ្នាមកឃើញអាចមានការយល់ច្រឡំបានងាយ។

អ្នកកំលោះទាញទ្វារបិទមួយទំហឹងដោយការមួម៉ៅ ដែល ហេឃ្យូយក ពេលវេលារដ្ឋដ៏មានតម្លៃរបស់ខ្លួនមកចំណាយលើការយាមកាមនាង ដើម្បីធ្វើ រឿងគ្មានប្រយោជន៍បែបនេះ។

«ខ្ញុំសួរតាមត្រង់ អ្នកនាងមានក្តីសុខខ្លាំងទេ?» ហេឃ្យូ ងាកមកមើល ហើយពើងទ្រូងតប។

«ខ្ញុំទៅវិញទេដែលត្រូវសួរលោក ថាមានក្ដីសុខមែនទេ ដែលបានបណ្ដើរស្រីស្អាតដូចខ្ញុំ ឲ្យគេឯងច្រណែនលេង» .

«ឲ្យវាល្មមៗទៅ សង្សារក្លែងក្លាយបែបនេះ ខ្ញុំមិនទទួល» អ្នកកំលោះ ត្បកវិញ។

«អ៊ែៗ មិនបាច់បន្លប់អារម្មណ៍ក៏បាន សរុបទៅខ្ញុំទទួលដឹងអារម្មណ៍នៅ ពេលនេះរបស់លោកទៅចុះថាមានក្តីសុខ»

ជីហ៊ុន ដកដង្ហើមធំ ដៃក្ដាប់ចង្កូតឡានណែនដោយអារម្មណ៍តឹងណែន ពេញដើមទ្រូង ដែលនាងក្រមុំរឹងក្បាលចង់យកឈ្នះគេ បើគេទ្រាំមិនបាន អាច សុំផ្ទេរទៅនៅជាប់ជាយដែនកូរ៉េខាងជើងល្អជាង។

«ហើយ! អ្នកនាងដឹងទេថាគ្រប់នាទីដែលចំណាយទៅលើរឿងគ្មានប្រយោជន៍របស់អ្នកនាង ខ្ញុំអាចធ្វើរឿងមានប្រយោជន៍ជូនប្រជាជនបានច្រើនណាស់ ហើយខ្ញុំក៏មិនបាច់ទ្រាំទៀតដែរ»

«តែយ៉ាងណាក៏លោកត្រូវទ្រាំ...ព្រោះលោកជាអ្នកបង្ករឿង» ហេឃ្យូ និយាយ ព្រមទាំងបាញ់ខ្សែភ្នែកផ្លេកៗដាក់បែបមនុស្សទំនើង។

ជីហ៊ុន បានតែដកដង្ហើមធំ នឿយណាយនឹងការចោទប្រកាន់របស់ស្រីរោគចិត្ត។

«ងាប់ហើយព្រះនាងផ្កាឈូក ព្រះនាងសោយស្មៅជំនួសបាយឬយ៉ាង ម៉េច បានជានិយាយមិនចេះស្តាប់គ្នា»

«នែ! ជ្រុលពេកហើយ បើនៅតែប្រមាថខ្ញុំបែបនេះទៀត ខ្ញុំប្តឹងលោកពូ ស្នងការរងហើយ»

«អញ្ជើញ តាមសប្បាយ ចង់ធ្វើអីក៏អញ្ជើញ» ការផ្ចាញ់ផ្ចាលរបស់អ្នកកំលោះ ធ្វើឲ្យនាងចង់ធ្វើបាបកាន់តែខ្លាំង ទើប

ចុចទូរសព្ទទៅស្នងការរង ឆយ ភ្លាម។

«សួស្ដីលោកពូ...ខ្ញុំរំខានលោកពូឬអត់?» ហេឃ្យូ និយាយឲ្យផ្អែមដាក់ ទូរសព្ទ ព្រមទាំងដៀងមើលមុខមាំដែលកំពុងបើកឡាន មើលទៅដូចមិនខ្លាច ធ្វើឲ្យនាងជ្រេញកាន់តែខ្លាំង

«អឺ គឺថា...ខ្ញុំពេញចិត្តនឹងការធ្វើការរបស់លោក មេក្រុម ប៉ែក ណាស់ ទើបខ្ញុំចង់សុំថែមពេលពីមួយខែទៅពីរខែ មិនជ្រាបថា លោកពូអនុញ្ញាតិឬអត់... ...អរគុណលោកពូស្នងការរង»

ងឹត!!!

«វាយ! អាប្រុសឆ្កួត លោកធ្វើស្អីនេះ» នាងក្រមុំផឺតពោះពេល ជីហ៊ុន ឈប់ឡានយ៉ាងទាន់ហន់ សំណាងដែលគេបើកចូលផ្លូវសង្កាត់ផ្ទះរបស់នាង ទើបមិនសូវមានឡាន មិនអ៊ីចឹងអាចមានឧបទ្ទវហេតុបាន។

«អ្នកនាងហ្នឹងហើយធ្វើស្អី ខ្ញុំមិនព្រមដើរតាមអ្នកនាងត្រុកៗដល់ទៅពីរ ខែទេ តេទៅជម្រាបលោកស្នងការរងភ្លាម»

«អត់...ខ្ញុំមិនជម្រាបគាត់ លោកត្រូវធ្វើជាអង្គរក្សឲ្យខ្ញុំពីរខែ ទៅផ្ទះវិញ ខ្ញុំនឿយហើយ» ហេឃ្យញ គំហក មុននឹងបិទភ្នែកជាការបញ្ចប់ការប្រកែកគ្នា។ ជីហ៊ុន បានតែដកដង្ហើមខឺតខតដាក់ភាពមាយារបស់នាងក្រមុំ គេមិន ដឹងថាចាត់ការនាងយ៉ាងម៉េច ព្រោះអ្វីដែលនាងធ្វើនេះជារឿងឆ្កួតឡប់។

(រូបតំណាង)

ជីហ៊ុន ដើរចូលផ្ទះដោយអារម្មណ៍ធុញថប់បំផុត គេគិតមិនចេញពេល ទទួលទូរស័ព្ទពីលោកស្នងការរង ឆយ។ ហេឃ្យូ លេងមួយក្បាច់នេះបានល្អ មែន បើគេមិនព្រមធ្វើជាអង្គរក្សបន្ត នឹងមិនបានការងារចាស់ ដែលសំខាន់ ផែនការចាប់ឈ្មួញថ្នាំញៀនដែលខំរាយអន្ទាក់យូរយារក៏មិនបានសម្រេច។ វា គួរឲ្យឈឺចិត្តណាស់ គេខំចុះទុនទៅលើការងារនេះអស់ច្រើន តែត្រូវអ្នកដទៃ ស្រវាយកទៅស៊ីយ៉ាងស្រួល កាន់តែគិត កាន់តែតានតឹង តែព្យាយាមធ្វើចិត្តឲ្យ សប្បាយព្រោះខ្លាចអ្នកផ្ទះបារម្ភ។

«បងប្រុស មកវិញហើយឬ?»

សំឡេងសោកសៅរបស់ ជីហេ ធ្វើឲ្យគេត្រូវងាកទៅមើលប្អូនស្រីពៅ ដែលចុះស្គមច្រើន។ មួយរយៈក្រោយនេះ ព្រោះតែរវល់នឹងក្តីថ្នាំញៀន ទើបមិន សូវបានជួបក្រុមគ្រួសារ ជាពិសេសប្អូនស្រីដែលត្រូវបង្ខំឲ្យរៀបការជាមួយនឹង បុរសដែលមិនបានស្រលាញ់។

«អ៊ឹម...ឯងស្គមពេកឬអត់ ជីហេ»

ជីហេឈ្ងោកមើលខ្លួនឯងមុននឹងសើចញឹមៗ។ទឹកមុខសោកសៅរបស់ ប្អូនស្រី ធ្វើឲ្យគេអត់បារម្ភមិនបាន។

«បើធាត់ ពាក់រ៉ូបកូនក្រមុំមិនស្អាតទេ»

«សម្រេចថាឯងរៀបការជាមួយ ហូសេ មែនឬ?» ជីហ៊ុន អត់ខ្វល់ជំនួស ប្អូនស្រីមិនបាន ការចាប់ផ្ទឹមនេះ គេមិនធ្លាប់យល់ស្រប។

៊៊៊៊៊៊៊៊៊៊៊៊«មែន ម៉ាក់ត្រូវការបែបនោះ!»

«ចុះ យ៉ុងជេ?»

«បងប្រុសកុំនិយាយពីគេ គេមិនបានស្រលាញ់ខ្ញុំ គេស្រលាញ់ មីយ៉ង អ៊ីចឹងដោះលែងគេទៅ ព្រោះយើងមិនអាចបង្ខំឲ្យអ្នកណាមកស្រលាញ់យើង បាន...ខ្ញុំយល់»

«ចេះគិតដែរតើ តែម៉េចក៏ព្រមឲ្យម៉ាក់ចាប់រៀបការ»

«បងប្រុស...» ជីហេ ធ្វើមុខខ្ពុរពេលបងប្រុសចាក់ចំចំណុច «ខ្ញុំឈប់និយាយជាមួយហើយ»

រាងតូចច្រឡឹងរបស់ស្រីពៅដើរគ្រវីគូថឡើងទៅបន្ទប់របស់ខ្លួន ដោយ អន់ចិត្តនឹងបងប្រុសធំ។

ជីហ៊ុន តាមមើលប្អូនស្រីដោយក្តីស្រលាញ់ ទោះមិនយល់ស្របនឹង មង្គលការនេះក៏ដោយ ការដែល ជីហេ យល់ព្រមបែបនេះ កាន់តែធ្វើម្ដាយរបស់ គេបានចិត្ត តែនិយាយទៅ តាំងពីឪពុកចែកឋាន តំណែងប្រមុខគ្រួសារត្រូវផ្ទេរ ជូនអ្នកស្រី អាន។ ម្តាយរបស់គេធំជានិច្ច ទើបគេគ្មានសិទ្ធិជំទាស់ ទោះមិន យល់ស្របក៏ដោយ។

ហើយ ជីហ៊ុន ក៏នឹកឃើញរឿងរបស់ ជុន មីយ៉ង បាន ទើបស្រែកហៅប្អូនស្រី។

«ជីហេ ឈប់សិន បងមានរឿងចង់សួរបន្តិច» ជីហេ ងាកមកមើលបងប្រុសដោយការសង្ស័យ មុននឹងដើរមករកសាឡុងវិញ។

«មានរឿងអី?»

«រឿង មីយ៉ង ឯងដឹងឬអត់?» ជីហេ ងក់ក្បាលតិចៗ ទទួលដឹង។

«ដឹង ព្រោះ យ៉ុងជេ មករករឿងខ្ញុំដល់ផ្ទះ គេថាខ្ញុំជាអ្នកធ្វើឲ្យសង្សារគេបាត់ខ្លួន»

«ហើយឯងធ្វើឬអត់?» ជីហ៊ុន សួរត្រង់ៗ ព្រមទាំងសង្កេតប្អូនស្រី។

«អត់ទេ ទោះចិត្តខ្ញុំចង់ធ្វើបែបនោះ តែខ្ញុំមិនហ៊ានទេ យ៉ាងណាក៏ មីយ៉ង ធ្លាប់ជាមិត្តសម្លាញ់របស់ខ្ញុំ រឿងដែលកើតឡើង ខ្ញុំមិនបន្ទោសនាងទេ គិតថាព្រះ ជាម្ចាស់កំណត់ឲ្យខ្ញុំបែកពី យ៉ុងជេ ទៅចុះ»

សំឡេងសោកសៅរបស់ប្អូនស្រី ធ្វើឲ្យ ជីហ៊ុន អាណិតនាងកាន់តែខ្លាំង ឃើញថាគេត្រូវនិយាយជាមួយម្តាយពីរឿងនេះហើយ ទោះដឹងថាម្តាយមិនចូល ចិត្ត យ៉ុងជេ ព្រោះជីវភាពគ្រួសារក្រីក្រក៏ដោយនិងទោះ ជីហេ បែកពី យ៉ុងជេ ក៏ដោយ មិនឃើញថាចាំបាច់ដែលបង្ខំកូនស្រីឲ្យរៀបការជាមួយប្រុសផ្សេង វា ជាការបង្ខំចិត្តពេកហើយ ហើយគេក៏ព្រមឲ្យម្ដាយធ្វើបែបនោះចំពោះ ជីហេ ជា ដាច់ខាត។

To be continued......


អត្ថបទដោយ : Yuveakvey-យុវវ័យ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់