
vannak
· 2019-03-19
ពិធីរៀបអាពាហ៍ពិពាហបែបបុរាណត្រូវប្រព្រឹត្តទៅចំនួនបីថ្ងៃ តើគេធ្វើអ្វីខ្លះ?
0
ពិធីរៀបអាពាហ៍ពិពាហបែបបុរាណត្រូវប្រព្រឹត្តទៅចំនួនបីថ្ងៃ តើគេធ្វើអ្វីខ្លះ? ខាងក្រោមនេះលោកអ្នកនឹងបានស្វែងយល់៖
-ថ្ងៃទីមួយហៅថា “ថ្ងៃចូលរោង” ជាថ្ងៃនាំកូនប្រុសចូលរោងផ្កាស្លា ដោយមាតាបិតាកូនប្រុសត្រូវរៀបចំបណ្ណាការមានប្រាំពីរមុខ គឺថង់រង ស្លាដក់ ស្លាកន្សែង ស្លាព្រះពរ នំអន្សម នំគម និងប្រាក់ស្នាប់ទឹកដោះ។ នំអន្សម នំគម តាមលទ្ធិព្រាហ្មគេយល់ថា ជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។
-ថ្ងៃទីពីរហៅថា “ថ្ងៃស៊ីកំណត់”។ ព្រឹកថ្ងៃទីពីរនេះគេត្រូវហែរកូនកំឡោះ ដោយមានភ្លេងលេងកំដរ រៀបពិធីសែនព្រេនដូនតា និងពិធីស៊ីស្លាកដ ស្លាកន្សែង ស្លាថង់រង កំនត់រួមគ្នាតែម្តង។ លុះដល់ពេលរសៀលគេរៀបចំពិធី កាត់សក់កូនស្រីនៅឯផ្ទះការ រីឯកាត់សក់កូនប្រុសនៅឯរោងផ្កាស្លា។ ក៏ប៉ុន្តែ សព្វថ្ងៃគេរៀបពិធីបែបនេះរួមគ្នាតែម្តង។ ដល់វេលាយប់ គេរៀបពិធីបុកល័ក្ខ ធ្វើធ្មេញឲ្យកូនស្រី។ បន្ទាប់មកមានជាវ ឬកាត់ខាន់ស្លាជាប្រាក់សុទ្ធ។ លុះវេលាទៀបភ្លឺ គេឲ្យស្រី្តបីនាក់ដែលមានគូរស្រករកបនឹងគ្នារៀបដោត ផ្កាស្លាដោយយលខ្ពរស្លាដែលដាក់សូត្រមន្តពីថ្ងៃរសៀលមកដោតជាបីដុំ គឺ៖ ផ្កាស្លាទីមួយត្រូវដោយស្លា២១ផ្លែ ម្លូរ២១សន្លឹក គេហៅថា “ផ្កាស្លាច្បង”។ ផ្កាស្លាទី២ត្រូវដោតស្លា១២ផ្លែ ម្លូរ១២សន្លឹក ហៅថា “ផ្កាស្លាកណ្តាល”។ រីឯផ្កាស្លាទីបី ដោតស្លា៦ផ្លែ ម្លូរ៦សន្លឹក ហៅថា “ផ្កាស្លាពៅ”។
-ថ្ងៃទីបីហៅថា “ថ្ងៃសំពះផ្ទឹម” ដែលត្រូវប្រារព្ធនៅវេលាភ្លឺស្រាងៗដោយ អាចារ្យនាំកូនកម្លោះថ្វាយបង្គំរានទេវតា នឹងអង្គុយបែរមុខទៅទិសខាងកើត រង់ចាំពេលាល្អ។ លុះព្រះអាទិត្យរះ អាចារ្យវាយឃ្មោះបីដង រីឯកូនកម្លោះក៏ត្រូវ ក្រាបកង្គំព្រះអាទិត្យចំនួនបីដងដែរ។ បន្ទាប់មកអាចារ្យកាន់ដាវ បើកផ្លូវដង្ហែរ កូនកម្លោះទៅសំពះផ្កាស្លាលើផ្ទះការដោយមានអ្នកមហាបីនាក់ កាន់គ្រឿង រណ្តាប់ នឹងមានភ្លេងលេងភ្លេងកំដរហែរកូនកម្លោះដល់មាត់ជណ្តើរ ហើយ មានគេវាយឃ្មោះបីដងជាសញ្ញាអនុញ្ញាត្តិឲ្យឡើងបាន ដោយមានជំនិតខាង កូនស្រីកាន់ទឹកមួយផ្តិលមកលាងជើងឲ្យកូនកម្លោះ ព្រមទាំងជូនស្លាមួយម៉ាត់ ទៀតផង។ ក្នុងពេលផ្ទឹមកូនប្រុសត្រូវអង្គុយបែរមុខទៅខាងកើត ដែលនៅចំ ពីមុខមានពានផ្កាស្លា ពានទៀនពេលវេលា តៀបពីរដាក់បាយខុន ក្បាលជ្រូកមួយ ឬមាន់ស្ងោរមួយ នំអន្សម នំគម។ បន្ទាប់មកត្រូវមានស្រីម្នាក់ អុជទៀនបិទនៅរង ហើយកាន់រងនោះចូលទៅអញ្ជើញកូនស្រីមកផ្ទឹម។ ចម្រៀងបើកវាំងននក៏ចាប់ផ្តើម។ កូនក្រមុំអង្គុយកាបផ្ទឹមជិតកូនកម្លោះខាង ឆ្វេង ដែលតម្រូវឲ្យយកដាវ ឬអកកំបោរ និងប្រណាក ដាក់លើម្រាមដៃកូន ប្រុសស្រីទាំងពីរ។ បន្ទាប់ពីនោះ ពិធីបង្វិលពពិលក៏ចាប់ផ្តើម។ ពិធីឲ្យពរផ្កា ស្លា មេបាចងដៃកូនប្រុសស្រី ត្រូវបន្តរ បន្ទាប់ពីចប់ពិធីបង្វិលពពិល។ បន្ទាប់មក កូនកម្លោះតោងស្បៃកូនក្រមុំចូលបន្ទប់។ កូនក្រមុំត្រូវជូនស្លាម្លូរ ឬអុជបារីឲ្យកូនកម្លោះជក់ រួចហើយគេត្រូវទៅអង្គុយកណ្តាលទីប្រជុំដើម្បី ប្រាព្ធពិធីរាំ “កាន់ដាវសារកន្ទេល”។ លុះចប់ពិធីនោះមក កូនកម្លោះក្រមុំចេញ ទៅបម្រើភ្ញៀវលៀងភោជនាហារ។ ដល់វេលាយប់គេត្រូវឲ្យស្ត្រីចំណាស់ពីររូប រៀបចំពិធីផ្សំដំណេក ដោយមានដាក់គ្រឿងហូបជាចំអាបមួយថាស បង្អែម មួយថាស បាយសី ដូងខ្ចី នឹងបន្ទាប់ពីអុជធូបសែនដូនតាហើយ គេបញ្ចុកទឹក ដូងខ្ចីដល់កូនកម្លោះកូនក្រមុំ បីស្លាព្រាម្នាក់ ហើយទើបឲ្យកូនកម្លោះកូនក្រមុំ បញ្ចុកគ្នាទៅវិញទៅមក ជានិមិត្តរូបនៃការស្រឡាញ់ ថែរក្សាគ្នាទៅវិញទៅមក អស់មួយជីវិត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់