
Narin Official
· 2023-04-21
សារព័ត៌មាន Nordic៖ រុស្ស៊ីប្រើនាវាជាច្រើនគ្រឿង ដើម្បីស៊ើបការណ៍សម្ងាត់នៅតំបន់អឺរ៉ុបខាងជើង
#ព័ត៌មាន# #រុស្ស៊ី# #តំបន់អឺរ៉ុបខាងជើង# #ព័ត៍មានអន្តរជាតិ#
2433
រុស្ស៊ី បានប្រើមធ្យោបាយស៊ើបយកការណ៍ នៅតាមសមុទ្រអឺរ៉ុប គឺទម្លាយចេញពី បណ្តាញព័ត៌មាននៃប្រទេសនៅតំបន់អឺរ៉ុបខាងជើង ដែលបានធ្វើខ្សែភាពយន្តឯកសារស៊ើបអង្កេត និងចាក់ផ្សាយព្រមៗគ្នា នៅតាមកញ្ចក់ទូរទស្សន៍ជាតិ ន័រវែស្ស ដាណឺម៉ាក់ ស៊ុយអែត និង ហ្វាំងឡង់។ ឯកសារកុនស៊ើបអង្កេតនេះ មានចំណងជើងថា «សង្គ្រាមងងឹត»។ នេះបើយោងតាមសារព័ត៌មាន Nordic។

រូបភាពតំណាង៖ នាវារុស្ស៊ី ឈ្មោះ Admiral Vladimirsky ថតកាលពីឆ្នាំ២០២០។ AP - Alexei Druzhinin
នៅក្នុងនោះ អ្នកកាសែតស៊ើបអង្កេត បានសម្ភាសនិងស្រង់សម្តីពីតំណាងអ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ីប្រចាំនៅតំបន់ប្រទេសអឺរ៉ុបខាងជើងទៀតផង និងបានឲ្យដឹងថា នាវារុស្ស៊ីមួយឈ្មោះ Amiral Vladimirsky ដែលជានាវាសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រផ្លូវសមុទ្រ តែបែរជាត្រូវរដ្ឋអំណាចរុស្ស៊ី ប្រើសម្រាប់ស៊ើបអង្កេតស៊ើបការណ៍សម្ងាត់ទៅវិញ។ នៅពេលអ្នកព័ត៌មានចុះស៊ើបអង្កេតចំពោះនាវា Vladimirsky គឺគេឃើញថា មានទាហានប្រដាប់អាវុធ ២នាក់ បានទៅប្រាប់គ្នីគ្នាលើនាវា ថាពួកគេត្រូវគេតាមដានហើយ។
មិនតែប៉ុណ្ណោះ បើតាមភាពយន្តឯកសាររបស់ទូរទស្សន៍រដ្ឋអឺរ៉ុបខាងជើង រុស្ស៊ី ក៏បានប្រើមធ្យោបាយផ្លូវទឹក ទាំងធំទាំងតូច រាប់ចាប់តាំងពីទូកនេសាទ កប៉ាល់ដឹកទំនិញ ទូកជិះលំហែផង ដែលមានបំពាក់ឧបករណ៍ស៊ើបការណ៍ និងប្រព័ន្ធទាក់ទង ហើយនិងប្រព័ន្ធចាប់សំឡេងយកការណ៍សម្ងាត់។ បើតាមប្រភពព័ត៌មានដដែល នៅប្រទេសស៊ុយអែត នារយៈពេល៥ឆ្នាំចុងក្រោយ នាវារុស្ស៊ី ប្រមាណ ២៧គ្រឿង បានលួចយកការណ៍។ ហើយនៅប្រទេសន័រវែស្ស រយៈពេល១០ឆ្នាំចុងក្រោយនេះ យ៉ាងហោច ទូករុស្ស៊ី មិនតិចជាង ៥០គ្រឿងទេ ដែលលួចស៊ើបការណ៍សម្ងាត់នៅសមុទ្រន័រវែស្ស។
ផ្ទុយទៅថ្នាក់ដឹកនាំរុស្ស៊ីបានច្រានចោលការចោទប្រកាន់ទាំងអស់នេះ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitri Peskov ចាត់ទុកថា «ដំណឹងនេះ មិនពិតទេ ហើយថា ការចោទប្រកាន់របស់ពួកបស្ចិមលោកគឺគ្មានមូលដ្ឋានអ្វីសោះ»។ អ្នកនាំពាក្យរុស្ស៊ី ក៏ស្នើឲ្យបស្ចិមលោក គួរតែផ្តោតការយកចិត្តទុកដាក់ និងស៊ើបអង្កេតផង ពីការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង របស់ក្រុមហ៊ុនរុស្ស៊ី Nord Stream ដែលខូចខាតកាលពីខែកញ្ញាកន្លងទៅ៕
ប្រភព៖https://apnews.com/article/russia-baltic-sea-ships-spying-investigation-07346b954b6de12f03aebd7c9b9ad95e
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
លេខកូដណែនាំ 28354611
· 2023-04-21
អេម
- 1
ទៅកាន់