Kimsan

· 2019-03-24

ដើមស្វាយប៉ាកអាយុជាង២០០ឆ្នាំ ត្រូវបានឈ្មួញវៀតណាមដឹកទាំងយប់ ដោយគ្មានអាជ្ញាធរណាម្នាក់ដឹង

0

ហេតុការណ៍ឈ្មួញយកអេស្កាវ៉ាទ័រ២គ្រឿង មកស្ទូចដើមស្វាយប៉ាកមានតម្លៃរាប់ម៉ឺនដុល្លារ លើកដាក់លើរថយន្តដឹកឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរំភើយនេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមលោកតាចាស់ព្រឹទ្ធាចារ្យ អាយុ៨២ឆ្នាំ រស់នៅភូមិក្រូច ឃុំជ្រុងពពេល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមឈ្មួញបាននាំគ្នាមកគាស់រំលើងដើមស្វាយប៉ាកមួយដើមនេះ ដែលមានទំហំប៉ុនកង់រទេះ កម្ពស់ជាង២០ម៉ែត្រ មានបែលមែកសាខាត្រឈឹងត្រឈៃ ហើយវាជាដើមស្វាយដ៏កម្រដែលអាចនឹងបាត់ផុតពូជ ពីក្នុងស្រុកខ្មែរទៅហើយ ។ ដើមស្វាយនេះមានអាយុជាង២០០ឆ្នាំ ព្រោះតាំងពីគាត់កើតមក ឃើញស្វាយនេះធំប៉ុនកង់រទេះទៅហើយ។

លោកតាបានបន្ដថា នៅក្នុងភូមិគាត់នេះ មានដើមស្វាយប៉ាកនេះ ចំនួន២ដើម ប៉ុន្តែនៅអំឡុងឆ្នាំ១៩៩៧ រន្ទះបានបាញ់ងាប់អស់មួយដើម ដែលនៅចម្ងាយពីគ្នាប្រមាណ២០ម៉ែត្រ ហើយនៅសល់មួយដើមនេះចេញផ្លែរាល់ឆ្នាំ ទុំជ្រុះក្រាលពេញដី។ ផ្លែស្វាយប៉ាកនេះ មានរាងសំប៉ែត ធំជាងស្វាយខ្លាំបន្តិច ផ្លែខ្ចីមានរសជាតិជូរអាចយកមកហូបឬសាប់ដាក់ទឹកត្រីហូបបាន។ ពេលទុំមានក្លិនក្រអូប ហើយរសជាតិផ្អែម ក៏ប៉ុន្តែពេលហូបទៅរមាស់កបន្តិច។

លោកតា បានបន្ដថា បន្ទាប់ពីឈ្មួញវៀតណាម គាស់យកទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋមានការសោកស្តាយយ៉ាងខ្លាំងណាស់ ព្រោះដើមស្វាយប៉ាកនេះធ្លាប់ផ្តល់ម្លប់ត្រជាក់ត្រឈឹងត្រឈៃ សម្រាប់មនុស្ស សត្វ ជ្រក។ ដើមស្វាយប៉ាកយក្ស១ដើមនេះ ក្រោយពីមានការគាស់រំលើងគល់ហើយនោះ អ្នកភូមិ បាននាំគ្នារារាំងជាបន្តបន្ទាប់នៅថ្ងៃទី១៨ ខែមីនា ។ លុះមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នា២០១៩ វេលាម៉ោង៦ល្ងាច អ្នកបានមករារាំងម្ដងទៀត ខណៈឈ្មួញយកអេស្កាវ៉ាទ័របម្រុងលើកដាក់លើរថយន្ត។ រហូតមកដល់ថ្ងៃទី២០ ខែមីនា ពេលក្រុមឈ្មួញកំពុងរត់ការខ្វែងដៃខ្វែងជើង និងត្រៀមអេស្កាវ៉ាទ័រចំនួន២គ្រឿងសម្រាប់លើកដាក់លើរថយន្ត និងដឹកចេញទាំយប់។

ទាក់ទិននឹងករណីខាងលើនេះ លោក សុក ខារ៉ាម អភិបាលស្រុករំដួល មានប្រសាសន៍ថា លោកបានឲ្យសមត្ថកិច្ចនគរបាលចុះហាមឃាត់ហើយ បើគ្មានច្បាប់ពីមេព្រៃ និងច្បាប់អនុញ្ញាតពីថ្នាក់លើ គឺមិនអនុញ្ញាតឲ្យដឹកចេញឡើយ។ ផ្ទុយទៅវិញ ដើមស្វាយមួយដើមនេះនៅតែឈ្មួញដឹកទៅវៀតណាមបានដោយរលួនដដែល។

សូមរំឭកថា កាលពីព្រឹកថ្ងៃទី២០ ខែមីនា កន្លងទៅ នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង អ្នកភូមិបានស្វះស្វែងរកការសង្គ្រោះដើមស្វាយប៉ាកនេះ និងបានរារាំង២លើកមិនឱ្យក្រុមឈ្មួញស្ទូចដឹកចេញ តែការរារាំងមិនមានប្រសិទ្ធភាព ដោយសារមន្ត្រីខិលខូចឃុបឃិតគ្នាជាមួយឈ្មួញ នាំដើមស្វាយប៉ាកនេះចេញទៅប្រទេសវៀតណាមគួរឲ្យស្តាយ៕ ដោយមិន ភក្ដី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស