បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-12-11

ជប៉ុន បានដាក់វិយោគទុននៅកម្ពុជា រយៈពេល ២៥ឆ្នាំចុងក្រោយនេះចំនួនជាង ២,៥ពាន់លានដុល្លា

#ប្រទេសកម្ពុជា# #ប្រទេសជប៉ុន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ការវិនិយោគទុន# #ពិព័រណ៍ទេសចរណ៍ជប៉ុន#

7295

ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល ២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុនជប៉ុន នៅកម្ពុជា បានកើនឡើងដល់ចំនួនជាង ២,៥ពាន់លានដុល្លា ស្មើនឹង ១៣៧គម្រោង ក្នុងនោះភាគីជប៉ុនបានដាក់ទុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១៨០០លានដុល្លា ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករជប៉ុនរហូតដល់ ១,៧០០នាក់។

ជាក់ស្តែង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ មិត្តជប៉ុន បានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២,៨ពាន់លានដុល្លា ស្មើនឹងប្រមាណ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្តម គុជ បញ្ញាសា ជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៥ នេះ យើងនឹងអាចផ្សព្វផ្សាយបានកាន់តែទូលាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ ប្រពៃណីរបស់ជប៉ុន ហើយក៏ជាការចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជា សម្រាប់វិស័យទេសចរណ៍ជប៉ុន។

អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅ ក្នុងការបង្កើនចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុន ដល់ ៦០លាននាក់ ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ហើយបាននឹងកំពុងផ្តោតលើការធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុក មានភាពរស់រវើកឡើងវិញ ដោយបញ្ចូលតម្រូវការដំណើរកម្សាន្តនៅក្នុងស្រុក ទៅក្នុងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ថ្មីៗនេះចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសជប៉ុន ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាកំពុងមានការកើនឡើង។

លោកបានបន្ថែមទៀតថា នៅក្នុងពិព័រណ៍ទេសចរណ៍ជប៉ុននេះ បន្ថែមពីលើខិតប័ណ្ណដែលមានព័ត៌មានអំពីគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសជប៉ុន យើងក៏បានរៀបចំដើម្បីចែកជូនសៀវភៅមគ្គុទេសក៍ទេសចរណ៍ផ្លូវការរបស់ប្រទេសជប៉ុនជាភាសាខ្មែជាលើកដំបូងផងដែរ។

ឯកឧត្តម សង្ឃឹមថា អ្នកនឹងអានវា និងស្វែងយល់ពីភាពទាក់ទាញរបស់ប្រទេសជប៉ុន ដូច្នេះយើងសង្ឃឹមថា ពិព័រណ៍ទេសចរណ៍ជប៉ុននេះ នឹងក្លាយជាកត្តាជំរុញឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍លើប្រទេសជប៉ុន និងពិចារណាអំពីដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Aheii

· 2023-12-11

😊😊

Kaលេខកូដណែនាំ99798909

· 2023-12-11

👍

  • 1
ទៅកាន់