TNAOT News

· 2024-03-28

អ្នកជំនាញបញ្ជាក់ពីអត្តន័យនៃការលេងជះទឹក និងប៉ាតម្សៅ ដែលយុវវ័យជំនាន់ក្រោយនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

#ពិធីបុណ្យចូលឆ្នាំខ្មែរ# #ការលេងជះទឹក# #NEW NEWS# #សង្គម# #ប៉ាតម្សៅ# #ព័ត៌មានសង្គម#

6884

ការលេងជះទឹក និងប៉ាតម្សៅ ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យជំនាន់ក្រោយតែងតែនិយមលេងនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យមានការលើកឡើងជាសំណួរ ក៏ដូចជាមានការងឿងឆ្ងល់ពីមហាជនមួយចំនួនថា តើការលេងល្បែងមួយនេះជារបស់ខ្មែរ ឬជាលំហូរចូលពីវប្បធម៌បរទេស? 

យោងតាមការគូសបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា «ការលេងជះទឹក និងប៉ាតម្សៅ» ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយថា ទឹកជាគ្រឿងនាំមកនូវសិរីមង្គលទាំងបីប្រការ សម្រាប់ជាមង្គលដល់មនុស្សលោកទាំងពួង «ពេលព្រឹក លាងមុខ», «ពេលថ្ងៃ លាងទ្រូង» និង «ពេលល្ងាច លាងជើង»។   

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបន្តទៀតថា ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីជារៀងរាល់ឆ្នាំ ប្រជាជនក៏មាននូវកិច្ចពិធីស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពុទ្ធបដិមាផងដែរ។ «ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជម្រះ ស្រោចស្រពលើព្រះពុទ្ធបដិមារ ដែលមានចំនួន ២៥អង្គ ដែលត្រូវបានគេយកមកដង្ហែនាពេលនោះ ដែលពិធីស្រង់ព្រះពុទ្ធអង្គនេះបានប្រារព្ធឡើងនៅក្នុងតំបន់នៃប្រាសាទព្រះខ័ន តាមរយៈសិលាចារឹក ដែលព្រឹត្តិការណ៍នេះត្រូវបានពណ៌នាចេញផ្សាយដោយ «កម្ពុជសុរិយា នៃក្រុមជុំនំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា»។   

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបន្ថែមទៀតថា «បើយោងតាមកំណត់ត្រារបស់លោក ចូវ តាក្វាន់ (Zhou Daguan) ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពី ពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរក្នុងឆ្នាំ ១២៩៧ នៃគ.ស ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជម្រះលាងស្រោចស្រពលើព្រះពុទ្ធបដិមារ ដូចនេះបានបញ្ចាក់ឱ្យឃើញថា ពិធីស្រង់ព្រះ និងទំនៀមទម្លាប់លេងជះទឹករបស់កម្ពុជាបច្ចុប្បន្ន ទំនងកើតចេញពីពិធីស្រង់ព្រះអំឡុងថ្ងៃចូលឆ្នាំខ្មែរ តាំងពីសម័យកាលចក្រភពអង្គរមកម៉្លេះ ហើយទំនៀមទម្លាប់នេះ កំពុងរីកសាយមកដល់បច្ចុប្បន្នផងដែរ»៕សម្រួលអត្ថបទដោយ៖ Puthseyha  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស