TNAOT News

· 05-06

ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងរួមចំណែកលើកកម្ពស់អនាម័យបរិស្ថាន និងកាត់បន្ថយជំនន់ទឹកភ្លៀង

#NEW NEWS# #សង្គម# #ប្រព័ន្ធចម្រោះទឹកកខ្វក់# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម#

3480

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាក្រសួងពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

បើតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះត្រូវបែងចែកជា២ផ្នែករួមមាន ១. ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។ ២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

ចំពោះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានតម្លៃកិច្ចសន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។ 

ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ក្រោយពីបញ្ចប់ការសាងសង់ សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀតគម្រោងនេះក៏នឹងជួយជំរុញការវិនិយោគសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាននៅក្នុងតំបន់ជុំវិញនេះផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)