
Ponnleu
· 2019-04-13
កូនខ្មែរគួរដឹង! ប្រវត្តិរូបសង្ខេបបុគ្គល៨រូប ដែលជាវីរបុរសខ្មែរដ៏ល្បីល្បាញបំផុតនៅកម្ពុជា
0
កំពូលប្រវត្តិបុគ្គលដែលល្បីល្បាញចំនួន ៨ រូប ដែលមានប្រវត្តិជូរចត់ និងមានស្នាដៃជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយ តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖
១) ប្រវត្តិលោក គង្គ ប៊ុនឈឿន ជាកវីម្ចាស់ស្ទឹងសង្កែ
កំណើត៖ លោក គង្គ ប៊ុនឈឿន កើតនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣៩ ដែលមានស្រុកកំណើតនៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ ប្រទេសន័រវេស។ លោកមានឪពុកឈ្មោះ គង្គ ឈិន (ស្រុកកំណើតនៅខេត្តតាកែវ) និងម្តាយឈ្មោះ ម៉រ ភឹង (ស្រុកកំណើត ខេត្តបាត់ដំបង)។
ប្រវត្តិការងារ៖ លោកតា គង្គ ប៊ុនឈឿន ធ្លាប់ធ្វើជាអ្នកកាសែត, អ្នកដឹកនាំសម្តែង, អ្នកនិពន្ធពាក្យរាយកាព្យ ចម្រៀង កំណាព្យ, អ្នកនិពន្ធបទភ្លេង, អ្នកគូរគំនូរ, កម្មករសំណង់ និងជាអ្នកលក់សាច់។
លោកតា គង្គ ប៊ុនឈឿន និងភរិយា
ប្រវត្តិសិល្បះ៖ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។ លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។ នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។ លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ។
២) ប្រវត្តិសង្ខេបសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត
កំណើត៖ សម្តេចព្រះមហាសុមេធាធិបតីជួន ណាត ប្រសូតនៅថ្ងៃអង្គារ ទី ១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះបិតានាមជួន ព្រះមាតានាម យក់ ។ គ្រួសារនេះមានបុត្រតែពីរគត់គឺសម្តេច និងឧកញ៉ាសោភណមន្ត្រី ជួន នុត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។
ប្រវត្តិការសិក្សា៖ សម្តេច ជួន ណាត កាលនៅកុមារបានសិក្សាអក្សរ និងលេខដរាបដល់ជន្មាយុ ១៤ ឆ្នាំ បានបួសជាសាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បួសជាសាមណេរនៅវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេច ជួន ណាត បានបួសជាសាមណេរបានពីរឆ្នាំ ហើយបានចូលសិក្សាព្រះបរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញជន្មាយុគ្រប់ ២១ ឆ្នាំ បានទៅសូមបំពេញឧបសម្បទាជាភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។
ប្រវត្តិការងារ៖ សម្តេច ជួន ណាត ធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់ នៅឆ្នាំ ១៩១៩, ឆ្នាំ ១៩២៥ សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយ, ឆ្នាំ១៩២៦ ជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរ និងសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំង-ខ្មែរ នៅក្រុងភ្នំពេញ, ឆ្នាំ១៩២៧ ជាសមាជិកក្រុមជំនុំផ្ទៀងសម្រេចវចនានុក្រមខ្មែរ ហើយបានទទួលធ្វើវចនានុក្រុមតែមួយព្រះអង្គឯងដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ ១ និងភាគ ២, ឆ្នាំ១៩២៧ ជាសមាជិកនៃក្រុមអភិបាលជំនុំផ្តាច់ឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជា, ឆ្នាំ១៩៣០ ជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ, ឆ្នាំ១៩៣០ ជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ, ឆ្នាំ១៩៣២ ជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរ, ឆ្នាំ១៩៣៣ ជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ, ឆ្នាំ១៩៣៤ ជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរ ប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ, ឆ្នាំ១៩៣៥ ជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ, ឆ្នាំ១៩៤២ ជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ (ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត), ឆ្នាំ១៩៤៤ ជាចៅអធិការវត្តឧណ្ណាលោម, ឆ្នាំ១៩៤៥ ជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ, ឆ្នាំ១៩៤៧ ជាអនុប្រធានគណៈកម្មការវប្បធម៌ ផ្នែកអក្សរ (ក) នៃគណៈកម្មការជាតិខាងការសិក្សា, ឆ្នាំ១៩៤៨ ជាប្រធាននៃគណៈកម្មការធម្មវិន័យ ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យ ក្នុងព្រះរាជាណាចក្រ, ឆ្នាំ១៩៦១ រហូតមក សម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តពីសមាគមអ្នកនិពន្ធខ្មែរ ធ្វើជាប្រធាននៃការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមសំឡេងវិទ្យុជាតិរាល់ថ្ងៃសុក្រ, ឆ្នាំ១៩៦៨ ទ្រង់ទទួលព្រះឋានៈជាព្រះប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ, ឆ្នាំ១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ និង១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
គ្រឿងឥស្សរិយយស៖ សម្តេច ជួន ណាត ទទួលបានមេដាយអស្សរឹទ្ធិមុនីសារាភរណ៍នៅឆ្នាំ ១៩១៧, ឆ្នាំ ១៩៣២ មេដាយអស្សរឹទ្ធិព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៣២ មេដាយអស្សរឹទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ, ឆ្នាំ១៩៣៧ មេដាយសេនានៃបណ្ឌិត្យសភា សាធារណរដ្ឋបារាំង, ឆ្នាំ១៩៤២ មេដាយអស្សរឹទ្ធិ ដឺឡាឡេស្យុង ដុណ្ណើរ នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៤៤ មេដាយសេនានៃព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៦២ មេដាយមហាសិរីវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៦៣ មេដាយមហាសិរីវឌ្ឍន៍សុវត្ថារា និងឆ្នាំ១៩៦៩ មេដាយជាតូបការដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។
៣) ប្រវត្តិសង្ខេបលោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ
កំណើត៖ លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ ទីកន្លែងកំនើតនៅស្រុករាម (ជំនាន់នោះ) ក្នុងខេត្តកំពត លោកតាមានកូនប្រុស ៣ នាក់ និងកូនស្រី ៣ នាក់ តែកូនប្រុសស្រីចំនួន ៥ នាក់ កំពុងតែរស់នៅក្នុងប្រទេសបារាំង ខណៈកូនស្រីពៅ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ប្រវត្តិការសិក្សា៖ លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញឆ្នាំ១៩៤៤។ឆ្នាំ១៩៤៦ បានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីសិក្សានៅទីនោះ រយៈពេលមួយឆ្នាំ លោកបានប្ដូរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ បន្ទាប់មកលោកតាបានបន្តសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំណេះដឹង និងទេពកោសល្យដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ប្រវត្តិការងារ៖ លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ជាប្រធានស្ថាបត្យករនៅកម្ពុជាឆ្នាំ១៩៥៦, ឆ្នាំ១៩៦៥-១៩៦៧ ជាព្រឹទ្ធបុរសទី ១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ឆ្នាំ១៩៩៣ ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល។ លោកធ្វើការអោយ UN Human Settlements Program រយៈពេល ១០ឆ្នាំ ហើយលោកតាបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។ នៅឆ្នាំ ២០០២ ធ្វើជាប្រធានអាជ្ញាធរអប្សរា និងធ្វើជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សីហនុ។
៤) ប្រវត្តិសង្ខេបលោក ញ៉ុក ថែម
កំណើត៖ លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។
ប្រវត្តិការសិក្សា៖ លោក ញ៉ុក ថែម មានអាយុប្រមាណ ១០ ឆ្នាំ បានសិក្សាអក្សរសាស្ត្រភាសាជាតិ និង ពុទ្ធសាសនាក្នុងសំណាក់ព្រះគ្រូអាចារ្យ សន ដែលត្រូវជាជីតា នៅនាវត្តពោធិវាល សង្កាត់សង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង។ អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្តពោធិវាល ហើយវ័យ ១៦ វស្សា បន្តមុខវិជ្ជាផ្នែកព្រះពុទ្ធសាសនានៅបាងកក ប្រទេសសៀម ដោយធ្វើដំណើរតាមរទេះគោជាមួយពួកឈ្មួញ។ ប្រមាណជា ១០ ថ្ងៃបានទៅដល់ខេត្តបស្ចឹមបូរី ប្រទេសសៀម បន្ទាប់មកសាមណេរយើងបានចុះកប៉ាល់បន្តដំណើរ រួចឡើងរទេះភ្លើងនៅខែត្រ ប៉ែតរិវ លុះជិតព្រលប់ទើបទៅដល់ទីក្រុងបាងកក ។ ពួកឈ្មួញ បាននាំសាមណេរ ញ៉ុក ថែម ទៅស្នាក់សិក្សានៅក្នុងវត្តព្រះកេតុ នាកុដិលោកគ្រូ មហាយ៉ៅរ៍ ជាព្រះសង្ឃខ្មែរ១អង្គដែលបានគង់នៅស្រុកសៀមយូរឆ្នាំមកហើយ ។ ឆ្នាំ១៩២១ ប្រឡងជាប់ធម្មវិន័យថ្នាក់ត្រី, ឆ្នាំ១៩២៣ ប្រឡងជាប់ធម្មវិន័យថ្នាក់ទោ, ហើយវ័យ ២១ វស្សា ជាភិក្ខុភាវៈក្នុងវត្តព្រះកេតុ, ឆ្នាំ១៩២៩ ប្រឡងជាប់ជាផ្លូវការនូវសញ្ញាបត្រមហាប្រាំប្រយោគ ដែលជាថ្នាក់ខ្ពស់បំផុតផ្នែកភាសាបាលី, ឆ្នាំ១៩៣០ ត្រឡប់មកមាតុប្រទេសវិញហើយបានធ្វើជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិដក និងឆ្នាំ១៩៣៦ បានលាចាកសិក្ខាបទ។
ប្រវត្តិការងារ៖ លោក ញ៉ុក ថែម ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរ និង ផ្នែកពុទ្ធសាសនា, ជាសាស្ត្រាចារ្យភាសាបាលី, អ្នកនិពន្ធជាភាសាខ្មែរ បាលី ថៃ, ជានិពន្ធនាយកទស្សនាវដ្ដី កម្ពុជសុរិយា, តំណាងរបស់នាយិកាពុទ្ធសាសនបណ្ឌិត្យ, ធ្វើការដើម្បីទាមទារយកទឹកដីពីសៀម, ជាសមាជិកក្រុមការទូតឥណ្ឌូចិន, សមាជិក្រុមបកប្រែព្រះត្រៃបិដក, ស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរ, ឆ្នាំ១៩៣៩ ធ្វើជានិពន្ធនាយកទស្សនាវដ្ដី កម្ពុជសុរិយា, ដើមខែកុម្ភៈ ១៩៣៩ ធ្វើជាព្រះរាជតំណាងសម្តេចព្រះរាជអយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យកម្ពុជា, ឆ្នាំ១៩៤៣ ជាតំណាងរបស់អគ្គលេខាធិការពុទ្ធសាសនបណ្ឌិត, ឆ្នាំ១៩៤៥ ជាអ្នកការទូតសហភាពឥណ្ឌូចិន បារាំងសេសនៅព្រៃនគរ និងជាអ្នកបកប្រែភាសាថៃ-បារាំង-ខ្មែរ ក្នុងវិទ្យុនៃក្រុងនោះ ដើម្បីទាមទាដែនដីបាត់ដំបង និង សៀមរាប ពីសៀមមកឱ្យខ្មែរវិញ, ឆ្នាំ១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ និង បង្រៀននៅវិទ្យាល័យស៊ីសុវត្ថិ, ខែមករា ១៩៤៧ ជាសមាជិក្រុមជំនុំក្រុមវប្បធម៌, ឆ្នាំ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជាសាស្ត្រាចារ្យ, ឆ្នាំ១៩៥៧ ជាសាស្ត្រាចារ្យឧត្តមកិត្តិយសនៃវិទ្យាស្ថានគរុកោសល្យ ក្នុងមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ ព្រមទាំងពុទ្ធិកមហាវិទ្យាល័យ, ឆ្នាំ១៩៥៦ ជាស្ថាបនិកមួយរូប នៃសមាគមអ្នកនិពន្ធខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)។
៥) ប្រវត្តិសង្ខេបលោកបណ្ឌិត កេង វ៉ាន់សាក់
កំណើត៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ និងស្លាប់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ដោយសារជំងឺទឹកចូលសួត។ លោកបណ្ឌិត កើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមា្តយឈ្មោះ ហម អ្នក ជាអ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ។
ប្រវត្តិនយោបាយ៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានធ្វើសកម្មភាពផ្សេងៗក្នុងឆាកនយោបាយ និងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់ដល់ក្រុមគ្រួសារ និងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ ៣០ ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។ នៅអាយុ ៣៧ ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។ លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជា គឺជា បុគ្គលិកសិក្សាលេខរៀងទី ១ ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។ ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។ ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និងភាពដែលអាចធ្វើទៅបានតាមការគួរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
៦) ប្រវត្តិសង្ខេបលោកតា ក្រម ង៉ុយ
កំណើត៖ លោកតា ក្រម ង៉ុយ កើតនៅឆ្នាំ ១៨៦៥ ភូមិអណ្តូងស្វាយ ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបង់បាត់ជីវិតនៅឆ្នាំ ១៩៣៦ ដោយសារជំងឺទាល់លាមក។ លោកតា ក្រម ង៉ុយ បានរៀនការជាមួយលោកស្រី អ៊ិន ដោយទទួលបានកូនប្រុសចំនួន ៦ នាក់ ដែលមានឈ្មោះ ដូង, ចិន, ចា, ចេង, ចុង និង ចេវ។ លោកតា ក្រម ង៉ុយ មានឪពុកឈ្មោះ អ៊ុក ជាមេឃុំកំបូលដែលមានគោរម្យងារជាចៅពញា ធម្មធារា និងម្តាយឈ្មោះ អៀង។
ប្រវត្តិការសិក្សា៖ វ័យកុមារ បានរៀនលេខនព្វន្តអក្សរសាស្រ្តនៅវត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ហើយនៅអាយុ ២១ ឆ្នាំ លោកតាបានបំពេញឧបសម្បទាជាភិក្ខុ ដោយបានរៀនធម៌អាថ៌ និងរៀនប្រែ ព្រះត្រៃបីដកនៅវត្តបឹងចករយៈពេល ០៥ ឆ្នាំ។
ប្រវត្តិការងារ៖ បួសជាភិក្ខុបាន ៥ ឆ្នាំ បានលាចាកសិក្ខាបទ មកជួយធ្វើការឪពុក ងារជាក្រុមផង និងជាស្មៀនផង បន្ទាប់មកលោកតាបានលាឈប់ពីរាជការ ហើយរស់នៅជាកសិករធម្មតា។ លោកតា ជាអ្នកច្រៀងខ្សែដៀវ និងអ្នកទេសនាដ៏ល្បីល្បាញ ព្រមទាំងបានចូលបម្រើក្រុមភ្លេងព្រះបរមរាជវំាង ងារជា “ង៉ុយ ឬក្រមង៉ុយ”។
៧) ប្រវត្តិសង្ខេបព្រះអាចារ្យហែម ចៀវ ជាវីរបុរសជាតិខ្មែរ
កំណើត៖ ព្រះអាចារ្យហែម ចៀវ ប្រសូត្រនៅថ្ងៃឆ្នាំ ១៨៩៨-១៩៤៣ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) ឃុំដំបូកមានលក្សណ៍ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ព្រះអាចារ្យ ហែម ចៀវ ឪពុកឈ្មោះ ហែម ជាមេស្រុកដំបូកមានលក្ខណ៍ និងម្តាយឈ្មោះ ទីវ។
ប្រវត្តិការសិក្សា៖ ព្រះអាចារ្យហែម ចៀវ កាលពីអាយុ ១២ ឆ្នាំ បានរៀនសូត្រអក្សរសាស្ត្រខ្មែរជាមួយព្រះសង្ឃសត្ថា ជួន ណាត វត្តឧណ្ណាលោម, បានបួសជាសាមណេរ ក្នុងអាយុ ១៦ ឆ្នាំ, បានបំពេញជាឧបសម្បទាជា ភិក្ខុភាវៈ ក្នុងវត្តលង្កា នៅពេលអាយុ ២០ ឆ្នាំ, បានចូលរៀន សាលាបាលីជាន់ខ្ពស់ រយៈពេល ៧ ឆ្នាំ, បានប្រលងជាប់យកសញ្ញាបត្រឌីប្លូម សាលាបាលីជាន់ខ្ពស់ ជាប់លេខ ៦ ខាងភាសាបាលី។
ប្រវត្តិការសិក្សា និងនយោបាយ៖ ព្រះអាចារ្យហែម ចៀវ បានបង្រៀនអក្សរសាស្រ្តខ្មែរ នៅខេត្តកំពត នៅឆ្នាំ ១៩២៧ ដោយបង្រៀនរយៈពេល ៦ ឆ្នាំ, ជាសាស្រ្តាចារ្យ នៅសាលាបាលីជាន់ខ្ពស់, តែងតែទេសនាបញ្ចេញគំនិតបដិវត្តន៍ មានទាំងទេសនានៅបន្ទាយទាហានខ្មែរ ឲ្យភ្ញា់ក់រលឹក, និមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំធ្វើការឧបត្ថម្ភពីប្រជារាស្រ្តគ្រប់មធ្យោបាយ ទាំងផ្លូវចិត្ត និងផ្លូវសម្ភារៈ, លោក ទា សាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និធម្មការ បានឲ្យ លោក ជុំ មួង (លេខារបស់លោក ទា សាន) ទៅនិមន្ត ភិក្ខុ ហែម ចៀវ។ តែពេលនិមន្តមកដល់ លោក ទា សាន បានបញ្ជាឲ្យផ្លាស់ស្បង់ចីពរពីខ្លួន រួចស្លៀកខោអាវធម្មតា បន្ទាប់មកបារាំងនាំខ្លួនបាត់ទៅ។
៨) ប្រវត្តិសង្ខេបលោក នូ ហាច
កំណើត៖ លោក នូ ហាច កើតនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ១៩១៦ ដែលមានស្រុកកំណើតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយប្រហែលបាត់បងជីវិតក្នុងរបបខ្មែរក្រហមបានសម្លាប់ក្នុងឆ្នាំ១៩៧៥។ លោក នូ ហាច ជាកូនច្បង និងមាន ប្អូនៗច្រើននាក់ទៀត (ប្អូនស្រី ៣ នាក់) និងមានឪពុកឈ្មោះ ឃួន នៅ និងម្តាយឈ្មោះ ឱរ មួច ដែលពួកគាត់ជាកសិករ។ លោក នូ ហាច បានរៀបការជាមួយអ្នកស្រី តាន់ រ៉េម ដោយមានកូនចំនួន ៨ នាក់ ហើយបច្ចុប្បន្ន កូនៗរបស់លោកមួយចំនួនកំពុងរស់នៅសហរដ្ឋអាមេរិក និងអូស្ត្រាលី។
ប្រវត្តិការសិក្សា៖ លោក នូ ហាច បានចូលរៀននៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជាព្រះសង្ឃ ហើយនៅឆ្នាំ ១៩៣២ ប្រឡងជាប់ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ និងតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រកម្រិតមធ្យមសិក្សា។
ប្រវត្តិការងារ៖ លោក នូ ហាច ទទួលបានសញ្ញាបត្រនៅវិទ្យាល័យព្រះស៊ីសុវត្ថិមក បានចេញទៅ បំពេញការងារនៅខេត្តសៀមរាបជាចៅក្រម។ នៅឆ្នាំ១៩៤៧ បានបានធ្វើការជាអ្នកបោះពុម្ពផ្សាយឱ្យកាសែត កម្ពុជា ក្នុងក្រសួងព័ត៌មាន ហើយបន្ទាប់មកនៅឆ្នាំ១៩៤៨ ជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រី (ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស) បន្ទាប់វិលមកធ្វើការឱ្យក្រសួងពត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។ នៅឆ្នាំ១៩៥២ ធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយការបរទេស ក្រោយមកជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំអង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៥២ ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៥៨ ចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោក រីម គីន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
នេះជារូបរាង Case ផ្លូវការសម្រាប់ Galaxy Note 10

តុលារសម្រេចកាត់ទោស កញ្ញា យិន ម៉ាណា ចំនួនមួយឆ្នាំ តែអនុវត្តទោសត្រឹម២ខែ រឿងជិះឡានបុកនិស្សិតឆ្នើមស្លាប់

កាស AirPods ក្លែងក្លាយតម្លៃ ៥០ ដុល្លារដូចពិតបេះបិទ

ប្រទេសសឹង្ហបុរីសម្បូរសេដ្ឋីផ្នែកអចលនទ្រព្យដែលមានលុយច្រើនជាងគេនៅក្នុងតំបន់អាស៊ាន

យោបល់ទាំងអស់ (0)
គ្មានយោបល់