បង្ហោះផ្សាយ

ខ្មែរ

sean

· 2019-05-07

តិចនិករៀបវ៉ាលិសមិនឱ្យលើស៧គីឡូក្រាម ដើរលេងបាន១អាទិត្យធ្វើរំភើយ

0

ក្រៅពីកក់បានសំបុត្រយន្តហោះថោកដែលគ្រប់គ្នាចង់បានហើយនោះ ការរៀបចំវ៉ាលិសគឺជារឿងឈឺក្បាលបន្ត ព្រោះបើប៉ះក្រុមហ៊ុនដែលលក់សំបុត្រធូរថ្លៃច្រើនតែកំណត់ទម្ងន់វ៉ាលិសក៏តិចទៅតាមនោះដែរ។

តាមបទពិសោធន៍តែម្ដង ក្រុមហ៊ុនដែលលក់សំបុត្រធូរថ្លៃមិនបើកឱ្យមានវ៉ាលិសធំដែលត្រូវផ្ញើតាមយន្តហោះឡើយ (Check-in Luggage) គឺបានតែវ៉ាលិសឬកាបូបដែលដាក់តាមខ្លួនពេលឡើងយន្តហោះ៧គ.ក តែម្ដង។ ដូច្នេះបើចង់បានគីឡូថែមត្រូវទិញបន្ថែមខាងក្រៅពីលើតម្លៃសំបុត្រយន្តហោះទៀត ហើយជាធម្មតាតម្លៃទិញថែមច្រើនតែថ្លៃខ្លាំង។

អ៊ីចឹង បើមានកាបូបឬវ៉ាលិសដែលដាក់បានតែ៧គ.កបែបនេះ គ្នាយើងច្បាស់ជាមិនស្រណុកនិងមិនដឹងថាត្រូវរៀបចំបែបណាដើម្បីអាចប្រើគ្រប់ពេលទៅដើរលេងច្រើនថ្ងៃមែនទេ? កុំបារម្ភទៀតអី ចាំបងកញ្ញាប្រាប់តិចនិកចុះ!

១. ប្រើវ៉ាលិសណាដែលមានសាច់ទន់ និងស្រាល

ជំហានដំបូងនៃការរៀបចំវ៉ាលិស គឺជ្រើសវ៉ាលិសឱ្យត្រូវជាមុនសិន។ ដើម្បីងាយស្រួល និងមិនភ័យរឿងត្រូវពិន័យ ឬខាងព្រលានដកអីវ៉ាន់មុនពេលឡើងយន្តហោះ ត្រូវប្រើវ៉ាលិសណាដែលស្រាលដើម្បីអាចដាក់របស់របរក្នុងនោះបានច្រើន។ សម្រាប់ទម្ងន់វ៉ាលិសឬកាបូបដែលល្អសម្រាប់យកឡើងយន្តហោះនេះ ត្រូវរើសកាបូបឬវ៉ាលិសណាដែលមានទម្ងន់មិនលើស២គ.ក គិតតែសម្បកទទេ។

មួយទៀត គួររើសកាបូបឬវ៉ាលិសណាដែលហោប៉ៅរូតខាងក្រៅដើម្បីដាក់ប៉ាស្ព័រ លុយមួយចំនួន ប៊ិច ឬវត្ថុចាំបាច់ណាដែលត្រូវប្រើភ្លាម ដោយមិនបាច់រូតយកពីក្នុងវ៉ាលិសនាំខាតពេលឡើយ។

អ៊ីចឹងពេលនេះ យើងបានទម្ងន់២ គ.ក ឬតិចជាងនេះ

២. ដាក់ខោអាវតិចតួចបានហើយ

ភាគច្រើនមិនថា គ្នាយើងសូម្បីតែបងកញ្ញាផ្ទាល់ក៏ធ្លាប់មានប្រវត្តិដាក់ខោអាវច្រើនគរទឹកគរដីពេលទៅដើរលេងម្ដងៗដែរ ព្រោះខ្លាចខ្វះ ហើយចេះតែញាត់ចូលកាបូប ឬវ៉ាលិសយកៗតែម្ដង។តែសម្រាប់អ្នកដែលត្រូវប្រើវ៉ាលិសត្រឹមតែ៧ គ.ក ហើយមិនចង់អស់លុយទិញគីឡូថែមនោះ វិធីល្អគឺដាក់តែខោអាវដែលចាំបាច់ទៅបានហើយ។

អូខេ! ដំបូងត្រូវធ្វើបញ្ជីមួយថា តើសម្លៀកបំពាក់ណាខ្លះដែលយើងត្រូវការក្នុងអំឡុងពេលធ្វើដំណើរនេះ ហើយយកល្អគួរដាក់តែសម្លៀកបំពាក់ស្ដើងៗ សាច់ទន់ និងសម្លៀកបំពាក់ណាដែលអាចស្លៀកផ្គួបគ្នាដើម្បីចំណេញកន្លែងដាក់។ ជាធម្មតា បើអ្នកចូលចិត្តស្លៀកខោអាចដាក់តែខោ១ឬ២ ហើយប្រើពណ៌ណាដែលមិនសូវពិបាករើសអាវ ដូចជាពណ៌ខ្មៅ ខូវប៊យជាដើម ព្រោះគេអាចមិនចាប់អារម្មណ៍លើខោដែលអ្នកស្លៀកឡើយ ឱ្យតែចេះលេងអាវម៉ូដខុសៗគ្នាទៅបានហើយ។

ចំណែកអ្នកដែលចូលចិត្តស្លៀករ៉ូបវិញ គួរជ្រើសរើសរ៉ូបណាសាច់ស្ដើង រីឯរ៉ូបខូវប៊យ ឬសាច់ក្រាស់ និងស្បែកជើងធ្ងន់ៗគួរទុកពាក់ ពេលឡើងយន្តហោះតែម្ដងដើម្បីចំណេញគីឡូក្នុងវ៉ាលិស។

គន្លឹះគួរដឹងពេលរៀបខោអាវដាក់វ៉ាលិស

ស្រីៗ

ពាក់ពេលឡើងយន្តហោះ

-អាវធំ ឬអាវក្រាស់១

-អាវយឺត អាវក្រណាត់ ឬរ៉ូបពីក្នុង១

-អាវទ្រនាប់១

-ខោខូវប៊យ ឬខោសាច់ក្រាស់១

-ខោក្នុង១

-ស្បែកជើងប៉ាតា ឬស្បែកជើងធ្ងន់ៗ១គូ

សម្រាប់ដាក់ក្នុងវ៉ាលិស

-អាវពាក់ធម្មតា ឬរ៉ូបស្ដើងៗ៣-៤

-អាវទ្រនាប់៣

-ខោ ១-២

-ខោទ្រនាប់ ៥

-អាវខោគេងយប់១កំប្លេបានហើយ (ព្រោះពាក់តែពេលគេង អាចពាក់ដដែលៗបាន ឬបោកនៅពេលព្រឹក ទុកចោលក្នុងបន្ទប់ទឹកសណ្ឋាគារ)

-ស្បែកជើងធម្មតា១គូ (ផ្ទាត់ ឬក្រវាត់កែងដែលមិនធ្ងន់)

ប្រុសៗ

ពាក់ពេលឡើងយន្តហោះ

-អាវក្រៅ១

-អាវពីក្នុង១

-ខោខូវប៊យ ឬខោសាច់ក្រាស១

-ខោលីអូ

-ស្បែកជើងប៉ាតា ឬស្បែកជើងប៊ូធ្ងន់

ដាក់ក្នុងវ៉ាលិស

-អាវពាក់ធម្មតា៤

-ខោ១-២

-ខោទ្រនាប់ ៥

-ខោអាវគេង១កំប្លេ ឬខោខ្លីស្ដើងៗ១-២

-ស្បែកជើងធម្មតា (ក្រវាត់កែង ឬផ្ទាត់ពាក់ដើរលេង) ១គូ

ទម្ងន់ខោអាវសរុបក្នុងវ៉ាលិសប្រហែល ២គ.ក

៣. រៀបរបស់ត្រូវប្រើក្នុងបន្ទប់ទឹក

ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូកក់សក់ ដុសខ្លួន ម៉ាស៊ីនផ្លុំសក់ ប្រដាប់កោរពុកមាត់ ការពិតមិនបាច់ដាក់ទៅក៏បាន ព្រោះនៅតាមសណ្ឋាគារមានផ្ដល់ជូនតែម្ដង។ ប៉ុន្តែសម្រាប់អ្នកទៅគេងផ្ទះសំណាក់តម្លៃថោកៗ ឬគេងរួមគ្នាគ្នាច្រើនប្រហែលត្រូវយករបស់ខ្លួនឯងទៅតាម។

ដូច្នេះគួរចេះរបៀបរៀបចំរបស់ទាំងនោះឱ្យមានរបៀបរៀបរយ ហើយមិនមែនលើកទាំងដបៗមកញ៉ុកចូលកាបូបតែម្ដងទេ ព្រោះវានឹងធ្វើឱ្យខាតគីឡូ។ គួរវេចខ្ចប់របស់ទាំងនោះក្នុងដបឬ ថង់សម្រាប់ធ្វើដំណើរដែលមានកម្រិតបរិមាណតិចតួចដើម្បីដាក់តាមខ្លួន ហើយណាមួយនៅព្រលានយន្តហោះកាលណាមានវត្ថុរាវ មិនថា ឡេ សាប៊ូ ទឹកអប់ ទឹកញ៉ាំលើសពី១០០ ម.ល គឺមិនអាចយកតាមខ្លួនដាច់ខាត។ ដូច្នេះច្របាច់វាដាក់ដបតូចៗ សម្រាប់តែប្រើប៉ុន្មានថ្ងៃទៅបានហើយ ចំណែកទឹកញ៉ាំ អាចដាក់តែដបទទេ ហើយចាំចាក់ទឹកចូលពេលក្រោយក៏បាន។

ទម្ងន់អីវ៉ាន់អស់នេះគឺ ០,៥ គ.ក ឬតិចជាងនេះ

៤. កុំយករបស់អេឡិចត្រូនិកណាដែលមិនសំខាន់ទៅតាម

បើគ្រាន់តែទៅដើរលេងធម្មតា មិនមែនទៅធ្វើការហើយចេញលទ្ធផលភា្លមៗទេ យកល្អកុំបាច់យក Laptop ទៅនាំតែធ្ងន់ ហើយខាតគីឡូទេ។ ម្យ៉ាងទៀត របស់សំខាន់សម្រាប់ស្រីៗពេលធ្វើដំណើរផ្លូវឆ្ងាយគឺម៉ាស៊ីនកៀបសក់ ម៉ាស៊ីនកិប ម៉ាស៊ីនផ្លុំ ម៉ាស៊ីនមូរ.... រញ៉េរញ៉ៃដល់ក។ សូម្បីតែបងកញ្ញាក៏ធុញនឹងរឿងនេះដែរ។ តែសម្រាប់វ៉ាលិស៧គ.ក គួរទិញម៉ាស៊ីនធ្វើសក់ណាដែលអាចប្រើបានមុខងារច្រើន ដូចជាទាំងកិបក៏បាន កៀបត្រង់ក៏បាន និងមូររួញក៏បាន។

អ៊ីចឹងរបស់អេឡិចត្រូនិកសំខាន់ៗដែលគួរយកទៅជាមួយមានដូចជា៖

-ទូរសព្ទ១គ្រឿង

-Powerbank

-កាមេរ៉ាតូចល្មម

-ឆ្នាំងសាកកាម៉េរា

-ឆ្នាំងសាកទូរសព្ទ

-ព្រីភ្លើងតូចមួយ

-ម៉ាស៊ីនធ្វើសក់ដែលមានប្រើបានច្រើនយ៉ាង១គ្រឿង

សរុបទៅ ១,៥ គ.ក ឬតិចជាងនេះ

៥. របស់សាគួផ្សេងៗ

-ប៉ាស្ព័រ

-សំបុត្រយន្តហោះ

-លុយ

-ប័ណ្ណធានា កាត ATM, Credit Card ជាដើម

-ប័ណ្ណបើកបរ (ករណីចាំបាច់)

-អាវភ្លៀង ឬឆ័ត្រតូចមួយ

-កន្សែងតូចសម្រាប់ជូតមុខ ឬ ជូតដៃ

-ថ្នាំឈឺក្បាល វិលមុខ ក្អួតចង្អោរ

-គ្រឿងសម្អាង រួមទាំងកញ្ចក់តូច១

-ប៊ិច+ សៀវភៅតូច

សរុបទៅប្រហែល ១ គ.ក

អូខេ ឥលូវសរុបទម្ងន់របស់របរក្នុងវ៉ាលិសយើងគឺ៖ វ៉ាលិស ២គ.ក + ខោអាវ ២គ.ក + របស់ប្រើក្នុងបន្ទប់ទឹក ០,៥ គ.ក + របស់របរអេឡិចត្រូនិក ១,៥ គ.ក + របស់សាគួផ្សេងៗ ១គ.ក = ៧ គ.ក ល្មម

ប៉ុន្តែតិចនិកនេះសម្រាប់តែអ្នកទៅដើរលេង ហើយមកផ្ទះវិញទេណា ព្រោះបើសម្រាប់អ្នកដែលត្រូវទិញរបស់របរមកផ្ទះវិញទៀតនោះ ប្រហែលមិនអាចប្រើការបានទេ ព្រោះរបស់ទិញក្រៅទាំងនោះច្បាស់ជាត្រូវទិញគីឡូថែមហើយទើបបាន។

សម្រាប់អ្នកត្រូវធ្វើដំណើរដែលប្រើវ៉ាលិសបានតែ៧ គ.ក គួរសាកល្បងវិធីនេះមើល ហើយប្រាប់វិញផងណាថាអាចយកជាការបានអត់?

ជូនពរដើរលេងបានសប្បាយ និងសុខសុវត្ថិភាពទាំងអស់គ្នាណា!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់