បង្ហោះផ្សាយ

ខ្មែរ

Man

· 2019-06-10

អ្នកជំនាញ​៖ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​នឹង​អភិវឌ្ឍ​លឿន​ស្រដៀងនឹង​តំបន់​ភ្នំពេញថ្មី​

#សង្គម# #អចលនទ្រព្យ# #​តំបន់​ភ្នំពេញថ្មី​#

8

ភ្នំពេញៈ នៅត្រឹមរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងអភិវឌ្ឍនៅតំបន់បឹងតាម៉ោក រួមជាមួយនឹងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន បច្ចុប្បន្នស្ថានភាពនៃតម្លៃដីនៅតំបន់នេះ កំពុងមានសន្ទុះខ្លាំង ខណៈដែលកំណើនប្រជាសាស្ត្រចាប់ផ្តើមកើនឡើង។

នាយកក្រុមហ៊ុនអចលនទ្រព្យ និងជាអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នេះថា តំបន់ជុំវិញបឹងតាម៉ោក នាពេលបច្ចុប្បន្ននេះលែងជាតំបន់ឯកា និងដាច់ស្រយ៉ាលពីក្រុងទៀតហើយ ខណៈដែលបណ្តាញហេដ្ឋរចនាសម្ព័ន្ធសាធារណៈ កាន់តែមានការអភិវឌ្ឍយ៉ាងច្រើន។ លោកបានបន្តទៀតថា បើទោះជាមិនមានសេចក្ដីប្រកាសស្ដីពី គម្រោងអភិវឌ្ឍក្នុងប្លង់មេរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដោយ ក៏តំបន់បឹងតាម៉ោកនៅតែមានសក្ដានុពល និងភាពទាក់ទាញនោះដែរ។

លោកបានបន្តទៀតថា “ដោយសារតែបឹងតាម៉ោក ជាតំបន់មានអំណោយផលលើកក្តាភូមិសាស្ត្រ ងាយស្រួលអភិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់ភ្នំពេញថ្មីដែរ”។ លោកបានបន្តទៀតថា “ប៉ុន្តែនៅពេលមានគម្រោងអភិវឌ្ឍពីសំណាក់រាជរដ្ឋាភិបាល វាជាចលករមួយជួយជម្រុញឱ្យតម្រូវការទីផ្សារលើវិស័យលំនៅដ្ឋាន ក្នុងតំបន់នេះកាន់តែមានភាពពុះកញ្ជ្រោល ជាក់ស្ដែងចាប់តាំងពីដើមឆ្នាំ២០១៩រហូតមក ចំនួនប្រជាសាស្ត្រនៅតំបន់នេះមានការកើនឡើងយ៉ាងគំហុក”។

បឹងតាមោឃ ស្ថិតក្នុងខ័ណ្ឌព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ និងមានភូមិសាស្រ្តជាប់ជាមួយស្រុកអង្គស្នូល និងស្រុកពញ្ញាឮ ខេត្តកណ្តាល។

លោកង៉ែង ជូបានបន្តថា “នៅពេលមានកំណើនប្រជាសាស្ត្រ តម្រូវការវិស័យលំនៅដ្ឋាននឹងកើនឡើង ហើយវានឹងជម្រុញឱ្យតម្លៃអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីមានការកើនឡើងដោយស្វ័យប្រវត្តិ”។

លើកឡើងស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍នៅព្រឹកថ្ងៃដដែលថា នៅពេលដែលក្រឡេកមើលពីស្ថានភាពជាក់ស្ដែង តំបន់ជុំវិញបឹងតាម៉ោកពេលនេះ ពិតជាភ្ញាក់ផ្អើលបើប្រៀបធៀបទៅនឹងកាលពីប្រមាន ២-៣ ឆ្នាំមុន។

លោកស្រីបន្តទៀតថា “មានផ្លូវជាច្រើនត្រូវបានស្ថាបនារួចរាល់ ដែលកាន់តែផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរផ្សារភ្ជាប់ចេញពីរាជធានីភ្នំពេញទៅកាន់តំបន់នេះ”។

លោកស្រីបន្ថែមថា “ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍវិស័យលំនៅដ្ឋានមួយចំនួន បានចាប់ផ្តើមធ្វើសកម្មភាពសាងសង់ សំណង់លំនៅដ្ឋានកម្រិតមធ្យមជាបណ្តើរៗហើយ”។

លោកស្រីតាំង ហួរបានបន្តទៀតថា ភាគច្រើននៅតំបន់នេះ ការធ្វើជំនួញលើវិស័យដីធ្លីកំពុងតែផុលផុសខ្លាំង ជាពិសេសក្នុងរូបភាពជាការពុះលក់ជាដីឡូតិ៍ ហើយអ្នកទិញដីឡូតិ៍មួយចំនួនក៏ចាប់ផ្តើមសាងសង់លំនៅដ្ឋាន ជាលក្ខណៈកម្មសិទ្ធិឯកជនផងដែរ។ លោកស្រីបានបន្តទៀតថា តម្លៃដីនៅក្នុងតំបន់នេះ បើស្ថិតនៅជាប់ផ្លូវធំអាចមានតម្លៃក្នុងចន្លោះ២០០-២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ (ដីទំហំធំ) និងតម្លៃចន្លោះពី ៣០០-៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ (ដីដែលមានទំហំតូច) ហើយនៅថ្ងៃអនាគត វានឹងនៅតែបន្តឡើងថ្លៃទៀត។

លោកស្រីបានបន្តថា “តម្លៃដីនៅតំបន់នេះហាក់ខ្ពស់បន្តិច វាអាចជាឧបសគ្គសម្រាប់អ្នកអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម។ ប៉ុន្តែខ្ញុំជឿថា វាក៏ជាឱកាសល្អ ចំពោះបណ្តាអ្នកអភិវឌ្ឍមួយចំនួន ដែលបានវិនិយោគលើវិស័យដីធ្លីក្នុងជំហានដំបូងរួចទៅហើយកាលពីប៉ុន្មានឆ្នាំមុន”។

តំបន់បឹងតាម៉កត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រកាសគម្រោងធ្វើការអភិវឌ្ឍជាផ្សារបោះដុំបន្លែ និងចំណតរថយន្តខ្នាតធំ ដោយតម្រូវចាក់ដីលុបបឹងទំហំ២០ហិកាត រួមជាមួយនឹងគម្រោងសាងសង់អាងទឹកដ៏ធំប្រចាំតំបន់។ ក្រៅពីនេះក៏មានគម្រោងក្រុមហ៊ុនអភិវឌ្ឍវិស័យលំនៅដ្ឋានឆ្ពោះទៅកាន់តំបន់នេះផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារដែលកំពុងមានភាពពុះកញ្ជ្រោលនៅតំបន់នេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់