 
 Bun
· 2019-06-14
ខណ្ឌច្បារអំពៅនឹងក្លាយជាតំបន់លំនៅដ្ឋានទំនើបពេលអនាគត
#តំបន់់សាងសង់# #អចលទ្រព្យ# #សង្គម# #ខណ្ឌច្បារអំពៅ# #នយោបាយជាតិ#
13
ភ្នំពេញ ៖ ការអភិវឌ្ឍដ៏ខ្លាំងក្លាហាក់បានកំពុងរុញច្រានទីក្រុងភ្នំពេញឲ្យមានកំណើនសាងសង់ដ៏ច្រើននៅក្នុងពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាក៏ដោយតំបន់មួយចំនួនដូចជាខណ្ឌច្បារអំពៅជាដើមនៅមានការសាងសង់តិចតួចនៅឡើយបើធៀបនឹងតំបន់កណ្តាលក្រុង។ គេក៏មើលឃើញដែរថាតំបន់ដែលមិនទាន់វិនិយោគច្រើនគឺនៅមានរក្សារបាននូវលក្ខណៈធម្មជាតិច្រើន។ ប៉ុន្តែនេះមិនមែនមានន័យថាខណ្ឌច្បារអំពៅប្រៀបដូចជាតំបន់តាមទីជនបទនោះទេ។ ការពិតទៅច្បារអំពៅមានលក្ខណៈពិសេសប្រហាក់ប្រហែលនឹងតំបន់រីកចម្រើនថ្មីៗផ្សេងទៀតដែរ។

នៅជាប់ច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ សង្កាត់ច្បារអំពៅស្ថិតនៅភាគខាងត្បូងឆៀងខាងកើតនៃទីក្រុង និងត្រូវបានបែងចែកជាប្រាំបីសង្កាត់ដូចជា៖ សង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទីមួយសង្កាត់ច្បារអំពៅទីពីរ សង្កាត់នីរ៉ូត សង្កាត់ក្បាលគោ សង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី និងសង្កាត់វាលស្បូវ។
បច្ចុប្បន្ននេះខណ្ឌច្បារអំពៅបានកំពុងក្លាយទៅជាតំបន់មួយក្នុងចំណោមតំបន់រីកលូតលាស់លឿនបំផុតដោយសារតែភាពជឿនលឿននៃសេដ្ឋកិច្ចរបស់ទីក្រុងនៅក្នុងវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍថ្មីៗពាណិជ្ជកម្មរូមទាំងវិស័យលំនៅដ្ឋាន និងអចលនទ្រព្យមានកំណើនជាបន្តបន្ទាប់។ ជាការពិតណាស់ក្នុងរយៈពេលតិចជាង១០ឆ្នាំមុន តំបន់នេះនៅតែត្រូវគេចាត់ទុកថាជាតំបន់ជនបទនៅឡើយ។
លោក ហៃ រ៉ាវី អ្នកគ្រប់គ្រងទីផ្សារ និងប្រធានផ្នែកលក់របស់ក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថាក្រុមហ៊ុនតំបន់ច្បារអំពៅបានក្លាយជាជម្រើសលំនៅដ្ឋាន ដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកទិញផ្ទះជាច្រើននាក់។ លោក រ៉ាវី បានកត់សម្គាល់ឃើញថាសង្កាត់ច្បារអំពៅទីមួយ សង្កាត់ច្បារអំពៅទីពីរ និងសង្កាត់នីរ៉ូតជាតំបន់ ដែលមានការអភិវឌ្ឃន៍ច្រើនជាងគេនៅក្នុងខណ្ឌទាំងមូល។
លោកបាននិយាយថាតំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងល្អដូចជា៖ ស្ពាន ផ្លូវជាតិលេខ១ ប្រព័ន្ធលូបង្អូរទឹក អនាម័យ និងបរិស្ថានស្រស់ស្អាត។
គម្រោងសាងសង់លំនៅដ្ឋានសំខាន់ៗចំនួន ៦ បានកំពុងដំណើរនៅតាមតាមផ្លូវសំខាន់ៗនៅក្នុង តំបន់នេះ។ បើតាមលោករ៉ាវី ដដែលបានឱ្យដឹងថា គម្រោងលំនៅដ្ឋានមានដូចជា៖ បុរីប៉េងហួត បុរី Luxury និងបុរីលីមឈៀងហាក់ និងមួយចំនួនទៀត។
មិនមានអ្វីគួឱ្យភ្ញាក់ផ្អើលទេ ដែលគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនបានជ្រើសរើសយកតំបន់ច្បារអំពៅ ជាទីតាំងវិនិយោគរបស់ខ្លួន។ ជាការពិតណាស់ខណៈពេល ដែលអ្នកអភិវឌ្ឍន៍ចង់ផ្តល់ជូនជម្រើសផ្សេងៗគ្នាដល់អ្នកទិញ មានអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងមើលសក្ដានុពលនៃតំបន់នានាក្រៅពីតំបន់កណ្តាលក្រុងដោយខិតខំធ្វើយ៉ាងណាដើម្បីទាក់ទាញ និងទាញយកអ្នកទិញឲ្យបានច្រើន។
លោក James Hodge ជានាយករងរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានយល់ស្របថាតំបន់មាត់ទន្លេគឺជាលក្ខណៈពិសេសរបស់ខណ្ឌទាំងមូល។
លោក James Hodge បាននិយាយថា "តំបន់មាត់ទន្លេបានផ្តល់ប្រយោជន៍ច្រើនដល់ខណ្ឌច្បារអំពៅហើយអ្នកអភិវឌ្ឍន៍ចង់យកទីតាំងនេះមកអភិវឌ្ឍជាកន្លែងថ្មើរជើង និងជាច្រកដឹកជញ្ជូនដ៏ល្អ"។ លោកបានបន្ថែមថាប្រណិតភាព និងកត្តាតម្លៃសមរម្យជាអ្វីដែលមាននៅក្នុងតំបន់ច្បារអំពៅ។
ទោះបីជាច្បារអំពៅមានលក្ខណៈធម្មជាតិភាគច្រើន ប៉ុន្តែតំបន់នេះក៏មានសេវាកម្មបែបទំនើបជាច្រើន ផងដែរ។ ជារៀងរាល់ថ្ងៃការផ្តល់ជូនទំនិញ និងសេវាកម្មមានកាន់តែច្រើនឡើងៗ ដែលបានកំពុង លេចឡើងនៅតាមបណ្តោយផ្លូវជាតិលេខ១។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតគឺគម្រោងឧទ្យាន Park Community Mall ថ្មីដែលនឹងបើកដំណើរការនៅពេលខាងមុខ។ គម្រោងនេះនឹងក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយម ហើយវាមានកន្លែងលក់រាយ កន្លែងថែទាំកុមារ និងកន្លែងលេងកីឡា។
លោក Hodge បាននិយាយថាឧទ្យាននេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុក និងអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១។
គួរបញ្ជាក់ផងដែរថាកន្លែងលក់រាយរបស់ឧទ្យាននៅតាមបណ្តោយផ្លូវជាតិលេខ១នេះមានលក់៖ ម្ហូបអាហារនិងភេសជ្ជៈដែលមានម៉ាកយីហោល្បីៗព្រមទាំងសេវាកម្មដូចជា៖ ឱសថស្ថាន និងហាងកែសម្ផស្ស។ល។
លោកបានបន្ថែមថាការលក់រាយផ្សេងៗទៀតនៅក្នុងតំបន់នេះបានធ្វើឡើងតាមលក្ខណៈប្រពៃណី ប៉ុន្តែលោកក៏បានអះអាងដែរថាសកម្មភាពបែបនេះទំនងជានឹងកើនឡើងខណៈចំនួនប្រជាជន និងកម្រិតប្រាក់ចំណូលមានកំណើនឡើងកាន់តែច្រើន។
តម្លៃដីនៅច្បារមានការកើនឡើងនៅក្នុងឆ្នាំបន្តបន្ទាប់ ប៉ុន្តែមិនកើនឡើងច្រើនដូចជាខណ្ឌមួយចំនួនដែលនៅកណ្តាលក្រុង និងស្ថិតនៅចំទិសដៅអភីវឌ្ឍខ្លាំងដូចជា៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ឬទួលគោកនោះទេ។ ហេតុដូច្នេះហើយទើបអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែជ្រើសរើសតំបន់នេះសម្រាប់អភិវឌ្ឍគម្រោងបុរីដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងជាពិសេសលំនៅដ្ឋានសម្រាប់អ្នកដែលមានជីវភាពកម្រិតទាប និងកម្រិតមធ្យម។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisa បានបង្ហាញថាខណ្ឌច្បារអំពៅមានគម្រោងលំនៅដ្ឋានប្រហែល១០ភាគរយនៃគម្រោងលំនៅដ្ឋានដែលមាននៅក្នុងរាជធានីភ្នំពេញ។ របាយការណ៍បានគូបញ្ជាក់ទៀតថាក្នុងចំណោមគម្រោងមានគម្រោងធំៗដែលទទួលបានភាពជោគជ័យខ្លាំងដូចជា គម្រោងបុរី ប៉េង ហួត។
លើសពីនេះទៅទៀតរបាយការណ៍បានបង្ហាញថាផ្ទះវីឡាកូនកាត់មានចំនួនច្រើនជាង៦០ភាគរយ នៃជម្រើសលំនៅដ្ឋានសរុបនៅក្នុងតំបន់នេះ។ លោក យឹម សុជាតិ ជានាយកប្រតិបត្តិក្រុមហ៊ុន CDN បានប៉ាន់ប្រមាណថាតំបន់ច្បារអំពៅអាចក្លាយទៅជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកចូលនិវត្តន៍នៅក្នុងរយៈប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតម្លៃដីធ្លីមានការកើនឡើងយឺតនៅឡើយ បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅក្នុងទីក្រុង។
នៅច្បារអំពៅមានតែគម្រោងខុនដូមួយប៉ុណ្ណោះដែលមានយូនីតប្រភេទ១បន្ទប់គេងជាមួយតម្លៃចាប់ពី៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។ បច្ចុប្បន្នប្រជាជនភាគច្រើនដែលផ្លាស់ទីលំនៅមកកាន់តំបន់នេះបានជ្រើសរើសយកការរស់នៅក្នុងបុរី។
លោកបានកត់សម្គាល់ថាអ្នកទិញជាជនជាតិខ្មែរជាច្រើនមិនចូលចិត្តរស់នៅក្បែរទន្លេប៉ុន្តែអ្នកអភិវឌ្ឍន៍បានប្រឹងប្រែងធ្វើការផ្លាស់ប្តូរទស្សនៈ និងធ្វើឱ្យតំបន់មាត់ទឹកក្លាយជាកន្លែងទាក់ទាញសម្រាប់ទិញអចលនទ្រព្យ។
លោក រ៉ាវី បានប៉ាន់ស្មានថាក្នុងរយៈពេល៥ឆ្នាំទៀតលំនៅដ្ឋានកាន់តែច្រើនឡើងអគារខ្ពស់ៗ ខុនដូ អាផាតមេន និងតំបន់ពាណិជ្ជកម្មនឹងត្រូវបានបង្កើតឡើងនៅក្នុងសង្កាត់ច្បារអំពៅ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
 
 វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
 
 ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
 
 យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន
 
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់