បង្ហោះផ្សាយ

ខ្មែរ

Dot

· 2019-06-20

វិធីសាស្ត្រ​នៃ​ការ​ដាំ​ដំណាំ​ត្រសក់​ផ្អែម រឺ​ផ្លែ​មី​ឡុង​

0

១. ស្ថានភាពទូទៅ

ត្រសក់ស្រូវជាប្រភេទដំណាំមួយដែលត្រូវបានគេនិយមចូលចិត្តបរិភោគទាំងផ្លែខ្ចី និងផ្លែទុំ ។ យោងតាមបុរេប្រវត្តិ Decondolle 1882 បានឲ្យដឹងថា វាមានប្រភពកំណើតនៅលើវាលខ្សាច់សាហារា ភាគខាងក្នុងនៃទ្វីបអាហ្រិក និង ដុះលូតលាស់ជាប្រចាំនៅភូមិភាគអាគ្នហ៍នៃបណ្តោយមាត់ឆ្នេរ សមុទ្រ មេឌីទែរ៉ានេ មកទល់ពេលបច្ចុប្បន្ននេះមានអាយុជាង ៣០០០ មកហើយ ។បើតាមការងះអាងរបស់លោក Whithker និងDavis 1962 ឲ្យដឹងថាវាត្រូបានដាំដុះ និងរីកចំរើនខ្លាំងនៅអាំស៊ីកណ្តាល ដូចជាអ៊ឺរ៉ង់ ប៉ាគីស្ថាន ឥណ្ឌាភាគខាងលិច និងប្រទេសជាច្រើនទៀត ។វាត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តចាត់បញ្ចូលទៅក្នុង គ្រួសារ Cucurbitaceae លំដាប់ជាក្រុម Cucumis Spp . ដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Cucumis melon (Naudin 1859 និងKurz 1877) ។

២. បច្ចេកទេសដាំដុះ

ក. ការជ្រើសរើសពូជ

ដើម្បីឲ្យការដាំដុះទទួលបានលទ្ធផលល្អ ការជ្រើសរើសពូជជាបញ្ហាដ៏ចំបង ព្រោះពេលបច្ចុប្បន្ននេះមានប្រភេទពូជជាច្រើន ដោយរាប់បញ្ចូលទាំងពូជក្នុងស្រុក និងពូជនាំចូលពូជក្នុងស្រុកជាពូជគ្មានជំនាន់ ហៅថាពូជបង្កាត់សេរី OPV តែដោយឡែកពូជនាំចូលភាគច្រើនជាពូជកូនកាត់មានជំនាន់ Hybrid F1 ។ តែទោះបើមានការនាំចូលពីប្រតេសនានា ក៏កសិករយើងនៅតែធ្វើការដាំដុះពូជប្រពៃណីយ៉ាងច្រើនលើសលប់ ព្រោះគេអាចរក្សាទុកដោយខ្លួនឯងបាន ប្រសើរជាងការដាំពូជនាំចូល ព្រោះវាមានភាពបន្សាំទៅនឹងល័ក្ខខណ្ឌអាកាសធាតុជាច្រើនជំនាន់មកហើយ ។ ការជ្រើសរើសពូជត្រូវអនុវត្តន៍តាមវិធីសំខាន់ៗដូចខាងក្រោម៖

អត្រាដំណុះ ពូជដែលអាចយកទៅដាំបានមានភាគរយដំណុះពី ៨៥-៩៥% ។

ភាពសុទ្ធនសពូជ ពូជត្រូវបានជម្រើស និងសំរឹទសំរាំងតាមបច្ចេកទេសនៃពូជត្រឹមត្រូវ គ្មានជាប់មកជាមួយនូវភ្នាក់ងារបន្តរោគ (Pathogen) និងសត្វល្អិតចង្រៃផ្សេងៗ ។

អាយុកាលទុកដាក់ ជាធម្មតាពូជត្រសក់ស្រូវមានដំណេកគ្រាប់យូខែជាងពូជត្រសក់ឯទៀត ចន្លោះពី ៦-៨ជាមធ្យម (Seed Dormancy) ទើបអាចមានលទ្ធភាពបន្តពូជបាន បើពុំទាន់ផុតដំណេក ត្រសក់ពុំអាចផលិតបានផ្កាញីឡើយ ។

ខ. ការជ្រើសរើស និងរៀបចំដី

ត្រសក់ស្រូវក៏ដូចជាត្រសក់ឯទៀតដែរ វាជាប្រភេទរុក្ខជាតិប្រចាំរដូវមានប្រព័ន្ធឬសរាក់ បរិមាណឬសសំយោគតិចជាងអាយុកាលនៃការបន្តពូជរហឺស ដូចនេះវាទាមទានូវប្រភេទដី ដែលផ្តល់សក្តានុពលពីធម្មជាតិបានជាបង្គួរ ។ ដូចនេះគេត្រូវធ្វើការជ្រើសរើសដីឲ្យសមស្របដូចជា មានជីជាតិពីធម្មជាតិ ស្រទាប់ដាំដុះជ្រៅ ជ្រាបទឹករហ័ស ភាគច្រើនជាប្រភេទដីក្រហមខ្ពង់រាប ដីភ្នំ ដីល្បាយខ្សាច់ និងដីល្បាប់តាមមាត់ទន្លេជាដើមសំបូរទៅដោយសារធាតុមមោគ តាមលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថាន Hessarghatta india ក្នុងឆ្នាំ ១៩៧០ បានឲ្យដឹងថា ត្រសក់ស្រូវស្ថិតនៅក្នុងក្រុមធន់ទ្រាំមធ្យមទៅនិងភាពអាស៊ីតនសដី អាចដុះលូតលាស់បានចន្លោះ PH 5.5-6.8 ។ ដើម្បីឲ្យការដាំដុះប្រព្រឹត្តទៅបាន គេត្រូវរៀបចំដីឲ្យបានល្អ ដោយរាស់ប្រមូលយកស្មៅ កាកសំណល់ផ្សេងៗចេញពីចំការ ភ្ជួរដីឲ្យជ្រៅហាលដីឲ្យស្ងួត ឲ្យបានច្រើនលើក រាស់បំបែកដីឲ្យល្អិត និងច្រើនសារហើយលើកជារងដេលមានកម្ពស់ ២០-២៥ស.ម ទទឹង ១២០-១៥០ស.ម កៀរដីឲ្យស្មើលើរងនីមួយៗបន្ទាប់មកកាប់រណ្តៅចំកណ្តាលរងជម្រៅ ១០-១៥ស.ម ចន្លោះពីរណ្តៅ ១ ទៅរណ្តៅ ១ ៧០ស.ម ។

គ.ការដាំដុះ

មុននិងដាំគេត្រូវយកគ្រាប់ពូជមកសំអាតជាមុន ហើយដាក់ហាលថ្ងៃឲ្យក្តៅរយៈពេល ១-២ម៉ោង ក្រោយមកយកទៅត្រាំទឹក ៤-៥ម៉ោង ហើយលាងសំអាត និងទឹកស្អាតចំនួន ៣-៤លើក ទើបយកទៅផ្អាប់ទុក ១យប់ ដើម្បីឲ្យគ្រាប់ពូជអនុវត្តន៍ផ្នែកអំប្រីយ៉ុង តាមរយៈកម្តៅ និងសំណើម ធ្វើឲ្យត្រសក់ដុះស្មើគ្នាល្អ ១ហ.ត ប្រើពូជ ១.៨-២.២គីឡូក្រាម ។

ពេលយកទៅដាំត្រូវលាយជាមួយថ្នាំការពារជម្ងឺផ្សិតបន្តិចៗ (១kgពូជ =២-៣ក្រ) ។ ចំពោះរណ្តៅនៅលើរងត្រូវយកដីធម្មជាតិទៅដាក់បាតរណ្តៅ ដោយលាយជាមួយគ្រាប់ថ្នាំ Furadan បន្តិចៗក្នុងករណីធ្វើទៅបានយកដីផូស្វាតទៅលាយជាមួយដីធម្មជាតិក្នុងកំរិត ១០០-១៥០kg-ha ហើយលប់ដីឲ្យជិត និងដាំដុះតាមក្រោយ ១រណ្តៅចំនួន ៣-៤គ្រាប់ ជម្រៅ ២-៣ស.ម ដោយគ្របកំទេចចមបើងស្ងួតពីលើ ហើយស្រោចទឹកផ្សិតរណ្តៅឲ្យសើម ។ គេអាចដាំបានស្ទើរពេញ ១ឆ្នាំ ព្រោះដំណានេះធន់ទ្រាំ ទៅនិងអាកាសធាតុក្តៅចន្លោះពី ២៥-៣០អង្សាសេ តែជាពិសេសនូវរដូវទឹកសំរកជាការប្រសើរ ។

ឃ. ការស្រោចស្រព

ការផ្តល់ទឹកដល់ដំណាំ វាជាប្រភពនសការបំលែង និងធាតុនៃសារធាតុចិញ្ចឹម យ៉ាងសំខាន់ប៉ុន្តែត្រូវគោរពទៅវគ្គលូតលាស់របស់វា តំបូងវាត្រូវការសំណើមជាមធ្យម រហូតដល់ពន្លូតទងមានសន្លឹក ២-៣សន្លឹក ក្នុងករណីតាមតំបន់ខ្ពង់រាបខ្វះសំណើម តែដីល្បាប់មាត់ទន្លេសំបូរដោយប្រភពទឹកក្រោមដី ត្រសក់ស្រូវអាចលូតលាស់បានគេស្រោចតែ ៣-៤ថ្ងៃក្រោយតែប៉ុណ្ណោះ ។ចាប់ពីត្រសក់ចេញផ្ការហុតដល់ប្រមូលផល វាទាមទាសំណើមបានល្អសម្រាប់ជំនួយដល់ការបន្តពូជ កាលណាកង្វះទឹកក្នុងវគ្គនេះ ធ្វើឲ្យបាត់បង់នូវភាគរយយ៉ាងច្រើនសម្រាប់ការលូតលាស់ថំធាត់នសផ្លែ ។នៅវគ្គនេះដែរត្រូវផ្តល់ទឹកចំនួន ៧-១០ថ្ងៃម្តង ទៅតាមប្រភេទដីអាកាសធាតុ និងវិធីសាស្ត្រនៃការផ្តល់ដូចជា បាញ់ទឹកផ្សើមពីលើ ឬបញ្ចូលទឹកតាមចន្លោះជួរ ។ តាមប្រភពឯកសារនៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Guelph 1988 Hengaler india 1982 ឲ្យដឹងថាវាជាដំណាំដែលធន់ទ្រាំទៅនិងភាពរាំងស្ងួត ហើយធន់ទ្រាំទៅ និងអត្រានសការកើនលើសសំណើមផងដែរ ។

ង. ការជ្រុំជ្រោដិ និងកំចាត់ស្មៅ

ការជ្រុំជ្រោយដីមានប្រយោជយ៉ាងសំខាន់ គឺធ្វើឲ្យដីធូរឡើងវិញ ព្រមទាំងបន្ថយការដុះស្មៅ ធ្វើឲ្យមានបន្ទុកខ្យល់ផ្លាស់ប្តូរបានល្អ ។

ក្នុងករណិចំការមានស្មៅច្រើនគេត្រូវជំរះស្មៅឲ្យស្អាតជាមុនសិន ហើយជ្រុំជ្រោយដីពូនគល់តាមក្រោយ របៀបជ្រុំគឺជ្រុំឲ្យផុសពេញចំការ ប៉ុន្តែការពូនគល់ព្រមទាំងថ្នាំងចំនួន ២-៣ ធ្វើឡើងក្រោយពីត្រសក់ពន្លូត ៥-៦ថ្នាំង អាយុកាលពី ១៨-២០ថ្ងៃក្រោយដាំ ។

ច. ការប្រើប្រាស់ជី

ការផ្តល់សារធាតុចិញ្ចឹមបន្ថែម មានសារៈសំខាន់បំផុត ព្រោះសារធាតុចិញ្ចឹមដែលបានដាក់មុនដាំ ឬដែលមានស្រាប់ក្នុងដីមានការវិវឌ្ឈន៍យឺត និងកង្វះខាត ដូចច្នេះគេចែកចេញនៃការដាក់ជីចំនួន ៣លើកបន្ថែមទៀតគឺ ៖

ការបំប៉នលើកទី ១ ៖ ក្រោយពីត្រសក់មានសន្លឹក ២-៣សន្លឹក ១០-១៥ថ្ងៃក្រោយដាំ ពេលនោះវាត្រូវការសារធាតុឯទៀត ដូចច្នេះគេប្រើជីអ៊ុយរ៉េកំរិត ៣៥kg/ហ.ត លាយទឹក ២០លីត្រ ស្រោចតាមគុំ្ពឲ្យជោគ ។

ការបំប៉នលើកទី ២ ៖ ច្រើនតែធ្វើឡើងក្នុងវគ្គជ្រុំជ្រោយដី (១៨-២០ថ្ងៃក្រោយដាំ) ដោយយកជី ១៥-១៥-១៥ចំនួន ១០០-១២០kg/ហ.ត ដោយរោយចីជុំវិញគល់ហើយពូនដីលប់ ក្រោយពីដាក់ជី ត្រូវស្រោចទឹកជុំវិញគល់ឲ្យសើម ដើម្បីឲ្យជីរលាយបានលឿន ។

ការបំប៉នជីលើកទី ៣ ៖ គេចែកចេញជា ២វិធីសាស្រ្តទៅតាមគោលបំណងនសផលិតកម្មដូចជា ៖ការផលិតជាបន្លែ ៖ គឺប្រមូលយកផ្លែខ្ចី ក្រោយពីប្រមូលយកផ្លែខ្ចីបាន ២-៣លើក គេត្រូវយកជីអ៊ុយរ៉េទៅរោយជុំវិញគល់ ៥០-៧០kg ហើយត្រូវស្រោចទឹកឲ្យជោគ ។ ការផលិតជាផ្លែទុំ ៖ ត្រូវយកជីអ៊ុយរ៉េចំនួន ៤០Kg លាយនិងជីប៉ូតាស្យូមចំនួន ៥០-៦០Kg លាយបញ្ចូលគ្នារួចកប់ក្បែៗគុម្ពក្រោយពីត្រសក់ចេញផ្កាពី ២០-២៥ថ្ងៃ ។

៣. ជម្ងឺ និងវិធានការការពារ

ក. ក្រុមជម្ងឺដោយមេរោគផ្សិត

មានជម្ងឹផ្សិត ៣ប្រភេទ ដែលបំផ្លាញត្រសក់ស្រូវជាញឹកញាប់ជាងគេ ៖

ជម្ងឺរលួយកូនឈ្មោះ Damping-off ធ្វើឲ្យកូនត្រសក់ខ្ចីៗទើបនិងដុះរហូតដល់អាយុ ១៥ថ្ងៃ ក្រោយដាំស្វិតគល់ហើយរលួយ ។

ជម្ងឺស្លឹកពណ៌ត្នោតឈ្មោះ Anthracnose អាចធ្វើឲ្យស្ងួតស្លឹកផ្ទាំងៗធំៗ បន្ទាប់មករីករាលដាលេញលើផ្ទៃស្លឹក ជាពិសេសលិចចេញពីស្លឹកចាស់ៗមុនគេ រហូតដល់ធ្វើឲ្យផ្លែត្រសក់ស្រឡាកខ្លោចសំបកដូចដំបៅ វាគ្រោះថ្នាក់សម្រាប់ផលិតធ្វើជាផ្លែទុំ ។

ជម្ងឺម្សៅលើស្លឹកឈ្មោះ Ppwderymildew តំបូងលេចជាម្សៅជាញុំៗ លើផ្ទៃស្លឹក បន្ទាប់ចំណុចំនុចនេះរីករាលដាលធំឡើងៗ និងច្រើនឡើងជាពិសេសនូវរដូវត្រជាក់ស្ងួត(រដុវរំហើយ) ក្រោយមកស្លឹកត្រសក់ទៅជាពណ៌ប្រផេះ ហើយម្សៅមានពណ៌ស្រអាប់ហុយពេលមានខ្យល់បក់ ធ្វើឲ្យស្លឹកស្ងួត និងជ្រុះ ។ + វិធានការការពារជម្ងឺនេះគេត្រូវជ្រើសរើសរដូវ ប្រើពូជធន់ ប្តូរមុខដំណាំ អនាម័យចំការ សំអាតគ្រាប់ពូជជាមុន គ្រាម់ពូជលាយជាមួយថ្នាំមុនដាំ ក្រោយពីដុះពន្លកត្រូវយកសូលុយសុងថ្នាំផ្សិត ទៅបាញ់ការពារ និងពិសេសពេលលេចចេញសញ្ញាតំបូង ត្រូវទប់ស្កាត់ជាមុនបន្ថយការស្រោចទឹក និងការដាក់ជីអាសូត ។

ខ. ក្រុមជម្ងឺបង្ករឡើងដោយវិរ៉ុស

មានជម្ងឺវិរ៉សជាច្រើនប្រភេទតែងតែបំផ្លាញលើដំណាំអំបូរត្រសក់ ប៉ុន្តែត្រសក់ស្រូវធន់ទ្រាំជាងគេ ។ នៅក្នុងនោះគេសង្កេតឃើញវិរ៉ុសមួយប្រភេទដែលត្រូវបានចំលងពីពពួកចៃ (Aphid)ហៅថា Cucumber Mosaic Virus ធ្វើឲ្យស្លឹកត្រសក់រួខ្មួរ បន្ថយការលូតលាស់ក្នុងករណីផ្លែទុំធ្វើឲ្យបាត់បង់នៅរសជាតិ ។ គេអាចដឹងមុននូវវត្តមានរបស់សត្វចៃ ដោយសារតែក្រុមស្រមោចវាតោងឡើង ដើមត្រសក់ពេលនោះត្រូវមានវិធានការទប់ទល់ជាមុន កាលណាេលចចេញសញ្ញារួញ ត្រូវដកដើមចេញពីចំការនូវដើមដែលរួញ ដោយពុំមានថ្នាំព្យាបាលមេរោគនេះឡើយ ។

ក្រុមជម្ងឺបង្ករដោយបាក់តេរីមានជម្ងឺបាក់តេរី ២ប្រភេទ ដែលធ្វើឲ្យត្រសក់ស្រូវខូចខាត

បាក់តេរីធ្វើឲ្យស្រពោនស្លឹក Bacteria wilt តែងតែបង្ករដោយមេរោគ Erwinna tracheiplila ។វាតែងតែធ្វើឲ្យត្រសក់ស្រូវពេញទូទាំងចំការ ហើយងាប់ក្នុងវគ្គចេញផ្លែ វាឆ្លងរហ័សតាមរយៈទឹកដី និងសត្វល្អិតឈ្មោះថា ខ្ញុងត្រសក់ Cucumber beetles ។

បាក់តេរីធ្វើឲ្យរលួយផ្លែ Bacterial Fruit Rots ឬហៅថា Soft Rot ដែលបណ្តាលមកពីមេរោគឈ្មោះ Erwina carotovora, Pseudomonas និង Erwina ananas ធ្វើឲ្យរលួយពេលត្រសក់ផ្លែចាស់ មិនទាន់ទុំធ្វើឲ្យជាំសំបកដុំៗ គឺសាច់ខាងក្នុងរលួយជាស្រទាប់ៗ ។

ដើម្បីទប់ទល់ និងជម្ងឺនេះ គេត្រូវជ្រើរើសពូជឲ្យបានល្អប្តូរមុខដំណាំពន្យាពេលដាំដំណាំឲ្យបានច្រើនរដូវដុតដីសម្រាប់បណ្តុះកូនឲ្យងាប់មេរោគ សំអាតឧបករណ៍បណ្តុះទប់ស្កាត់ Cucumber beetles

៤. សត្វល្អិតចង្រៃ និងវិធានការការពារ

សត្វល្អិតជាច្រើនប្រភេទ ដែលតែងស៊ីបំផ្លាញ និងចំលងជម្ងឺផ្សេងៗក្នុងនោះមាន ៖

សត្វល្អិតជាភ្នាក់ងារចំលងរោគ

ចៃខ្មៅ Blach aphid Aphisgossipii

ចៃប៉ៃតង Green Peach aphid brevicoryne brassicae

មមាចជញ្ជក់ស្លឹក Leaf hopper Amrasca biguttula biguttula

រុយស White fly Bemisiatabaci

មមុងជញ្ជក់ស្លឹក Thrips Thrips palmi

វាច្រើនតែជញ្ជក់យករុក្ខរស់ឲ្យស្លឹកស្ងួត បន្ថយការលូតលាស់ហើយបន្ថយឲ្យកើតជម្ងឺ ។ វិធានការការពារ និកំចាត់គឺប្រើពូជធន់ និងគ្រប់គ្រងវត្តមានរបស់វាមុនពេលលេចចេញនូវទ្រង់ទ្រាយទៅតាមគ្រោះថ្នាក់ និងវិធីសាស្រ្តដែអាំចធ្វើទៅបាន ។

សត្វល្អិតស៊ីបំផ្លាញផ្ទាល់នៅក្នុងក្រុមនេះមានសត្វល្អិតក្រុមខ្លះជាដង្កូវ ខ្លះទៀតជាខ្មុងសាបរឹង តែងតែករកេកាត់ និងចោះស៊ីបំផ្លាញដូចជា ៖

អណ្តើកមាសពណ៌លឿង Lady beetle : Henosepilachna pusillanima វាស៊ីស្លឹកកូទីលេដុង ត្រួយ , ផ្កា , ក្តិបខ្ចីៗ ធ្វើឲ្យត្រសក់ក្រិនដុះលូតលាស់យឺត ច្រើនចេញបំផ្លាញពេលព្រឹក និងពេលល្ងាច ពេលថ្ងៃជ្រកក្រោមស្លឹក ។

ដង្កូប៉ៃតងមូរស្លឹក Leaf folder : Hymenia recurvalis តែងតែបំផ្លាញត្រួយខ្ចីៗ ហើយរូងចូលទៅក្នុងផ្លែត្រសក់ទាំងអស់ហើយពេលថ្ងៃស្ថិតនៅក្នុងស្ពៃរមូររុំ និងត្រួយ វាមានពណ៌ដូចត្រួយត្រសក់ ។

ដង្កូវចោះផ្លែ Fruit borer worm Helicoverpa armigera វាតែងតែចោះស៊ីក្តិបខ្ចីៗ ហើយរូងចូលទៅក្នុងផ្លែត្រសក់ ធ្វើឲ្យផ្លែស្អុយរលួយ ដង្កូវប្រភេទនេះបំផ្លាញដំណាំយកផ្លែស្ទើតែទាំងអស់ ។

រយទេចផ្លែ Melonlfy ហៅថាDacus ប្រភេទ Strumeta រិចផ្លែខ្ចីៗដំណាអំបូរត្រសក់ថ្វើឲ្យក្តិបស្អុយលែងលូតលាស់ ដោយបញ្ចូលពងរបស់វាចូលទៅក្នុងផ្លែទាំងនោះ ។

ដើម្បីទប់ស្កាត់នូវកត្តាចង្រៃប្រភេទនេះ គេមានវិធានការជាច្រើនដូចជា ដាដំណាំចំរុះយកត្រសក់ស្រូវដាំ ជាមួយថ្នាំជក់ , ពោត និងប៉េងបោះ សំអាតចំការឲ្យស្អាត ជ្រើរើសពូជឲ្យសមស្រប និងផ្តល់ទឹកឲ្យបានសមស្របគ្រប់គ្រងប្រជាករសត្វទាំងនេះមុនពេលលិចចេញជាមេចំណាស់ ប្រសិទ្ធភាពល្អគឺចាត់ការវាក្នុងដំណាំក់កាលកូនដង្កុវ (Nymph) ទៅតាមវិធីសាស្រ្តដែលអាចធ្វើទៅបាន ។

៥. ការប្រមូលផល

ត្រសក់ស្រូវអាចប្រមូលផលបាន (បន្លែ) ក្រោយពីដាំបានរយៈពេល ៤៥-៥០ថ្ងៃ ក្រោយដាំជាលើកដំបូងគេប្រមូលផ្លែខ្ចីៗធ្វើជាបន្លែស្រស់ ឬជ្រក់ នៅតំបន់ខ្លះក្នុងខេត្តកំពង់ចាម គេយកធ្វើត្រសក់គ្រៀម ឬត្រសក់ចាវ ។ ការប្រមូលផលធ្វើឡើង៣-៤ថ្ងៃម្តង ហើយធ្វើឡើងជាច្រើនដងក្នុងមួយវត្តជីវិតរបស់វាទិន្នផលជាមធ្យមគឺ ៨-១១ត/ហ.ត នោក្នុងតំបន់មាត់ទន្លេ ... ។ របៀបប្រមូលផលគឺគេយកកន្រ្ទៃកាត់ទងផ្លែដើម្បីកាត់ទុកផ្លែបានយូរ ក្រោយពីកាត់ហើយយកមករក្សាទុក នៅក្នុងម្លប់ភា្លម និងរៀបចូលទៅក្នុងកន្លែងស្ងួត មិនធ្វើឲ្យរលួសំបកឡើយ ព្រោះសំបកវាស្តើង ការប៉េះទង្គិចបាត់បង់នូវសោភ័ណ្ឌភាពទីផ្សារ ។ចំពោះការប្រមូលផលផ្លែទុំ គេត្រុវទុកត្រសក់ឲ្យទុំពេញលក្ខណៈ រហូតសល់របេះទងខ្លួនវា តែមិនលើសពី ៦៥-៧០ថ្ងៃក្រោយដាំ គេត្រូវរើសយកផ្លែទុំ មកទុកដាក់កន្លែងត្រជាក់ស្ងួត ព្រមទាំងមិនឲ្យប៉ះរង្គោះរង្គើខ្លាំង អាចបណ្តាលឲ្យរលួយផ្លែ និងទុកមិនបានយូរថ្ងៃ ។ ការផលិតជាផ្លែទុំទទួលបានផ្លែ ក្នុងមួយដើម ២-៣ផ្លែប៉ុណ្ណោះ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់