បង្ហោះផ្សាយ

ខ្មែរ

PICON

· 2019-06-21

ប្រវត្តិរបាំទន្សោង គោព្រៃ

#បាំទន្សោងគោព្រៃ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ#

0

បាំទន្សោងគោព្រៃជាមរតកវប្បធម៌មន-ខ្មែរដែលបាន ប្រសូតឡើងនាសម័យ បុរេប្រវត្តិសាស្ត្រ ហើយត្រូវបាន រក្សារហូតដល់សព្វថ្ងៃដោយអ្នកស្រុកខ្មែរនៅតំបន់ព្រៃភ្នំ នៅភូមិអញ្ចាញរូងនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ។ របាំស្នែងទន្សោងរបស់ អ្នកស្រុកខ្មែរនៅតំបន់ព្រៃភ្នំនៅភូមិអញ្ចាញរូង នៅក្នុងខេត្ត កំពង់ឆ្នាំង គឺធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុ ស័កិ្តសិទ្ធិ ពោលគឺអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី មា្ចស់ដងព្រឹក្សា ។

អ្នកស្រុកក្នុងភូមិនេះរមែងតែធ្វើឡើងនៅក្នុងពិធីបុណ្យធំៗដូចជា នៅពេលចូលឆ្នាំ ថី្មជាដើម ។ ប្រដាប់ប្រដា ឬលំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសំរាប់ ច្រូចសែន ឬស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ ឬអង្ករដាក់សែនក្នុងចាន ឬកែវ និងត្រួយថេរ ឬត្រួយម្លូ ស្លាជាដើម ។
ក្រោយពីរៀបចំលំដាប់ លំដាទាំងនោះដាក់លើកនេ្ទលរួចរាល់ហើយអ្នកស្រុក ប្រមូលផ្តុំ ឈរតមៀបគ្នា ហើយប្រគំភ្លេងច្រៀងអញ្ជើញព្រលឹងដូនតានៅតាមដង ព្រៃភ្នំមកសេពសោយ នូវគ្រឿងសំណែនទាំងនោះ ។

បន្ទាប់មកគេក៏ ចាប់ផ្តើមសម្តែងរបាំស្នែងទន្សោងតែម្តង ។ ឈ្មោះទំនុករបាំបទ ទន្សោងគោព្រៃមានជាអាទិ៍ខ្លាក្រាប ល្បុក្កតោ ស្រងែពេន និងទន្សោងគោព្រៃ ។
គប្បីជ្រាបថាចម្រៀង ទាំងនោះមានលក្ខណៈលន្លង់លន្លោចគួរឱ្យរន្ធត់ចិត្តជាពន់ ពេកដោយហេតុថា អ្នកដែលច្រៀងនោះមានទេពកោសល្យខ្ពស់ ។ ពេលស្តាប់គេ មានអារម្មណ៍ថា អ្នកដែលច្រៀងនោះតំណាងឱ្យអារក្ស ឬធ្មប់ ។ ទន្ទឹមនឹងនេះអ្នក រាំប្រុសដែលតំណាងឱ្យទន្សោងឈ្មោល និងអ្នករាំស្រីដែលតំណាងឱ្យទន្សោងញី ពួកគេពាក់ស្នែងពិត ព្រោះតំណាងឱ្យសត្វព្រៃពិតៗឥតកែ្លងក្លាយ ។ បើយើងពិនិត្យ កាយវិការដែលគេបានបញ្ចេញម្តងវិញនោះ យើងក៏សង្កេតឃើញភាពស្ទាត់ជំនាញ របស់គេដែរ ។ កាយវិការរបស់គេប្រៀបដូចជាកាយវិការរបស់សត្វទន្សោងគោព្រៃ ពិតៗ ។ ម្យ៉ាងវិញទៀតពេលដែលគេឃើញបងប្អូនខ្មែរកួយ សួយបញ្ចេញក្បាច់ ទន្សោងព្រៃភ្នំម្តងៗ គេមានអារម្មណ៍ថា កំពុងសិ្ថតក្នុងបរិបទសង្គមមួយដែលអ្នក ស្រុកមានជីវភាពជាអ្នកប្រមាញ់យ៉ាងជាក់លាក់ ។ ទាំងនេះសឱ្យឃើញនូវនិរន្តភាព ព្រមទាំងចំណាស់នៃប្រពៃណីនេះដែលជាមរតកវប្បធម៌មន-ខ្មែរមានតាំងពី យូរមក ហើយ ។
លក្ខណៈមួយទៀត គួរឱ្យកត់សម្គាល់ដែលបង្ហាញនូវចំណាស់របស់របាំទន្សោងគោ ព្រៃនេះ គឺក្នុងពេលសំដែងគេមិនបាច់ផ្លាស់ប្តូរសម្លៀកបំពាក់ ។ ធម្មតាក្នុងពេល សំដែងរបាំបានបង្ហាញថា អ្នករបាំទាំងនោះសុទ្ធសឹងតែជាអ្នកស្រុករស់នៅតាមដង ព្រៃភ្នំឆ្ងាយពី ទីប្រជុំជនដែលមានមនុស្សរស់នៅយ៉ាងកុះករចំណែកនៅតាមទីជន បទដាច់ស្រយាល កម្រមានទេសចរមកដល់ ។
ចំពោះឧបករណ៍តន្ត្រី ដែលពួកអ្នកស្រុកប្រើក្នុងការសម្តែងរបាំទន្សោងគោព្រៃនេះ ដែលយីង អាចចាត់ទុកថាជាតង្វាយសម្រាប់វត្ថុស័ក្តិសិទ្ធិ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ ព្រៃភ្នំក្រំថ្ម មានប៉ី ទ្រ ស្គរ និងពួយ ដែលជាប្រភេទគែនម្យ៉ាង ។
សូមបញ្ជាក់ផងដែរថា ឧបករណ៍ភេ្លងទាំងប៉ុន្មានខាងលើនេះ ក៏កំពុងពេញនិយម ដោយពួកសម្រែនៅខេត្តពោធិ៍សាត់ក្នុងពិធីបេះក្រវាញ ផងដែរ ។
ជារួមមនុស្សរាំរបាំទន្សោងព្រៃមានចំនួនប្រមាណជា ១០នាក់ ប្រុស ២នាក់ គឺអ្នក ច្រៀងទំនុកទន្សោង និងអ្នករាំស្រី ៨នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង ១នាក់ និងអ្នករាំអមទន្សោង ២នាក់ ។
កត្តាគួរកត់សម្គាល់មួយទៀតពួកអ្នករាំទាំងនោះស្ថិតក្នុងមធ្យមវ័យពោលគឺឆាប់ មានការពិសោធក្នុងការបរបាញ់ក៏ដូចជាជីវិតប្រចាំថ្ងៃដែរជាពិសេសស្គាល់នូវពិធី កម្មប្រជាប្រិយមួយចំនួនផង ។
ដូចពោលខាងលើ លក្ខណៈបរមបុរាណនៃរបាំទន្សោងគោព្រៃនេះអាចគូសបញ្ជាក់ តាមរយៈកាយវិការ របស់អ្នករាំដែលមានវ័យចំណាស់ ហើយប្រកបដោយបទ ពិសោធ ។ ក្បាច់ដែលពួកគេរាំនោះមានលក្ខណៈយឺតៗមិនញាប់នោះទេ ដៃទាំង ពីររបស់អ្នករាំមិនរាបស្មើ ពោលគឺរេចុះរេឡើង បត់ចុះបត់ឡើង មកលើត្រឹមចង្កេះ ត្រាប់តាមកាយវិការរបស់ទន្សោងគោព្រៃមើលទៅគួរឱ្យកោតសរសើរ ក្រៃលែង ។
ទេពកោសល្យរបស់ អ្នករាំប្រុសស្រីដែលដើរតួជាទន្សោងញីឈ្មោលសិ្ថតនៅត្រង់ ចំណុចមួយទៀត គឺការរាំស៊ីចង្វាក់គា្ន ក្បាច់ជើង ក្បាច់ដៃ ដងខ្លួនរបស់ពួកគេរេរាំ រំពើតរំពើនប្រកបដោយចរិតជាសត្វដែលកំពុង ចែចង់គ្នាពិតៗ ។ យោងលើ ឥរិយាបថនេះយើងអាចកត់សម្គាល់ថាអត្ថន័យស៊ីជម្រៅ ឬនិមិត្តរូបពិតៗរបស់របាំ នេះគឺការតពូជពង្សវង្សត្រកូលពីសំណាក់អ្នកស្រុកភូមិព្រៃភ្នំទាំងនោះ ។ កុំភ្លេចថា នាសម័យដើម របាំទន្សោងនេះជាពិធីស័ក្តិសិទិ្ធមួយដែលខកខានពុំបាន ។ អ្នក ស្រុកព្រៃភ្នំត្រូវប្រារព្ធធ្វើមុននឹងទៅបរបាញ់សត្វក្នុងព្រៃ ។ ជ័យជោគឬបរាជ័យនៃ ការបរបាញ់ គឺសិ្ថតលើដំណើរការសម្តែងបាន ល្អ ឬមិនល្អនៃរបាំនេះចំតែម្តង ។ របាំនេះគឺជាតង្វាយ ឬពលិកម្មមួយធ្វើឡើងចំពោះព្រលឹងដូនតា ចាស់ស្រុក ដើម្បីធ្វើការបរបាញ់ ប្រកបដោយប្រសិទ្ធភាព ។
មួយវិញទៀត អ្នករាំទាំងពីរភេទក៏តំណាងឱ្យព្រលឹងដូនតា ឬក៏ព្រលឹងនៃសត្វ ទន្សោងគោព្រៃផ្ទាល់តែម្តងដែលតាមរយៈរបាំដ៏មានន័យ នេះ នឹងមកសណិ្ឋត ក្នុងខ្លួនរបស់គេ ។ ដូចកាយវិការត្រាប់តាមចរិតសត្វរបស់អ្នករាំជាភស្តុតាងស្រាប់ ។ កុំភេ្លចថាក្នុងប្រព័ន្ធទស្សនវិជ្ជារបស់បងប្អួនខ្មែរលើដែល កើតចេញពីជំនឿជីវចល សត្វទាំងនោះគឺតំណាងឱ្យបុព្វការីជន ។ បុព្វការីជនជាសត្វ ហើយសត្វក៏ជាបុព្វ ការីជន ។
សរុបសេចកី្តមក របាំទន្សោងគោព្រៃជារមតកវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ កាត់ថ្លៃមិនបាន ។ របាំនេះឆ្លុះបញ្ជាំងឱ្យឃើញនូវសម្ព័ន្ធភាពយ៉ាងជិតសិ្នទ្ធរវាង សត្វ និងមនុស្ស ឬបរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សនៅតាមព្រៃភ្នំដែលភាគច្រើន ចិញ្ចឹមជីវិត ដោយការបរបាញ់សត្វ ។
អត្ថប្រយោជន៍មួយទៀត នៃការសិក្សារបាំនេះ គឺជនជាតិខ្មែរព្រៃភ្នំសុទ្ធសាធ អី្វដែល គេហៅថាមនុស្សភាគតិចដែលសិ្ថតក្នុងអំបូរមន-ខ្មែរ ហើយរបាំនេះ គឺជាមែកធាង មួយនៃខឿវប្បធម៌ខ្មែរយ៉ាងប្រាកដ ។ ការបាត់បង់នូវរបាំនេះ គឺពិតជាធ្វើឱ្យភាព សម្បូរបែបនៃវប្បធម៌ខ្មែរស្រុតចុះមួយកម្រិត ពុំខាន (ម.ត្រាណេ) ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់