
Darith
· 2019-07-09
មន្ត្រីចរាចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីទៀតដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវមានសីលធម៌បើកបរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ!
0
ខេត្តព្រះសីហនុ៖ មន្ត្រីទទួលបន្ទុកផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីទៀត ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរយានជំនិះគ្រប់ប្រភេទ សូមប្រកាន់ខ្ជាប់ចំពោះសីលធម៌ល្អក្នុងការបើកបរ និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាប្រចាំ ទោះចម្ងាយផ្លូវជិត ឬឆ្ងាយ ហើយផ្លូវធ្វើដំណើរនៅជិត ឬក៏ឆ្ងាយពីទីប្រជុំជនបែបណាក្តី ដើម្បីរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នៅកម្ពុជា ក៏ដូចជាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យថយចុះចំនួន។
លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ បានរំលឹក និងអំពាវនាវដូច្នេះ នៅគ្រាសង្កេតឃើញថា នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅតាមផ្លូវមួយចំនួន ជាពិសេសផ្លូវជាតិលេខ៤ នាខេត្តព្រះសីហនុ បានបន្តកើតមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តតូចធំ បានបុកគ្នាជាច្រើនករណី បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល។
ជាក់ស្តែងតាមរបាយការណ៍ របស់ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បង្ហាញថា នៅល្ងាចម៉ោង ៤ ថ្ងៃទី៨ ខែកក្កដានេះ តាមបណ្តោយផ្លូវជាតិលេខ៤ មានគ្រោះថ្នាក់មួយករណីទៀត បានកើតឡើង។ ហើយថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺមានរថយន្ត៤គ្រឿង បានបុកបន្គគ្នា។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ លេខ ១៨៨~១៨៩។
គ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលបានផ្តល់ព័ត៌មានបឋមថា មានរថយន្ត៤គ្រឿង បានបុកបន្តកន្ទុយគ្នា ដោយមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។
រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរួមមាន៖ រថយន្តទី១- រថយន្តម៉ាក NISAN ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9993 និងបើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
២- រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2C-8939 បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តាក់ស៉ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣- រថយន្តម៉ាក TOYOTA -PRUIS ពណ៍ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខ័ណមានជ័យ រាជធានីភ្នំពេញ និងរថយន្តទី៤- រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-0225 ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)ទេ ព្រោះបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុភ្លាមៗ។
សមត្ថកិច្ចឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរទេ។
បច្ចុប្បន្ននេះ វត្ថុតាងរថយន្តទាំង ៤គ្រឿង ត្រូវបានសមត្ថកិច្ចនាំយករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដោយឡែក ចំពោះអ្នកបើករថយន្ត FUSO ដែលបានរត់គេចខ្លួន សមត្ថកិច្ច កំពុងតែបន្តស្រាវជ្វរកអត្តសញ្ញាណ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរ ងាកទៅស្រុកស្ទឹងហាវ ឯណោះវិញ ក៏កើតមានគ្រោះថ្នាក់ចរាចរណ៍មួយករណីដែរ រវាងរថយន្តបុកជាមួយរថយន្ត គឺកើតឡើងកាលពីម៉ោងជាង ២រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចនគរបាលឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមដងផ្លូវតិរវិថីសម្ដេច ហ៊ុន សែន ក្នុងឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តដឹកពោងសុីម៉ង់ត៍ ពាក់ផ្ល្លាកលេខ ភ្នុំពេញ 3C-6994 បើកបរដោយឈ្មោះ សត បានបុកប៉ះជាមួយរថយន្តធំពណ៌ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ 3A-6441 ហើយបើកបរមានឈ្នោះ សុខ ថនភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិគិរីរស្មី ឃុំតាំខ្វា ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលមូលដ្ឋាន បញ្ជាក់ថា មិនមានអ្នករងរបួសទេ។ ចំណែក រីឯរថយន្តទាំង ២គ្រឿង ត្រូវសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់នាថ្ងៃខាងមុខ។
ដោយឡែកងាកមកស្រុកព្រៃនប់ តាមផ្លូវជាតិលេខ៤វិញ កាលពីវេលាម៉ោង ១ និង១៥នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយករណីដែរ រវាងរថយន្ត១គ្រឿងម៉ាក NX200T ពណ៌ស គ្មានផ្លាកលេខ។ រថយន្តនេះ បើកបរដោយឈ្មោះ អាវ ហេង ភេទប្រុស អាយុ ៣៨ឆ្នាំ មខរបរលក់ដូរ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា រថយន្តបង្កហេតុ ពេលបើកមកដល់ចំណុចខាងលើ ហើយនៅពេលរថយន្តបើកបត់ឆ្លងផ្លូវ ក៏បុកប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA-WAVE ពណ៌ក្រហម គ្មានផ្លាកលេខ ហើយបើកបរមានទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ ម៉ូតូរងគ្រោះចរាចរណ៍នេះ បើកបរដោយឈ្មោះ ញ៉ែម ផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់ឌុប និងអ្នករួមដំណើរឈ្មោះ គយ ម៉ីលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស និងឈ្មោះ ងួន ង៉ែត ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស ។ អ្នករងគ្រោះថ្នាក់ទាំង៣នាក់ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរបួសមនុស្សចំនួន ៣នាក់រួមមាន៖
១- ឈ្មោះ ញ៉ែម ផល អ្នកបើកបរម៉ូតូ របួសស្រា
២- ឈ្មោះ គួយ ម៉ីលី អ្នករួមដំណើរម៉ូតូ របួសស្រាល
៣- ឈ្មោះ ងួន ង៉ែត អ្នករួមដំណើរម៉ូតូ របួសមធ្យម
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន វាលរេញ។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែក អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកម្លាំងនគរបាល ស្រុកព្រៃនប់ បាននាំខ្លួនមកសួរនាំ លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដើម្បីឈានទៅបន្តនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃខាងមុខទៀត។
ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅម៉ោងជាង៤ ល្ងាចថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ២១១~២១២ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់នេះ កើតឡើង រវាងរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E.0698 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ ហើយពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តម៉ាក HYUNDAIនេះ បានបុកពីក្រោយ រថយន្តម៉ាក HYUNDAI STAREX ពណ៌ផ្សែងបារី ពាក់ផ្លាកលេខ ភ្នំពេញ 2W.2041 បើកបរមានទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ រថយន្តនេះ បើកបរដោយជនជាតិចិន និងអ្នករួមដំណើរចំនួន៤នាក់ គឺស្ត្រីខ្មែរជាអ្នកបកប្រែភាសាចិនម្នាក់ និងជនជាតិចិន៣នាក់ បណ្ដាលឲ្យក្រឡាប់ពីលើរថយន្ត HYUNDAI STAREX ដែលមានទិសដៅស្របគ្នាតែម្តង។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់ជនជាតិចិនម្នាក់នៅកន្លែងកើតហេតុ និងរងបួសចិនម្នាក់ទៀត។
សមត្ថកិច្ចនគរបាលបន្តថា បច្ចុប្បន្ននេះ ចំពោះរថយន្តទាំង២គ្រឿងសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់នាថ្ងៃខាងមុខ។ ប៉ុន្តែសម្រាប់អ្នកបើកបររថយន្ត HYUNDAI បង្កគ្រោះថ្នាក់ចរាចរណ៍ បានរថរត់គេចខ្លួនក្រោយពេលកើតហេតុភ្លាមៗ។
សូមបញ្ជាក់ថា គិតចាប់ពីម៉ោង ១២ថ្ងៃត្រង់ទី៨ ខែកក្កដា ឆ្នាំ២០១៩ រហូតមកត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែលនេះ នាមូលដ្ឋានខេត្តព្រះសីហនុ បានកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់។ ក្នុងនោះជនរងគ្រោះដែលស្លាប់គឺជាជនជាតិចិន។
គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បានបណ្តាលឲ្យខូចរថយន្ត តូចធំចំនួន ៩គ្រឿង និងម៉ូតូចំនួន ១គ្រឿង។ ហើយថា គ្រោះថ្នាក់ចរាចរណ៍ទាំង៤ករណីខាងលើនេះ គឺមាន៣ករណី បានកើតឡើងនៅតាមផ្លូវជាតិលេខ៤ និង១ករណីទៀត កើតឡើងតាមផ្លូវ នាស្រុកស្ទឹងហាវ។
គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនគរបាល ដែលមើលការខុសត្រូវផ្នែកសន្តិសុខសណ្តាប់ធ្នាប់ នុងចរាចរណ៍តាមមូលដ្ឋាន និងនៅតាមផ្លូវជាតិលេ៤ បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺបណ្តាលមកពីកត្តាមនុស្ស ពោលគឺអ្នកបើកបរភាគច្រើន ជាពិសេសអ្នកបើករថយន្តបង្កហេតុឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺខ្វះមិនគោរពច្បាប់ ខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើកបរខ្លះទៀត មិនមានការអធ្យាស្រ័យ ឬយោគយល់ឲ្យគ្នាទៅវិញទៅមកនលះទេ។ ហើយម្យ៉ាងវិញទៀត ក៏មានអ្នកបើកបរមួយចំនួនទៀត បានបើកបរក្នុងល្បឿនលឿនលើសពីច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ជាដើម៕ ដោយ៖ ដែន អយុធ្យា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវពលករមិនទាន់មានការងារធ្វើ មកចូលរួមពិព័រណ៍ដើម្បីស្វែងរកការងារ

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែនេះហើយ

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ជប៉ុនសន្យាបន្តពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត

យោបល់ទាំងអស់ (0)
គ្មានយោបល់