
Soy
· 2019-07-12
ជំងឺគ្រុនឈាម៖ អ្វីដែលអ្នកម្តាយត្រូវយល់ដឹង
#យល់ដឹង# #អ្នកម្តាយ# #គន្លឹះថែទាំសុខភាព# #សុខភាព# #ជំងឺគ្រុនឈាម#
0
១. តើអ្វីទៅហៅថាជំងឺគ្រុនឈាម?
ជំងឺគ្រុនឈាមគឺជាជំងឺដែលចម្លងដោយសត្វមូសខ្លា។ ចំពោះជំងឺគ្រុនឈាមកម្រិតស្រាលបណ្តាលអោយមានក្តៅខ្លួនខ្លាំង, ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ និងសន្លាក់។ ចំពោះទម្រង់ធ្ងន់ធ្ងរវិញគេហៅវាថា Dengue Hemorrhagic Fever ដែលបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរ, សម្ពាធឈាមថយចុះខ្លាំង និងស្លាប់បាន។
ជំងឺនេះភាគច្រើនកើតមានជាញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងកើត។
អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំងជំងឺមួយនេះ ប៉ុន្តែការបង្ការដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺធ្វើយ៉ាងណាកាត់បន្ថយកុំអោយមូសខាំ ជាពិសេសកន្លែងដែលមានចំនួនជំងឺគ្រុនឈាមច្រើន។
២. ពេលណាដែលសង្ស័យថាអ្នកមានជំងឺគ្រុនឈាម?
មនុស្សជាច្រើន ជាពិសេសកុមារ និងយុវវ័យប្រហែលជាមិនធ្លាប់មានរោគសញ្ញាក្នុងពេលកើតជំងឺគ្រុនឈាមកម្រិតស្រាលទេ។ ប៉ុន្តែរោគសញ្ញានឹងកើតឡើងនៅរយៈពេល ៤ ទៅ១០ថ្ងៃក្រោយពីត្រូវបានមូសមានជំងឺខាំរួច។
រោគសញ្ញារបស់ជំងឺគ្រុនឈាមមានដូចជា៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាល
- ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
- ឈឺនៅខាងក្រៅភ្នែក
អ្នកក៏ប្រហែលជាមានរោគសញ្ញាផ្សេងទៀតដូចជា៖
- ចេញកន្ទួលក្រហមៗពេញខ្លួន
- ក្អួត និងចង្អោរ
- ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ
អ្នកជំងឺភាគច្រើនជាឡើងវិញក្នុងរយៈពេលមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ករណីខ្លះ រោគសញ្ញារបស់វានឹងកាន់តែធ្ងន់ធ្ងរ ហើយអាចគំរាមកំហែងដល់ជីវិតទៀតផង។ សរសៃឈាមច្រើនតែខូចខាត និងហូរឈាមចេញ ហើយចំនួននៃកោសិកាសម្រាប់ធ្វើអោយឈាមកកក៏ថយចុះផងដែរ ដូច្នេះវាអាចនឹងធ្វើអោយមាន៖
- ការហូរឈាមចេញពីច្រមុះ និងមាត់
- ឈឺពោះធ្ងន់ធ្ងរ
- ក្អួតជាប់រហូត
- ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
- មានបញ្ហានៅសួត, ថ្លើម និងបេះដូង
៣. ជំងឺគ្រុនឈាមបង្កឡើងដោយសារអ្វី?
ជំងឺគ្រុនឈាមបណ្តាលមកពីវីរុសបង្កជំងឺគ្រុនឈាមមួយក្នុងចំណោមបួន ដែលចម្លងតាមរយៈមូសខ្លាខាំមនុស្ស។ នៅពេលមូសខាំមនុស្សម្នាក់ដែលមានជំងឺឬវីរុសបង្កជំងឺគ្រុនឈាម វីរុសនោះនឹងចូលទៅក្នុងសត្វមូសនោះ។ បន្ទាប់មកមូសនោះនឹងក្លាយទៅជាមូសផ្ទុកជំងឺ។ នៅពេលវាទៅខាំមនុស្សម្នាក់ទៀត វីរុសនឹងចូលទៅក្នុងចរន្តឈាមរបស់មនុស្សនោះដើម្បីបង្កជំងឺទៀត។
ក្រោយពីអ្នកជាសះស្បើយពីជំងឺគ្រុនឈាមហើយ អ្នកនឹងមានប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងវីរុសបង្កគ្រុនឈាមមួយប្រភេទដែលចម្លងជំងឺអ្នក ប៉ុន្តែមិនអាចប្រឆាំងនឹងវីរុសបីប្រភេទទៀតបានទេ។ ចំពោះកត្តាប្រឈមនឹងជំងឺគ្រុនឈាមបែបធ្ងន់ធ្ងរនឹងកើនឡើងខ្លាំងបើសិនជាអ្នកឆ្លងជំងឺគ្រុនឈាមលើកទីពីរ, ទីបី ឬទីបួនទៀត។
កត្តាប្រឈមមុខ
- រស់នៅ ឬធ្វើដំណើរទៅកាន់តំបន់ត្រូពិច៖ ការរស់នៅក្នុងតំបន់ត្រូពិច និងត្រូពិចក្រោមជាពិសេសកន្លែងដែលមានការប្រឈមមុខខ្ពស់ដូចជាតំបន់អាស៊ីអាគ្នេយ៍ សុទ្ធតែធ្វើអោយអ្នកប្រឈមកាន់តែខ្លាំងនឹងវីរុសបង្កជំងឺគ្រុនឈាម។
- ធ្លាប់មានជំងឺគ្រុនឈាមពីមុនមក៖ ការដែលធ្លាប់ឆ្លងជំងឺគ្រុនឈាមពីមុនម្តងធ្វើអោយអ្នកកាន់តែប្រឈមខ្លាំងនឹងការមានរោគសញ្ញាធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះជាលើកទីពីរ ជាពិសេសកុមារតែម្តង។
៤. ធ្វើដូចម្តេចដើម្បីកុំអោយកើតជំងឺគ្រុនឈាម?
ចំពោះវ៉ាក់សាំងជំងឺគ្រុនឈាមកំពុងតែផលិត ប៉ុន្តែជាទូទៅគឺមិនអាចប្រើបាននៅឡើយទេ។ បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅកន្លែងណាមួយដែលមានជំងឺគ្រុនឈាមនោះ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារកុំអោយឆ្លងជំងឺគ្រុនឈាមគឺធ្វើយ៉ាងណាកុំអោយមូសដែលមានជំងឺខាំបាន។
បើសិនជាអ្នកកំពុងតែរស់នៅ ឬធ្វើដំណើរទៅតំបន់ត្រូពិចដែលជាកន្លែងមានជំងឺគ្រុនឈាមនោះ អ្នកគួរតែធ្វើដូចខាងក្រោមនេះដើម្បីកុំអោយមូសខាំបាន៖
- ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬដេកក្នុងមុង
- កាត់បន្ថយការចេញក្រៅផ្ទះនៅពេលយប់ ជាពិសេសកន្លែងដែលមានមូសច្រើន
- ស្លៀកសម្លៀកបំពាក់អាវវែងខោវែងដើម្បីបន្ថែមការការពារ ហើយក៏កុំភ្លេចពាក់ស្រោមជើងផង
- ប្រើសារធាតុបណ្តេញមូស ជាពិសេសការដេកក្នុងមុងដែលជ្រលក់ថ្នាំតែម្តង។
- កាត់បន្ថយជម្រកមូស៖ មូសដែលផ្ទុកជំងឺគ្រុនឈាមច្រើនតែរស់នៅក្នុង និងជុំវិញផ្ទះ ហើយវាក៏អាចបង្កើតកូនចៅនៅក្នុងរបស់ដែលអាចដក់ទឹកបានដែរ។ ដូច្នេះអ្នកគួរតែលុបបំបាត់របស់អស់ទាំងនេះដើម្បីកាត់បន្ថយចំនួនមូស។
៥. វិធីបញ្ជាក់ថាអ្នកមានជំងឺគ្រុនឈាម?
ការកំណត់រោគវិនិច្ឆ័យជំងឺគ្រុនឈាមអាចជារឿងមួយពិបាក ព្រោះសញ្ញារបស់វាងាយនឹងច្រឡំនឹងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនចាញ់ជាដើម។ ដូច្នេះគ្រូពេទ្យទំនងជាត្រូវសួរប្រវត្តិជំងឺ និងការធ្វើដំណើររបស់អ្នក ជាពិសេសរឿងទាក់ទងនឹងមូសខាំតែម្តង។
ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ជាច្រើនអាចរកឃើញអំណះអំណាងរបស់វីរុសបង្កជំងឺគ្រុនឈាមបាន ប៉ុន្តែលទ្ធផលច្រើនតែមកមិនទាន់ទេ ដូច្នេះត្រូវតែមានការសម្រេចចិត្តព្យាបាលអោយទាន់ពេលវេលាសិនទើបជាការល្អ។
៦. ពេលណាត្រូវទៅជួបគ្រូពេទ្យ
បើសិនជាអ្នកទើបតែទៅតំបន់ត្រូវបានគេដឹងថាផ្ទុះជំងឺគ្រុនឈាម ហើយអ្នកស្រាប់តែកើតអាការៈក្តៅខ្លួនភា្លមៗ យកល្អគួរតែទៅជួបពេទ្យពិនិត្យ និងព្យាបាលហើយ។
៧. គ្រុនឈាមអាចសម្លាប់អ្នកដោយរបៀបណា?
មនុស្សភាគច្រើនដែលកើតជំងឺគ្រុនឈាមគឺមានអារម្មណ៍មិនល្អជាមួយនឹងការក្តៅខ្លួន ឈឺសាច់ដុំ តែវានឹងស្រួលបួលមកវិញទេ។
ករណីខ្លះ អ្នកជំងឺអាចនឹងមានការខូចខាតដល់ថ្លើម ចេញលឿង និងហូរឈាមចេញពីរាងកាយទៀតផង។ ថ្លើមអាចនឹងខ្សោយ ហើយអ្នកជំងឺចេះតែបន្តធ្លាក់ឈាម រហូតដល់ទៅជាស្យុក (សម្ពាធឈាមធ្លាក់ចុះខ្លាំង) ដែលករណីនេះនឹងធ្វើឲ្យសរីរាង្គជាច្រើនក្នុងរាងកាយខ្សោយ រហូតដល់អាចសម្លាប់អ្នកជំងឺបានតែម្តង។
៨. អ្នកអាចមានដំណោះស្រាយអ្វីនៅផ្ទះដើម្បីប្រឆាំងជំងឺគ្រុនឈាម?
- ចៀសវាងការញ៉ាំអាហាររឹង៖ អ្នកគួរតែចៀសវាងការញ៉ាំអាហាររឹងរហូតដល់ជាពីជំងឺគ្រុនឈាម។ អ្នកអាចជំនួសវាវិញជាមួយនឹងការញ៉ាំទឹកឲ្យបានច្រើន ជាពិសេសទឹកផ្លែឈើតែម្តង។
- ទឹកក្រូចច្របាច់៖ វាគឺជាការព្យាបាលដោយខ្លួនឯងដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺគ្រុនឈាម។ វាសម្បូរទៅដោយវីតាមីន និងអង់ទីអុកស៊ីដង់ដែលធ្វើឲ្យវាក្លាយទៅជាការព្យាបាលបែបធម្មជាតិដ៏ល្អមួយលើរោគសញ្ញាជំងឺគ្រុនឈាម។
៩. គ្រូពេទ្យព្យាបាលជំងឺគ្រុនឈាមយ៉ាងដូចម្តេច?
ជំងឺគ្រុនឈាមមិនទាន់មានវិធីព្យាបាលណាមួយពិសេសនៅឡើយទេ។ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកជំងឺទទួលទានជាតិទឹកអោយបានច្រើន ដើម្បីកុំអោយខ្សោះជាតិទឹកពីការក្អួត និងក្តៅខ្លួនខ្លាំង។
ថ្នាំ Acetaminophen (Tylenol) អាចបញ្ចុះកម្តៅ និងបន្ថយការឈឺចាប់បាន។ ចូរចៀសវាងថ្នាំបំបាត់ការឈឺចាប់ណាដែលបង្កើនការហូរឈាមដូចជា ថ្នាំអាស្ពីរីន, Ibuprofen (Advil, Motrin) និង Naproxen Sodium (Aleve) ។
បើសិនជាអ្នកមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវ៖
- ព្យាបាលដោយថែទាំសុខភាពក្នុងមន្ទីរពេទ្យ
- បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់
- តាមដានសម្ពាធឈាម
- បញ្ចូលឈាមដើម្បីជំនួសការបាត់បង់ឈាម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់៖ សត្វត្រីរាប់រយប្រភេទអាច «ប្តូរភេទ» របស់ពួកវាឲ្យស្របទៅតាមបរិស្ថាន

ក្រោយធ្លាក់ចេញពី Champion Leauge ក្លឹបខៀវ Man City បានបញ្ចេញប្រតិកម្មនៅក្នុង Twitter របស់ខ្លួនបន្ទាប់ពីការស៊ុតបញ្ជូលរបស់ Sterling មិនអនុញ្ញាតក្រោយពិនិត្យលើប្រព័ន្ធ VAR ថាជាបាល់..

ម្ដាយសព ឌុំ រីដា ប្ដឹងទាមទារសំណង២០មុឺនដុល្លារ
ព័រទុយហ្គាល់ ក្លាយជាម្ចាស់ពាន UEFA Nations League ក្រោយឈ្នះហូឡង់

យោបល់ទាំងអស់ (0)
គ្មានយោបល់