
Ralph
· 2019-07-29
ក្រុមហ៊ុន Moonton ដែលជាអ្នកបង្កើតវិញ្ញាសា Mobile Legends: Bang Bang ដែលជាប្រភេទវិញ្ញាសាកីឡា
18
ភ្នំពេញ ៖ ក្រុមហ៊ុន Moonton ដែលជាអ្នកបង្កើតវិញ្ញាសា Mobile Legends: Bang Bang ដែលជាប្រភេទវិញ្ញាសាកីឡាអេឡិចត្រូនិកមួយដ៏ពេញនិយមនៅលើពិភពលោកបានបញ្ចេញស្នាដៃថ្មីទៀត ដែលជាដំណឹងដ៏រំភើបសម្រាប់អ្នកលេង។ នេះបើតាមការប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មានសកល Moonton Epicon 2019 ដែលមានប្រាក់រង្វាន់ជ័យលាភីរហូតដល់២៥ម៉ឺនដុល្លារអាម៉េរិក។
ក្នុងសន្និសីទសារព័ត៌មាន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ ប្រទេសជុំវិញពិភពលោកចូលរួមមានដូចជា៖ ចិន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ព្រុយណេ សិង្ហបុរី និងប្រទេសជាច្រើនទទៀតបានបង្ហាញពីជោគជ័យយ៉ាងខ្លាំងអំពីវិញ្ញាសា Mobile Legends និងបង្ហាញពីគម្រោងពង្រីកថ្មីៗជាច្រើនទៀត។លោក Justin Yuang នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Moonton បានបញ្ជាក់ថា ក្រុមការងារជាសកលរបស់លោកកំពុងកែលម្អតាមតម្រូវតាមទីផ្សារ និងឱ្យស្របទៅនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធ្វើឱ្យមានភាពងាយស្រួលជូនដល់អ្នកលេងទាំងឡាយដោយទទួលបានលទ្ធលគួរជាទីពេញចិត្ត។ លោកបានបន្ដថា អ្វីដែលកាន់តែពិសេសនោះគឺការប្រកាសរៀបចំការប្រកួតអន្តរជាតិធំមិនធ្លាប់មាន គឺ Mobile Legends: Bang Bang World Championship ដែលគ្រោងធ្វើនៅថ្ងៃទី១១ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលាន Axiata Arena ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រាក់រង្វាន់ចំនួន២៥ម៉ឺនដុល្លារ។
រដ្ឋមន្ត្រីយុវជន និងកីឡាប្រទេសម៉ាឡេស៊ី ឯកឧត្ដម Syed Saddiq bin Syed Abdul Rahman បានមានប្រសាសន៍ថា កីឡាអេឡិចត្រូនិកមានសក្កានុពលខ្លាំង ដែលមានចរន្តទឹកប្រាក់រាប់លានដុល្លារអាម៉េរិក ដែលជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី និងអរគុណដល់ក្រុមហ៊ុន MOONTON ដែលបានជួយដល់ពួកយយើងដើរលើផ្លូវពិភពលោកតាមរយៈការប្រកួតជើងឯកពិភពលោក Bang Bang World Championship។ជាមួយគ្នានេះ លោក Dato Anath S. Nathan ប្រធានសមាគម Esports ម៉ាឡេស៊ីបាននិយាយថា វិញ្ញាសា Mobile Legends: Bang Bang គឺជាវិញ្ញាសាមួយដ៏ល្បីល្បាញនៅប្រទេសម៉ាឡេស៊ី ហើយវិញ្ញាសានេះជាប្រភេទកីឡាដែលមានលក្ខណៈអាជីពពិតប្រាកដ។ជើងឯកពិភពលោកនេះហៅកាត់ថា M1 ដែលនឹងមានក្រុមចំនួន១៦ មកពី១៤ប្រទេសចូលរួមប្រកួតដើម្បីឆ្ពោះទៅគ្រងជើងឯកដែលមានប្រាក់រង្វាន់ជាង២៥ម៉ឺនដុល្លារអាម៉េរិក។ អ្នកគាំទ្រនឹងបានទស្សនាតាមរយៈផ្សាយផ្ទាល់តាម YouTube។
Mobile Legends: Bang Bang 2.0 គឺជាផ្នែកដ៏សំខាន់ដែលត្រូវបានបង្ហាញជាមួយការកែលម្អថ្មី ម៉ាស៊ីនកាន់តែល្អ និងលឿនជាងមុនដែលពិតជាបំពេញតាមតម្រូវការរបស់អ្នកលេង។ លក្ខណៈពិសេសថ្មី គឺកែលម្អផែនទីថ្មី បង្កើន FP កាត់បន្ថយ AFK ជាដើម។ ចំពោះការកែលម្អថ្មីនេះគឺអនុលោមទៅតាមសេចក្តីណែនាំពីប្រភេទថ្មីមួយទៀតគឺ Mobile Legends: Adventure ដែលជាយុទ្ធសាស្ត្រហ្គេមកាត RPG ដែលនឹងចេញជាផ្លូវការនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ មុខហ្គេមថ្មីនេះកាន់តែធ្វើឱ្យប្រសើរឡើងអំពីតម្រូវការអ៊ីនធឺណេតទាប និងកម្រិតរក្សាទុកទាប។ វាត្រូវបានឌីហ្សាញឡើងដើម្បីកាន់តែងាយស្រួល និងសាមញ្ញ។ អ្នកលេង៥នាក់ក្នុងពេលតែមួយនៅលើសមរភូមិប្រយុទ្ធ ប្រើគំនិតប្រាជ្ញារៀបចំយុទ្ធសាស្ត្រវាយលុកសត្រូវ។សូមបញ្ជាក់ថា ក្រុមហ៊ុន MOONTON បានសន្យាចំពោះអ្នកគាំទ្រថា ពួកគេនឹងទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀតពី Mobile Legends ជុំវិញពិភពលោកតាមរយៈតន្ត្រី ការអប់រំ កំប្លែងតុក្កតា កម្មវិធីទូរទស្សន៍ និងភាពយន្តជាដើម នាពេលខាងមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់