
TNAOT News
· 2019-08-24
ទីកន្លែងសំខាន់ៗ លើទឹកដីវប្បធម៌ និងធម្មជាតិ ក្រុងឈៀងម៉ៃ
#ដើរលេង# #ប្រទេសថៃ# #ឈៀងម៉ៃ# #Thailand# #ដើរលេងស្រុកខ្មែរ#
30
មិនត្រឹមតែជាទីក្រុងប្រមូលផ្ដុំទៅដោយវប្បធម៌ល្អៗសម្រាប់បង្អួតពិភពលោកនោះទេ។ ឈៀងម៉ៃ ក៏ជាទីក្រុងធំបំផុត និងមានភ្ញៀវទេសចរទៅលេងច្រើនជាងគេក្នុងចំណោមទីក្រុងដទៃទៀតនៅប្រទេសថៃ ហើយហេតុផលនោះគឺថាឈៀងម៉ៃ មានទីកន្លែងទេសចរណ៍សំខាន់ៗដូចនៅខាងក្រោមនេះ៖
១. ប្រាសាទដយសូថេប (ប្រាសាទមាស)
វត្តប្រាសាទដយសូថេប មានទីតាំងស្ថិតនៅតំបន់សូថេប ស្រុកមឿងឈៀងម៉ៃ ក្រុងឈៀងម៉ៃ ដោយមានចម្ងាយប្រមាណជា ១៨គីឡូម៉ែត្រ ធ្វើដំណើរប្រហែល ៣០នាទី ពី ក្រុងចាស់ឈាងម៉ៃ មក។ រមណីយដ្ឋាននេះបើកឱ្យភ្ញៀវទេសចរចូលកម្សាន្ដនៅម៉ោង 06:00 ដល់ម៉ោង 18:00។
ប្រភពរូបថត៖ Shutterstock
ប្រាសាទដយសូថេប ជាទីកន្លែងសក្ដិសិទ្ធរបស់ ជនជាតិថៃ និងជាទីកន្លែងប្រវត្តិសាស្ត្រដ៏ចំណាស់មានអាយុកាលប្រមាណជាង ៧០០ឆ្នាំ មកហើយ ស្ថិតនៅលើទីតាំងភ្នំកម្ពស់ជាង ៩១៥ម៉ែត្រ ហើយទីនេះទៀតសោតក៏ជាទីកន្លែងតម្កល់ព្រះសារីរិកធាតុព្រះពោធិសត្វ មានរយៈពេលជាង ៥០០ឆ្នាំ មកហើយ។
ប្រភពរូបថត៖ Google
ប្រភពរូបថត៖ Google
ក្រៅពីជាទីកន្លែងបុរាណរបស់ជនជាតិថៃ ទីនេះក៏ជាកន្លែងធម្មជាតិស្រស់ស្អាត ហ៊ុំព័ទ្ធទៅដោយព្រៃឈើខៀវក្រាស់ជុំវិញ ប្រមាណជា ២៦១គីឡូម៉ែត្រការ៉េ និងជាកន្លែងអាចមើលឃើញ ទីក្រុងឈៀងម៉ៃ យ៉ាងច្បាស់ពីលើអាកាស ហើយកន្លែងនេះផងដែលអ្នកប្រាកដជាទប់ចិត្តមិនឱ្យលង់អារម្មណ៍ជាមួយនឹងធម្មជាតិទាំងនោះបានឡើយ។ ភ្ញៀវទេសចរច្រើនឡើងទស្សនាប្រាសាទបុរាណ បួងសួងសុំសេចក្ដីសុខ មើលទេសភាពពីលើអាកាស និងថតរូបលេងជាដើម។
ប្រជាជនថៃមានពាក្យទំនៀមថា “បើសិនជាមិនបានភ្លក្សរសជាតិ ខៅសយ និងមិនបានទស្សនា ទីក្រុងឈៀងម៉ៃ ពីលើភ្នំនេះទេអ្នកហាក់មិនបានទៅដល់ ឈៀងម៉ៃ សោះឡើយ”។
ប្រភពរូបថត៖ Google
គួរបញ្ជាក់ផងដែរថា ខៅសយ ជាម្ហូបប្រចាំតំបន់របស់ឈៀងម៉ៃ វាស្រដៀងទៅនឹងសម្លការីរបស់ខ្មែរដែរ ប៉ុន្ដែគ្រាន់តែទឹកសម្លហិលបន្ដិច ដោយអ្នកអាចំណាយប្រមាណ ៤០បាត ស្មើនឹង ៥,០០០រៀល ដើម្បីញ៉ាំអាហារនេះ។ ក្រៅពីនេះអ្នកអាចជិះកន្ត្រកលើអាកាសដើម្បីទស្សនាទេសភាព ក្រុងឈៀងម៉ៃ ពីលើអាកាសថែមទៀតផង ដោយចំណាយប្រមាណ ៥០បាត ស្មើនឹង ៦,៥០០រៀល តែប៉ុណ្ណោះ។
ប្រភពរូបថត៖ Google
២. ក្រុងចាស់ឈៀងម៉ៃ
ក្រុងចាស់ឈៀងម៉ៃ មិនស្ថិតនៅឆ្ងាយនោះទេ គឺស្ថិតទីប្រជុំជន ក្រុងឈៀងម៉ៃ សព្វថ្ងៃនេះតែម្ដង។ ក្រុងចាស់នេះមានភូមិសាស្ត្រសំខាន់ ហាក់ដូចជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ភ្ជាប់ទៅតំបន់ផ្សេងៗដូចច្នោះដែរកាលពីសម័យមុន បើសិនជាអ្នកធ្លាប់ទៅលេង អតីតអាណាចក្រអង្គរ នៅខេត្តសៀមរាប ប្រទេសកម្ពុជា អ្នកប្រាកដជាស្រមៃថា ទីក្រុងបុរាណឈៀងម៉ៃ គឺស្រដៀងនឹងក្រុងបុរាណអង្គរ ព្រោះថា ក្រុងចាស់ឈៀងម៉ៃ ត្រូវបានកសាងឡើងមានរចនាសម្ព័ន្ធគូទឹកព័ទ្ធជុំវិញក្រុង ដោយគូទឹកនោះមានប្រវែងប្រមាណ ៦គីឡូម៉ែត្រ មានមុខកាត់ ១៥ម៉ែត្រ។
ប្រភពរូបថត៖ Google Maps
ពេលអ្នកធ្វើដំណើរមកដល់ទីកន្លែងនេះ អ្នកនឹងបានឃើញប្រាសាទបុរាណជាច្រើននៅរៀងគ្នាជាជួរ ដូចជាសារៈមន្ទីរប្រាសាទផងដែរ រួមមាន ប្រាសាទស៊ីដាយឡង, សារមន្ទីរផានខាំ, ទីសក្ការៈឈៀងម៉ៃភីឡា, វិហារហ្លួងពូមូន, វត្តកេស៊ីហ្លួង និងវត្តផានតា ជាដើម។ អ្វីដែលពិសេសនៅទីតំបន់ប្រាសាទជាច្រើនទាំងនេះ សុទ្ធតែត្រូវបានកសាងឡើងដោយមានរចនាបទ ក្បួនខ្នាត និងចម្លាក់ នីមួយៗយ៉ាងត្រឹមត្រូវហ្មត់ចត់។ ហើយបើអ្នកនិងភ្ញៀវទេសចរដទៃបានទៅទស្សនាប្រសាទទាំងនោះ ប្រាកដអាចនិយាយបានថា ជនជាតិថៃ អភិរក្ស និងអភិវឌ្ឍ សិល្បៈរបស់ដូនតាបានយ៉ាងប្រសើរ។
ប្រភពរូបថត៖ Google
ទីក្រុងដែលមានអាយុកាលជាង ៧០០ឆ្នាំ នេះផងដែរ ក៏មានរូបសំណាកក្សត្រស្ថាបនិកទីក្រុងឈាងម៉ៃ៣ព្រះអង្គ ដោយមានព្រះនាម ព្រះរាជាម៉ឹងរ៉ាយ ព្រះរាជារាមកំហែង និងព្រះរាជាង៉ាមមឿង។ ពីមុនរូបសំណាកក្សត្រទាំង៣នេះ នៅមុខ អាគាររដ្ឋបាលខេត្តចាស់ ប៉ុន្ដែសព្វថ្ងៃប្ដូរទៅជា មជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌ទីក្រុងឈៀងម៉ៃ ហើយក៏ជារូបតំណាងឱ្យ ទីក្រុងឈៀងម៉ៃ ផងដែរ។
ប្រភពរូបថត៖ flickr
ប្រភពរូបថត៖ Shutterstock
នៅកន្លែងនេះមិនធំប៉ុន្មានទេ ប៉ុន្ដែអ្នកអាចនឹងដើរយូរបន្ដិច ព្រោះសម្រស់សំណង់បុរាណទាំងនេះនឹងទាក់ចិត្តអ្នកមិនចង់ឱ្យដើរចេញនោះឡើយ។
ប្រភពរូបថត៖ Google Maps
ប្រភពរូបថត៖ Google Maps
៣. វាំងគុមកាម
តំបន់រមណីយដ្ឋាន វាំងគុមកាម មានទីតាំងស្ថិតនៅ ឃុំចាងភឿក ស្រុកមឿងឈៀងម៉ៃ ក្រុងឈៀងម៉ៃ នៃប្រទេសថៃ មានចម្ងាយពី ក្រុងឈៀងម៉ៃ ឬក្រុងចាស់ ប្រមាណ ១០គីឡូម៉ែត្រ ចំណាយពេលធ្វើដំណើរប្រហែល ២០នាទី ហើយកន្លែងរមណីយដ្ឋាននេះបើកឱ្យភ្ញៀវទេសចរចូលពីម៉ោង 08:00 ដល់ម៉ោង 17:00។
ប្រភពរូបថត៖ shutterstock
វាំងគុមកាម ជារាជធានីចំណាស់មួយមានអាយុកាលតាំងពីសតវត្សរ៍ទី៨ នៃ ព្រះរាជាណាចក្រហៃផុនឆៃ ស្ថិតនៅតាមបណ្ដោយ ទន្លេភីង ហើយក្រោយមកទៀតក៏ប្ដូរទៅជា ឈៀងម៉ៃ នៅឆ្នាំ១២៩៦ វិញ។
វាំងបុរាណមួយនេះធ្លាប់ជួបគ្រោះទឹកជំនន់ ក្រោយមកអ្នកបុរាណវិទ្យាថៃខិតខំស្រាវជ្រាវនិងជួសជុល។ សំណង់បុរាណខ្លះនៅល្អ និងខ្លះទៀតក៏ខូចទ្រង់ទ្រាយ ហើយក៏នៅមានសំណង់បុរាណធ្វើពីដីឥដ្ឋ គ្រឿងឆ្នាំង ក្អម ថូ បុរាណកាលពីជំនាន់នោះ និងថែមទាំងមានសិលាចារិកមនទៀតផង។
ប្រភពរូបថត៖ copyright
នៅចំណុចកណ្ដាលនៃទីតាំងប្រវត្តិសាស្ត្រនេះមាន វត្តចេតិយល្យាម ជាចេតិយបុរាណមានរចនាបទបែបភូមា និងសំណង់សំខាន់មួយទៀតគឺ វត្តចាងខាម ដែលជាព្រះរាជដំណាក់របស់ ព្រះមហាក្សត្រម៉ឹងរ៉ាយ ជាក្សត្រស្ថាបនិកនៃ ក្រុងឈៀងរ៉ៃ និងក្រុងឈៀងម៉ៃ។
ប្រភពរូបថត៖ Google Maps
ភ្ញៀវទេសចរមកដល់តំបន់នេះច្រើនជិះរទេះសេះមានដំបូល និងជិះកង់ ទស្សនាសំណង់បុរាណក្នុងតំបន់ ដែលលាតសន្ធឹងលើផ្ទៃដីបណ្ដោយ ៨៥០ម៉ែត្រ និងទទឹង ៦០០ម៉ែត្រ នេះបានដើម្បីកុំឱ្យដើរនឿយហត់។
ប្រភពរូបថត៖ chiangmai.bankok.com
ប្រភពរូបថត៖ chiangmai.bankok.com
៤. ឧទ្យានជាតិដយអ៊ីនថាណន
ឧទ្យានជាតិដយអ៊ីនថាណន មានទីតាំងស្ថិតនៅភាគខាងលិចឈៀងខាងត្បូង នៃតំបន់បានហ្លួន ស្រុកឈុមថង ក្រុងឈៀងម៉ៃ ដោយមានចម្ងាយប្រមាណ ៨៨គីឡូម៉ែត្រ ពីក្រុងឈៀងម៉ៃ ឬក្រុងចាស់ និងធ្វើដំណើរប្រហែល ១ម៉ោង ៣០នាទី។
ឧទ្យានជាតិមួយនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំដ៏ខ្ពស់ជាងគេនៅ ប្រទេសថៃ ដែលគ្របដណ្តប់លើផ្ទៃដី ៤៨២គីឡូម៉ែត្រក្រឡាពោរពេញដោយព្រៃឈើ និងមានកម្ពស់រហូតដល់ ២,៥៦៥ម៉ែត្រ ធៀបជាមួយនីវ៉ូទឹកសមុទ្រ។ ឡើងដល់កំពូលភ្នំអ្នកនឹងអាចឃើញទេសភាពស្រស់ស្អាត ព្រៃឈើត្រូពិចដ៏ខៀវក្រាស់ឃ្មឹក មានសណ្ឋានជាល្បាក់ៗលើជួរភ្នំធំតូចនៅជុំវិញ ទិដ្ឋភាពនោះហាក់ដូចជាសមុទ្រឈើនៅ ខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជាអ៊ីចឹង។ ក៏ព្រោះតែជាទីខ្ពស់ ដូចនេះសីតុណ្ហភាពត្រជាក់ជាងតំបន់ទំនាបជុំវិញ រដូវវស្សាត្រជាក់ខ្លាំង រីឯនៅរដូវប្រាំងក៏នៅតែត្រជាក់ដដែល។
នៅទីនេះភ្ញៀវទេសចរតែងរង់ចាំទស្សនាសត្វស្លាបកម្រ និងប្លែកៗដែលមិនងាយមាននៅតំបន់ផ្សេងនោះទេ នោះក៏ព្រោះតែឧទ្យានជាតិនេះជាផ្ទះរបស់សត្វបក្សីជាង ៣៦២ប្រភេទផ្សេងៗគ្នា និងថែមទាំងជាជម្រកសត្វព្រៃដ៏ច្រើនផងដែរដូចជា សត្វខ្លាឃ្មុំអាស៊ី អណ្ដើក កញ្ជ្រោង សត្វកំប្រុក ក៏ដូចជាសត្វប្រចៀវជាង ៣០ប្រភេទ ចំណែកសត្វធំៗឯទៀតគឺនៅក្នុងព្រៃជ្រៅៗ។ ទីនេះក៏ជាតំបន់នៃផ្កាចម្រុះពណ៌ និងច្រើនប្រភេទត្រូវបានដុះនៅពាសពេញព្រៃ។
ប្រភពរូបថត៖ Google
ប្រភពរូបថត៖ Google Maps
ក្រៅពីសត្វស្លាប សត្វព្រៃ និងរុក្ខជាតិផ្កា ឧទ្យានជាតិដយអ៊ីនថាណនក៏ជាទីកន្លែងទឹកជ្រោះស្អាតៗដូចជា ទឹកជ្រោះម៉េខ្លាង នៅក្បែរច្រកចូលទៅឧទ្យានជាតិដយអ៊ីនថាណន និងទឹកជ្រោះសិរិភូម។ ភូមិសាស្ត្រភ្នំនេះក៏ជាបណ្ដុំមេទឹកដូចជា ទឹកជ្រោះម៉េខ្លាង ម៉េផាកង ម៉េផន ម៉េហយ ម៉េយ៉ា ម៉េឆេម និងម៉េខាន សម្រាប់ហូរចាក់ទៅ ទន្លេភីង ដែលជាភូមិសាស្ត្រទឹកយ៉ាងសំខាន់នៃ ទីក្រុងឈៀងម៉ៃ។
ប្រភពរូបថត៖ chiangmai.bankok.com
ថ្វីត្បិតតែជាកន្លែងធម្មជាតិក៏ពិតមែន តែទីនេះក៏ជាកន្លែងមានសារៈសំខាន់ផ្នែកប្រវតិ្តសាស្ត្រផងដែរ ដែលជាទីតាំងចេតិយពីរនៅក្បែរគ្នា សម្រាប់ឧទ្ទិសដល់ព្រះបរមសពរបស់ ព្រះមហាក្សត្រនិងមហាក្សត្រីថៃ ដែលតម្កល់នៅលើកំពូលភ្នំ។ គួរបញ្ជាក់ផងដែរថានៅតំបន់នេះ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយជាជម្រករបស់កុលសម្ព័ន្ធភ្នំផ្សេងៗ ដែលនៅតែរស់នៅហើយរក្សារបៀបរស់នៅបែបបុរាណ។ នៅលើកំពូលភ្នំអ្នកនឹងឃើញ ភូមិម៉ុង ជាកន្លែងដែលប្រជាជនបន្ដរក្សាដីស្រែរបស់ពួកគេដូចដែលពួកគេបានធ្វើរាប់រយឆ្នាំមកហើយ អ្វីដែលផ្លាស់ប្ដូរគឺដំណាំតែប៉ុណ្ណោះ ដោយប្ដូរពីដំណាំអាភៀន ទៅជាដាំដុះដំណាំពាណិជ្ជកម្មផ្សេងទៀតដូចជាបន្លែនិងផ្កា។
៥. កុលសម្ព័ន្ធកវែងការ៉ែន
ទីតាំងរបស់ ក្រុមកុលសម្ព័ន្ធកវែងការ៉ែន ស្ថិតនៅ ស្រុកមេរីម ក្រុងឈៀងម៉ៃ ដោយមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រ និងធ្វើដំណើរប្រហែល ៤០នាទី ពី ក្រុងឈៀងម៉ៃ ឬក្រុងចាស់ មក។ ភ្ញៀវទេសចរដែលមកលេងនៅឈៀងម៉ៃ មិនសូវរំលង ភូមិកុលសម្ព័ន្ធកវែងការ៉ែន នេះទេមុនបន្ដដំណើរទៅកន្លែងផ្សេងៗទៀត។
ប្រភពរូបថត៖ chiangmai.bankok.com
កុលសម្ព័ន្ធនេះមានប្រវត្តិរស់នៅតំបន់ព្រៃភ្នំ នៃប្រទេសភូមា ក្បែរព្រំដែន ប្រទេសថៃ ហើយសព្វថ្ងៃនេះត្រូវបានរស់នៅរាយប៉ាយក្នុងខេត្តបីរបស់ថៃ រួមមាន ឈៀងម៉ៃ ឈៀងរ៉ៃ និងម៉េហុងសន។ ទំនៀមទម្លាប់កុលសម្ព័ន្ធនេះ មនុស្សស្រីអាយុចាប់ពី៤ ទៅ៥ឆ្នាំ ចាប់ផ្ដើមពាក់កងដែករឹងពណ៌មាសរលោង រហូតដល់ពេញធំ ដោយត្រូវពាក់ប្រមាណជា ២៥កង។ កងទាំងនោះនឹងជួយពន្លូតឆ្អឹងករបស់ពួកគេ នឹងសង្កត់លើឆ្អឹងស្មាឱ្យធ្លាក់ ធ្វើឱ្យកមើលទៅកាន់តែវែង។
ប្រភពរូបថត៖ chiangmai.bankok.com
ចំពោះមនុស្សប្រុសវិញច្រើនប្រកបរបរជាកសិករ ចិញ្ចឹមសត្វ ធ្វើកម្មករ និងនារីៗបន្ដមុខបរបរដូនតាដូចជាត្បាញនិងចម្លាក់ ប៉ុន្ដែទោះយ៉ាងណាក៏ដោយពួកគេអាចថែរក្សាវប្បធម៌ប្រពៃណីរបស់ដូនតាបានយ៉ាងល្អ។
ប្រភពរូបថត៖ Google Maps
មកលេងកន្លែងនេះអ្នកកុំភ្លេចជួយទិញផលិតផលរបស់កុលសម្ព័ន្ធការ៉ែនផងដែលជារបស់ធ្វើដោយដៃ។ អ្នកអាចសុំពួកគាត់ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ និងអាចទស្សនាភូមិ ផ្ទះ ក៏ដូចជារបៀបរបបរស់នៅរបស់កុលសម្ព័ន្ធនេះ មុននឹងទៅកម្សាន្ដនៅកន្លែងផ្សេងៗទៀត។
៦. ភូមិបរសេង
ភូមិបរសេង មានទីតាំងស្ថិតនៅ ក្នុងស្រុកសានកំផែង ក្រុងឈៀងម៉ៃ មានចម្ងាយប្រមាណជា ១០គីឡូម៉ែត្រ ចំណាយពេលធ្វើដំណើរប្រហែល ៣០នាទី ពីក្រុងចាស់ឈៀងម៉ៃ។
ប្រភពរូបថត៖ chiangmai.bankok.com
នៅទីនេះជាកន្លែងបណ្ដុំផលិតផលជាច្រើនធ្វើដោយដៃ និងអ្វីដែលពិសេសនោះ គឺវាត្រូវបានផលិតពីក្រដាស ពីអ្នកភូមិបរសេង។ វាក៏មានផលិតផលសំខាន់មួយទៀតធ្វើពីក្រដាសគឺ ឆ័ត្រនិងតាំងយូរ ដែលគេស្គាល់ពាសពេញប្រទេសនិងលើ
ពិភពលោក ផលិតផលនេះទៀតសោតក៏បានក្លាយជានិមិត្តរូបមួយរបស់ ក្រុងឈៀងម៉ៃ ផងដែរ។
ប្រភពរូបថត៖ chiangmai.bankok.com
ដូចនេះបើបានមកដល់ឈៀងម៉ៃកុំភ្លេចចូលមកទស្សនាតំបន់នេះ និងទិញផលិតផលធ្វើដោយដៃពីក្រដាសខ្លះ ជាពិសេសគឺឆ័ត្រនិងតាំងយូរ ដែលជានិមិត្តរូប ឈៀងម៉ៃ។ ពេលអ្នកអ្នកបានមកដល់តំបន់នេះ អ្នកអាចនឹងប្លែកភ្នែក ព្រោះនឹងមានឆ័ត្រក្រដាសជាច្រើនដាក់ត្រៀបត្រាពេញផ្លូវ និងមានការរៀបចំដូចជាសួនឆ័ត្រដូចច្នោះដែរ។
ប្រភពរូបថត៖ Google Maps
៧. ឈៀងម៉ៃសាហ្វារីពេលរាត្រី (Chiang Mai Night Safari)
ឈៀងម៉ៃសាហ្វារីពេលរាត្រី ស្ថិតនៅស្រុកហេងដង ក្រុងឈៀងម៉ៃ មានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ចំណាយពេលធ្វើដំណើរប្រហែល ២៣នាទី ពីក្រុងឈៀងម៉ៃ ឬក្រុងចាស់ឈៀងម៉ៃ។
ប្រភពរូបថត៖ chiangmai.bankok.com
សួនសត្វសាហ្វារីពេលយប់នេះត្រូវបានកសាងដោយយកគម្រូតាម សួនសត្វសាហ្វារីសិង្ហបុរី ដែលផ្ដល់បទពិសោធន៍ឱ្យភ្ញៀវទេសចរអាចដើរលេងសួនសត្វនៅពេលយប់បាន ដូចនេះអ្នកនឹងទទួលអារម្មណ៍ថាខ្លួនកំពុងផ្សងព្រេងចូលក្នុងព្រៃនៅ ឃើញសកម្មភាពរបស់សត្វទាំងនោះនៅពេលយប់ និងបានទស្សនាពន្លឺភ្លើងឡាស៊ែរដែលបាញ់ចេញលោតញាក់តាមចង្វាក់ភ្លេង ឬលោតជារូបរាងផ្សេងៗយ៉ាងគួរឱ្យចាប់អារម្មណ៍។
ប្រភពរូបថត៖ Google
ប្រភពរូបថត៖ Google
នៅទីនោះអ្នកនឹងអាចទស្សនាសត្វជាច្រើន ថតរូប ដាក់ចំណីឱ្យសត្វ ក៏ដូចជាបានឃើញជម្រកសត្វរស់នៅពិតៗនៅលើផ្ទៃដីជាច្រើនគីឡូម៉ែត្រ រួមមាន សត្វកវែង សេះបង្កង់ សត្វប្រើស សត្វរមាស សត្វដំរី សត្វក្តាន់ និងសត្វព្រៃកាចៗដូចជា សត្វតោ សត្វខ្លា សត្វត្មាត សត្វខ្លាឃ្មុំ ជ្រូកព្រៃ និងទឹកបឹងជាជម្រករបស់ សត្វអណ្ដើក កន្ធាយ និងត្រីជាច្រើនប្រភេទផងដែរ។
ប្រភពរូបថត៖ chiangmai.bankok.com
ប្រភពរូបថត៖ chiangmai.bankok.com
ចំពោះតម្លៃសំបុត្រចូលទស្សនាកន្លែងនេះ គឺ ៨០០បាត ស្មើនឹង ១០៦,០០០រៀល សម្រាប់មនុស្សធំ និង ៤០០បាត ស្មើនឹង ៥៣,០០០រៀល សម្រាប់ក្មេង។ គួរបញ្ជាក់ថាតម្លៃនេះផងដែរ គឺបូករួមជាមួយរថយន្តដឹកទស្សនាក្នុងសួនសត្វ។
ប្រភពរូបថត៖ chiangmai.bankok.com
៨. ដែនជម្រកសត្វដំរីឈៀងម៉ៃ
ដែនជម្រកដំរី ស្ថិតនៅតំបន់ព្រៃឈើធំៗ និងមានទឹកធ្លាក់ ដោយត្រូវធ្វើដំណើរពី ក្រុងឈៀងម៉ៃ ចំណាយពេលប្រមាណ ១ម៉ោង នឹងទៅដល់។ នៅទីនោះអ្នកអាចឃើញដំរីជាច្រើនក្បាល និងហ្មដំរីផងដែរចាំបញ្ជារ មើលថែទាំដំរី។ អ្នកអាចជិះលើខ្នងដំរីមើលទេសទេសភាពក្នុងព្រៃ ប្រហែល១ម៉ោងជាង ចំណាយអស់ ១,៧០០បាត ស្មើនឹង ២២០,០០០រៀល សម្រាប់មនុស្សធំ និង ១,៣០០បាត ស្មើនឹង ១៧០,០០០រៀល សម្រាប់កូនក្មេងអាយុក្រោម ១០ឆ្នាំ។
ប្រភទរូបថត៖ Elephant Jungle Sanctuary
នៅទីនោះអ្នកអាចថតរូបជាមួយសត្វដំរី ពេលពួកវាមុជទឹកជ្រោះ និងពេលអ្នកផ្ដល់ចំណីឱ្យពួកវា (ដំរីទាំងនោះស៊ីចេកនិងអំពៅ)។ អ្នកក៏អាចមើលការសម្ដែង សត្វដំរីលេងតន្ត្រី រាំ លេងបាល់ទាត់ ម៉ស្សាឱ្យហ្មដំរី និងពួកវាថែមទាំងចេះគូររូបថែមទៀតផង ដោយទស្សនាការសម្ដែងនេះអ្នកត្រូវចំណាយ ប្រមាណ ១៨០បាត ស្មើនឹង ២៥,០០០រៀល។
ប្រភទរូបថត៖ Elephant Jungle Sanctuary
ប្រភទរូបថត៖ Elephant Jungle Sanctuary
អត្ថបទដោយ៖ កុសល
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់