បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-08-28

រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ អំពែភ្នំ

#ដើរលេង# #អំពែភ្នំ# #ដើរលេងស្រុកខ្មែរ#

0

បើគេនិយាយពីខេត្តកំពង់ស្ពឺ គឺគេតែងនឹកឃើញទៅដល់រមណីយដ្ឋានមួយកន្លែងដែលស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោតនោះគឺ រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ អំពែភ្នំ។

 

អំពែភ្នំ ជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌ដ៏ល្បីឈ្មោះមួយនៅខេត្តកំពង់ស្ពឺ។ មានទីតាំង ស្ថិតនៅភូមិតាំងទន្លេនិងភូមិអំពែភ្នំ ឃុំសុពណ៌ទេពនិងឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងចម្ងាយផ្លូវជាង៤៦ គីឡូម៉ែត្រទៅដល់ទីរួមខេត្តកំពង់ស្ពឺ និងបត់ឆ្វេងតាមផ្លូវលំកៅស៊ូជាង ២ គីឡូម៉ែត្រទៀត នឹងទៅដល់រមណីយដ្ឋានមួយនេះ។ រីឯវត្តអំពែភ្នំ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៦៣២ ដោយមានម្ចាស់ដីឈ្មោះលោកតា អំ ដែលជាអ្នកគង្វាលពពែ។ បច្ចុប្បន្ន វត្តអំពែភ្នំ បានក្លាយជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ។

វត្តនេះកសាងនាសតវត្សទី១៦ ក្នុងសម័យកាលព្រះសុវណ្ណកោដិអង្គឌួង រាជវាំងឧដុង្គ ដែលស័មយនោះ វត្តអំពែភ្នំមានបរិវេណ ពោរពេញទៅដោយធម្មជាតិស្អេកស្កះ និងមានកូនភ្នំចំនួន២ មានគន្លាតពីគ្នាប្រហែល៥០ម៉ែត្រ។ ទាំងនេះបានធ្វើឲ្យអ្នក មានជំនឿតែងមកបែរបន់ និងក្លាយជាតំបន់ស័ក្តិសិទ្ធិមកដល់ពេលនេះផងដែរ។

វត្តអំពែភ្នំបានក្លាយតំបន់មានទេសភាពដ៏ស្រស់ស្អាត នៃទឹកស្ទឹងដែលហូរកាត់រួមជាមួយនឹងដើមឈើ ព្រៃព្រឹក្សាធំៗដែលប្រឹងដុះប្រជ្រៀតគ្នាអមសងខាងនៅតាមមាត់បឹងហើយនិងនៅតាមជើងភ្នំគឺមានស្ពានយោលសម្រាប់ដើរឆ្លងកាត់ពីភូមិតាំងទន្លេទៅភូមិអំពែភ្នំផងដែរ។ ក្នុងរដូវប្រាំង បើគេឈរពីលើស្ពានយោល សម្លឹងចុះទៅក្នុងបាតស្ទឹងនោះ គេនឹងបានឃើញទឹកស្ទឹងហូរតិចៗ ជ្រែកផ្ទាំងថ្មនិងពំនូកខ្សាច់ ដោយមានហ្វូងមច្ឆាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង ហើយយូរៗម្តង គេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាងសប្បាយរីករាយផងដែរ។ ទីនេះអាចផ្តល់អោយអ្នកទេសចរណ៍ទទួលបាននូវអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិៗ។

 

អ្វីដែលអ្នកទេសចរអាចកម្សាន្តសប្បាយរីករាយនៅទីនោះបាន គឺកម្សាន្តនឹងការមុជទឹកស្ទឹងលេង និងទស្សនាសត្វស្វាដែលរស់នៅក្នុងតំបន់នេះ។ ពេលវេលាអំណោយផលបំផុតសម្រាប់ទីនេះ គឺនៅរដូវប្រាំងហើយទឹកនៅទីនោះគឺត្រជាក់ទឹករាក់ ដែលអាចមើលឃើញបាតស្ទឹង និងថ្មនៅទីនោះ ហើយទឹកត្រជាក់ស្រឹបដល់បេះដូងតែម្តងដែលហូរធ្លាក់មកពីស្ទឹងព្រែកត្នោតផ្នែកខាងលើធ្វើឱ្យអ្នកមុជទឹកមានអារម្មណ៏ថាស្រស់ស្រាយ ជ្រះថ្លាក្នុងចិត្តជាខ្លាំង។

មិនតែប៉ុណ្ណោះនៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំនោះគឺ វត្តអំពែភ្នំ ហើយនៅទីនោះក៏មានសត្វស្វាជា ច្រើនដែលរស់នៅលើដើមឈើធំៗនិងក្នុងបរិវេណវត្តអំពែភ្នំនេះផងដែរ។

 

ចំណុចដែលទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅទីនេះមានតូបអែបជាប់មាត់ស្ទឹងទាំងត្រើយខាងជើងនិងខាងត្បូងតំរៀបគ្នាជាជួរតាមមាត់ស្ទឹងដើម្បីអោយភ្ញៀវទេសចរចូលមកអង្គុយកម្សាន្តនៅអែបមាត់ទឹក។ ហើយក៏មានសេវាកម្មលក់បាយម្ហូបកម៉្មង់ជាច្រើនមុខដែលមានតំលៃសមរម្យទៀតផង។

 

នៅទីនេះល្អបំផុតសម្រាប់ការញុាំបាយជួបជុំគ្នារវាងមិត្តភក្តិនិងក្រុមគ្រួសារក្រោមម្លប់ព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃ ថែមទាំងមិនបាច់ចំណាយប្រាក់ច្រើនទៀតផង៕

អត្ថបទដោយ៖ សក្កណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់