
TNAOT News
· 2019-08-28
រមណីយដ្ឋានបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ រមណីយដ្ឋានល្អាងភ្នំចាស់
#ដើរលេង# #kampongspeu# #ដើរលេងស្រុកខ្មែរ# #កំពង់ស្ពឺ#
0
រមណីយដ្ឋានល្អាងភ្នំចាស់ ជារមណីយដ្ឋានបុរាណមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយធ្លាប់ជាទីកន្លែងរបស់មនុស្សបុរេប្រវត្តិតាំងទីលំនៅទៀតផង។ តំបន់ភ្នំប្រវត្តិសាស្រ្តនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ១០៣ហិចតា មានកម្ពស់ជាង ២០០ម៉ែត្រ និងត្រូវបានចែកចេញជា ៣ផ្នែក គឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងភ្នំកិន្នរ។
ប្រភពរូបថត៖ Sabay
ចំណែក ភ្នំចាស់ វិញ មានល្អាងបែកជារូងតូចដល់ទៅ៣០ ដោយខ្លះមានពន្លឺចាំងចូលអាចឱ្យភ្ញៀវទេសចរចូលលេងបាន ខ្លះទៀតងងឹតស្លុតមិនសូវមានមនុស្សហ៊ានចូលនោះទេ ហើយក្នុងនោះមានល្អាងធំជាងគេមួយ គឺមានឈ្មោះថាល្អាងជង្រុក។
ប្រភពរូបថត៖ Sabay
សព្វថ្ងៃទីតាំងប្រវត្តិសាស្ត្រមួយនេះត្រូវបានប្រជាជនមានជំនឿយ៉ាងមុតមាំ ចំពោះបារមីផ្លូវងងឹត ក៏ដូចជាអបិយជំនឿយផ្សេងៗ ដូចនេះហើយទើបជារៀងរាល់ឆ្នាំអ្នកស្រុកតែធ្វើពិធីឡើងម្ដង ឬហៅថាបុណ្យថ្វាយម្ចាស់ភ្នំ ដើម្បីប្រជាជនក្នុងតំបន់មានសេចក្ដីខុស ក៏ដូចជាដើម្បីភ្ញៀវទេសចរទៅលេងបានសុខសប្បាយ មិនជួបគ្រោះផ្សេងៗ ម៉្យាងត្បិតពីសម័យដើមតំបន់ភ្នំចាស់ធ្លាប់មាន ជនជាតិភាគតិចសួយ រស់នៅ និងគ្រប់គ្រងដោយមេកន្ទ្រាញខ្លាំងពូកែម្នាក់ឈ្មោះ បាភ្នំ។ អ្វីដែលធ្វើឱ្យមានជំនឿកប់ជ្រៅចំពោះភ្នំនេះបន្ថែមនោះគឺថា ភ្ញៀវទេសចរដែលយកគ្រឿងស្រវឹងទៅផឹកស៊ីឡូឡានៅទីនោះ ឬនិយាយប៉ប៉ាច់ប៉បោចប៉ះពាល់ទីបុរាណនេះ ពួកគេអាចឃើញសត្វពស់ធំៗ សត្វខ្លា ឬសត្វសាហាវផ្សេងៗ មកបន្លាចឱ្យភ័យរត់ជាមិនខាន។ រមណីយដ្ឋានល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅ ភូមិមនោរម្យ ឃុំហោងសំណុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើធ្វើដំណើរតាម ផ្លូវជាតិលេខ៤២ ពី ខេត្តកំពង់ស្ពឺ ទៅកាន់ ស្រុកឱរ៉ាល់ គឺមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ។
ប្រភពរូបថត៖ ប្រជាប្រិយ
- ពេលវេលាល្អគួរទៅលេង រមណីយដ្ឋានល្អាងភ្នំចាស់
ត្បិតជាទីតាំងភ្នំ អ្នកនឹងត្រូវឡើងលេងលើភ្នំតាមកាំជណ្ដើរ ឬឡើងតាមថ្មភ្នំនៅផ្នែកខ្លះ ក៏ដូចជាចូលក្នុងល្អាងជាដើម។ អ៊ីចឹងហើយពេលវេលាដ៏ល្អគួរទៅលេងនៅកន្លែងនេះ គឺ ខែប្រាំង (ខែវិច្ឆិកា - ខែមេសា) មិនមានភ្លៀង និងបញ្ជៀសគ្រោះថ្នាក់ពីការឡើងភ្នំបានថែមទៀតផង។ ប៉ុន្ដែបើអ្នកយល់ថា ភ្លៀងមិនជាបញ្ហាចោទសម្រាប់អ្នកនោះទេ អ្នកអាចទៅលេងរមណីយដ្ឋាននេះ នៅរដូវវស្សាបាន (ខែឧសភា - ខែតុលា) ព្រោះទេសភាពកាន់តែមានភាពស្រស់ស្អាត ព្រៃឈើត្រូវទឹកភ្លៀងមានសភាពខៀវខ្ចីល្អ និងមានអាកាសធាតុត្រជាក់ថែមទៀតផង។
ប្រភពរូបថត៖ Sabay
- របស់របរចាំបាច់ជាប់ខ្លួនសម្រាប់យកទៅ រមណីយដ្ឋានល្អាងភ្នំចាស់
ទៅដល់តំបន់នេះហើយ ជៀសមិនផុតពីឡើងភ្នំ និងចូលលេងក្នុងល្អាងដែលជាកន្លែងមនុស្សធ្លាប់រស់នៅនោះទេ ដូចនេះអ្នកគប្បីមានរបស់ចាំបាច់មួយចំនួននេះសាគួរជាមុន។
- ស្បែកជើងកីឡា៖ អ្នកនឹងត្រូវដើរច្រើន ហើយស្បែកជើងកីឡានិងជួយអ្នកមិនឱ្យពងជើង ឬរលាកបាន។ ហើយបើអាចទៀតនោះគប្បីមានស្បែកជើងឡើងភ្នំតែម្ដងទៅ ព្រោះវាមានបាតក្រឡាជ្រៅ និងក្រាស់ មិនងាយឱ្យអ្នករអិលនោះទេ។
ប្រភពរូបថត៖ Google
- បាយម្ហូប៖ បើចង់សម្រាកលំហែនឹងធម្មជាតិឱ្យបានយូរនៅកន្លែងនេះ អ្នកគប្បីមានបាយម្ហូបទៅខ្លះ ឬទិញពីផ្លូវជាតិទៅក៏បាន ត្បិតតំបន់នេះនៅឆ្ងាយមិនសម្បូររបស់សម្រាប់ញ៉ាំនោះទេ។
- ប្រេងកូឡា/ថ្នាំលាបការពារសត្វល្អិតទិចឬខាំ៖ តំបន់ព្រៃភ្នំ ឬក្នុងល្អាង សុទ្ធសឹងជាកន្លែងសត្វល្អិត ក៏ដូចជាសត្វផ្សេងរស់នៅ ដូចនេះវាអាចទិចឬខាំអ្នក ត្រៀមរបស់ទាំងនោះគឺអាចជួយអ្នកបាន។
- ពិល៖ ល្អាងខ្លះមានពន្លឺមិនគ្រប់គ្រាន់នោះទេ ដូចនេះបើមានពិល អ្នកនឹងសង្កេតទីកន្លែងទាំងនោះបានកាន់តែលម្អិត។
- ដបទឹក៖ គប្បីមានដបទឹកតាមខ្លួន បើអាចគឺដបទឹករក្សាសីតុណ្ហភាពបានយូរ ព្រោះមានទឹកត្រជាក់ៗផឹកនៅកន្លែងឆ្ងាយពីទីប្រជុំជន ជារឿងម្រណាស់។
- ធូប ទៀន ឬគ្រឿងតង្វាយផ្សេងៗបើមាន៖ ភ្នំចាស់ជាទីកន្លែងស័ក្ដិសិទ្ធិរបស់ អ្នកស្រុកឱរ៉ាល់ ដូចនេះត្រៀម ធូប ទៀន ឬគ្រឿងតង្វាយផ្សេងៗ ក៏ល្អ ព្រោះអ្នកអាចបួងសួងសុំសេចក្ដីសុខនៅកន្លែងនោះ ឬបន់ផ្សងក្ដីប្រាថ្នាអ្វីផ្សេងៗបានផងដែរ។
អត្ថបទដោយ៖ កុសល
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង

សូមប្រុងប្រយ័ត្ន! កាលពីយប់មិញនេះប្រជាពលរដ្ឋថតបានសត្វ ១ក្បាល សង្ស័យជា«ឆ្កែចចក» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

លោក ស្រ៊ឺ ស្រេង៖ សប្ដាហ៍នេះនឹងកក្រើកសង្វៀន ISKA Kun Khmer ខណៈអ្នកកំពូលអ្នកលេងគុនខ្មែរ៣រូប នឹងត្រូវប៉ះជើងខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង លំដាប់ពិភពលោក

គុណធម៌ក្នុងមាត់-(Moral rectitude in speech)

យោបល់ទាំងអស់ (0)
គ្មានយោបល់