
TNAOT News
· 2019-08-17
ចៅអធិការវត្តបុរីព្រៃជ្រុំ សម្លាប់បុរសវ័យចំណាស់ម្នាក់ ព្រោះខ្លាចបែកការរឿងមានស្រីញី
#សង្គម# #នយោបាយជាតិ#
0
ខេត្តឧត្តមានជ័យ៖ បុរសចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុបបាត់ខ្លួនពីផ្ទះអស់រយៈពេល ៤ថ្ងៃ ត្រូវគេប្រទះឃើញសព ទុកចោលក្នុងព្រៃក្បែរភូមិប្រហែល ៥០០ម៉ែត្រ កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លុះសមត្ថកិច្ចស្រាវជ្រាវទើបដឹងថា ចៅអធិការវត្តបុរីព្រៃជ្រុំ ជាឃាតករសម្លាប់ជនរងគ្រោះ ព្រោះខ្លាចបែកការរឿងមានស្រីញី។
ជនសង្ស័យទី១. ឈ្មោះ ឆាយ ឡុង ហៅជ្រក់ អាយុ ២៧ឆ្នាំ ជាចៅអធិការវត្ត បុរីព្រៃជ្រុំ ហៅវត្តដីថ្មី ស្ថិតនៅភូមិដីថ្មី ឃុំ-ស្រុកអន្លង់វែង។ ទី២. ឈ្មោះ អ៊ុយ ឡូ ភេទប្រុស អាយុ ២២ឆ្នាំ ដែលត្រូវជាប្អូនម្ដាយតែមួយឪពុកផ្សេងគ្នា រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង។ ចំណែកជនរងគ្រោះឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីកម្លាំងជំនាញបានចុះធ្វើកោសលវិច្ច័យ រកឃើញថាជាករណីឃាតកម្ម សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវអស់រយៈពេល ៣ថ្ងៃ ទើបកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។លោក ឡឹក សុខា ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គ្រួសារជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ចថាជនរងគ្រោះខាងលើបានបាត់ខ្លួន រួមជាម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ឧត្តមានជ័យ១B-២៨៩៥ តាំងតែពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែឆ្នាំដដែល តែមិនឃើញត្រឡប់មកផ្ទះវិញ។ ក្រោយពីដាក់ពាក្យបណ្ដឹង ស្រាប់តែព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក៏ត្រូវអ្នករើសអេតចាយប្រទះឃើញម៉ូតូជនរងគ្រោះ ស្ថិតនៅចំណុចក្បែរគល់ស្ពានអូរជីក តាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែមិនឃើញមនុស្ស។
លោកឧត្តមសេនីយ៍ត្រីបន្តថា តាមចម្លើយជនសង្ស័យជាចៅអធិការវត្តឈ្មោះ ឆាយ ឡុង ហៅជ្រក់ ប្រាប់សមត្ថកិច្ចថា ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះតែម្នាក់ឯងដោយបានឲ្យជនរងគ្រោះដឹក ហើយពេលដល់កន្លែងស្ងាត់ ក៏វាយនឹងញញួរចំកញ្ចឹងក ពីក្រោយ និងក្បាល រួចហើយដឹកយកទៅទម្លាក់ចោលនៅព្រៃស្ងាត់ ក្បែរភូមិព្រលានតែម្ដង។ លោកបញ្ជាក់បន្ថែមថា ជនដៃដល់ជាសង្ឃ ដែលហ៊ានលើកដៃសម្លាប់ជនរងគ្រោះ ដោយសារតែជនសង្ស័យ បានជំពាក់លុយជនរងគ្រោះចំនួន ៤,៥០០ដុល្លា និងធ្លាប់លួងលោមជនរងគ្រោះ មិនឲ្យប្រាប់អ្នកដទៃ រឿងខ្លួនធ្លាប់មានស្រីញី និងលេងល្បែងកន្ទុយលេខ ទើបរៀបគំរោងសម្លាប់ជនរងគ្រោះតែម្តង។ ហើយយកម៉ូតូ និងអាវដែលប្រឡាក់ឈាមទៅទុកចោលនៅខាងលិចទីរួមស្រុកអន្លង់វែង ដើម្បីបង្វែងគោលដៅរបស់សមត្ថកិច្ច។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយចំពោះជនសង្ស័យ សមត្ថកិច្ចនៅតែបន្តសួរនាំ ដើម្បីស្វែងរកថាតើមានអ្នករួមគំនិតទៀតឬអត់៕ វណ្ណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់