បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-09-28

Ronin-SC ដងទប់លំនឹងកាមេរ៉ាមួយទៀតពីក្រុមហ៊ុន DJI

#RONIN-SC# #បច្ចេកវិទ្យា# #ដងទប់លំនឹង# #វិទ្យាសាស្ត្រ#

257

បច្ចុប្បន្នដងទប់លំនឹងសម្រាប់កាមេរ៉ា ត្រូវបានផលិតច្រើនម៉ូឌែលដោយមានក្រុមហ៊ុនជាច្រើនកំពុងផលិតផងដែរ ដើម្បីបំពេញតម្រូវការនៃការផលិតភាពយន្ត វីដេអូខ្លី និង content creators ដែលកំពុងនៅក្នុងវិស័យផលិតវីដេអូ។ ហើយនេះជាដងទប់លំនឹងមួយទៀតមានឈ្មោះថា Ronin-SC របស់ DJI ដែលជាក្រុមហ៊ុនល្បីផលិតផលិតសម្ភារៈកាមេរ៉ាដូចជា ដងទប់លំនឹង Osmo យន្តហោះដ្រូន និងកាមេរ៉ាខ្នាតតូចជាច្រើនដទៃទៀត។

Ronin-SC ត្រូវបានផលិតដោយសារធាតុអាលុយមីញ៉ូម ម៉ាញ៉េស្យូម និងរួមជាមួយសារធាតុដទៃទៀត ធ្វើឱ្យទម្ងន់ខ្លួនរបស់វាត្រឹម ១.១គីឡូក្រាម មានវិមាត្រ 220×200×75mm និងថាមពលថ្មអាចប្រើប្រាស់បានដល់ទៅ ១១ម៉ោង ឯណោះ។ 

Ronin-SC មានលទ្ធភាពអាចថតវីដេអូបែបកីឡា Sport mode ចាប់យកចលនារហ័ស មានលំនឹងយ៉ាងប្រសើរ និងអាចថតបង្វិលដល់ទៅ ៣៦០ដឺក្រេ បានយ៉ាងងាយ។ ឧបករណ៍ទប់លំនឹងកាមេរ៉ា Ronin-SC ត្រូវបានបំពាក់មុខងារ ActiveTrack 3.0 លើជំនាន់ Ronin លើកដំបូង ដោយអាចដាក់ស្មាតហ្វូនបើកកម្មវិធី Ronin App នៅពីលើកាមេរ៉ា សម្រួលដល់ការបញ្ជាររបស់អ្នក ហើយពួកវាក៏ធ្វើការជាមួយគ្នាបានល្អផងដែរ។ 

Ronin App ជាកម្មវិធីសម្រាប់តម្លើងក្នុងស្មាតហ្វូន ដើម្បីសម្រួលដល់ការកំណត់បញ្ជារឧបករណ៍ទប់លំនឹង Ronin-SC ហើយវាក៏ត្រូវបានកែសម្រួលតម្រូវតាមបទពិសោធន៍អ្នកប្រើប្រាស់ និងមានរបៀបក្នុងការប្រើប្រាស់នៅក្នុងកម្មវិធីដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យកាន់តែងាយយល់ផងដែរ។ ចំពោះការបញ្ជារ ក៏មានមុខងារ Force Mobile ដើម្បីសម្រួលដល់ការបញ្ជារ ដោយអ្នកគ្រាន់តែផ្លាស់ចលនាស្មាតហ្វុន នោះឧបករណ៍ទប់លំនឹង Ronin-SC នឹងផ្លាស់ទីតាមស្មាតហ្វូន។ 

ចំពោះមុខងារ Panorama ដែលមាននៅលើ Ronin-SC វាអាចឱ្យអ្នកចាប់យករូបភាពទ្រវែងដោយស្វ័យប្រវត្តិ បន្ទាប់មកផ្គុំចូលគ្នាបានជារូបភាពទ្រវែងយ៉ាងពេញលេញ ហើយក៏មានមុខងារដទៃដូចជា Timelapse, Motionlapse, Motion Control សម្រួលដល់ការចាប់យកទេសភាពបែបរហ័ស ហើយវាមានភាពឆ្លាតវៃក្នុងការប្រដេញចាប់យកវីដេអូតាមប្លង់ធ្វើឱ្យការផលិតវីដេអូរបស់អ្នកកាន់តែទាក់ទាញថែមទៀតផង។ 

Ronin-SC ងាយស្រួលទុកដាក់ និងអាចដំណើរការប្រើប្រាស់បានយ៉ាងសហ័ស ដោយវានឹងចងចាំការកំណត់វាស់ទម្ងន់កាមេរ៉ានៅពេលដែលអ្នកបិតឧបករណ៍។ ជាចុងក្រោយ លោកអ្នកអាចស្វែងរកជាវឧបករណ៍ទប់លំនឹង RONIN-SC នៅលើគេហទំព័រ dji.com ក្នុងតម្លៃ $439។  


ប្រែសម្រួល៖ កុសល

(ប្រភព៖ dji)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់