
Chanbotom
· 2018-12-13
មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជាមួយរូប បំភ្លឺរឿងស្នើសុំឲ្យថៃបញ្ជូនអ្នកផលិតវីដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ»
82
ភ្នំពេញៈ បន្ទាប់ពីអាជ្ញាធរថៃបានឃាត់ខ្លួនប្រធានសហជីពកម្មករសំណង់ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២១០១៨ នៅក្នុងទឹកដីថៃ តាមកសំណើរបស់អាជ្ញាធរកម្ពុជា ដោយសារជាប់ពាក់ព័ន្ធនឹងការផលិតឃ្លីបវីដេអូន «ម្ដាយខ្ញុំលក់ខ្ញុំ» ទៅឲ្យទូរទស្សន៍រុស្សី ថ្ងៃនេះ«RT»នោះមក រហូតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់មួយរូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមុខមកបកស្រាយជុំវិញការស្នើសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃ ក្នុងការប្រគល់ជនសង្ស័យដែលជាអ្នកផលិតវីដេអូឯកសារមិនពិត ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងតម្លៃរបស់ស្ត្រីខ្មែរ ត្រឡមមកកម្ពុជាវិញ។
អ្នកស្រី ឡុង គីមហ៊ាង ត្រូវជាភរិយា បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នស្រីឈ្មោះ រ៉ាត់ រ័ត្នមុនី មានតួនាទីជាប្រធានសហជីពកម្មករសំណង់ និងជាភ្នាក់ងារសារព័ត៌មាន Russia Totay (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២២០១៨។ រីឯអាជ្ញាធរថៃគ្រោងនឹងបញ្ជូនប្ដីរបស់អ្នកស្រី មកឲ្យរដ្ឋាភិបាលកម្ពុជា វិញ នាពេលខាងមុខនេះ។
អ្នកស្រី ឡុង គីមហ៊ាង បានបន្ដថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺដោយសារគាត់មានការជាប់ពាក់ព័ន្ធ ក្នុងការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» ឲ្យសារព័ត៌មានរុស្ស៊ីធូដេ (RT)។ រីឯវីឌីអូ «ម្តាយខ្ញុំលក់ខ្ញុំ» នោះ គឺនិយាយពីស្ត្រីខ្មែរម្នាក់លក់កូនស្រីខ្លួនឯងឲ្យអ្នកមានលុយ ដោយសារតែបញ្ហាជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។ រឿងហ្នឹងបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកថា នេះគឺជាការមួលបង្កាច់។
ដោយឡែក សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះ គឺជាការប្រឌិតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា។ ដូច្នេះសមត្ថកិច្ចនឹងស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ក្រោយពីមានការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញរួចមក គេបានសង្ស័យលើការផលិតឯកសារមួយគ្មានការពិត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងតម្លៃរបស់ស្ត្រីខ្មែរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា ខ្សែវីដេអូនោះបានបន្ទាបបន្ថោកដល់តម្លៃរបស់ស្ត្រីជាមាតា ដែលផ្ទុយទឹកចិត្តពិតប្រាកដរបស់ស្រ្ដីខ្មែរដែលតែងតែមាននូវព្រហ្មវិហារធម៌ដល់កូន ហ៊ានលះបង់ជីវិតដើម្បីកូន តែបែរជាគេថា ម្ដាយលក់ព្រហ្មចារិនី (បើតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត គឺមនុស្សប្រុស ត្រូវហៅ ព្រហ្មចារី) កូនស្រីរបស់ខ្លួនទៅឲ្យអ្នកមានលុយនាំទៅលេងសើចទៅវិញ។ ក្រោយមានការស៊ើបអង្កេត និងមានការបំភ្លឺពីស្ត្រីទាំង២នាក់ គឺម្តាយ និងកូនស្រី ឈ្មោះកែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច ការពិតបានបង្ហាញថា ពួកគេបានទទួលលុយចំនួន២០០ដុល្លារ ជាថ្នូរនឹងការនិយាយកុហក នៅក្នុងភាពយន្តឯកសារនេះ។
លោកឧត្តមសេនីយ៍ បានបន្ដថា ក្រោយមក កញ្ញា ឃៀង ស្រីម៉ិច បានបង្ហោះនូវឃ្លីវីដេអូមួយ បកស្រាយក្នុងបណ្តាញសង្គមហ្វេសប៊ុកថា សកម្មភាពរបស់នាង នៅក្នុងភាពយន្តឯកសារនោះ គ្រាន់តែជាការសម្តែង មិនមែនជាការពិតឡើយ។ រីឯពាក្យសម្តីដែលនាង និងម្តាយនាងនិយាយទាំងប៉ុន្មាន សុទ្ធតែទន្ទេញតាមអត្ថបទដែលរៀបចំឡើង ដោយឈ្មោះ រ៉ាត់ រ័ត្នមុនី តែប៉ុណ្ណោះ។
បើយោងតាមសម្ដីរបស់ស្ត្រីជាម្តាយ និងកូន បានប្រាប់សមត្ថកិច្ចថា ឈ្មោះ រ៉ាត់ រ័ត្នមុនី បានប្រាប់ពួកគេទាំង២ថា ការថតនោះ គឺក្នុងរឿង «ប្រទេសខ្មែរ ក្រោយរបបប៉ុលពត» ។ ក្នុងការល្បួងឲ្យពួកគេថតរឿងនោះ ហើយក៏មានជនបរទេស៤រូប ដែលបានជួយថត និងរៀបចំជាឈុតឆាកឲ្យទាំងអស់។ ជាមួយគ្នានេះ ស្រ្ដីជាម្តាយ និងកូនស្រីឈ្មោះ កែវ ម៉ាឡៃ ហើយឈ្មោះ ឃៀង ស្រីម៉ិច បានស្នើឲ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ឲ្យពួកគាត់ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ពួកគេ។
សេចក្តីរាយការណ៍បានបង្ហាញថា ខ្សែភាពយន្តដែលកុហកថារឿង «ប្រទេសខ្មែរ ក្រោយរបបប៉ុលពត»នោះ បានកែចំណងជើងក្លាយជារឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលបង្កឲ្យមានការយល់ច្រឡំពីសាធារណជន។ ឈ្មោះ រ៉ាត់ រ័ត្នមុនី និងភរិយា ឈ្មោះឡុង គឹមហ៊ាង ក្នុងពេលដែលខ្សែភាពយន្តឯកសារមិនពិតនេះ បានបង្ហោះនៅក្នុងបណ្តាញសង្គម និងធ្វើឲ្យមានការផ្អើលពីសាធារណជននោះមក ពួកគេបានភៀសខ្លួនចេញទៅប្រទេសថៃ ដើម្បីគេចខ្លួនចេញទៅរកប្រទេសទី៣។ ស្របគ្នានេះ អាជ្ញាធរកម្ពុជាបានស្វែងរកកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃ ដើម្បីស្នើសុំឱ្យភាគីថៃ ចាប់ខ្លួនលោក រ៉ាត់ រ័ត្នមុនី ដើម្បីបញ្ជូលត្រឡប់មកឲ្យអាជ្ញាធរកម្ពុជាសាកសួរ និងស្វែងរកការពិត នៅក្នុងការផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវ និងសាក្សីបានរកឃើញថា មានតែឈ្មោះ រ៉ាត់ រ័ត្នមុនី តែម្នាក់ប៉ុណ្ណោះ ដែលអាចបំភ្លឺ នៅក្នុងរឿងនេះបាន ទើបអាជ្ញាធរកម្ពុជាស្នើសុំនូវកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃ។ រីឯសមត្ថកិច្ចនគរបាលកម្ពុជារំពឹងថា ថៃដែលតែងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងកម្ពុជា នឹងប្រគល់ជនសង្ស័យ រ៉ាត់ រ័ត្នមុនី នេះ មកឲ្យសមត្ថកិច្ចកម្ពុជា នាពេលខាងមុខនេះ ដើម្បីស្វែងរកយុត្តិធម៌ដល់ស្ត្រីជាម្តាយ និងកូនស្រីទាំង២នាក់នេះ។
ទោះជាយ៉ាងណា ក្រោយពីមានការស្វះស្វែងរកយុត្តិធម៌របស់សមត្ថកិច្ចជូនចំពោះស្រី្តរងគ្រោះទាំង២ខាងលើនេះមក ប៉ុន្តែអ្នកស្រី ឡុង គឹមហ៊ាង ត្រូវជាប្រពន្ធរបស់ជនសង័្សយ បានចាត់ទុកថា នេះគឺជាអំពើអយុត្តិធម៌ចំពោះប្តីរបស់គាត់។ ផ្ទុយពីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានចាត់ទុកថា «នេះគឺជាការស្វែងរកយុត្តិធម៌ឲ្យប្តីរបស់គាត់ទៅវិញទេ។ ប្តីរបស់គាត់បានគេចខ្លួនមិនព្រមចូលមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ច។ យើងត្រូវតាមរកប្តីរបស់គាត់ ដើម្បីឲ្យចូលមកបំភ្លឺក្នុងរឿងនេះ។ យើងមិនមែនយកប្តីរបស់គាត់មកធ្វើទារុណកម្មនោះឡើយ»។
គួររំឭកថា ខ្សែវីដេអូឯកសារមិនពិត រឿង «ម្តាយខ្ញុំ លក់ខ្ញុំ» រៀបចំដោយឈ្មោះ រ៉ាត់ រ័ត្នមុនី និងបានបង្ហោះតាមប្រព័ន្ធយូធូប និងបណ្តាញសង្គមផ្សេងៗ បានធ្វើឲ្យសាធារណជន មានការយល់ច្រឡំអំពីរឿងហេតុ ដែលមិនមានការកើតឡើងសោះនោះ។ ខ្សែភាពយន្តឯកសារដែលមានរយៈពេល២៧នាទី បានផ្សព្វផ្សាយ ដោយទូរទស្សន៍ Russia Today (RT) និងបានសង្ខេបមកនៅត្រឹមប្រមាណជាង២នាទី បានផ្តោត លើតួអង្គស្ត្រី៣នាក់ រួមមានម្តាយ និងកូនស្រីឈ្មោះកែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច និងស្ត្រីម្នាក់ទៀត ឈ្មោះ អ៊ុន ស្រីពេជ្រ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់