បង្ហោះផ្សាយ

ខ្មែរ

Sun Matey

· 2018-12-17

អ្នកដឹងទេ ថាតើនិស្សិតដែលទៅសិក្សានៅបរទេសលើកដំបូងតែងជួបបញ្ហាប្រឈមអ្វីខ្លះ?

869

យើងតែងតែឃើញមានការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនដើម្បីទៅសិក្សាក្រៅប្រទេសជារៀងរាល់ឆ្នាំ។ វាជាបទពិសោធន៍ថ្មីមួយដែលត្រូវរស់នៅក្នុងប្រទេសដទៃមួយផ្សេងទៀត រួមជាមួយមនុស្សម្នា និងវប្បធម៌ថ្មីៗ។ តើអ្នកធ្លាប់ដឹង ឬស្វែងយល់ពីជីវិតរស់នៅ និងការសិក្សាដែលឃ្លាតឆ្ងាយពីគ្រួសារ ស្រុកកំណើតបែបនេះដែរទេ? ខាងក្រោមនេះជាបញ្ហាប្រឈមមួយចំនួនដែលនិស្សិតទៅសិក្សាក្រៅប្រទេសលើកដំបូងតែងជួបប្រទះមុនពេលសម្របខ្លួនបាន។


១. អាកាសធាតុ

នៅពេលឈានជើងចាកចេញពីកម្ពុជាទៅរស់នៅប្រទេសផ្សេងជាលើកដំបូង គឺអាចនឹងពិបាកសម្របខ្លួនទៅនឹងអាកាសធាតុដែលអាចបណ្ដាលឲ្យឈឺផងដែរ។ អាកាសធាតុប្រទេសខ្លះ គឺត្រជាក់ ក្ដៅ ភ្លៀងរលឹមមិនឈប់ដែលប្រែប្រួលទៅតាមរដូវកាលរបស់វា។ ហេតុនេះ អ្នកគួរថែរក្សាសុខភាពឲ្យបានល្អ។


២. អាហារ

ការចម្អិន ក៏ដូចជារសជាតិនៃអាហារប្រាកដជាមានភាពខុសប្លែកគ្នាពីកម្ពុជាដែលធ្វើឲ្យពិបាកទទួលទាន។ ប្រទេសខ្លះនិយមរសជាតិហិរ សាប ឬការចម្អិនមិនសូវឆ្អិនល្អជាដើម។


៣. ភាសា

ប្រហែលជាមិនសូវពិបាកទេ ប្រសិនបើប្រទេសនោះប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការណ៍។ ក៏ប៉ុន្ដែ សិស្ស និស្សិតប្រាកដជាជួបការលំបាកច្រើនក្នុងការទំនាក់ទំនង ក៏ដូចជាការសិក្សា បើប្រទេសនោះប្រើភាសារបស់ខ្លួន។


៤. ការប្រើប្រាស់រូបិយប័ណ្ណ

ជាការពិតណាស់ រូបិយប័ណ្ណនៃប្រទេសនីមួយៗតែងតែមានតម្លៃខុសគ្នាដោយផ្អែកលើសេដ្ឋកិច្ចនៃប្រទេសនោះ។ ហេតុនេះ រាល់ពេលដែលទិញទំនិញ ឬរបស់ប្រើប្រាស់ គឺមានការពិបាកក្នុងការចាយវាយសម្រាប់ការទៅដល់ដំបូង។ 


៥. វង្វេងផ្លូវ

ពេលធ្វើដំណើរទៅណាមកណាម្ដងៗ គឺវាពិតជាពិបាកក្នុងការរកផ្លូវត្រឡប់មកកន្លែងរបស់អ្នកវិញ។ ដូចនេះ អ្នកគួរមានផែនទីនៅក្នុងដៃ និងព្យាយាមចាំឈ្មោះផ្លូវដែលអ្នកធ្លាប់ធ្វើដំណើរឆ្លងកាត់ដើម្បីចៀសវាងការវង្វេង។ 


៦. ការចាកឆ្ងាយគ្រួសារ ស្រុកកំណើត

ការរស់នៅឆ្ងាយពីក្រុមគ្រួសារ គឺមានភាពឯកា និងយល់ថាខ្វះភាពកក់ក្ដៅខ្លាំងណាស់។ ម្យ៉ាងវិញទៀត សិក្សាក្រៅប្រទេសកម្រមានពេលមកលេងស្រុក ជាពិសេសជួបជុំក្រុមគ្រួសារនៅពេលមានបុណ្យទានម្ដងៗ។ 


ការចាកចេញពីប្រទេសកំណើតរបស់ខ្លួនទៅរស់នៅ និងសិក្សានៅប្រទេសមួយផ្សេងទៀត គឺជួបការលំបាកច្រើន ក៏ប៉ុន្ដែ អ្នកនឹងក្លាយជាមនុស្សរឹងម៉ាំ ឯករាជ្យ និងមានការយល់ដឹងច្រើនដោយសារការឆ្លងកាត់ និងពុះពារគ្រប់ឧបសគ្គ ហើយក៏បានរៀនសូត្រនូវអ្វីថ្មីៗជាច្រើនទៀតពីប្រទេសនោះផងដែរ។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់