បង្ហោះផ្សាយ

ខ្មែរ

Sabay

· 2019-11-21

មានផ្ទៃពោះក៏នៅតែស្អាតផូរផង់គ្រប់ពេលឲ្យតែចេះពីគន្លឹះថែរក្សាសម្រស់សំខាន់ៗ

#បញ្ហា​ស្បែក# #ការពារ​​សង្វារ# #មាតា និងទារក#

315

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះស្រ្តី​តែង​ជួប​ប្រទះ​នូវ​បញ្ហា​ស្បែក និង​ផ្លាស់​ប្តូរ​រូប​រាង​ជា​ដើម​ ស្បែក​​ប្រែ​ជា​ឆាប់​ប្រតិកម្ម​ និងមាន​សភាព​ស្តើងដោយ​សារ​តែ​រង​​ឥទ្ធិពល​ពី​ក្រពេញ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា អង់ដូគ្រីន (endocrine)។ ហេតុ​នេះ​ហើយដើម្បី​ការពារ​ស្បែក​ឲ្យ​ជៀស​ផុត​ពី​បញ្ហា​ផ្សេងៗ ​ដូច​ជា៖ មេឡាម៉ូម (ស្នាម​អុច​ពណ៌ត្នោត) ស្នាម​អុច​ខ្មៅ ឡើង​មុន ស្បែក​ខ្មៅ​ស្រអាប់ ឬ​បញ្ហា​រូបរាង​កាយ​ដូច​ជា៖ ឡើង​ទម្ងន់ ឡើង​ជាតិ​ខ្លាញ់​តាម​កន្លែង​ជាដើម ត្រូវ​ដឹង​ពី​គន្លឹះ​សំខាន់​ៗ ក្នុង​ការ​ថែរក្សា​សម្រស់ឲ្យ​ស្រស់​ស្អាត​ផូរផង់​គ្រប់​ពេល និង​មិន​បង្ក​គ្រោះថា្នក់​​ដល់​សុខភាព។

១. សម្រាប់​បញ្ហា​មុន៖ អ័រម៉ូន​មាន​ការ​ប្រែប្រួលធ្វើ​ឲ្យ​ស្បែក​​ងាយ​នឹង​កើត​មុន​ខ្លាំង​ណាស់ ដូច្នេះ​ត្រូវ​តែ​យក​ចិត្ត​​ទុក​ដាក់​ទើប​បាន​។ ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ស្បែក​មុខ​ឲ្យ​បាន​ ២​ដង​ក្នុង​មួយ​ថ្ងៃជាមួយ​នឹង​សេរ៉ូម​ប្រៃ​ដែល​អាច​រក​បាន​​​នៅ​តាម​ឱសថស្ថាន​នានា។ ​គួរ​លាង​ដៃ​ឲ្យ​បាន​ស្អាតរួច​យក​សំឡី​មក​​ជូត​ជាតិ​កខ្វក់ ​ឬ​គ្រឿង​សម្អាង​ដែល​នៅ​សល់​ និង​លាង​ជម្រះ​ចេញ​​ឲ្យ​សព្វ​ពេញ​ផ្ទៃ​មុខ​ជា​ការ​ស្រេច។​ បញ្ឈប់​ទម្លាប់​អាក្រក់​ដោយ​ការ​​ញេច​មុន​ ឬ​​ស្ទាប​អង្អែល​​លើ​មុខ​ព្រោះ​បើ​ដៃ​មិន​ស្អាតបាក់តេរី​​នឹង​កាន់​តែ​ធ្វើ​ឲ្យ​មុន​យ៉ាប់​លើស​ដើម​។

២.​ វិធី​ធម្មជាតិ​ដើម្បី​កម្ចាត់​មុន៖ ក្រូចឆ្មារ ងាយៗ ​​ដោយ​យក​ក្រូចឆ្មារ​មួយ​ចំហៀង​ច្របាច់​យក​​​តែ​ទឹក បន្ទាប់​មក​យក​សំឡី​ទៅ​ជ្រលក់​​ហើយ​យក​មក​តប់​ថ្នមៗ ​នៅ​លើ​មុន រួច​ទុក​ឲ្យ​ស្ងួត និង​ធ្វើ​បែប​នេះ​ដដែល​ឲ្យ​បាន ៤-៥​ដង។ ចំណាំ៖ ក្រូចឆ្មារ​​អាច​ធ្វើ​ឲ្យ​មុខ​​មាន​បញ្ហា​ប្រសិន​បើ​អ្នក​ប៉ះ​ជាមួយ​កម្ដៅ​ថ្ងៃ ដូច្នេះ​គួរ​ធ្វើ​នៅ​ពេល​ល្ងាច និង​ត្រូវ​ប្រយ័ត្ន​មិន​គួរ​បណ្តោយ​ឲ្យ​ស្បែកប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ផ្ទាល់ ​ឬ​យូរ​ដាច់​ខាត។

៣. ​​ដំឡូងបារាំង​ និង​ទឹកដោះគោ​ស្រស់៖ ជ្រើស​រើស​ដំឡូង​បារាំង​ដែល​ស្រស់​ និង​មាន​គុណភាព​ល្អ បន្ទាប់​មក​ចិត​សំបក​​លាង​ទឹក​ឲ្យ​ស្អាត​ហើយ​ឈូស​ ឬ​កិន​ឲ្យ​ម៉ដ្ឋ។ បន្ទាប់​មក​ទៀតត្រូវ​យក​វា​មក​លាយ​​ឲ្យ​សព្វ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ស្រស់​គ្មាន​ជាតិ​ស្ករ រួច​លាប​លើ​មុខ​ទុក​ចោល​ ១៥-២០នាទី សឹម​លាង​ទឹក​ចេញ​។ ធ្វើ​ឲ្យ​បាន​ទៀង​ទាត់វិធី​នេះ​អាច​ជួយ​​ឲ្យ​ស្បែក​ភ្លឺ​រលោង​បែប​ស៊ី​ជម្ពូ​ និង​​មាន​សុខភាព។

៤. វិធី​ការពារ​​សង្វារ៖​ ជៀស​មិន​ផុត​ឡើយស្រ្តី​ពោះ​ធំ​តែង​ជួប​ប្រទះ​បញ្ហា​​បែក​សង្វារ ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​។ វិធី​ការពារគឺ​ត្រូវ​លាប​គ្រីម ​ឬ​ប្រេង​ការពារ​បែក​សង្វារចាប់​តាំង​ពី​ខែ​ដំបូង​ដែល​អ្នក​ពរ​ពោះ។ អ្នក​ត្រូវ​តែ​ឆ្លៀត​លាប​ឲ្យ​បាន​ ១-២​ដង​ក្នុង​មួយ​ថ្ងៃ​កុំ​ខាន​ឲ្យ​សោះដើម្បី​មិន​ឲ្យ​សង្វារ​បែក​ព្រោងព្រាត​។ ជាពិសេសនៅ​ត្រង់​ផ្នែក​ពោះ​មិន​ត្រូវ​លាប​ដោយ​ម៉ាស្សា​ជា​រង្វង់​ៗ ​នោះ​ទេ ព្រោះ​​វា​​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​។ គួរ​លាប​ដោយ​ធ្វើ​ការ​ម៉ាស្សា​ថ្នមៗ​ ពី​ក្រោម​ឡើង​លើ​ទើប​ល្អ។

បញ្ហា​បែក​សង្វារ​បាន​កើត​ឡើង​ចំពោះ​ស្រ្តី​ពោះ​ធំដល់​ទៅ​ជាង ៨០%​ ឯណោះហើយ​អ្នក​ខ្លះ​ទៀត​ក៏​បាន​ជួប​បញ្ហា​រមាស់​គ្មាន​ផាសុកភាព​ក៏​មាន​។ ហេតុនេះ​មាន​កត្តា​សំខាន់​ៗ​ មួយ​ចំនួនដែល​អ្នក​មិន​គួរ​មើល​រំលង​ដូច​ជា៖ ញ៉ាំ​អាហារ​ដែល​ជីវជាតិ​ល្អៗ ​ឲ្យ​​បាន​គ្រប់គ្រាន់ ព្យាយាម​​ការពារ​កុំ​ឲ្យ​ឡើង​​គីឡូ​​លឿន​ខ្លាំង​ពេក។ ជៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឭ​តាម​គេ​តាម​ឯង ជាពិសេស​មិន​ត្រូវ​​លាប​ផលិតផល​ប៉ះពាល់​សុខភាព​ដែល​មាន​សារធាតុ​ដូចជា៖ parabens petroleum propylene or butylene glycol និង​ sodium lauryl sulfate ដាច់​ខាត។

៥. វិធី​បំបាត់​ស្នាម​មុន៖ ទឹក​ល្មៀត​ ដាក់​ម្សៅ​ល្មៀត​ ២​ស្លាប​ព្រា​កាហ្វេ ចូល​ទៅ​ក្នុង​​ទឹក​ក្តៅ​ឧណ្ណៗ ​ចំណុះ ២០០មល កូរ​ឲ្យ​សព្វ​​រួច​អាច​ផឹក​បាន​ហើយ។ ដើម្បី​បង្កើន​រសជាតិ​អ្នក​អាច​បន្ថែម​ទឹក​សណ្តែក ឬ​ទឹក​ដោះ​គោ​ស្រស់​ដែល​គ្មាន​ជាតិ​​ស្ករ​ចូល​ក៏​បាន។ បើ​​រាង​កាយ​មិន​ក្តៅ​ក្នុងអ្នក​ក៏​អាច​លាយ​ទឹក​ល្មៀត​ជាមួយ​ទឹក​ឃ្មុំ​​បាន​ដែរ។ វិធី​នេះ​​មិន​ត្រឹម​តែ​ជួយ​បំបាត់​ស្នាម​មុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​អាការៈ​ទល់​លាមក។

ម៉ាស់​ល្មៀត យក​ម្សៅ​ល្មៀត ​២​ស្លាប​ព្រា​កាហ្វេ លាយ​គ្នា​ជាមួយ​យ៉ាអួ​គ្មាន​ជាតិ​ស្ករ​​កន្លះ​ប្រអប់បន្ទាប់​មក​លាប​នៅ​មុខទុក​ចោល ១៥-២០នាទី​ សឹម​លាង​ទឹក​ចេញ​ និង​ជូត​ជាមួយ​កន្សែង​ស្អាត។​ ក្រៅ​ពី​មាន​សុភមង្គល​ក្នុង​ការ​ទន្ទឹង​រង់​ចាំ​កូន​ជា​ទី​ស្រលាញ់អ្នក​ម្តាយ​គ្រប់​រូប​ក៏​មិន​ត្រូវ​ភ្លេច​ពី​ការ​ថែរក្សា​សម្រស់​ដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់