
kohreligion
· 2019-11-22
នរកពោលបានតែ១ពាក្យក៏លិចទៅវិញ
#នរក# #ចំណេះដឹង# #អបាយមុខ# #សេចក្ដីទុក្ខ# #អប់រំ និងការងារ#
76
ព្រោះតែប្រព្រឹត្តអបាយមុខពេញទី បន្ទាប់ពីធ្វើមរណកាលទៅ សេដ្ឋីបុត្តទាំង៤នាក់បានទៅកើតក្នុងលោហកុម្ភីនរកជម្រៅ៨០យោជន៍ លិចចុះទៅអស់៣ម៉ឺនឆ្នាំ ទើបដល់បាតខ្ទះ អណ្តែតឡើងអស់៣ម៉ឺនឆ្នាំ ទើបដល់មាត់ខ្ទះ ហើយចង់ពោលគាថាម្នាក់មួយគាថាៗ ប៉ុន្តែមិនអាចពោលទាន់ ក៏ពោលបានត្រឹមតែពាក្យខាងដើមតែមួយតួអក្សរគឺ ទុ.ស.ន.សោ. ហើយក៏ត្រឡប់លិចចុះទៅក្នុងខ្ទះទង់ដែងវិញទៅ ។
តើពាក្យថា ទុ, ស, ន, សោ មានន័យពេញថាដូចម្តេច ?
ខាងក្រោមនេះជាការរង្គាយសេចក្តីនៃពាក្យសត្វនរកទាំងនោះពោលគឺៈ
សត្វនរកទី ១ បម្រុងនឹងពោលយ៉ាងនេះថា ទុ.ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ
វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ។ ប្រែថា យើងទាំងឡាយ មានជីវិតដ៏លាមក បានរស់នៅហើយកាលដែលភោគសម្បត្តិកំពុងមាន យើងទាំងឡាយមិនបានឲ្យទានសោះ យើងទាំងឡាយមិនបានធ្វើនូវទីពឹងដល់ខ្លួនឯងសោះឡើយ ។
សត្វនរកទី២ បម្រុងនឹងពោលយ៉ាងនេះថា ស.សដ្ឋីរស្សសហស្សានិ បរិបុណ្ណានិ សព្វសោនិរយេ បច្ចមានានំ កទា អន្តោ ភវិស្សតិ ។ ប្រែថា យើងទាំងឡាយ ដែលបាបកម្មចម្អិនក្នុងនរកអស់ ៦ ម៉ឺនឆ្នាំពេញគ្រប់គ្រាន់មិនលើសមិនខ្វះ ឱ!កាលណាហ្ន! នឹងមានទីបំផុតនៃសេចក្ដីទុក្ខ ។
សត្វនរកទី ៣ បម្រុងនឹងពោលយ៉ាងនេះថា ន.នត្ថិ អន្តោ កុតោ អន្តោ បដិនិស្សតិ
តទា ហិ បកតំ បាបំ មម តុយ្ហញ្ច មារិស ។ ប្រែថា ទីបំផុតនៃសេចក្ដីទុក្ខរបស់យើងទាំងឡាយ មិនមានឡើយ មានទីបំផុតនៃសេចក្ដីទុក្ខពីណា ទីបំផុតនៃសេចក្ដីទុក្ខមិនប្រាកដទេ ម្នាលអ្នកដូចជាខ្ញុំ ដ្បិតពីកាលណោះ ខ្ញុំនឹងអ្នកទាំងឡាយ បានធ្វើបាបពេញបន្ទុកណាស់ ។
សត្វនរកទី ៤ បម្រុងនឹងពោលយ៉ាងនេះថា ប្រែថា សោ.សោហំ នូន ឥតោ គន្គ្វា យោនី លទ្ធាន មានុសី វនញ្ញូ សីលសម្បន្នោ កាហាមិ កុសលំ ពហុំ ។ ប្រែថា បើខ្ញុំបានរួចអំពីនេះទៅ ហើយបានកើតជាមនុស្ស នឹងជាអ្នកដឹងនូវពាក្យពេចន៍បរិបូណ៌ដោយសីល ខ្ញុំនឹងខំធ្វើតែបុណ្យកុសលយ៉ាងច្រើន ។
នេះជាវាចារបស់សត្វនរកផ្តាំដល់មនុស្សទូទៅឱ្យខំធ្វើបុណ្យសន្សំកុសលទុកឱ្យហើយទៅ ព្រោះដំណើរជីវិតសត្វលោកមិនមានអ្វីជាទីពឹងទៅក្នុងលោកខាងមុខឡើយ គឺមានតែបុណ្យកុសលហ្នឹងហើយជាទីពឹងនៃដំណើរជីវិតយើង ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់