
TNAOT News
· 2019-12-19
យកភាជន៍សម័យអង្គរទៅទុកនៅផ្ទះ ចេះតែមានវិញ្ញាណមកបង្ហាញខ្លួន អ្នកស្រុកសម្រេចប្រគល់ឲ្យអាជ្ញាធរជាតិអប្សរាថែរក្សាវិញ
#សង្គម# #វត្ថុបុរាណ# #នយោបាយជាតិ# #អាជ្ញាធរជាតិអប្សរា#
1932
អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កាលពីពេលថ្មីៗ មានពលរដ្ឋពីរនាក់នៅភូមិតានី និងភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី បានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក្រោយពីពួកគាត់យកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។
កុលាលភាជន៍ទាំងពីរដែលពលរដ្ឋយកមកជូនអាជ្ញាធរជាតិអប្សរានេះ ទី១គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុយ គ្មានស្រទាប់រលោងឡើយ។ ក្រុមអ្នកជំនាញនៅមិនទាន់ហ៊ានសន្និដ្ឋានថា ភាជន៍ប្រភេទនេះស្ថិត នៅក្នុងសម័យណានោះទេ គឺក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវនៅពេលក្រោយ។
ចំណែកភាជន៍មួយទៀតធំ មានរូបរាងស្អាត ល្អ តែបែកមាត់មួយចំហៀង មានកម្ពស់៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត ប្រគល់ជូនដោយលោក ង៉ា ចន្ធូ ប្រធានភូមិធម្មជាតិរុនតាឯក។ ភាជន៍ធំនេះបានរកឃើញនៅឆ្នាំ២០១១ នៅពេលឪពុកមារបស់លោកភ្ជួរស្រែនៅខាងក្រោយប្រាសាទបន្ទាយសំរ៉ែ។ បន្ទាប់ពីប្រទះឃើញ គាត់ក៏យកមកដាក់ក្នុងផ្ទះ រួចក៏យកទៅទុកចោលក្នុងគុម្ពឫស្សី។
តាមការដំណាលរបស់លោក ចន្ធូ ថា ពេលនោះលោកបានសុំភាជន៍ពីឪពុកមាលោកមករក្សាទុកនាឆ្នាំ២០១២ ហើយអះអាងថា ភាជន៍បុរាណមួយនេះហាក់ដូចជាមានវិញ្ញាណឬក៏ឫទ្ធបារមីអ្វីម្យ៉ាងនៅពេលលោកទុកពុំបានល្អដូចការសន្យា ដោយច្រកក្នុងការ៉ុង ហើយដាក់នៅក្រោមគ្រែមិនអើពើ។ បន្ទាប់មកដូចជាមានអ្វីម្យ៉ាងចេះតែធ្វើឱ្យលោកដេកមិនលក់អស់៧ថ្ងៃ និងចេះតែមានសំឡេងរំខាន ជួនឮសំឡេងគោះគ្រែ វាយជណ្តើរ ឡើងជណ្តើរ បើកទ្វារទាំងទ្វារជាប់សោ រហូតដល់រូបលោកលបមើល ក៏មិនឃើញមានអ្វី ប្រាប់ប្រពន្ធក៏មិនជឿ។ លុះដល់យប់ទី៧ប្រពន្ធរបស់លោកក៏យល់សប្តឃើញថាមានគេមកគោះទ្វារស្តែងៗ ទើបជឿ។
ម្តាយលោកឲ្យយកភាជន៍នោះទៅទុកកន្លែងដើមវិញ តែលោកអុជធូបសុំទុកនៅភូមិតានីផ្ទះម្តាយមីង។ លុះមិត្តភក្តិលោកឃើញភាជន៍ស្អាត ក៏ចង់ទិញយកទៅតាំងលម្អនៅផ្ទះ ស្រាប់តែកូនមីងរបស់លោកពីរនាក់យល់សប្តឃើញមានសុទ្ធតែស្រីៗ ស្លៀកពាក់បុរាណដូចស្រីស្នំស្តេច ស្រែកឱ្យជួយផងៗ មានគេចង់លក់ខ្ញុំហើយ។ ដោយសារតែហេតុចម្លែកនិងការរំខាន លោក ចន្ធូ ក៏សម្រេចចិត្តយកមករក្សាទុកនៅសារមន្ទីរឡតានី ហើយប្រគល់ជូនអាជ្ញាធរជាតិអប្សរា ព្រោះជាកន្លែងមានសុវត្ថិភាពនិងសុខសាន្តចំពោះវត្ថុនេះ។ លោក ចន្ធូ បញ្ជាក់ថា កាលទុកនៅព្រះដាក់ ភាជន៍នេះក៏មានគេចង់ទិញដែរ តែក្រោយដឹងថាភាជន៍នេះប្រហែលជាដាក់អដ្ឋិធាតុមន្ត្រីជាន់ខ្ពស់ មានបុណ្យសក្តិពីបរមបុរាណដែលកប់មុខប្រាសាទ អ្នកទិញក៏បដិសេធ ព្រោះខ្លាចមិនសុខសាន្ត។
អ្នកជំនាញផ្នែកអភិរក្សកុលាលភាជន៍នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី ស៊ង់ ស្រីទូច ឲ្យដឹងថា តាមការពិនិត្យសាច់ដីនិងស្រទាប់រលោងរបស់ភាជន៍នេះ គឺវាប្រហាក់ប្រហែលគ្នាទៅនឹងភាជន៍ដែលគេរកឃើញច្រើននៅតំបន់ឡទ័ពជ័យ បច្ចុប្បន្ននៅក្នុងស្រុកស្វាយលើចម្ងាយប្រមាណជាង៧០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។ ប្រភេទកុលាលភាជន៍ដែលគេរកឃើញនៅតំបន់ឡទ័ពជ័យនោះ ត្រូវគេសន្និដ្ឋានថា វាអាចផលិតឡើងនៅក្នុងអំឡុងស.វ.ទី១១-ទី១៣ក្នុងសម័យអង្គរ៕ st
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្ដីស្រវឹងស្រារករឿងឈ្លោះ ឈានដល់ការធ្វើសកម្មភាពយកកាំបិតចុងស្រួច អាករសម្លាប់ប្រពន្ធ និងកូនតូចអាយុ ៩ខែ

អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ ចម្រុះជាតិសាសន៍ចូលរួមផ្សព្វផ្សាយពីកម្ពុជា

រយៈពេលជាង ២ឆ្នាំនេះ កម្ពុជាបណ្ដេញជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

យោបល់ទាំងអស់ (0)