
Sun Matey
· 2018-12-26
របៀបធ្វើទឹកដោះគោពោតដើម្បីបំប៉នសុខភាព (Corn Milk)
224
ទឹកដោះគោពោត ជាប្រភេទភេសជ្ជៈសម្បូរទៅដោយសារធាតុបំប៉នដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពដូចជា ជំនួយភ្នែក ជំនួយខួរក្បាល និងមានប្រសិទ្ធិភាពក្នុងការប្រឆាំងអុកស៊ីតកម្ម ជំនួយដល់ស្បែក ជំនួយចលនាឈាមធ្វើឲ្យឈាមដើរបានស្រួលជាដើម។ មនុស្សគ្រប់វ័យអាចទទួលទានបានមិនថាកុមារតូចៗ មនុស្សចាស់ ឬស្រ្តីមានផ្ទៃពោះនោះទេ។
គ្រឿងផ្សំ និងសម្ភារៈប្រើប្រាស់រួមមាន៖
ពោតក្រហម ឬពោតដំណើប ២ផ្លែ
ទឹកដោះគោស្រស់មិនមានជាតិស្ករ ២០០មីលីលីត្រ
ស្ករស ៦០ក្រាម
ម៉ាស៊ីនទឹកក្រឡុក ប្រដាប់ច្រោះ ចានធំ ឆ្នាំង
វិធីធ្វើ៖
ជំហានទី១៖ រៀបចំស្ងោរពោត
លាងពោតឲ្យស្អាត រួចដាក់ស្ងោរក្នុងទឹកចំនួន ២លីត្ររយៈពេលពី ២០ ទៅ ៣០នាទី។ ពេលពោតឆ្អិនស្រង់ដាក់មួយឡែក រីឯទឹកស្ងោរពោតទុកមួយឡែក។
ជំហានទី២៖ ប្រឡេះគ្រាប់ពោត រួចយកទៅកិន
ទុកពោតឲ្យត្រជាក់រួចប្រឡេះគ្រាប់ដោយដៃ ឬប្រើកាំបិតក៏បាន។ បន្ទាប់មក ដាក់គ្រាប់ពោតដែលបានប្រឡេះរួចចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុកជាមួយនឹងទឹកស្ងោរពោតចំនួន ១,៥លីត្រ ហើយកិនឲ្យម៉ដ្ឋ។ ក្រោយពីកិនរួចត្រូវយកវាទៅច្រោះដើម្បីយកកាកពោតចេញ ហើយយកទឹករបស់វាទុកមួយឡែកសិន។
ជំហានទី៣៖ ដាក់ដាំទឹកដោះគោពោត
ដាក់ដាំទឹកពោតដោយប្រើភ្លើងល្មម និងកូរឲ្យស្មើដៃរហូតដល់ពុះ។ ពេលទឹកពុះហើយ បន្ថយភ្លើងតិចៗ រួចដាក់ស្ករសចូលកូរឲ្យរលាយ បន្ទាប់មក ដាក់ទឹកដោះគោស្រស់ចូលកូរឲ្យសព្វយ៉ាងរហ័ស រួចលើកចេញពីចង្រ្កានជាការស្រេច។
ចំណាំ៖ បើសិន បន្ដដាំទៀត ឬប្រើភ្លើងខ្លាំង ឬឆាប់ដាក់ទឹកដោះគោចូល វានឹងបណ្ដាលឲ្យដាច់ទឹករបស់ទឹកដោះគោ ធ្វើឲ្យទឹកពោតមានពណ៌មិនស្អាត។
ទឹកដោះគោពោត គឺល្អសម្រាប់សុខភាព ហើយកូនង៉ាអាយុចាប់ពី ៦ខែឡើងទៅក៏អាចញ៉ាំបានដែរ។ ម្យ៉ាងវិញទៀត ចំពោះអ្នកស្គមដែលចង់ឡើងទម្ងន់គួរទទួលទាន ១កែវ ឬ ២កែវក្នុងមួយថ្ងៃ ប៉ុន្តែ សម្រាប់មនុស្សធម្មតាមិនគួរហូបរាល់ថ្ងៃនោះទេ ព្រោះអាចបណ្ដាលឲ្យធាត់។ ជាងនេះទៅទៀត ទឹកដោះគោពោត គឺផ្ដល់អត្ថប្រយោជន៍ដល់អ្នកមានផ្ទៃពោះ ព្រោះក្នុងនោះមានផ្ទុកនូវអាស៊ីតហ្វូលីក (B9) និងជាពិសេសល្អសម្រាប់អ្នកដែលខ្វះឈាម។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់