បង្ហោះផ្សាយ

ខ្មែរ

Sokty

· 2019-01-13

ម៉ូតូស៊េរីទំនើបនៅតែបន្តឆ្លងដែន ក្នុងស្រុកស្វាយចេក

119

ប៉ោយប៉ែត៖ បទល្មើសសេដ្ឋកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ គេសង្កេតឃើញថា កំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃ ក្នុងនោះគឺការនាំចូលម៉ូតូគ្រប់ស៊េរី PCX និងរថយន្តស៊េរីទំនើបជាច្រើនប្រភេទ ក្រោមទង្វើឃុបឃិតគ្នារវាងមន្ត្រីយោធានៅជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំកំពូលៗក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីក្នុងស្ថាប័នជំនាញមួយរូបដែលប្រចាំការនៅបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។

IMG-20190111-WA0068.jpg

ប្រភពដដែលនេះ បានអះអងអាងថា ជាក់ស្ដែងកាលពីដើមខែមករា ឆ្នាំ២០១៩ កន្លងទៅ មានម៉ូតូស៊េរីទំនើបម៉ាក PCX ជាច្រើនគ្រឿងត្រូវបានក្រុមស៊ីឈ្នួល ជិៈឆ្លងដែនចេញពីចំណុចភូមិដំណាក់កកោះ ក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យកទៅដាក់តាមគោលដៅដែលមេខ្លោងបានកំណត់ ដូចជានៅទីរួមខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត។ អ្វីដែលជាក់ស្ដែងជាងនេះ គឺគេឃើញនៅក្នុងព្រៃក្បែរច្រកព្រំដែន គេឃើញមានស្លាកលេខ និងឯកសារម៉ូតូជាភាសាថៃ ដែលក្រុមជួញដូរបានដោះស្លាកថៃចេញ ជំនួសដោយស្លាកលេខក្លែងក្លាយដើម្បីបំភ័ន្តសមត្ថកិច្ច។

ប្រភពដដែលនេះបន្ថែមថា ក្រុមស៊ីឈ្នួលជិៈចេញពីចំណុចដំណាក់កកោះ ក្នុងស្រកស្វាយចេក នាំយកទៅដល់ប៉ោយប៉ែត ក្នុងម៉ូតូ១គ្រឿងបានតម្លៃ ៥០០បាត (លុយថៃ) ហើយបើជិៈនាំយកទៅដល់បន្ទាយមានជ័យបានតម្លៃ១០០០បាត។

IMG-20190111-WA0059.jpg

ប្រភពសមត្ថកិច្ចបង្ហើបថា ម៉ូតូក្តៅទាំងអស់នោះជារបស់ឈ្មោះ ឈឹម ចន្ថា ហៅធា មេឈ្មួញយ៉ាងសកម្ម ក្រោមឥទ្ធិពលលោកផ្កាយម្នាក់ ក្នុងការនាំម៉ូតូក្តៅឆ្លងដែន ដោយមុនពេលយកឆ្លងដែនត្រូវបានឈ្មោះ ឈឹម ចន្ថា បានចាត់តាំងមនុស្សជំនិតដែលគេស្គាល់ថាតាត្រប់ ឲ្យជិៈម៉ូតូត្រៃ ដើរមើលផ្លូវ និងទាក់ទងបើកផ្លូវជាមុន។

ប្រភពដដែលញ្ជាក់ថា ពួកគាត់គ្មានតួនាទីចាប់នោះឡើយ ហើយម្យ៉ាងទៀត ខ្លាចអស់បុណ្យស័ក្តិ ព្រោះថាម៉ូតូទាំងនោះ មានជាប់ពាក់ព័ន្ឋទៅអ្នកធំផ្កាយនៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្តទៀតផង មិនតែប៉ុណ្ណោះម៉ូតូដែលគេជិៈពីព្រំដែនយកទៅឲ្យកូនលោកផ្កាយ១ និងផ្កាយ២ ជាអ្នកចែកចាយ។

ប្រភពដដែលនេះ បន្តថា បទល្មើសេដ្ឋកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងស្រុកអូរជ្រៅ/ស្រុកស្វាយចេក និងស្រុកថ្មពួក ពិសេសករណីលួចរកស៊ីជាមួយក្រុមជួញដូរម៉ូតូ និងរថយន្តក្តៅនៅស្រុកថៃ ដោយឃុបឃិតជាមួយសមត្ថកិច្ចព្រំដែនកម្ពុជា បានស្ងប់ស្ងាត់មួយរយៈ តែឥឡូវនេះ បានកម្រើកឡើងវិញយ៉ាងខ្លាំងក្រោមអំណាចរបស់មន្ត្រីយោធាថ្នាក់ផ្កាយ និងកូនចៅសាច់ញាតិថ្នាក់ដឹកនាំកំពូលៗខ្លះ ( សុំមិនបញ្ចេញឈ្មោះ ) នៅក្នុងខេត្តបន្ទាយមានជ័យ ។

ជុំវិញករណីរិៈគន់ដូចខាងលើ មិនអាចទាក់ទងលោក ឈឹម ចន្ថា ដើម្បីសុំការពន្យល់បានទេ ព្រោះចុចចូលទូរស័ព្ទរបស់លោកច្រើនដងដែរ តែជាប់រវល់រហូត។

គួររំលឹកថា សម្តេចក្រឡាហោម ស ខេង បានថ្លែងដោយព្រមាននៅក្នុងពិធីកាត់ខ្សែបូរសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ឲ្យបិទច្រករបៀងទាំងអស់តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ប្រយោជន៍ដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន និងបទល្មើសនានា ដែលសម្តេចបានព្រមានថា លោកមិនមែនមិនដឹងរឿងបទល្មើសនៅព្រំដែននោះទេ ដូច្នេះសម្តេចបានជាស្នើឲ្យបិទទាំងអស់តែម្តង៕


អត្ថបទ៖ វណ្ណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់