
TNAOT News
· 06-08
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ចំនួន៥ម៉ឺនដុល្លារ
#NEW NEWS# #មន្ទីរពេទ្យកុមារអង្គរ# #សង្គម# #សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី# #ព័ត៌មានសង្គម#
2657
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។
ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៥ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តឧបត្ថម្ភជាលើកទី៨ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។
ជារៀងរាល់ថ្ងៃ មានកុមារប្រមាណពី ៣៥០នាក់ ទៅ ៤០០នាក់ បានមកទទួលការព្យាបាលនៅ មន្ទីរពេទ្យកុមារអង្គរ ដែលក្នុងឆ្នាំ ២០២៤កន្លងទៅ បានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណជិត ១២ម៉ឺនករណី ហើយបើគិតចាប់ពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលដល់កុមារសរុបជិត ៣ លានករណី។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរបានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យកុមារអង្គរ ពឹងផ្អែកទាំងស្រុងលើមូលនិធិសប្បុរសធម៌ ដៃគូផ្ដល់មូលនិធិ ការរៃអង្គាសថវិកា និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់បេសកកម្មសេវាសុខភាពរបស់មន្ទីរពេទ្យ»។
កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះបានឧបត្ថម្ភគាំទ្រជានិច្ចដល់មន្ទីរពេទ្យកុមារអង្គរ សរុប ៨លើក គិតជាទឹកប្រាក់មានចំនួនសរុប ២៩ម៉ឺនដុល្លារអាម៉េរិក និង ១០លានរៀល។ សម្រាប់ថវិកា ៥ម៉ឺនដុល្លាររបស់កាកបាទក្រហមកម្ពុជា អាចជួយដល់កុមារប្រមាណជាង ១ពាន់នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់